សហព័ន្ធ​សហជីព​សេរី​កម្មករ​ បន្ត​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែក​មុខ​ឃាតក​ពិត ​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​២០​ឆ្នាំ​មុន

The Cambodia Daily
22-01-2024

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ស្នើ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្រាវជ្រាវ​វែក​មុខ​ឃាតក​ពិត​ ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា កាលពី ២០​ឆ្នាំ​មុន បន្ទាប់ពី​អតីត​អគ្គស្នងការ​នគរបាល​ជាតិ ​លោក នេត សាវឿន បាន​ទុក​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ​ដោយ​បន្សល់​នូវ​ភាព​អយុត្តិធម៌​ សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ ​រហូត​ដល់​សព្វថ្ងៃ។

សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ស្នងការ​នគរបាល​ជាតិ ដោយ​រៀបរាប់​ថា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​ឱ្យ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត កំណត់​អត្តសញ្ញាណ​ជនល្មើស ​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា និង​ប្រមូល​ព័ស្តុតាង​ប ញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​សំណើ​នេះ​ ត្រូវ​កប់​បាត់​ស្រមោល​រហូត​ដល់​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា គិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ សំណុំរឿង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​លោក ជា វិជ្ជា មាន​​រយៈពេល ២០​ឆ្នាំ​ហើយ ប៉ុន្តែ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មិន​ទាន់​បាន​បង្ហាញ​អំពី​លទ្ធផល ​នៃ​ការ​ស្រាវ​ជ្រាវ ស៊ើបអង្កេត កំណត់​អត្តសញ្ញាណ​ឃាតក ដែល​បាញ់​សម្លាប់​លោក ជា វិជ្ជា ដ៏​សហាវ​ព្រៃផ្សៃ​នោះ​នៅឡើយ​ទេ ខណៈ​ថ្នាក់​ដឹកនាំ សមាជិក សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្ដិ​របស់​សព​លោក ជា វិជ្ជា បាន​ត្រឹម​ទន្ទឹង​រង់ចាំ​នូវ​ពន្លឺ​យុត្តិធម៌​យ៉ាង​អន្ទះសា​អស់​រយៈពេល ២០​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ដ៏​ល្បី​ឈ្មោះ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​មុខ​តូប​លក់​កាសែត ​ជាប់​របង​ខាង​លិច​​វត្ត​លង្កា លើ​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ឬ​ខណ្ឌ​បឹងកេងកង នា​ពេល​បច្ចុប្បន្ន ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​រយៈពេល ២០​ឆ្នាំ​មក​នេះ ឃាតក​នៅតែ​រស់នៅ​ដោយ​សេរី​ក្រៅ​ច្បាប់​នៅឡើយ ខណៈ​រដ្ឋាភិបាល​​កម្ពុជា​ ក៏​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​នេះ​ដែរ។

មុន​នឹង​ឈាន​ដល់​ឃាតកម្ម​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០០៣ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់​ តាម​សារ​ជា​អក្សរ​ផ្ញើ​ចូល​ទូរស័ព្ទ​របស់​លោក ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ព ស់​នៃ​ក្រសួង​មហាផ្ទៃ។ ក្រោយ​មក នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ លោក ជា វិជ្ជា ក៏​ត្រូវ​ឃាតក បាញ់​សម្លាប់​នៅ​ក្បែរ​វត្ត​លង្កា កណ្តាល​ទីក្រុង​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​តែម្តង។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៩ មករា នេះ​ថា អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ គឺជា​សាក្សី​យ៉ាង​សំខាន់​បំផុត​ក្នុង​សំណុំរឿង​សម្លាប់​លោក ជា វិជ្ជា។ ក្រៅពី​នេះ នៅ​មាន​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ពីរ​រូប​ទៀត​ដែរ គឺ​លោក លី រ៉ាស៊ី និង​លោក ហ៊ិន សុង ដែល​បាន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សម្លាប់​លោក ជា វិជ្ជា ក្រោម​អំណាច​បញ្ជា​របស់​លោក ហុក ឡង់ឌី ក្នុង​ឆ្នាំ​នោះ។

