The Cambodia Daily
21-6-2024
អ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន ម៉ាណែត ត្រូវបោសសម្អាតរដ្ឋាភិបាលរបស់លោក ក្នុងការលុបបំបាត់អំពើពុករលួយ និងដកតំណែងមន្ត្រី ដែលជាឧក្រិដ្ឋជនឱ្យស្អាតជាមុនសិន ដើម្បីឱ្យអ្នកវិនិយោគល្អ ចូលទៅបណ្ដាក់ទុននៅកម្ពុជា។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ មិថុនា នេះថា ជារឿងដែលគួរដោយអស់សំណើចបំផុត ដែលរដ្ឋាភិបាលតែងតាំងក្រុមឧក្រិដ្ឋជន ជាមន្ត្រីរដ្ឋាភិបាល និងមានតួនាទីគ្រាក់ៗ ក្នុងការគ្រប់គ្រងការវិនិយោគក្នុងរដ្ឋាភិបាលរបស់ខ្លួន ដូច្នេះ តើឱ្យអ្នកវិនិយោគបរទេសល្អត្រឹមត្រូវមានទំនុកចិត្តលើរដ្ឋាភិបាល ក្នុងការបណ្ដាក់ទុនដោយរបៀបណា(?)។
លោក ម៉ែន ណាត លើកឡើងថា លោក ហ៊ុន សែន បានតែងតាំងឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ទ្រី ភាព ជាបេសកជនពិសេសរបស់ប្រធានរដ្ឋសភា ខណៈលោក លី យ៉ុងផាត់ ដែលជាឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិមួយរូបដែរនោះ ក៏ត្រូវបានតែងតាំងជាប្រធានសមាគមឧកញ៉ា និងជាសមាជិករដ្ឋសភាថែមទៀត ដូច្នេះគ្មានអ្នកវិនិយោគបរទេសត្រឹមត្រូវមួយណា ដែលហ៊ានទៅរកស៊ីនៅកម្ពុជាទេ ប៉ុន្តែមានតែអ្នកវិនិយោគបែបម៉ាហ្វៀប៉ុណ្ណោះ ដែលហ៊ានទៅរកស៊ី ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ក្នុងពេលដែលកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអសោច លើឆាកអន្តរជាតិដូចសព្វថ្ងៃនេះ ដូចជាការកើតមាននូវអំពើពុករលួយ ការផ្ទុះឡើងនូវគម្រោងរកស៊ីបោកប្រាស់ ការជួញដូរមនុស្ស ការរឹតត្បិតសេរីភាពសហជីព ការរំលោភសិទ្ធិការងារកម្មករ និងការរឹតត្បិតសិទ្ធិមូលដ្ឋានពលរដ្ឋ ជាដើម កុំថាឡើយដល់ទៅអ្នកវិនិយោគបរទេស សូម្បីអ្នកវិនិយោគក្នុងស្រុក ក៏មិនទុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនដែរ។
លោក ម៉ែន ណាត សង្ស័យថា ដំណើរទស្សនកិច្ចទៅសិង្ហបុរី នាពេលនេះ ទំនងជាទៅលុបលាងជុំវិញឧក្រិដ្ឋជនដែលមានសញ្ជាតិខ្មែរ ដែលអាជ្ញាធរសិង្ហបុរី ចាប់បញ្ជូនទៅកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីការពារមុខមាត់រដ្ឋាភិបាលរបស់គាត់ផង និងដើម្បីកុំឱ្យមានការភ័យខ្លាចទៅដល់អ្នកវិនិយោគសិង្ហបុរី ផង ប៉ុន្តែបើទោះបីជាគាត់ប្រឹងប្រែងលាងខ្លួនបែបនេះក្តី ក៏មិនអាចធ្វើឱ្យអ្នកវិនិយោគសិង្ហបុរី មានទំនុកចិត្តលើរដ្ឋាភិបាលរបស់គាត់ដែរ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីរបស់លោក ធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ដែលក្នុងដំណើរទស្សនកិច្ចនោះ លោកបានជួបជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ផង ពិភាក្សាគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។
ក្រៅពីជំនួបជាមួយមន្ត្រីរដ្ឋាភិបាលសិង្ហបុរី លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែរ ដែលមានអ្នកវិនិយោគចូលរួមជាង ៤០០នាក់មកពីបណ្តាក្រុមហ៊ុនជិត ៤០០ក្រុមហ៊ុន ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាគមន៍វិនិយោគិនសិង្ហបុរី ទាំងអស់ ឱ្យស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារដែលមានថាមពល និងកំពុងរីកចម្រើននៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងពីនិរន្តរភាពថាមពលសម្រាប់វិនិយោគិនសិង្ហបុរី ផងដែរ ព្រោះថាការវិនិយោគរបស់ប្រទេសសិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយជំរុញឱ្យមានកំណើនក្នុងវិស័យផ្សេងៗ ដូចជា ផលិតកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ជាដើម។
គេសង្កេតឃើញថា រាល់ពេលដែលលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចទៅបណ្តាប្រទេសនានា ដូចជា ប្រទេសបារាំង ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េខាងត្បូង ជាដើម សុទ្ធតែបានចូលរួមក្នុងវេទិកាធុរកិច្ចរបស់ប្រទេសទាំងនោះ ដែលលោកចាត់ទុកថា ជាការដើរគោះទ្វារឱ្យវិនិយោគិនបរទេសទៅវិនិយោគនៅកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញអ្នកវិនិយោគទាំងនោះ ទៅបណ្ដាក់ទុននៅកម្ពុជានៅឡើយទេ៕
