The Cambodia Daily
11th-7-2024
សមាគមខ្មែរកម្ពុជាក្រោម ស្នើឱ្យព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាខ្មែរ ផ្តល់សេចក្តីរាយការណ៍ស្តីអំពីស្ថានភាពពលរដ្ឋខ្មែរក្រោមជូនប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (Tô Lâm) ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា នាពេលខាងមុខនេះ។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានដាក់លិខិតដាច់ដោយឡែកពីគ្នា ទៅកាន់ព្រះមហាក្សត្រខ្មែរ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាខ្មែរ កាលពីថ្ងៃទី៨ ខែកក្កដា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១០ កក្កដា នេះ ដោយរៀបរាប់ថា ការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម កំពុងស្ថិតក្នុងស្ថានភាពអយុត្តិធម៌ ការរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ ពីអាជ្ញាធរវៀតណាម សព្វថ្ងៃនេះ។
ប្រភពដដែលលើកឡើងថា ចាប់តាំងពីទឹកដីកម្ពុជាក្រោម ត្រូវបានបារាំង ប្រគល់ទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងមក ពលរដ្ឋខ្មែរក្រោមត្រូវរស់ក្រោមការត្រួតត្រារបស់វៀតណាម យ៉ាងវេទនាជាទីបំផុត។
សមាគមនេះបន្តថា អាជ្ញាធរវៀតណាម បានរំលោភសិទ្ធិមនុស្សដោយការជេរប្រមាថ ការមាក់ងាយ បន្ទាបបន្ថោកលើពលរដ្ឋខ្មែរក្រោម ឱ្យមានការឈឺចាប់ឥតស្រាកស្រាន្ត ក្នុងនោះក៏មានការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមផ្សឹក និងដាក់ពន្ធនាគារ រួមជាមួយនឹងពលរដ្ឋខ្មែរក្រោមសរុបចំនួន ១៣ អង្គ និងនាក់ផងដែរ។
សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ទង្វើរបស់អាជ្ញាធរវៀតណាម គឺជាការប្រមាថមើលងាយជាសាធារណៈ មកលើអត្តសញ្ញាណពូជសាសន៍ខ្មែរម្ចាស់ទឹកដីយ៉ាងធ្ងន់ធ្ងរ ព្រោះជាទង្វើដែលផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិទាំងស្រុង។ លើសពីនេះ ព្រះសង្ឃជនជាតិវៀតណាម ក៏បានប្រមាថមើលងាយជនជាតិខ្មែរជាសាធារណៈផងដែរកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។
ក្រសួងការបរទេសនៃប្រទេសកម្ពុជា បញ្ជាក់ថា ប្រធានរដ្ឋវៀតណាម នឹងជួបជាមួយមហាក្សត្រខ្មែរ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាផងដែរ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ កក្កដា នេះថា លោកគាំទ្រខ្លឹមសារក្នុងលិខិតរបស់សមាគមខ្មែរក្រោម ដែលមានបំណងលើកស្ទួយសិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីកុំឱ្យមានការគាបសង្កត់ពីអាជ្ញាធរវៀតណាម ទាំងស្រុង។
លោក ម៉ែន ណាត លើកឡើងថា ពលរដ្ឋខ្មែរក្រោមជាពលរដ្ឋដើម ឬជាពលរដ្ឋម្ចាស់ស្រុក ដូច្នេះរដ្ឋាភិបាលកម្ពុជា គួរតែដាស់តឿនរដ្ឋាភិបាលវៀតណាម ឱ្យយកចិត្តទុកដាក់លើសិទ្ធិរស់នៅរបស់ពួកគេ។
លោកបន្តថា ការស្នើរបស់រដ្ឋាភិបាលកម្ពុជា ក៏មិនខុសដែរ ព្រោះរដ្ឋាភិបាលវៀតណាម ក៏តែងតែស្នើឱ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដែរ ខណៈពលរដ្ឋវៀតណាមទាំងនោះ រស់នៅដោយខុសច្បាប់ថែមទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ បញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជាមិនអើពើនឹងសំណើនេះទេ ទាំងពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទឹកដីកម្ពុជា នៅតែបន្តថ្កោលទោសរដ្ឋាភិបាលកម្ពុជាបន្តទៀតជាមិនខាន។
យ៉ាងណាក៏ដោយ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងអះអាងជារឿយៗថា រដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃ ចំពោះការគ្រប់គ្រងរបស់វៀតណាម លើទឹកដីកម្ពុជាក្រោមនោះទេ ព្រោះជារឿងខុសច្បាប់ និងជាការជ្រៀតជ្រែកកិច្ចការប្រទេសដទៃ៕