លោក ម៉ែន ណាត អះអាង​ថា លោក ហេង ពៅ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ ខណៈ​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ពីរ​រូប​ទៀត​ ដែល​ជា​ជំនិត​របស់​លោក ហេង ពៅ គឺ​លោក លី រ៉ាស៊ី និង​លោក ហ៊ិន សុង ក៏​មិន​ត្រូវ​បាន​តុលាការ​ កោះហៅ​ដើម្បី​សាកសួរ​ម្តង​ណា​ឡើយ។ បន្ថែម​លើ​នេះ តុលាការ​ក៏​មិន​ដែល​បាន​ស៊ើបអង្កេត និង​សាកសួរ​សាច់ញាតិ​ជនរងគ្រោះ​ពី​បញ្ហា​ទាំង​នេះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ ​បញ្ជាក់​ថា ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​លោក ហ៊ុន សែន តាំងពី​គាត់​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដាក់​ការ​សង្ស័យ​យ៉ាង​ខ្លាំង​លើ​រូប​គាត់ ថា​បាន​ផ្សំគំនិត​ជាមួយ​ជន​ដៃ​ដល់​ក្នុង​ចេតនា​នយោបាយ ដើម្បី​គំរាម​គូប្រជែង​នយោបាយ​របស់​ខ្លួន គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី នា​ពេល​នោះ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ ជា​គណបក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ ក្នុង​បំណង​ប្រឆាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន និង​បាន​ធ្វើ​ឱ្យ​ជាប់​គាំង​នយោបាយ​ជិត ១​ឆ្នាំ​នៅ​ចន្លោះ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៤ ខណៈ​លោក ជា វិជ្ជា ក៏​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ របស់​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ផង​ដែរ មុន​នឹង​ត្រូវ​គេ​បាញ់​សម្លាប់។

ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដែល​មិន​អាច​វែក​មុខ​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​នេះ មិន​មែន​តែ​លោក ជា វិជ្ជា ម្នាក់​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​មាន​ឃាតកម្ម​លើ​តារា​សម្ដែង​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៩ ការ​បាញ់​ប្រហារ​ទៅ​លើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ និង​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ក្នុង​ឆ្នាំ​២០១២ ជាដើម។

ជាង​នេះ​ទៀត ឃាតកម្ម​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ក៏​បាន​កើត​ទៅ​លើ​អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​ស្តារ​ម៉ាត​កាល់តិច ស្តុប​បូកគោ កណ្តាល​ទីក្រុង​ភ្នំពេញ ក្បែរ​ផ្ទះ​ក្មួយប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ ទាំង​ព្រឹក​ព្រលឹម​ផង​ដែរ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ សំណុំរឿង​ឃាតកម្ម​ធំៗ​ទាំងនេះ ឃាតក​ពិត​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ ក្រៅតែ​ពី​ឃាតករ​សិប្បនិមិត្ត ឬ​ក្លែងក្លាយ​ប៉ុណ្ណោះ៕


ក្រុម​គ្រួសារ​ និង​សហជីព​ នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា

អត្ថបទ RFA Khmer /ដោយកញ្ញា ខាន់ លក្ខិណា
22-01-2024

ក្រុម​គ្រួសារ ​សង្គម​ស៊ីវិល ​សហជីព​ជាតិ​និង​អន្តរ​ជាតិ​ គណបក្ស​នយោបាយ​ក្រៅ ​រដ្ឋាភិបាល ​និង​សហគមន៍​អន្តរ​ជាតិ​ នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក​យុត្តិធម៌​ ជូន​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ លោក​ ជា វិជ្ជា ​ដែល​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់ ​សម្លាប់​កាលពី​ ២០​ ឆ្នាំ​មុន​ ដោយ​ថា ​ការ​ទាមទារ​រក​យុត្តិធម៌​មិន​ចប់​ទេ ​បើ​មិន​បាន​យុត្តិធម៌​នោះ។

