អត្ថបទ CWCI Cambodia
02nd-7-2024

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​​​​មាន​​មូលដ្ឋាន​​នៅ​ប្រទេស​ន័រវែស ចេញ​​​សេចក្តី​​ថ្លែង​ការណ៍​ ជំរុញ​ឲ្យ​តុលាការ​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​បទ​ចោទ និង​ដោះ​លែង​ក្រុម​សកម្មជន​បរិស្ថាន នៃ​អង្គការ​មាតាធម្មជាតិ​ ដោយ​គ្មាន​លក្ខខណ្ឌ។ សេចក្តី​ថ្លែង​ការណ៍​នេះ ​ចុះ​​​ហត្ថ​លេខា​​ដោយ​​​លោក ម៉ែន ណាត ប្រធាន​​ក្រុម​ប្រឹក្សា​កម្ពុជា ចុះផ្សាយ​​នៅ​​ថ្ងៃ​ទី​​០២ ខែ​កក្កដា ឆ្នាំ​២០២៤។ សូម​ទាញ​យក ​«សេចក្តី​ថ្លែងការណ៍ (Download)» ឬ​​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
​ដោះ​លែង និង​ម្លាក់​បទ​ចោទ​ទៅ​លើ​សកម្មជន​បរិស្ថាន ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​អំពាវនាវ​ដល់តុលាការ​ទីក្រុង​ភ្នំពេញ និងរដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​សកម្មជន​បរិស្ថាន នៃ​អង្គការ​មាតា​ធម្មជាតិ (Mother Nature Cambodia) រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​លោក យឹម លាងហ៊ី ដែល​ត្រូវ​បាន អជ្ញាធរ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ២០២៤ ខណៈ​ពួក​គាត់​ទៅ​ស្តាប់​សាល​ក្រម​នៅ​តុលាការ ដែល​ចោទ​ប្រកាន់ ពួក​គាត់​យ៉ាង​អយុត្តិធម៌ ពី​បទ​«​​ប្រមាថ​​ព្រះ​មហា​ក្សត្រ និង​​​​រួម​​គំនិត​​ក្បត់​ ដើម្បី​​ផ្តួល​​រំលំ​​រដ្ឋាភិបាល ​​​កា​ល​​​ពី​​ឆ្នាំ​២០២១» មាន​ស្ថាន ទម្ងន់​ទោស​ជាប់​ពន្ធនាគារ​​ពី ៦​ឆ្នាំ​ដល់ ១០​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់​ពិន័យ ១០​លាន​រៀល។

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពិនិត្យ​ឃើញ​ថា សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​មាន​ឈ្មោះ​ខាង លើ និង​សហការី ៥ ​​រូប​ទៀត ដែលតុលាការចោទ​ប្រកាន់​​នោះ គ្មាន​កំហុស​អ្វី​ទាំង​អស់ មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ទីក្រុង​ភ្នំពេញ​ទេ។ ដូច្នេះ ការ​ចោទ​ប្រកាន់ និងចាប់​ខ្លួន​ពួក​គាត់ ជា​អំពើ​អយុត្តិធម៌ និង​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

សកម្មជនបរិស្ថាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង លោក យឹម លាងហ៊ី ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅដែរ មាន​សិទ្ធិ​បញ្ចេញ​មតិ​ពេញ​លេញ ស្រប​តាម​ស្មាតី​រដ្ឋធម្មនុញ្ញ និង លិខិតូបករណ៍​អន្តរជាតិ​នានា ដែល​​កម្ពុជា​បាន​អនុម័ត​ទទួល​ស្គាល់។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ តែង​តែ​ធ្វើ​ការងារ​ការពារ​បរិស្ថាន នៅប្រទេស​កម្ពុជា ដោយ​ប្រឆាំង​ជំទាស់​រាល់​ការ​កាប់ បំផ្លាញ​ព្រៃ​ឈើ ការ​លុប​បឹង​បួរ ការ​លុប​សមុទ្រ ការ​បូម​ខ្សាច់​ខុស​ច្បាប់ និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែធម្មជាតិ​ខុស​ច្បាប់ ជាដើម។

សកម្មភាព​ការងារ​របស់​ក្រុម​សកម្មជន​បរិស្ថាន​ទាំង​នេះ ត្រូវ​បាន​គោរព និង​កោត​សរសើរ​ពី​អ្នក​ស្រឡាញ់​បរិស្ថាន​ នៅ​ជុំវិញពិភពលោក។ ទង្វើ​របស់​ពួកគាត់ ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំធេង សម្រាប់​ជាតិ សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ជា​ផ្នែក​មួយ​ជួយ​ ការពារ​​ទប់​ស្កាត់​បម្រែ​បម្រួល​អាកាសធាតុពិភពលោក​ផង​ដែរ។

ក្រុងគ្រីស្ទានសាន់ (ន័រវែស) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា