RFA Khmer /ដោយ ខាន់ លក្ខិណា
24-5-2024
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម អ្នកស្រី ផាំ ធូ ហាង (Pham Thu Hang) ទទួលស្គាល់ថា គណនីមួយចំនួន ដែលរិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតិកតុក (TikTok) មានប្រភពចេញពីប្រទេសវៀតណាម ពិតប្រាកដមែន ប៉ុន្តែមិនតំណាងឱ្យរដ្ឋាភិបាលវៀតណាម នោះទេ។ ការឆ្លើយតបរបស់ភាគីវៀតណាមនេះ អ្នកឃ្លាំមើលយល់ថា ដើម្បីឱ្យលោក ហ៊ុន សែន ស្ងប់ចិត្ត។
សារព័ត៌មាន Vietnam Express ដកស្រងការលើកឡើងរបស់អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម អ្នកស្រី ផាំ ធូ ហាង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែឧសភា ថា គណនីមួយចំនួនដែលរិះគន់លោក ហ៊ុន សែន គឺជាការបញ្ចេញមតិផ្ទាល់ខ្លួន មិនតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងមូលឡើយ។
អ្នកស្រីការពារថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិញុះញង់ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។
ជុំវិញការឆ្លើយតបនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ ក្រសួងបរទេសកម្ពុជាលោក ជុំ សន្ទរី បានទេ នៅថ្ងៃទី២៤ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី២០ ខែឧសភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាមកសួរនាំ ជុំវិញរឿងខ្លឹមសារជេរប្រមាថលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតិកតុក (TikTok)។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែឧសភា ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម ស្រាវជ្រាវរកមុខអ្នកដែលបានបង្ហោះខ្លឹមសារជេរប្រមាថលោក ពាក់ព័ន្ធនឹង«គម្រោងព្រែកជីកហ្វូណន»។
ទោះជាយ៉ាងណា អ្នកនាំពាក្យព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាអាណត្តិមុន គឺលោក ម៉ម ប៊ុននាង សុំមិនធ្វើអត្ថាធិប្បាយដោយថា អាណត្តិទី៥ នេះ មិនទាន់មានការតែងតាំងអ្នកនាំពាក្យថ្មីនៅឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែឧសភា ថា ការឆ្លើយរបស់ភាគីវៀតណាមនេះ គឺដើម្បីការពារ ប្រយោជន៍ប្រជាពលរដ្ឋខ្លួនផង និងបង្ហាញពីការគួរសមក្នុងកម្រិតការទូត ឱ្យលោក ហ៊ុន សែន ស្ងប់ចិត្ត។ លោកថា រដ្ឋាភិបាលវៀតណាម មិនហ៊ានចាត់វិធានការ ឬធ្វើអ្វី ឱ្យប្រជាពលរដ្ឋខ្លួនថ្នាំងថ្នាក់ចិត្តឡើយ។
លោក ម៉ែន ណាត ៖ «បើប៉ះពាល់ដល់កម្មវិធីនយោបាយផ្ទៃក្នុងជាតិរបស់គេ ! គេអាចចាត់វិធានការលើពលរដ្ឋគេដែរ ក៏ប៉ុន្តែបើសិនទិតៀនហ្នឹង ប៉ះពាល់ដល់ផ្ទៃក្នុងជាតិរបស់បរទេសជិតខាងរបស់វៀតណាម គឺវៀតណាម គេធ្វើមិនដឹង មិនឮទេ។ អាហ្នឹងជាពិសោធមួយ ដែលពួកជនជាតិវៀតណាម ធ្វើបាតុកម្មដុតរោងចក្រចិនប៉ុន្មានឆ្នាំមុន កាលពីឆ្នាំ២០១៨។ ដុតហើយ វៀតណាមចាប់មនុស្ស ២ ទៅ ៣ នាក់យកទៅអប់រំ រៀនសូត្រ បន្ទាប់មកដោះលែងវិញ។ គេការពារប្រជាពលរដ្ឋគេតើ គេគ្រាន់តែធ្វើបំពេញមុខការទូត»។
កាលពីពេលថ្មីៗភាគីវៀតណាម ក៏បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់ព័ត៌មាន លម្អិតអំពីគម្រោងព្រែកជីកហ្វូណនដល់ខ្លួន។ ការទាមទារនេះ ក្រោយពីអ្នកជំនាញ របស់រដ្ឋាភិបាលវៀតណាមវាយតម្លៃ ថា ព្រែកជីកហ្វូណននេះ មិនត្រឹមតែបម្រើឱ្យ សេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់បរិស្ថាន និងថែមទាំងបម្រើឱ្យវិស័យយោធារបស់ចិនទៀតផង។
ក្រុមអ្នកវិភាគមួយចំនួនអះអាងថា ការធ្វើដូច្នេះ គឺជានយោបាយប្រជាភិថុតិរបស់ ត្រកូល«ហ៊ុន» និងគណបក្សប្រជាជនកម្ពុជា ដើម្បីលាងជម្រះកម្អែលដានប្រវត្តិសាស្ត្រ ដែលក្រុមមេដឹកនាំកម្ពុជា និងគណបក្សកាន់អំណាចបច្ចុប្បន្នជា «អាយ៉ង» របស់វៀតណាម។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួន ក៏នៅតែគាំទ្រកម្ពុជាឱ្យជីកព្រែកជីកហ្វូណនជាប្រវត្តិសាស្ត្រនេះដែរ ដើម្បីឱ្យកម្ពុជាឈប់ពឹងផ្អែកលើការដឹកជញ្ជូនផ្លូវទឹកឆ្លងកាត់តាមវៀតណាម៕
