The Cambodia Daily
25-01-2024
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់ត្រកូលហ៊ុន លោក ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណានោះទេ ជុំវិញការពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនសព្វថ្ងៃនេះ ដែលជាសិទ្ធិរបស់កម្ពុជាដូចគ្នាទៅនឹងប្រទេសទាំងអស់ នៅលើពិភពលោកដែរ។
នៅក្នុងពិធីខួប ២៥ឆ្នាំនៃ ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានា ដែលចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត ព្រមានថា ការពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិ គឺដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងប្រទេសផង ក៏ដូចជាចូលរួមការពារស្ថិរភាពក្នុងតំបន់ផង ចំពោះឧក្រិដ្ឋកម្ម ឬភេរវកម្មដែលត្រូវការកម្ពុជាចូលរួម។
លោកបន្តថា ការបំពាក់យុទ្ធោបករណ៍កងទ័ពកម្ពុជា គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះថា រដ្ឋាភិបាលថ្មីនេះបានដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ប៉ុន្តែការកែទម្រង់ធ្វើទំនើបកម្មកងទ័ពនេះ កម្ពុជាធ្វើឡើងក្នុងបំណងមានស្មារតីការពារជាតិ ការពារប្រជាជន សាសនា ព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព ដើម្បីលើកតម្កើងកិត្យានុភាពជាតិប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការពង្រឹងនយោបាយការទូតយោធា តាមរយៈការកសាងកិច្ចសហប្រតិបត្តិការ ជាមួយភាគីជាមិត្តនៅក្នុងការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នា គឺដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព មិត្តភាពរវាងប្រទេស និងប្រទេសផងដែរ ក្នុងនោះ កម្ពុជានឹងត្រូវបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធាថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មករា នេះថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជាចេតនាបន្លប់ពលរដ្ឋខ្មែរប៉ុណ្ណោះ ព្រោះថាគ្មានបរទេសណាគេភ័យខ្លាចកម្ពុជា រំលោភបំពានប្រទេសជិតខាង តាមរយៈនៃការបំពាក់យុទ្ធោបករណ៍កងទ័ពនេះទេ ប៉ុន្តែអ្វីដែលគេបារម្ភនោះ គឺគេខ្លាចកម្ពុជាធ្វើជាឈ្នាន់ឱ្យចិន សម្រេចមហិច្ឆតាឈ្លានពានរំលោភអំណាចក្នុងតំបន់ប៉ុណ្ណោះ ហើយនេះទើបជារឿងដែលកម្ពុជាត្រូវបង្ហាញការពិត ព្រោះរឿងនេះ ក៏ជារឿងពាក់ព័ន្ធនឹងវាសនារបស់កម្ពុជាដែរ។
លោក គឹម សុខ លើកឡើងថា ការជជីកសួរពីរដ្ឋាភិបាលវៀតណាម ទៅកាន់លោក ហ៊ុន ម៉ាណែត កាលពីដើមខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ជុំវិញការសាងសង់ព្រែកជីកហ្វូណន ដែលជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន និងការប្ដេជ្ញារបស់រដ្ឋាភិបាលវៀតណាម ប្រកាសប្រឆាំងរដ្ឋបរទេស ដែលមានបំណងយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រឆាំងនឹងខ្លួននៅពេលនេះ មិនមែនពួកគេមិនសង្ស័យពីទំនាក់ទំនងរបស់កម្ពុជា ជាមួយចិន ជុំវិញការផ្តល់មូលដ្ឋានជើងទឹករាមរបស់ខ្មែរឱ្យកងទ័ពចិន ឈរជើងនោះទេ ព្រោះបញ្ហានេះ វានឹងបង្កហានិភ័យខ្លាំងបំផុត ដល់អធិបតេយ្យជាតិរបស់វៀតណាម។
អ្នកវិភាគនយោបាយរូបនេះ បញ្ជាក់ថា ប្រសិនបើកម្ពុជា ដើរជាន់ដានប្រវត្តិសាស្ត្រ ដែលធ្លាប់អនុញ្ញាតឱ្យវៀតណាម លាក់កងទ័ពលើទឹកដីរបស់ខ្លួនដូចទសវត្សរ៍១៩៧០ នោះ កម្ពុជានឹងបង្កាត់ភ្លើងសង្គ្រាមក្នុងទឹកដីរបស់ខ្លួនម្តងទៀត ដោយចៀសពុំរួចឡើយ ព្រោះថា ទឹកដីខ្មែរនៅពេលនោះ នឹងក្លាយជាទីតាំងសង្គ្រាមរវាងចិន និងបណ្តាប្រទេសនានាជាមិនខាន ហើយអ្នកដែលខាតបង់ និងរងគ្រោះដោយផ្ទាល់ពីសង្គ្រាមនេះ គឺកម្ពុជាខ្លួនឯងប៉ុណ្ណោះ។
កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយ ដោយអះអាងថា កម្ពុជា និងចិន បានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា ខណៈកិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យចិន មានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងរយៈពេល ៣០ឆ្នាំ ដែលត្រូវបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។
The Wall Street Journal បញ្ជាក់ថា កម្ពុជាក៏បានអនុញ្ញាតឲ្យចិន ដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឲ្យនាវាចម្បាំងចិន ចូលចតបានថែមទៀត។
ចំណែកសារព័ត៌មាន Financial Times បានចុះផ្សាយកាលពីចុងខែកក្កដា ឆ្នាំ២០២៣ នេះថា សហរដ្ឋអាមេរិកបានលើកឡើងថា មូលដ្ឋានជើងទឹករាមរបស់កម្ពុជា ដែលរដ្ឋាភិបាលចិន កំពុងជួយសាងសង់កំពង់ផែឡើងវិញសព្វថ្ងៃនេះ បើពិនិត្យតាមផ្កាយរណប គឺបង្ហាញថា កំពង់ផែនោះគឺមានលក្ខណៈដូចគ្នាទៅនឹងកំពង់ផែមូលដ្ឋានជើងទឹករបស់ចិន នៅក្នុងប្រទេសជីប៊ូទី ដែលស្ថិតក្នុងទ្វីបអាហ្វ្រិក ដូច្នោះដែរ។
ដោយឡែកមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ធ្លាប់បានលើកឡើងថា ប្រវែងកំពង់ផែរាម ដែលចិនបានសាងសង់សម្រាប់កម្ពុជា គឺមានសមត្ថភាពអាចឱ្យនាវាផ្ទុកយន្តហោះរបស់ចិន ចូលចតបាន ព្រោះថានាវាផ្ទុកយន្តហោះរបស់ចិន មានប្រវែងប្រមាណជា ៣០០ម៉ែត្រ ចំណែកប្រវែងកំពង់ផែនៅតំបន់ជើងទឹករាម គឺមានប្រវែងប្រមាណជា ៣៣៥ម៉ែត្រដែរនោះ។
មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បញ្ជាក់ថា បើផ្អែកតាមភស្តុតាងនានា និងភស្តុតាងជាក់ស្តែងនៃទំហំកំពង់ផែនេះ គឺមានន័យថា កំពង់ផែរាមកំពុងត្រូវបានសាងសង់ឡើងជាពិសេស ដើម្បីការចតនាវាផ្ទុកយន្តហោះរបស់ចិនតែម្តង ហើយហេតុផលគឺនៅត្រង់ថា ប្រទេសកម្ពុជាគ្មាននាវាចម្បាំង ឬនាវាផ្ទុកយន្តហោះដែលមានប្រវែងរហូតត្រូវការកំពង់ផែប្រវែងជាង ៣០០ម៉ែត្រសម្រាប់សំចតនោះទេ៕