សហការី​ និង​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក ​ជា វិជ្ជា ​គឺ​លោក ​រ៉ុង ឈុន ​ថ្លែង​ថា ​នៅ​ពេល​កម្មករ​ខ្មែរ​កំពុង​ប្រឈម​បញ្ហា​ដូច​សព្វ​ថ្ងៃ​ លោក​នឹក​ឃើញ​ពី​ពលិកម្ម​ដ៏​​ធំ​ធេង​ របស់​លោក ​ជា វិជ្ជា ​ដែល​បាន​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​​កម្មករ​ កាលពី​គាត់​នៅ​មាន​ជីវិត ។

លោក រ៉ុង ឈុន​៖ «២០​​ឆ្នាំ​ហើយ​ក៏​ដោយ ​ក៏​យើង​នៅ​តែ​បន្ត​វែក​មុខ​រក​ឃាតក​ពិត​ និង​ អ្នក​នៅ​ក្រោយ​ខ្នង​ឃាតក ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី ​យ៉ាង សុភ័ណ្ឌ បាន​លើក​សំណួរ​ថា ​តើ​យុត្តិធម៌​នៅ​ឯណា​សម្រាប់​លោក​ ជា វិជ្ជា ​ក្នុង​ប្រទេស​សន្តិភាព?

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «សូម​ផ្ដល់​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​ ជាពិសេស​ឪពុក​ម្ដាយ​ សាច់​ញាតិ គ្រួសារ​បង​ប្អូន​របស់​លោក ​ជា វិជ្ជា យើង​រង​ចាំ​យុត្តិធម៌​ជាច្រើន​ឆ្នាំ​មក​ហើយ​ ហេតុ​អី​បាន​សម្លាប់​មេ​ដឹកនាំ​របស់​យើង​ ដែល​ជា​មេ​ដឹកនាំ គំរូ​ដែល​មេ​ដឹក​នាំ​ការពារ​​សិទ្ធិ​ ប្រយោជន៍​ ជូន​បង​ប្អូន​កម្មករ​និយោជិត»។

ប្អូន​ប្រុស​លោក​ ជា វិជ្ជា​ គឺ​លោក​ ជា មុនី ​លើក​ឡើង​ថា ​ក្រុម​គ្រួសារ​ សង្គម​ស៊ីវិល​និង​សហជីព ​នៅ​តែ​ទន្ទឹង​រង់​ចាំ​យុត្តិធម៌​ នឹង​ចង់​ឃើញ​សមត្ថកិច្ច​ចាប់ ​ខ្លួន​ខ្មាន់​កាំ​ភ្លើង​បាញ់ ​និង​អ្នក​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាត​កម្ម​សម្លាប់​លោក​ ជា វិជ្ជា​ បន្ទាប់​ពី​ឃាត​កម្ម​នេះ​ បាន​កើត​ឡើង​រយៈពេល ​២០ ​ឆ្នាំ។

លោក ជា មុនី៖ «ថ្ងៃ​នេះ ​ជា​សារ​មួយ​ផ្ញើ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា ​២០​ឆ្នាំ​ហើយ​ គួរ​តែ​ស្វែង​រក​ឃាតក​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មិន​បាច់​បិទ​បាំង​ទេ ​សាក្សី​គ្រប់​គ្រាន់​ ក្នុង​ការ​បង្ហាញ​ ដល់​រដ្ឋាភិបាល​តើ​រដ្ឋាភិបាល​ មាន​ឆន្ទៈ​និង​បំណង​ចាប់​ឃាតក ​ដែល​ឬ​ទេ?​ រឿង​នេះ ​វា​មិន​មែន​ចប់​ បើ​សិន​ណា​ជា​មិន​រក​ឃាតក របាយការណ៍​ទាំងឡាយ ​ដែល​បញ្ជូន​ ទៅ​ដល់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ជា​រឿង​រាល់​ឆ្នាំ»។

យុវតី រៀម ស្រីពេជ្ររតនា ដែល​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប បាន​និយាយ​ អំពី​តម្លៃ​លោក ជា វិជ្ជា ថា ​គឺ​ជា​បញ្ញាជន​ដែល​មិន​សំងំ​សុខ​ និង​ប្រើចំណេះ​ជួយ​​កម្មករ​ងាយ​រង​គ្រោះ ​ហេតុ​នេះ ​ការ​រក​​យុត្តិធម៌​ជូន​លោក​ ជា​ការ​ចាំ​បាច់​ណាស់។

យុវតី រៀម ស្រីពេជ្ររតនា៖ «ពួក​យើង​ចង់​បាន​យុត្តិធម៌​ យុត្តិធម៌​សម្រាប់​លោក​ពូ ​ជា វិជ្ជា​ គឺ​មិន​មែន​បាន​តែ​សម្រាប់​លោក​ពូ ​ជា វិជ្ជា ​តែ​មួយ​ទេ ​ក្នុង​សង្គម​យើង ​បើ​រក​ឃាតក​​ពិត​នៃ​លោក​ពូ ​ជា វិជ្ជា ​ឃើញ ​នោះ​នឹង​ធ្វើ​ឱ្យ​សង្គម​ លុប​បំបាត់ ​នូវ​ភាព​អយុត្តិធម៌​ ហើយ​និង​កើត​ឡើង​នូវ​យុត្តិធម៌​ហើយ ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ នឹង​ជឿជាក់​លើ ​ប្រព័ន្ធ​តុលាការ»។

រីឯ​អតីត​សហការី​សកម្ម​របស់​លោក ជា វិជ្ជា ​តាំង​ពី​នៅ​ជា​យុវជន​វ័យ​ក្មេង​ គឺ​លោក​ ប៉ាវ ស៊ីណា ​លើក​ឡើង​ថា ​លោក​នៅ​តែ​ចង​ចាំ​វីរភាព​របស់ ​លោក​ ជា វិជ្ជា ​ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​របស់​ជាតិ ​ដូច្នេះ ​អាជ្ញាធរ​រដ្ឋ​គួរ​ណាស់​តែ​បង្ហាញ​ ចេតនា​ពិត​ក្នុង​ការ​រក​យុត្តិធម៌​ជូន​វីរ​ជន​កម្មករ​រូប​នេះ​ និង​ជន​រង​គ្រោះ ​ផ្សេងៗ​ទៀត។

លោក ប៉ាវ ស៊ីណា៖ «ពួក​យើង​ទាំង​អស់​គ្នា​ចង់​ឃើញ ​យុត្តិធម៌​កើត​មាន​ពិត​ទៅ ​ដល់​ជន​ រង​គ្រោះ​មិន​មែន​តែ​លោក ជា វិជ្ជា ​ទេ ​យើង​ឃើញ​មាន​តំណាង​សហជីព​​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​បាន​ស្លាប់ ​ដែល​ត្រូវ​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ ពី​សំណាក់​ភាគី​ ដែល​មាន​អំណាច ​មាន​លុយ​ប្ដឹង​ចោទ​ប្រកាន់។ ដូច្នេះ ​យើង​ទាំង​អស់​គ្នា​ដែល​ ជា​អ្នក​ធ្វើ​តស៊ូ​មតិ ​ផ្នែក​សិទ្ធិ​ការងារ​យើង​ចង់​ឃើញ​មាន​ គោរព​សិទ្ធិ​ការងារ​ដែល​ ធានា​ដោយ​ច្បាប់»។

