RFA Khmer /ដោយ សុជីវី
27-2-2024

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កម្ពុជា​ លើក​ឡើង​ដូចៗ​គ្នា​ថា ការ​យាង​ទៅ​ពិនិត្យ​សុខភាព​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ នៅ​ប្រទេស​ចិន បញ្ជាក់​ថា វិស័យ​សុខាភិបាល​កម្ពុជា​ទន់​ខ្សោយ។ ការ​លើក​ឡើង​ដូច្នេះ ក្រោយ​ពី​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅតែ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន បើ​ទោះបីជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បង្កើត​ក្រុម​គ្រូពេទ្យ​ ពិនិត្យ​តាមដាន​សុខភាព​អង្គ​ព្រះមហាក្សត្រ​ក៏​ដោយ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កម្ពុជា​ឡើង​ដូចៗ​គ្នា​​ថា ដរាប​ណា​ប្រមុខ​ដឹកនាំ​ប្រទេស​ នៅតែ​មិន​ប្រើ​ប្រាស់​​សេវា​ថែទាំ​សុខភាព​នៅ​ក្នុង​ស្រុក​នោះ​ទេ នោះ​វិស័យ​សុខាភិបាល​កម្ពុជា​ នឹង​មិន​អាច​រីកចម្រើន​បាន​នោះ​ឡើយ។

អតីត​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើក​​ឡើង​ថា ការយាងទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ចិន ​របស់​ព្រះបាទបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ ឆ្លុះ​បញ្ចាំង​ថា អង្គ​ព្រះមហាក្សត្រ​ មិន​ទុក​ចិត្ត​ទៅលើក្រុមគ្រូពេទ្យ ដែលលោក ហ៊ុន ម៉ាណែត បង្កើត​ឡើង ដើម្បី​មើល​ថែ​ព្រះរាជ​សុខភាព​ព្រះអង្គ​នោះ​ឡើយ។ លោកបន្តថា ការចាកចេញពី​ប្រទេស​របស់​អង្គ​ព្រះមហាក្សត្រ នៅពេលទើបបញ្ចប់ការបោះឆ្នោតព្រឹទ្ធសភា ត្រឹមតែមួយថ្ងៃបែបនេះ ក៏អាចបង្ហាញការមិនពេញចិត្ត ចំពោះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ដែលពោរពេញទៅដោយរឿងចម្រូងចម្រាសផងដែរ។

លោក អ៊ុំ សំអាន «ហើយ​យើង​ដឹង​ហើយ លោក ហ៊ុន សែន នឹង​ក្លាយ​ទៅ​ជា​ប្រធាន​ព្រឹទ្ធសភា ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​យាង​ទៅ​ក្រៅ​ប្រទេស លោក ហ៊ុន សែន នឹង​ក្លាយ​ជាប្​រមុខ​រដ្ឋ​ស្ដីទី​ ​ហើយ​បើអ៊ីចឹង​កាន់​អំណាច​ពេញ​ដៃ​ហើយ ឪ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី កូន​ជា​នាយក​រដ្ឋមន្ត្រី អ៊ីចឹង​ចង់​ស៊ីញេ​អី​ក៏​បាន​ដែរ ចង់​ស៊ីញេ​​កាត់​​ដី​ឱ្យ​យួន​ ឱ្យ​ចង់​ស៊ីញេ​​កាត់​​ដី​​ឱ្យ​​ថៃ ឬ​ក៏​ស៊ីញេ​លក់​ភ្នំ លក់​ព្រឹក្សា លក់​អី​ក៏​បាន​ដែរ ព្រោះ​ឪ​កូន អាច​ស៊ុម​គ្រលុំ​គ្នា​បាន»

ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ ក្រោយ​ពី​អង្គ​ព្រះ​មហា​ក្សត្រ និង​ព្រះ​មហាក្សត្រី នៅ​តែ​បន្ត​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន នៅថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងពិធីជូនព្រះរាជដំណើរអង្គព្រះ​មហា​ក្សត្រ គេក៏ឃើញមានវត្តមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាស់វស្សាមួយចំនួនទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន ជាដើម។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យមួយ ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលស្ថានភាពព្រះរាជសុខភាពអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមគ្រូពេទ្យនេះមានសមាជិកចំនួន៨នាក់ ដោយ​មាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា ជា​ប្រធាន និង​មាន​អនុប្រធាន​ពីរ​នាក់ រួម​ទាំង​សមាជិក​ជា​វេជ្ជបណ្ឌិត​ប្រចាំការ​ចំនួន ៥​នាក់។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើតក្រុមគ្រូពេទ្យនេះ គឺដើម្បីថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រករណីចាំបាច់។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី២៦ ខែកុម្ភៈ។

ជុំវិញរឿងនេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការបន្តយាងទៅពិនិត្យព្រះរាជ​សុខភាព​ របស់អង្គព្រះមហាក្សត្រនៅប្រទេសចិន អាចបញ្ជាក់ថា គុណភាពវិស័យសុខាភិបាល ដែលរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែងតែអះអាងថា មានគុណភាពមិនចាញ់ប្រទេសជិតខាង មិនមែនជាការពិតនោះឡើយ។ លោកបន្តថា ដើម្បីបណ្ដុះធនធានមនុស្ស និងគុណភាពវិស័យសុខាភិបាលបាន ប្រមុខដឹកនាំរដ្ឋាភិបាល គួរធ្វើជាបុគ្គលគំរូ ប្រើប្រាស់សេវាថែទាំ និងព្យាបាលជំងឺនៅក្នុងប្រទេស ជាជាងទៅក្រៅប្រទេស។

លោក ម៉ែន ណាត«ដោយសារ​តែ​អំពើ​ពុករលួយ​ពេក​ទៅ វា​គុណភាព​ព្យាបាល​ហ្នឹង​ក៏​ធ្លា​ក់​ចុះ ប្រៀប​នឹង​ប្រទេស​ជិត​ខាង​ ស្រុក​សៀម ស្រុក​យួន​ហ្នឹង យើង​ក៏​អត់​ទាន់​មាន​តម្លៃ​ស្មើ​គេ​ដែរ អ៊ីចឹង​បាន​ថា បើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ស្រុក​ខ្មែរ​រឹង​មាំ​បាន វា​ទាល់​តែ​ពួក​អ្នក​ធំ​អស់​ហ្នឹង ត្រូវ​តែ​កែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ហ្នឹង»

ដោយសារតែការផ្ដល់សេវាថែទាំសុខភាព និងព្យាបាលជំងឺនៅកម្ពុជាមិនសូវមានប្រសិទ្ធភាព ប្រជាពលរដ្ឋខ្មែរបានលើកឡើងជាពាក្យស្លោកថា អ្នកមានទៅមើលជំងឺនៅសាំងហ្គាពួរ អ្នកបង្គួរទៅមើលជំងឺនៅថៃ ឬវៀតណាម ឯអ្នកជំងឺក្ររហាមត្រូវដេកស្លាប់នៅផ្ទះ។

មន្ត្រីគណបក្សប្រឆាំង និងអ្នកតាមដានឃ្លាំមើលកម្ពុជា លើក​ឡើង​ថា ប្រសិន​បើអង្គព្រះមហាក្សត្រ នៅ​តែបន្តយាង​ទៅពិនិត្យ ព្រះរាជសុខភាពនៅប្រទេសចិន ដូច្នេះ នោះត្រកូល ហ៊ុន នឹងអាចធ្វើអ្វីបានតាមអំពើចិត្ត នៅ​ពេល​លោក ហ៊ុន សែន ឡើងធ្វើជាប្រធានព្រឹទ្ធសភា ដែល​មាន​តួនាទី​ជា​ប្រមុខរដ្ឋស្ដីទី ជំនួសអង្គព្រះមហាក្សត្រ៕

លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត
លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត