The Cambodia Daily
19-01-2024
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា សម្ដែងការសោកស្តាយថា រយៈពេលជាង ៤ខែ ដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច ជានាយករដ្ឋមន្ត្រី បន្តពីឪពុក មិនត្រឹមតែមិនអាចស្ដារកេរ្តិ៍ឈ្មោះដ៏អសោចរបស់លោក ហ៊ុន សែន បានប៉ុណ្ណោះទេ តែបែរជាជាប់ឈ្មោះជាមេដឹកនាំកខ្វក់ម្នាក់ ក្នុងចំណោមមេដឹកនាំកខ្វក់ទាំង ១២នាក់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland) ថែមទៀត។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មករា នេះថា ការចាត់បញ្ចូលលោក ហ៊ុន ម៉ាណែត ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូប ដែលមានវត្តមានក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស មិនមែនគ្មានភស្តុតាងទេ ព្រោះសារព័ត៌មានអន្តរជាតិនានា ក៏បានតាមដានលោក ហ៊ុន ម៉ាណែត កន្លងមកដែរ ជុំវិញការធ្វើជំនួញរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដូចជា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាដើម ទើបគេហ៊ានដាក់បញ្ចូលគាត់ ទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់បែបនេះ។
លោក ម៉ែន ណាត លើកឡើងថា ការធ្វើដំណើររបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលអ្នកវិនិយោគ ឱ្យទៅរកស៊ីនៅកម្ពុជាក្នុងពេលនេះ នឹងត្រូវបរាជ័យទាំងស្រុង ព្រោះអ្នកវិនិយោគល្អៗ ដែលគោរពច្បាប់ គេនឹងមិនហ៊ានទៅបោះទុនវិនិយោគនៅកម្ពុជានោះទេ ព្រោះពួកគេមិនមែនមិនដឹងអំពីរបៀបដឹកនាំដ៏អាក្រក់របស់លោក ហ៊ុន សែន ដែលបានបន្តមកឱ្យលោក ហ៊ុន ម៉ាណែត នៅពេលនេះទេ។ ជាងនេះទៀត ពួកគេក៏មិនមែនមិនដឹងថា លោក ហ៊ុន ម៉ាណែត កំពុងក្តោបក្តាប់កម្ពុជាឱ្យដូចទៅនឹងលោក ហ៊ុន សែន ដែលជាឪពុករបស់គាត់ដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា អ្នកជំនួញដែលបោះទុនវិនិយោគនៅកម្ពុជាកន្លងមក អាចមានអ្នកជំនួញដែលល្អៗដែរ ប៉ុន្តែពួកគេបាននាំគ្នា រត់ទៅប្រទេសដទៃអស់ហើយ ដោយសារតែពួកគេ មិនអាចរកស៊ីចំណេញក្រោមរដ្ឋាភិបាល ដែលពោរពេញដោយអំពើពុករលួយមួយនេះ ដូច្នេះអ្នកវិនិយោគដែលនៅសល់ គឺមានតែពួកម៉ាហ្វីយ៉ា (Mafia) ប៉ុណ្ណោះ ដែលពួកគេបានឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តបទល្មើសធំៗ ដូចជា កាប់បំផ្លាញព្រៃឈើ ជួញដូរមនុស្ស លក់គ្រឿងញៀន លាងលុយកខ្វក់ និងចាប់ជំរិត ជាដើម។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការវាយតម្លៃរបស់កាសែត Politico គ្មានតម្លៃ និងគ្មានប្រយោជន៍ ដែលធ្វើឡើង ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ លោកថា តម្លៃពិតរបស់រដ្ឋាភិបាលកម្ពុជា អាស្រ័យលើការគាំទ្ររបស់ពលរដ្ឋ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ និងការងារដែលរដ្ឋាភិបាលធ្វើ ដើម្បីបម្រើរាស្ត្រ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានព័ត៌មានអន្តរជាតិឈ្មោះ ប៉ូលិទិកូ (POLITOCO) បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា The ‘dirty dozen’ of Davos ឬមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូបដែលមានវត្តមានក្នុងទីក្រុងដាវូស ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏ត្រូវគេបញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់នោះផងដែរ។
មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូប ដែលមានវត្តមានក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស ទាំងនោះ រួមមាន៖
- នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត
- ប្រធានាធិបតីអាហ្សង់ទីន
- រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត
- ប្រធានាធិបតីអាហ្សេបៃហ្សង់
- ប្រធានាធិបតីរវ៉ាន់ដា
- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)
- ប្រធានាធិបតីហុងគ្រី
- នាយករដ្ឋមន្ត្រីស្លូវ៉ាគី
- ប្រធានាធិបតីប៉ូឡូញ
- និងនាយករដ្ឋមន្ត្រីកាតារ (Qatar)
- ព្រមទាំងអ្នកជំនួញដ៏ធំ ២រូបផ្សេងទៀតផងដែរ។
សារព័ត៌មានអន្តរជាតិដដែលនេះ បានចាត់ទុកថា បុគ្គលទាំងនេះ ជាប្រភេទអ្នកជំនួញទុច្ចរិត ជាមេដឹកនាំផ្ដាច់ការ បែបអត្តាធិបតេយ្យ ដែលល្មោភអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនគោរពច្បាប់ ដោយជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្ម ទៅលើអ្នកកាសែត និងបង្ក្រាបបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ ជាដើម ក្នុងនោះមានចំណុចសំខាន់ៗជាច្រើន នៃការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន ម៉ាណែត រួមមាន ការបង្ក្រាបឥតឈប់ឈរលើគណបក្សប្រឆាំង និងអ្នករិះគន់ ការបោះឆ្នោតមិនត្រឹមត្រូវ ការប្រព្រឹត្តអំពើពុករលួយ និងទំនាក់ទំនងបក្ខពួកនិយម រវាងក្រុមអ្នកនយោបាយកាន់អំណាច និងអ្នកជំនួញក្នុងរដ្ឋាភិបាលរបស់ គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ។
ក្រោយឡើងកាន់អំណាចបន្តពីឪពុករយៈពេលជាង ៤ខែ រដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តការគ្រប់គ្រងពីលោក ហ៊ុន សែន មកដល់លោក ហ៊ុន ម៉ាណែត ត្រូវគេមើលឃើញថា ស្ថានភាពនៃការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយ នៅតែមានភាពចង្អៀតដដែល។ ជាក់ស្តែង ក្រោយលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជាង ៤ខែមកនេះ ក្នុងនោះ ការរឹតត្បិតសេរីភាព ចាប់ផ្តើមលេចចេញជាបណ្តើរៗនៅដើមឆ្នាំនេះ ដូចជា ការចាប់ខ្លួន{សកម្មជនសង្គម} លោក នី ណាក់ ការឃាត់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ដែលផ្សព្វផ្សាយពីការការពារកោះកុងក្រៅ និងការចាប់ខ្លួន{ប្រធានស្តីទីបក្សភ្លើងទៀនរាជធានីភ្នំពេញ} លោក ខឹម ចាន់វណ្ណៈ នៅពេលនេះ ជាដើម៕