ប្រធាន​គ្រប់គ្រង​កម្ម​វិធី​ការងារ​របស់ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់ ​លោក ឃុន ថារ៉ូ លើក​ឡើង​ថា ​បើ​មិន​រក​យុត្តិធម៌​ ជូន​លោក​ ជា វិជ្ជា ​និង​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​ទេ ​ជា​ការ​បង្ហាញ​នូវ​វប្បធម៌​ និទ្ទណ្ឌភាព ឬ​វប្បធម៌​រួច​ទោស ដែល​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ ​ការងារ​ហើយ​កត្តា​នេះ ​គឺ​ជា​ឧបសគ្គ​ក្នុង​ដំណើរ​ការ​អនុវត្ត​គោល​ការណ៍ ​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​កំណែ​ទម្រង់ នីតិ​រដ្ឋ​ត្រូវ​បរាជ័យ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ នៅ​ប្រទេស​កម្ពុជា។

លោក ឃុន ថារ៉ូ ថា៖ «ខ្ញុំ​គិត​ថា ​ដើម្បី​កសាង ​នូវ​ទំនុក​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ ពី​មហាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្វី​ដែល​រាជ​រដ្ឋាភិបាល​គួរ​តែ​គិត​ធ្វើ​ គឺ​ដោះស្រាយ​នូវ​បញ្ហា​និទ្ទណ្ឌភាព​នេះ ​ដូច​ជា ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ករណី​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត ​កែម ឡី ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​សារព័ត៌មាន»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​និយាយ​ថា ​ការ​ទាមទារ​ យុត្តិធម៌​សម្រាប់​លោក​ ជា វិជ្ជា ​មិន​ត្រឹម​តែ​ជា​សំឡេង​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​​ខ្មែរ​ និង​គ្រួសារ​លោក​ ជា វិជ្ជា​ ទេ​ ប៉ុន្តែ​ក៏​មាន​សហគមន៍​អន្តរ​ជាតិ​ដែរ។

លោក​ថា រដ្ឋាភិបាល​ថ្មី​ គួរ​អនុវត្ត​ឱ្យ​បាន​ប្រសើរ​ឡើង​នូវ​គោលការណ៍​យុត្តិធម៌​ និង​ធានា​ការ​គោរព​សេរីភាព ​ប្រជាធិបតេយ្យ ​តាម​រដ្ឋធម្មនុញ្ញ ​ដូច​ជា​សិទ្ធិ​មនុស្ស ​សិទ្ធិ​ការងារ​និង​សិទ្ធិ​នយោបាយ​ជា​ដើម​ ដែល​ជា​ការ​ទាមទារ​ដោយ​សហភាព​អឺរ៉ុប​ និង​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (​ILO) ដើម្បី​បាន​ផល​ប្រយោជន៍​ពី​សហគមន៍​ អន្តរ​ជាតិ។

លោក អាត់ ធន់៖ «មក​ដល់​ពេល​នេះ ​ អ្វី​ដែល​យើង​ដឹង​ អង្គការ ​(ILO)​ គឺ​បាន​បន្ត​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ ដើម្បី​ស្វែង​ឃាតក​ពិត​ទៀត​។ រឿង​នេះ​វា​មិន​ចប់​នៅ​ត្រឹម​ការ​ទាមទារ​រក​យុត្តិធម៌​ ពី​សហជីព​សេរីកម្មករ ឬបង​ប្អូន​ ឬ​ញាតិ​មិត្ត​របស់​គ្រួសារ​សព​ទេ​ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ សូម្បី​តែ​អង្គការ​អន្តរ​ជាតិ ​(ILO)​ ក៏​នៅ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ រក​ឃាតក​ពិត​ ដើម្បី​រក​យុត្តិធម៌​ជូន​ទៅ​ជន​រងគ្រោះ»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវា​កម្ម​កម្ពុជា  អ្នកស្រី​ អ៊ូ ទេពផល្លីន លើក​ឡើង​ថា ​ការ​ទាមទារ​រក​យុត្តិធម៌​មិន​ចេះ​ចប់​ទេ ​បើ​មិន​បាន​យុត្តិធម៌។

