RFA Khmer /ដោយ យ៉ង ចាន់តារា
18-2-2024
អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) រកឃើញថា កម្ពុជាគឺជាប្រទេសគាបសង្កត់សិទ្ធិពលរដ្ឋ នៅក្រៅប្រទេសធ្ងន់ធ្ងរជាងគេ នៅលើពិភពលោក ក្នុងឆ្នាំ២០២៣។ អ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា រដ្ឋាភិបាលកម្ពុជា មិនពាក់ព័ន្ធអំពើហិង្សា ឬការរំលោភសិទ្ធិមនុស្សនៅបរទេសនោះឡើយ ខណៈអ្នកឃ្លាំមើលកម្ពុជា យល់ឃើញថា ការរកឃើញរបស់ Freedom House នេះនឹងជំរុញឱ្យរដ្ឋាភិបាលបរទេស បង្កើតយន្តការការពារប្រជាពលរដ្ឋខ្មែរ ដែលរងការគំរាមកំហែង ពីរដ្ឋាភិបាលកម្ពុជា។
របាយការណ៍ថ្មីមួយរបស់ អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ រកឃើញថា រដ្ឋាភិបាលកម្ពុជា បានប្រព្រឹត្តអំពើគាបសង្កត់សិទ្ធិមនុស្សឆ្លងដែន យ៉ាងហោចណាស់ចំនួន ១៥ លើក ដោយក្នុងនោះ មានករណីមួយដែលសកម្មជនខ្មែរ ៤ នាក់ ត្រូវបានរងអំពើហិង្សាលើរូបរាងកាយ នៅប្រទេសថៃ ខណៈរដ្ឋាភិបាលជាប់ព្រំដែនកម្ពុជា មួយនេះ បានឃុំខ្លួនសកម្មជន ៨ នាក់ផ្សេងទៀត កាលពីឆ្នាំ២០២៣។
របាយការណ៍បានសង្កត់ធ្ងន់ថា កម្ពុជាគឺជាប្រទេសធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ ដែលរត់ភៀសខ្លួននៅក្រៅប្រទេសធ្ងន់ធ្ងរជាងគេ ក្នុងចំណោមប្រទេសនៅលើពិភព ដែលរួមមាន ប្រទេសរុស្សី (Russia) ប្រទេសចិន (China) និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាដើម។
ប្រធានអង្គការ ឃ្លាំមើលសេរីភាពពិភពលោក (Freedom House) លោក ម៉ាយឃើល ជេ អាប្រាម៉ូវិច (Michael J. Abramowitz) បានលើកឡើងនៅក្នុងរបាយការណ៍នេះថា ការធ្វើទុក្ខបុកម្នេញសកម្មជនឆ្លងដែន បង្ហាញពីការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខនៅក្នុងស្រុក និងអន្តរជាតិ ហើយលោកបានស្នើឱ្យសង្គម ដែលប្រកាន់ប្រជាធិបតេយ្យ ត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់។ លោកបន្តថា លោកមិនអាចទទួលយកពិភពលោកមួយ ដែលគ្មានកន្លែងទីសំចតសុវត្ថិភាព សម្រាប់អ្នកកាសែត សកម្មជន និងអ្នករិះគន់របបគាបសង្កត់សិទ្ធិមនុស្ស នោះឡើយ។
លោក ម៉ាយឃើល ជេ អាប្រាម៉ូវិច បញ្ជាក់បន្ថែមថា ការធ្វើទុក្ខបុកម្នេញទៅលើអ្នកប្រឆាំង ដែលស្វែងរកសិទ្ធិជ្រកកោន នៅក្រៅប្រទេស ពីសំណាក់អ្នកដឹកនាំផ្ដាច់ការ នឹងមិនអាចបញ្ចប់បាននោះឡើយ ដូច្នេះលោកអំពាវនាវឱ្យ បណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ ត្រូវតែការពារអធិបតេយ្យភាព និងតម្លៃជាមូលដ្ឋានរបស់ពួកគេ ឱ្យបានឆាប់ៗ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា ការរកឃើញរបស់ Freedom House មិនឆ្លុះបញ្ចាំងពីការពិតនោះឡើយ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជា មិនបានពាក់ព័ន្ធការឃុំខ្លួន ឬអំពើហិង្សា ដែលកើតមានឡើងលើអ្នកភៀសខ្លួន នៅក្រៅប្រទេសនោះទេ។
លោក សុខ ឥសាន ៖ «យើងគ្មានសិទ្ធិអីទៅធ្វើជាអំពើហិង្សា ទៅលើប្រជាពលរដ្ឋនៅក្រៅប្រទេសបានទេ ពីព្រោះវាស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ប្រទេសគេ ហើយបើយើងធ្វើផ្ដេសផ្ដាស ប្រទេសគេមករករឿង អ៊ីចឹងមិនដែលមានប្រទេសណា ដូចជាប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ឬប្រទេសឥណ្ឌូនេស៊ីអី មានប្រតិកម្មអីមកលើសមត្ថកិច្ចកម្ពុជានោះទេ ព្រោះអីយើងគោរពអធិបតេយ្យភាពរបស់គេ»។
ផ្ទុយពីការលើកឡើងរបស់លោក សុខ ឥសាន នេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែគំរាមកំហែងសកម្មជននយោបាយ និងសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ ប៉ុណ្ណោះទេ គឺថែមទាំងគំរាមកំហែង រហូតដល់ប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យមួយចំនួន រួមមាន សហរដ្ឋអាមេរិក (United States) ប្រទេសអូស្ត្រាលី (Australia) ប្រទេសកូរ៉េខាងត្បូង (South Korea) និងប្រទេសជប៉ុន (Japan) ជាដើមទៀតផង។
ជុំវិញរឿងនេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ការរកឃើញរបស់អង្គការ Freedom House នេះ មានសារៈសំខាន់ ជំរុញឱ្យបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ ការពារប្រជាពលរដ្ឋខ្មែរ ដែលនៅតែបន្តរងការគំរាមកំហែង ពីរដ្ឋាភិបាលផ្ដាច់ការរបស់គ្រួសារត្រកូល ហ៊ុន។ លោកបន្តថា ការគំរាមកំហែងរបស់រដ្ឋាភិបាលត្រកូល ហ៊ុន មិនត្រឹមតែកើតមាននៅក្នុងប្រទេសជិតខាងកម្ពុជានោះទេ ជាក់ស្ដែងមន្ត្រីរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់គំរាមកំហែងលោកផងដែរ។
លោក ម៉ែន ណាត ៖ «របាយការណ៍របស់ Freedom House វាមានឥទ្ធិពលទៅលើរដ្ឋសភា របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនិងមានឥទ្ធិពលដែរ ទៅលើពួកប្រទេសសម្ព័ន្ធមិត្ត។ កាលពីថ្ងៃទី១៥ កុម្ភៈ មុននេះ រដ្ឋាភិបាលអាមេរិក គេកំពុងគិតធ្វើសេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធនឹងការគំរាមកំហែងឆ្លងដែនហ្នឹងដែរ»។
ក្រៅពីរកឃើញការធ្វើទុក្ខបុកម្នេញ លើសកម្មជននៅក្រៅប្រទេសហើយនោះ អង្គការ Freedom House ក៏បានផ្ដល់អនុសាសន៍ ប្រទេសផ្ដល់សិទ្ធិជនភៀសខ្លួនស្នាក់នៅ អង្គការសង្គមស៊ីវិលអន្តរជាតិនានា និងក្រុមហ៊ុនផ្ដល់សេវាធិចណូឡូជី គួរបង្កើនថវិកាការពារសុវត្ថិភាព និងគាំពារជនភៀសខ្លួន និងទប់ស្កាត់កុំឱ្យរដ្ឋាភិបាលប្រទេសសាមី មានឥទ្ធិពលលើប្រទេស ដែលជនភៀសខ្លួនកំពុងស្នាក់នៅ ឬបញ្ជូនជនភៀសខ្លួន ទៅប្រទេសកំណើតវិញផងដែរ៕
