The Cambodia Daily
23-01-2024
វៀតណាម ប្ដេជ្ញាប្រឆាំងរាល់កម្លាំងអមិត្ត ដែលមានបំណងយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រឆាំងនឹងខ្លួន
សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ព្រមានថា រដ្ឋាភិបាលវៀតណាម ប្ដេជ្ញាប្រឆាំងរាល់កម្លាំងអមិត្តទាំងអស់ ដែលមានបំណងយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រឆាំងនឹងវៀតណាម ខណៈកម្ពុជាក៏បានប្ដេជ្ញាបែបនេះដែរ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាជាមួយមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ដោយលើកឡើងនូវជំហររួមគ្នាថា ការពង្រឹងសន្តិសុខជាកិច្ចការសំខាន់បំផុត រវាងប្រទេសទាំងពីរ ក្នុងនោះ វៀតណាមប្ដេជ្ញាប្រឆាំងរាល់កម្លាំងអមិត្តមិនឱ្យយកទឹកដីកម្ពុជា ឬទឹកដីវៀតណាម ប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរដាច់ខាត។
សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមរូបនេះ បញ្ជាក់ថា គណបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅពេលនេះផងដែរ។
ចំណែកមេដឹកនាំខ្មែរដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងថា ទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់ ហើយទំនាក់ទំនងជាប្រពៃណី រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរនេះ នឹងកាន់តែរឹងមាំឋិតថេរចេរកាលយូរអង្វែងទៅទៀត។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ មករា នេះថា ការប្ដេជ្ញារបស់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម គឺជាព្រួយមួយបាញ់សត្វពីរក្នុងពេលតែមួយ គឺទី១ ជាការហាមប្រាមលោក ហ៊ុន សែន មិនឱ្យទទួលយកកងទ័ពចិន ឱ្យទៅឈរជើងលើទឹកដីកម្ពុជា នៅមូលដ្ឋានជើងទឹករាមរបស់ខ្មែរ ព្រោះបញ្ហានេះ កំពុងក្លាយជាចំណុចរសើបកាន់តែខ្លាំង ខណៈរដ្ឋាភិបាលខ្មែរ ក៏មិនបានបញ្ជាក់ជំហរជាក់លាក់ណាមួយ ឱ្យបានច្បាស់ដែរអំពីបញ្ហានេះ។ រីឯចំណុចទី២ គឺវៀតណាម ក៏បានបង្ការក្នុងបំណងកុំឱ្យខ្មែរកម្ពុជាក្រោម យកទឹកដីកម្ពុជា ធ្វើកន្លែងឈរជើង ដើម្បីរើបម្រះពីការគ្រប់គ្រងរបស់វៀតណាមដែរ ក្នុងពេលដែលវៀតណាម កំពុងគាបសង្កត់ពលរដ្ឋខ្មែរក្រោម កាន់តែខ្លាំងនៅពេលនេះ។
លោកបន្តថា ការប្ដេជ្ញានេះ ក៏ដើម្បីទប់ស្កាត់ដែរក្នុងករណីដែលថា ប្រសិនបើលោក ហ៊ុន សែន ចង់ប្រើការរើបម្រះរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីទប់ទល់នឹងអំណាចគ្រប់គ្រងរបស់វៀតណាម លើរដ្ឋាភិបាលកម្ពុជាក្នុងពេលដែលខ្លួនចង់ងាកខ្លួនទៅរកចិន ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វៀតណាម មកលើខ្លួននោះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ការប្ដេជ្ញារបស់លោក ហ៊ុន សែន ជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅពេលនេះ ក៏អាចឱ្យវៀតណាម មានផ្លូវទប់ស្កាត់ការរើបម្រះរបស់លោក ហ៊ុន សែន ចេញពីវៀតណាម ដែរ ទោះក្នុងវិធីណាក៏ដោយ ឱ្យតែមានកងទ័ពបរទេសប្រើប្រាស់ទឹកដីខ្មែរ ទោះនៅលើគោក លើទឹក ឬនៅលើអាកាសក្តី ពីព្រោះវៀតណាម មានសិទ្ធិពេញលេញក្នុងការគំរាមលោក ហ៊ុន សែន ឱ្យបណ្តេញកងទ័ពទាំងនោះ ចេញពីទឹកដីកម្ពុជាភ្លាមៗ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ព្រមានថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងបើកផ្លូវទទួលយកសង្គ្រាម មកដាក់ក្នុងប្រទេសកម្ពុជា នៅពេលនេះ ហើយក៏កំពុងបង្កឱ្យមានសង្គ្រាមផ្ទុះឡើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ តាមរយៈនៃការលួចផ្តល់ឱ្យចិន ដាក់កងទ័ពជើងទឹករបស់គេនៅមូលដ្ឋានជើងទឹករាមរបស់កម្ពុជានៅពេលនេះ។
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន បានឃុបឃិតជាមួយចិន ដោយបើកដៃឱ្យរដ្ឋាភិបាលកុម្មុយនីស្តមួយនេះ យកមូលដ្ឋានជើងទឹករបស់ខ្មែរនៅតំបន់រាម ជាកន្លែងឈរជើងដោយលាក់កំបាំងពីក្រសែភ្នែកអន្តរជាតិម្តងបន្តិចៗ ក្រោមរូបភាពគ្រប់ទម្រង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយឱ្យចិនអាចឈ្លានពានប្រទេសជិតខាង។
ជុំវិញការសង្ស័យអំពីការលាក់កងទ័ពចិន នៅក្នុងទឹកដីកម្ពុជានេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវបានមេដឹកនាំវៀតណាម ជជីកសួរដេញដោលជាច្រើន ពីគម្រោងសាងសង់ព្រែកជីកហ្វូណន ដែលជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយការជជីកសួរអំពីបញ្ហានេះ ត្រូវគេសង្ស័យថា ទំនងជាវៀតណាម មិនបារម្ភពីការប៉ះពាល់ដល់បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវចម្រុះក្នុងទន្លេមេគង្គទេ ប៉ុន្តែវៀតណាម ទំនងជាបារម្ភពីទំនាក់ទំនងអំពីបញ្ហាបើកផ្លូវទទួលយកកងទ័ពចិន ទៅកាន់មូលដ្ឋានជើងទឹករាមរបស់កម្ពុជាច្រើនជាង៕