អ្នកស្រី អ៊ូ ទេពផល្លីន​៖ «ភាព​ជា​មនុស្ស​​ យុត្តិធម៌​ វាស់​វែង​បាន​នៅ​ពេល​ដែល​ អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​ ត្រូវ​គេ​​បំពាន​ក្រោក​ឈរ​ឡើង​ ទាមទារ​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​ឯង​ អត់​ត្រូវ​បាន​ចាប់​ដាក់​គុក​ អត់​ត្រូវ​បង្ក្រាប»។

នៅ​ក្នុង​ពិធី​រំឭក​ខួប ​២០ ​ឆ្នាំ​ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា សាច់​ញាតិ ​ក្រុម​មេ​ដឹកនាំ​សហជីព ​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ បាន​ដាក់​ញត្តិ​ទៅ​លោក​ ហ៊ុន ម៉ាណែត ​ដោយ​អំពាវនាវ​ឱ្យ​ស៊ើប​អង្កេត​ ឱ្យ​បាន​ម៉ត់ចត់ ​និង​ប្រកប​ដោយ​ជំនាញ​ច្បាស់​លាស់ ​លើ​ឃាត​កម្ម​លោក ​ជា វិជ្ជា​ មេ​ដឹក​នាំ​សហជីព​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត

វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ​ពី​អ្នកនាំពាក្យ​នាយករដ្ឋ​មន្ត្រី ​លោក មាស សុភ័ណ្ឌ ​និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​ ២២ ​មករា​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

គណបក្ស​ភ្លើង​ទៀន ​នៅ​ថ្ងៃ​ទី២២ មករា​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ស្រាវជ្រាវ​ចាប់​ឃាតក​ពិត​ ទៅ​ផ្ដន្ទាទោស ​តាម​ច្បាប់​ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​លោក​ ជា វិជ្ជា​ និង​ក្រុម​គ្រួសារ។

គណបក្ស​នេះ​ ថា​ លោក​ ជា វិជ្ជា ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​អង់​អាច​ក្លាហាន​ដំបូង​បង្អស់ ​ដែល​បាន​រៀប​ចំ​បង្កើត​ឱ្យ​មាន​សហជីព​សេរី​កម្មករ ​ដើម្បី​ទាមទារ​តវ៉ា​លក្ខខណ្ឌ​ការងារ​ ដំឡើង​ប្រាក់​ខែ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ៕


ខួបគម្រប់ ២០​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វីជ្ជា! តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត មាន​ហេតុផល​អ្វី​ខ្លះ មិន​រក​ឃាតក​ពិត ទៅ​ផ្តន្ទាទោស?

(អត្ថបទរបស់លោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ វេទិកាពលរដ្ឋ)​

សំណុំ​រឿង​ឃាតកម្ម​រូប​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរី​កម្មករ កាល​​ពី​​ថ្ងៃទី ២២ មករា ឆ្នាំ​២០០៤ មាន​ជាប់​ពាក់ព័ន្ធជាក់​លាក់ ទៅ​នឹង​លោក ហុក ឡងឌី ដែលជាឪពុកក្មេករបស់លោកស្រី ហ៊ុន ម៉ាណា ឬ​ត្រូវ​ជា​ដន្លង​របស់​លោក ហ៊ុន សែន ដែល​កាល​នោះ គាត់​គឺ​ជា​អតីត​មេប៉ូលីស​ជាតិ នៃ​ក្រសួង​មហាផ្ទៃ។

លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ កាល​នោះ​ក៏​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​ធ្វើ​ឃាត​លោក ជា វិជ្ជា ដែរ ប៉ុន្តែ​រឿង​ក្តីដែលលោក កំពុង​ជាប់​គុក​សព្វថ្ងៃ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ពាលស៊ីពាល ក្នុង​ចំណោម​មន្រ្តី​ដូចគ្នា កាល​ពី​មុន​ឆ្នាំ​២០០៦។

