The Cambodia Daily
11th-7-2024

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ លើកឡើង​ថា ការ​ស្នើ​ពី​មេដឹកនាំ​វៀតណាម មក​មេដឹកនាំ​ខ្មែរ​ឱ្យ​ជួយ​សម្របសម្រួល​ដល់​ការ​តាំង​ទីលំនៅ និង​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​វៀតណាម ចូល​ក្នុង​សង្គម​ជាតិ​ខ្មែរ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា វៀតណាម ​នៅតែ​មាន​ឥទ្ធិពល​លើ​មេដឹកនាំ​ប្រទេស​កម្ពុជា។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តាម​ការ​កត់សម្គាល់​របស់​លោក ជារឿយៗ​មេដឹកនាំ​វៀតណាម តែងតែ​ស្នើ និង​រឭក​ទៅ​កាន់​មេដឹកនាំ​កំពូលៗ​នៅ​ប្រទេស​កម្ពុជា ឱ្យ​យកចិត្ត​ទុកដាក់ និង​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រជាជន​របស់​ខ្លួន ហើយ​សំណើ​របស់​វៀតណាម នេះ មេដឹកនាំ​ខ្មែរ​ក៏​មិន​ដែល​ហ៊ាន​បដិសេធ​ឡើយ

ប្រភព​ដដែល​អះអាង​ថា ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ រាជរដ្ឋាភិបាល​ត្រូវ​បញ្ជូន​ពួកគេ​តាម​ច្បាប់​អន្តោប្រវេសន៍​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​រដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បែរ​ជា​នាំគ្នា​ជួយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ ឱ្យ​រស់នៅ​ស្រប​ច្បាប់​ទៅវិញ។

លោក ម៉ែន ណាត ចាត់ទុក​ការ​ស្នើ​របស់​មេដឹកនាំ​វៀតណាម ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី កាលពី​ថ្ងៃទី​០៥ ខែ​កក្កដា កន្លង​ទៅ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា វៀតណាម​នៅតែ​ជា​បងធំ​របស់​កម្ពុជា

អ្នកវិភាគ​ខ្លះ​ទៀត​ មើលឃើញ​ថា អ្នក​ដឹកនាំ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​ត្រកូល​ ហ៊ុន ដែល​បន្ត​កាន់​អំណាច​ដោយ​ឯកឯង​យូរលង់​មក​ទល់​ពេលនេះ គឺ​ពឹង​ផ្អែក​មួយ​ភាគ​ធំ​លើ​ជនជាតិ​យៀកណាម ដែល​រដ្ឋអំណាច​ឯក​បក្ស ​ធ្វើ​ឲ្យ​ស្រប​ច្បាប់ មាន​បណ្ណ​រស់នៅ​តាម​ច្បាប់ មាន​សិទ្ធិ​បោះឆ្នោត​ដើម្បី​តបស្នង​សងគុណ​ដល់​ត្រកូល​ហ៊ុន​វិញ ខណៈ​ជនជាតិ​ខ្មែរ​រាប់​លាន ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh នៅ​អំឡុង​ពេល​ដែល​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ កក្កដា។

សេចក្តី​រាយការណ៍​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឱ្យ​ដឹង​ថា ជនបរទេស​អន្តោប្រវេសន៍​ ដែល​បាន​ដាក់​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់ និង​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ គិត​ត្រឹម​ថ្ងៃ​បិទ​ឱសានវាទ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៃ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​នោះ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ចំនួន​ជិត ៣ ​ម៉ឺន​គ្រួសារ (២៨៩៤៥​គ្រួសារ) ស្មើ​នឹង​ចំនួន​ជិត ១ ​សែន​នាក់ (៨៩៧៨៦​នាក់)។

ជនបរទេស​អន្តោប្រវេសន៍​ទាំងនោះ ក្រសួង​មហាផ្ទៃ​ បាន​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​អ្នក​ដែល​មាន​អាយុ ១៨​ ឆ្នាំ​ឡើង​ចំនួន​ជាង ៦​ ម៉ឺន​នាក់ (៦៥១៦៨​នាក់)។ ជាមួយ​គ្នា​នោះ ក្រសួង​បាន​ផ្ដល់​បណ្ណ​បន្ត​សុពលភាព​ ដែល​មាន​រយៈពេល ២​ ឆ្នាំ​ម្ដង សរុប​ជិត ២ ​ម៉ឺន​បណ្ណ (១៩៥៦១​បណ្ណ)។

គួរ​រំឭក​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ​១៩៤៧ សម័យ​ប្រទេស​កម្ពុជា ជា​សមាគតរដ្ឋ ឬ​ប្រែ​ថា រដ្ឋ​នៅ​ជាមួយ état associé ក្រោម​អាណាព្យាបាល​ក្នុង​សហភាព​បារាំងសែស បាន​ផ្តល់​និយមន័យ​នៃ​ពាក្យ​ថា៖ “ពលរដ្ឋ (citoyen ជា​បារាំង citizen ជា​អង់គ្លេស) គឺ​ជន​ដែល​មាន​សិទ្ធិ​ពេញ។ ក្នុង​ប្រទេស​ខ្មែរ ជនជាតិ​ខ្មែរ ឬ​ហៅថា ខេមរជន និង​ជន​ដែល​រាប់​ជា​ខ្មែរ ដូចជា ចាម គួយ ព្នង ជាដើម និង​ជន​ដែល​ចូល​ជាតិ​ជា​ខ្មែរ ជា​ពលរដ្ឋ​ខ្មែរ។ ឯ​ជនជាតិ​ក្រៅ​ដែល​នៅ​ក្នុង​ព្រះរាជ​អាណាចក្រ ​ដូចជា ចិន យួន មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ទេ។ ជន​ទាំងនេះ​គ្មាន​សិទ្ធិ​ដូច​ខ្មែរ គ្មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ ជាដើម។”

ជន​ទាំងនេះ ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​កាត​ខ្មៅ​កាន់​ជាប់​នឹង​ខ្លួន​ទេ។ សម័យ​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ ជនជាតិ​ចិន និង​ជនជាតិ​យួន រដ្ឋ​កំណត់​ហៅថា អាណិកជន៕

ក្រុមគ្រួសារ​លោក ហ៊ុន សែន
ក្រុមគ្រួសារ​លោក ហ៊ុន សែន