RFA Khmer /ដោយ ទីន ហ្សាការីយ៉ា
14-2-2024
ក្រុមអង្គការសង្គមស៊ីវិល ស្នើតុលាការកុំឱ្យចោទប្រកាន់លើ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកការធ្វើអត្ថាធិប្បាយលើបណ្ដាញសារព័ត៌មាន របស់មន្ត្រីសិទ្ធិមនុស្សរូបនេះ កន្លងមក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិប៉ុណ្ណោះ។
អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហគមន៍ ចំនួន ៥៥ នៅថ្ងៃទី១៤ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំអាជ្ញាធរ និងតុលាការឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើលោក ស៊ឹង សែនករុណា និងមន្ត្រីសង្គមស៊ីវិលផ្សេងទៀត។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) ជាដើមថា ពួកគេសោកស្ដាយ ចំពោះការដាក់ពាក្យបណ្តឹង ទៅលើបុគ្គលិកជាន់ខ្ពស់ នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក ស៊ឹង សែនករុណា ដោយគ្រាន់តែលោកបានធ្វើបទអត្ថាធិប្បាយ នៅលើអត្ថបទសារព័ត៌មាន។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ រិះគន់ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានអនុម័តផ្ដល់សច្ចាប័ន។ ចំណែកការនិយាយក្នុងអត្ថបទសារព័ត៌មាន មិនគួរត្រូវបានគេប្ដឹងពីបទល្មើសព្រហ្មទណ្ឌនោះទេ ។
សេចក្ដីថ្លែងការណ៍ដដែលថា ការដាក់គំនាបតាមរយៈផ្លូវតុលាការនេះ គឺជាឧទាហរណ៍មួយ ដែលសកម្មជនសិទ្ធិមនុស្ស សហជីព សកម្មជនបរិស្ថានយ៉ាងតិចណាស់ ៣៧ នាក់ ត្រូវបានចោទប្រកាន់ និងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកការដាក់គំនាបនេះថា មានគោលបំណងរារាំងការចូលរួមរបស់សាធារណជន និងបំបិទសំឡេងរិះគន់។
ក្រុមអង្គការសង្គមស៊ីវិលស្នើភាគីដើមបណ្ដឹង គឺគណបក្សប្រជាជនកម្ពុជា ដកពាក្យបណ្ដឹង និងស្នើដល់តុលាការពិចារណា មិនចោទប្រកាន់លោក ស៊ឹង សែនករុណា។ អង្គការសង្គមស៊ីវិល ក៏អំពាវនាវដល់អាជ្ញាធរ ឱ្យបញ្ឈប់នូវគ្រប់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គម។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីមេធាវីគណបក្សប្រជាជនកម្ពុជា លោក សាំង វណ្ណៈ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមមេធាវីរបស់គណបក្សកាន់អំណាច ចោទថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា នៅលើសារព័ត៌មាន ឌឹ ខេមបូឌា (Daily) ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា និងជាអំពើបង្កចលាចល។ ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានសំណូមពរឱ្យតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសលើលោក ស៊ឹង សែនករុណា រួមទាំងទាមទារសងសំណងជំងឺចិត្តឱ្យ គណបក្សកាន់អំណាច ចំនួន ២ពាន់លានរៀល ស្មើប្រមាណកន្លះលានដុល្លារអាមេរិក។
នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា ការបញ្ចេញមតិរបស់ លោក ស៊ឹង សែនករុណា គឺក្នុងគោលដៅលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ និងមិនមានចេតនាវាយប្រហារគណបក្សនយោបាយណាមួយនោះទេ។ លោក ហេង គឹមហុង បន្តថា គណបក្សកាន់អំណាច ដែលជាដើមបណ្ដឹង គួរដកពាក្យបណ្ដឹង និងបើកចិត្តទូលាយ ដើម្បីជាការលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា។
លោក ហេង គឹមហុង៖ «ចង់មិនចង់ នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ គឺជារឿងសំខាន់ ពលរដ្ឋតែងតែមានទស្សនរៀងៗខ្លួន ហើយនរណាមានទស្សនៈផ្ទុយ ទស្សនៈស្របអី គឺជាទិដ្ឋភាពទូទៅនៃសង្គមប្រជាធិបតេយ្យ យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា គួរមានចិត្តទូលាយ ហើយក៏ជាការចូលរួមចំណែកបង្ហាញពីស្មារតី ចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពបញ្ចេញមតិ»។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២ កុម្ភៈ បានចុះផ្សាយដោយស្រង់ប្រសាសន៍លោក ស៊ឹង សែនករុណា ទៅចុះផ្សាយថា វិវាទរបស់អ្នក នយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ មានធនធានថវិកាច្រើន គណបក្សនេះ គួរយោគយល់ដល់លោក សុន ឆ័យ គណបក្សកាន់អំណាចតែងតែយកតុលាការ មកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន និងថា គណបក្សនយោបាយទាំងអស់ គួរតែប្រើវិធីចាស់ទុំ ដើម្បីប្រកួតប្រជែងគ្នា គួរបញ្ឈប់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ជាដើម។
ទោះជាយ៉ាងណា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានកែប្រែសម្រង់សម្ដីដើមរបស់លោក ស៊ឹង សែនករុណា ខ្លះវិញ ក្រោយមានការប្ដឹងពីគណបក្សកាន់អំណាច។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន ប្ដឹងមកលើមន្ត្រីអង្គការសង្គមស៊ីវិល ទៅតុលាការ ដោយសារការបញ្ចេញមតិ។ ជាក់ស្ដែង កាលពីឆ្នាំ២០២០ លោក ហ៊ុន សែន ដែលកាលនោះ កាន់តំណែងជានាយករដ្ឋមន្ត្រី បានព្រមានចាប់ខ្លួននាយកចាត់ការទូទៅនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដោយបានចោទថា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ និយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត អំពីជំងឺកូវីដ-១៩ (Covid-19) នៅលើបណ្ដាញសារព័ត៌មាន៕