កាលលោក ជា វិជ្ជា នៅរស់ គឺ​ក្រោយ​ពេល​លោក ត្រូវ​បាន​គេ​គំរាម ខែសីហា ឆ្នាំ​២០០៣ ពេល​នោះ លោក​និយាយ​​ប្រាប់​ពួក​យើង ជា​មិត្តជិត​ដិត​ផង និង​ជា​មិត្ត​រួម​ការងារ​ផង​ថា​ «មន្រ្តី​ជាន់​ខ្ពស់​ពី​ក្រសួង​មហាផ្ទៃ ដែល​នៅ​ក្រោម​បញ្ជា​មេ​ប៉ូលីស​កំពូល គំរាម​សម្លាប់​ខ្ញុំ»

គួស​បញ្ជាក់​ថា អ្នក​រួម​គំនិត​បញ្ជា​សម្លាប់​លោក ជា វិជ្ជា ត្រូវ​បាន​​កត់​សម្គាល់​ថា មាន​ពាក់​ព័ន្ធ​នឹង​រឿង​​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​កាលនោះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០០៣ ពីព្រោះ​​លោក ជា វិជ្ជា ក៏​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី និង ជា​ឆ្អឹង​ទទឹង​ក របស់​បក្ស​កាន់​អំណាច​នៃ​លោក ហ៊ុន សែន។ ហើយ​កាល​នោះ លោក ហុក ឡងឌី មាន​អំណាចកំពូលក្នុងជួរកម្លាំងសមត្ថកិច្ច រីឯលោក ហេង ពៅ កាល​នោះ ក៏មាន​អំណាច​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​ជា​អ្នក​បើក​ផ្លូវ​ឲ្យឃាតក ធ្វើសកម្មភាព បាញ់ប្រហារលោក ជា វិជ្ជា រួច​រក​លេស​បញ្ជូន​សព​លោក ជា វិជ្ជា ទៅកាន់​វត្ត​ព្រះពុទ្ធ ដើម្បី​បូជា បំបិទ​ភស្តុតាង។ ហេតុនេះហើយ សំណុំរឿងនេះ នៅ​តែ​មិន​អាច​​រក​យុត្តិធម៌​បាន មក​ទល់ ​សព្វថ្ងៃ។

សូមរំលឹកថា កាលនោះ​សហជីព​របស់​លោក ជា វិជ្ជា គឺសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (មាន ៦ អង្គការ សមាគម និងសហជីព ជាសមាជិក) ដែល​នាំ​មុខ ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០០៣ និង មិនទទួល​ស្គាល់បេក្ខភាព​លោក ហ៊ុន សែន ជា​នាយក​រដ្ឋម​ន្រ្តី​ផង។

ក្រោយឃាតកម្មលោក ជា វិជ្ជា ក៏​មាន​សហការី​របស់​គាត់ ២​​នាក់​ទៀត ត្រូវបាន​ធ្វើឃាត គឺ​លោក រស់ សុវណ្ណារ៉េត (០៧ ឧសភា ឆ្នាំ​២០០៤) និង​លោក ហ៊ី វុទ្ធី (២៤ កុម្ភៈ ២០០៧)។ អ្នកទាំងពីរ មិន​ទាន់​ទទួល​បាន​យុត្តិធម៌នៅ​ឡើយ​​ទេ។

លុះ ៥ខែ​ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា គឺ​នៅ​ខែ​មិថុនា គណបក្ស​ប្រជាជន​​របស់​លោក ហ៊ុន សែន បាន​​ឈាន​ទៅ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ហើយបក្សសមរង្ស៊ី គឺ​ជា​បក្សប្រឆាំង​ក្នុង​រដ្ឋសភា។

អត្ថបទដោយ ម៉ែន ណាត
អតីតមិត្តរួម​ការងារ​ជាមួយលោក ជា វិជ្ជា នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (តាំង​ពី​ឆ្នាំ២០០២)

Picture: Chea Vichea, Rong Chhun, Chea Mony, Um Sam An, Men Nath, Chham Chhany, Pang Sokhoeun, Ir Channa.
Picture: Chea Vichea, Rong Chhun, Chea Mony, Um Sam An, Men Nath, Chham Chhany, Pang Sokhoeun, Ir Channa.