The Cambodia Daily
14-6-2024
នាយករដ្ឋមន្ត្រីបន្តពូជថ្មី លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាចង់ឯករាជ្យ ដូច្នេះកម្ពុជាត្រូវតែរស់ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ ឬការត្រាប្រណីពីប្រទេសណាដាច់ខាត ដើម្បីក្លាយជាប្រទេសអ្នកមាននៅ ២០ឆ្នាំក្រោយ បើមិនដូច្នោះទេ កម្ពុជានៅតែពឹងគេអស់មួយជីវិត។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រ នៅសាកលវិទ្យាល័យ លីម កុកវីង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬការសន្តោសប្រណីពីប្រទេសណានោះទេ តែកម្ពុជាត្រូវតែខិតខំប្រឹងរស់ដោយខ្លួនឯង ខណៈកម្ពុជាបានប្រឹងប្រែងចាកចេញពីប្រទេសអភិវឌ្ឍន៍តិច តាំងពីឆ្នាំ២០១៩ មក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា នៅពេលដែលកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិច កម្ពុជានៅមានផលប្រយោជន៍មួយចំនួន ដូចជា ការផ្តល់ការអនុគ្រោះ និងការផ្តល់ប្រាក់កម្ចី ជាដើម ប៉ុន្តែនៅពេលដែលកម្ពុជាចាកចេញពីប្រទេសក្រីក្រ គោលការណ៍អនុគ្រោះមួយចំនួន ក៏ត្រូវបានគេដកចេញដែរ។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បញ្ជាក់ថា បើកម្ពុជាពង្រឹងខ្លួនឯង ដាក់ទិសដៅក្លាយទៅជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ កម្ពុជាមិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ និងជាប្រទេសអភិវឌ្ឍន៍តិចតួចទេ ប៉ុន្តែកម្ពុជានឹងក្លាយទៅជាប្រទេសអ្នកមានតែម្តង ហើយនៅពេលនោះ កម្ពុជាក៏ហ៊ានប្រកួតស្មើភាពគ្នា ជាមួយគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោកដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជានៅមិនទាន់អាចពឹងខ្លួនឯងបាននៅឡើយទេក្នុងពេលបច្ចុប្បន្ននេះ ខណៈចិន នៅតែជាប្រទេសអាទិភាពសម្រាប់កម្ពុជា ក្នុងការពឹងពាក់ទៅថ្ងៃមុខ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា តែងតែអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនទៅមុខជាលំដាប់ ប៉ុន្តែមជ្ឈដ្ឋាននានាសង្កេតឃើញថា កម្ពុជាគ្មានលុយសម្រាប់អភិវឌ្ឍប្រទេសទេ គឺនៅតែត្រូវការកម្ចីចិន ដដែល។ ជាក់ស្តែង គម្រោងអភិវឌ្ឍន៍នានា កម្ពុជាតែងប្រគល់ឱ្យចិន សាងសង់ជាបន្តបន្ទាប់ ជាថ្នូរនឹងការប្រគល់ឱ្យចិន គ្រប់គ្រងរាប់សិបឆ្នាំទៅថ្ងៃមុខ។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងបញ្ជាក់ជំហររបស់ខ្លួនជារឿយៗ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមហាអំណាចពិភពលោកនានា កាលពីពេលកន្លងទៅថា ដោយសារតែបានមិត្តចិន ទើបកម្ពុជាមានស្ពានឆ្លងទន្លេ មានផ្លូវខ្វាត់ខ្វែងដូចសព្វថ្ងៃនេះ ដូច្នេះ «បើមិនឱ្យកម្ពុជាពឹងចិន តើឱ្យកម្ពុជាទៅពឹងអ្នកណា»។
តាមរយៈសម្ដីរបស់លោក ហ៊ុន សែន បែបនេះ គឺមានន័យថា កម្ពុជានៅតែត្រូវការពឹងពាក់ចិន ឱ្យចិន ជួយខ្លួនបន្តទៀតទៅថ្ងៃមុខ ដូច្នេះការប្រកាសរកភាពឯករាជ្យរបស់កម្ពុជា ដែលចង់ក្លាយខ្លួនជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ក៏ទំនងជាមិនអាចទៅរួចដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជា ធ្លាប់ទទួលបានពីសហភាពអឺរ៉ុប និងអាមេរិក ត្រូវបានកាត់ផ្តាច់ ខណៈលោក ហ៊ុន ម៉ាណែត ក៏ជាប់ឈ្មោះជាមេដឹកនាំកខ្វក់ នៅលើពិភពលោកថែមទៀត ដូច្នេះ កម្ពុជាកាន់តែមានភាពចង្អៀតខ្លាំង ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ការត្រៀមខ្លួនក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ នោះ។
ទោះជាបែបនេះក្តី រដ្ឋាភិបាលកម្ពុជាធ្លាប់បានព្យាករថា តាមរយៈនៃការកំណត់យកការទូតសេដ្ឋកិច្ចជាគោលដៅ សម្រាប់រដ្ឋាភិបាល អាណត្តិទី៧ នេះ កម្ពុជានឹងក្លាយជាប្រទេសអ្នកមាន នៅចុងឆ្នាំ២០៤០ ប្រសិនបើកម្ពុជាអាចកែទម្រង់ប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធការងារដែលជាមូលដ្ឋានគ្រឹះរបស់ខ្លួន បានរឹងមាំក្នុងអាណត្តិទី១ នេះ។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងកាលពីពេលថ្មីៗនេះថា កុំទាន់គិតពីផែនការក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ប៉ុន្តែការត្រៀមខ្លួនរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ នៅតែជាឧបសគ្គនៅឡើយ។
បណ្ឌិត មាស នី លើកឡើងថា ដើម្បីសម្រេចគោលដៅកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមនៅ ៦ឆ្នាំខាងមុខ ទាល់តែធនធានមនុស្សរបស់កម្ពុជា ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អាចរកប្រាក់ចំណូលប្រចាំខែយ៉ាងតិច ១ពាន់ដុល្លារអាមេរិកក្នុង ១ខែ ប៉ុន្តែជាក់ស្តែងសព្វថ្ងៃនេះ កម្ពុជាមិនទាន់អាចធ្វើបាននៅឡើយទេ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម រូបនេះ បញ្ជាក់ថា មកទល់នឹងឆ្នាំ២០២៤ នេះ ភាគច្រើននៃបញ្ញវន្តដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ទទួលប្រាក់ខែស្ថិតក្រោម ៥០០ដុល្លារអាមេរិកក្នុង ១ខែនៅឡើយ ដូច្នេះគេមិនទាន់ប៉ាន់ស្មានបានទេថា តើកម្ពុជានឹងអាចក្លាយជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ បានដែរឬក៏អត់នោះ៕