The Cambodia Daily
11th-6-2024
អ្នកសង្កេតការណ៍នៅក្រៅស្រុក ចាត់ទុកលិខិតរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលសុំទោសលោក ហ៊ុន ម៉ាណែត ជាលិខិតដែលធ្វើឡើង ដោយមានការបង្ខិតបង្ខំពីបក្សកាន់អំណាច ដើម្បីបំបាក់ស្មារតីពលរដ្ឋ ដែលកំពុងចូលរួមលើកស្ទួយយុត្តិធម៌សង្គម។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មិថុនា នេះថា ក្នុងស្ថានភាពនយោបាយ ដែលពោរពេញទៅដោយការគាបសង្កត់ នៅកម្ពុជាសព្វថ្ងៃនេះ មេដឹកនាំបក្សនយោបាយក្រៅរដ្ឋាភិបាល គួរតែយល់ឱ្យច្បាស់ មុននឹងចេញមកធ្វើជាតំណាងរបស់ពលរដ្ឋ ក្នុងការស្វែងរកយុត្តិធម៌ឱ្យសង្គមជាតិ។
លោក ម៉ែន ណាត លើកឡើងថា បើមានឧបសគ្គ ហើយចេះតែចេញមុខសុំទោស គឺស្មើនឹងការលើកតម្កើងអំណាចគាបសង្កត់របស់ជនផ្ដាច់ការ។ ទន្ទឹមនឹងនេះ ក៏បង្ហាញពីការបន្តុះបង្អាប់នយោបាយរបស់អ្នកប្រជាធិបតេយ្យ ដែលខ្លួនកំពុងដឹកនាំដែរ ហើយទង្វើបែបនេះ គឺជាការបំបាក់ស្មារតីរបស់ពលរដ្ឋ ដែលកំពុងចូលរួមលើកស្ទួយយុត្តិធម៌សង្គមយ៉ាងធ្ងន់ធ្ងរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយ ត្រូវតែមានជំហររឹងមាំ ក្នុងការតស៊ូជាមួយសង្គមផ្ដាច់ការដោយប្តូរផ្តាច់ នោះទើបអាចផ្តល់ពន្លឺសម្រាប់ការស្វែងរកប្រជាធិបតេយ្យ ទៅថ្ងៃអនាគតបាន។
លោកបន្តថា ផ្ទុយទៅវិញ បើអ្នកនយោបាយមិនហ៊ានជំនះឧបសគ្គ ដែលខ្លួនត្រូវប្រឈមផងនោះ តើនឹងអាចដឹកនាំពលរដ្ឋឆ្ពោះទៅរកការស្ដារលទ្ធិប្រជាធិបតេយ្យម្តេចនឹងកើត។
លោក ម៉ែន ណាត អំពាវនាវឱ្យអ្នកនយោបាយដែលស្នេហាប្រជាធិបតេយ្យ ស្នេហាយុត្តិធម៌ បង្រួបបង្រួមកម្លាំងគ្នា ដើម្បីបង្កើតជាក្តីសង្ឃឹមមួយ សម្រាប់ពលរដ្ឋ ដែលចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បើមិនដូច្នោះទេ នោះប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា នៅតែបន្តធ្លាក់ក្រោមអំណាចគ្រួសារ និងបក្ខពួកនិយមរបស់គណបក្សកាន់អំណាចដ៏យូរអង្វែងទៅថ្ងៃមុខ។
កាលពីពេលថ្មីៗនេះ លិខិតមួយរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលបានសរសេរសុំទោសនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយមិនបានចុះកាលបរិច្ឆេទជាក់លាក់ឡើយ។
លោក ស៊ុន ចន្ធី បានរៀបរាប់ក្នុងលិខិតនោះថា លោកពិតជាមានការសោកស្តាយ នូវមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ យ៉ាងខ្លាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល។
ប្រធានគណបក្សកម្លាំងជាតិរូបនេះ បញ្ជាក់ថា លោកពិតជាមានការសោកស្តាយ និងសូមទោសដោយសុទ្ធចិត្តចំពោះលោក ហ៊ុន ម៉ាណែត នូវការលើកឡើងដោយខុសឆ្គងរបស់ខ្លួនទាំងនោះ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានលើកឡើងអំឡុងពេលជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន នៅប្រទេសជប៉ុន ថា សមិទ្ធផលជាតិសំខាន់ៗមួយចំនួន គឺកើតឡើងដោយសារតែបក្សប្រឆាំងប៉ុណ្ណោះ។ លោកបន្ថែមថា បើគ្មានបក្សប្រឆាំង រដ្ឋាភិបាលក៏មិនប្រឹងអភិវឌ្ឍប្រទេសដែរ។
លោក ស៊ុន ចន្ធី លើកឡើងថា នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងពេញនិយមរឿងបណ្ណក្រីក្រ ឬបណ្ណសមធម៌ខ្លាំងណាស់ ប៉ុន្តែការចែកបណ្ណក្រីក្រនេះ មានការរើសអើងបំផុត។ ការចែកបណ្ណនេះ ទាល់តែសែស្រឡាយមេឃុំ និងសែស្រឡាយចៅហ្វាយស្រុក ទើបគេចែកឱ្យ។
ភរិយាលោក ស៊ុន ចន្ធី គឺលោកស្រី យាន ស្រីយ៉ាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកស្រីបានឃើញលិខិតនោះ ប៉ុន្តែលោកស្រី ពុំបានដឹងរឿងរ៉ាវនៅពីក្រោយហេតុការណ៍នេះទេ និងបានចាត់ទុកថា នេះជាសិទ្ធិសម្រេចរបស់ប្តីលោកស្រីតែប៉ុណ្ណោះ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង អំឡុងពេលដែលលោក កំពុងចាកចេញពីមាត់ទ្វារយន្តហោះ។
ក្រោយការចាប់ខ្លួន ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ដោយសារតែមេដឹកនាំបក្សក្រៅរដ្ឋាភិបាលរូបនេះ និយាយទម្លាក់កំហុសទៅរដ្ឋាភិបាលកម្ពុជា ជុំវិញការចែកបណ្ណក្រីក្រ ថាមានភាពលម្អៀង និងមានការរើសអើង។
ក្រោយការចាប់ឃុំខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា គណបក្សកម្លាំងជាតិ ប្រកាសជួបជុំសមាជិក និងអ្នកគាំទ្រជាង ១០០នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារឱ្យតុលាការដោះលែងប្រធានបក្សរបស់ខ្លួន គឺលោក ស៊ុន ចន្ធី និងសមាជិកបក្សខេត្ត ២នាក់ទៀត ដែលកំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌នៅពេលនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងមន្ត្រីជាន់ខ្ពស់របស់គណបក្សកម្លាំងជាតិ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