RFA Khmer /ដោយ ខាន់ លក្ខិណា
16-7-2024
អ្នកឃ្លាំមើលថា វៀតណាមកំពុងបន្តជំរុញនយោបាយគ្រប់គ្រងឥណ្ឌូចិន សម្រាប់អ្នកជំនាន់ថ្មី កម្ពុជា-វៀតណាម-ឡាវ ចេញពីមូលដ្ឋានតំបន់អភិវឌ្ឍន៍ត្រីកោណ និង សមាហរណកម្មជនជាតិវៀតណាមក្នុងតំបន់។ ការលើកឡើងនេះ បន្ទាប់ពីមានការព្រមព្រៀងគ្នា រវាងប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) អំពីការពង្រឹងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ តាមគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម [(Cambodia, Laos, Vietnam – CLV)]។
អ្នកឃ្លាំមើលថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-វៀតណាម-ឡាវ អាចក្លាយជាឧបករណ៍នយោបាយដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការបន្តអនុវត្តមហិច្ឆតារបស់ខ្លួន ឆ្លងមកក្រុមមេដឹកនាំជំនាន់ថ្មីៗ នៃប្រទេសទាំងបី ដើម្បីសម្រេចគោលដៅគ្រប់គ្រងឥណ្ឌូចិន និងដំណើរឆ្ពោះទៅទិសខាងលិច របស់វៀតណាម។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន សម្ដែងការបារម្ភថា ជនជាតិវៀតណាម មកដណ្ដើមការងារប្រជាពលរដ្ឋខ្មែរ ឬក៏ប្រកាសធ្វើអបគមន៍ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ទៅជារបស់វៀតណាម ដូចករណីប្រទេសរុស្ស៊ី ចូលវាយឈ្លានពានអ៊ុយក្រែនដែរ ក្នុងលេសថា ប្រជាជនអ៊ុយក្រែន ធ្វើបាបប្រជាជនរុស្ស៊ីក្នុងតំបន់ដែលមានជនជាតិរុស្សីរស់នៅច្រើន។
លោកថា នៅពេលអនាគត ប្រសិនបើពលរដ្ឋ ឬយុវជនខ្មែរ មិនសិក្សាឈ្វេងយល់ ឱ្យបានស៊ីជម្រៅទេ នោះពលរដ្ឋខ្មែរអាចនឹងមានគ្រោះថ្នាក់ បាត់បង់ខេត្តខ្មែរទាំង ៤ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
លោក ស្រ៊ុន ស្រ៊ន ប្រាប់វិទ្យុអាស៊ីសេរី ថា វៀតណាមមិនបានបញ្ឈប់មហិច្ឆតារបស់ខ្លួន ក្នុងការពង្រីកឥទ្ធិពលតាមរយៈចលនាកុម្មុយនិស្តឥណ្ឌូចិនឡើយ។
លោកលើកឡើងដែរថា នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ខាងកម្ពុជាភាគច្រើនពលរដ្ឋខ្មែរនៅទីនោះ ជាជនជាតិដើមភាគតិច ហើយមានចំនួនប្រមាណតែកន្លះ លាននាក់ ខណៈឡាវទទួលឥទ្ធិពលខ្លាំងពីវៀតណាម ចំណែកឯវៀតណាមវិញ មានប្រជាជនជាង ៧ លាននាក់ ដោយគិតតែ ៣ ខេត្តប៉ុណ្ណោះ។
លោក ស្រ៊ុន ស្រ៊ន ៖ «នៅពេលដែលយើងមានកន្លះលាន ហើយគេមានទៅដល់ ជាង ៧ លាន ហើយនៅពេលដែលមានយើងនិយាយអំពីទំហំដីវិញ គឺយើងសម្បទានរាប់សែន រាប់ម៉ឺនរាប់លានហិកតារ ឱ្យជនជាតិវៀតណាមមក ធ្វើការនៅតំបន់ត្រីកោណ ហើយមិនមែនតែតំបន់ត្រីកោណទេ ឆ្លៀតមកដល់ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មកដល់ខេត្តកំពង់ចាម មកដល់ខេត្តកំពង់ធំជាដើម។ ដូច្នេះ សញ្ញានេះ ហើយដែលខ្ញុំយល់ថា វៀតណាមមិនបោះបង់មហិច្ឆតារបស់ខ្លួន ក្នុងការលេបយកទឹកដីខ្មែរ និងលេបយកអំណាចផ្នែកសេដ្ឋកិច្ច និងយោធាខ្មែរឡើយ»។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី ថា លោក ហ៊ុន សែន និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនចោលវៀតណាមទេ ហើយហាក់បង្ហាញទំនាក់ទំនងស្អិតល្មួត ក្នុងការកសាងជំនឿទុកចិត្តគ្នាជាងមុន ទៅទៀត ទោះបីជាកម្ពុជាងាកទៅចិនក៏ដោយ។
លោកថា លើហេតុផលនៃការផ្ដល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមកនេះ ភាគីវៀតណាម ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គោរពការចុះហត្ថលេខាលើឯកសារព្រមព្រៀងទាំងឡាយ រវាងមេបក្សកុម្មុយនិស្តវៀតណាម និងមេដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កន្លងមក ដូចជាសន្ធិសញ្ញាព្រំដែនគោក កិច្ចព្រមព្រៀងសមុទ្រ ការផ្ដល់ឯកសារស្របច្បាប់ ដល់ជនជាតិវៀតណាម នៅប្រទេសកម្ពុជា និង រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ចុងក្រោយនេះជាដើម។
លោក ម៉ែន ណាត លើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-វៀតណាម-ឡាវ នេះ គឺជាផែនការឥណ្ឌូចិនតូច របស់បក្សកុម្មុយនិស្តវៀតណាម ដែលវៀតណាម តម្រូវឱ្យមេដឹកនាំត្រកូល ហ៊ុន បន្តធ្វើតាមការគូសវាសរបស់វៀតណាម។ លោកថា នយោបាយនេះ ជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងអនាគតទឹកដីកម្ពុជា។
លោក ម៉ែន ណាត ៖ «លក្ខខណ្ឌបក្សកុម្មុយនិស្តឥណ្ឌូចិន នៅវៀតណាម ហើយវៀតណាមជាអ្នកមើលថែ មើលខុសត្រូវ លោក ហ៊ុន សែន គាត់ធ្វើអ៊ីចឹង។ អ៊ីចឹងហើយ នៅពេល ហ៊ុន ម៉ាណែត បានក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ពេលមុខពេញមាត់ ហ៊ុន ម៉ាណែត ហ្នឹង ធ្វើឱ្យវៀតណាម មានទំនុកចិត្តជាងមុន អាហ្នឹងក្នុងក្របខណ្ឌហ្នឹង។ អ៊ីចឹងបានថា អនាគតយើងកាន់តែបារម្ភ អំពីដំណើរវិវត្តន៍នៃគ្រួសារ ហ៊ុន និង វៀតណាម ពាក់ព័ន្ធនឹងការជ្រៀតជ្រែកកម្ពុជា»។
បើតាមសារព័ត៌មានវៀតណាម ផ្លាស់ (Vietnam Plus) ក្នុងជំនួបរវាងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) កាលពីថ្ងៃទី ១២ ខែកក្កដា ភាគីទាំងពីរនឹងបង្កើនការជួបប្រជុំនិងបង្កើនទំនាក់ទំនងរវាងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ និងតាមគ្រប់បណ្ដាញ ជាពិសេស រវាងថ្នាក់ដឹកនាំវ័យក្មេង និងយុវជននៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំវ័យក្មេងនៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
ការព្រមព្រៀងគ្នារវាងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងប្រធានាធិបតីវៀតណាម លោក តូ ឡឹម នេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ (Pham Minh Chinh) ស្នើទៅរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត តាមរយៈឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី ឱ្យសម្រួលដល់ការតាំងទីលំនៅ និងធ្វើសមាហរណកម្មជនជាតិវៀតណាម ចូលក្នុងសង្គមកម្ពុជាក្នុងពេលលោក ហ៊ុន ម៉ានី បំពេញទស្សនកិច្ចនៅវៀតណាម កាលថ្ងៃទី៥ ខែកក្កដា។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានទេនៅថ្ងៃទី១៥ ខែកក្កដា នេះ។ រីឯអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកក្កដា ថាព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដូច្នេះ ថ្នាក់ដឹកនាំប្រទេស គឺធានាឯករាជ្យអធិបតេយ្យភាពការពារទឹកដី និងប្រជាពលរដ្ឋ។
លោក សុខ ឥសាន ៖ «មិនមែនជាមួយក្រុមយុវជនសកម្មជនណាមានអីនែ! ទឹកចិត្តស្នេហាជាតិ លើសពីគណបក្សប្រជាជនលើសពីរាជរដ្ឋាភិបាលកម្ពុជា ដែលកើតពីឆន្ទៈប្រជាពលរដ្ឋទេ ហើយចំពោះជំនួបពិភាក្សាជាលទ្ធផលផ្សេងៗ សូមសួរទៅឯកឧត្ដម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ខ្ញុំមិនឆ្លើយជូនទេ»។
រដ្ឋាភិបាលប្រទេសកម្ពុជា វៀតណាម និងឡាវ បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កាលពីឆ្នាំ ១៩៩៩ ដោយមានខេត្តចំនួន ១៣ ជាចំណុះ។ ប្រទេសកម្ពុជា មាន ៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ដែលមានពលរដ្ឋសរុបតែជាង ៥០ ម៉ឺននាក់។ ប្រទេសឡាវមាន ៤ ខេត្ត រួមមានខេត្តអាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែល មានប្រជាជនសរុបជាង ៧០ ម៉ឺននាក់។ រីឯប្រទេសវៀតណាមមាន ៥ ខេត្ត ដូចជា ខេត្តយ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក(Binh Phuoc) ដែលមានប្រជាជនរហូតដល់ជាង ៧ លាននាក់។
កិច្ចព្រមព្រៀងរួមគ្នា ក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ គឺឈរលើគោលដៅ និងមធ្យោបាយសំខាន់ៗជាច្រើន រួមមាន ការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ សេវាកម្មសុខាភិបាល និងការចល័តពាណិជ្ជកម្ម រវាងប្រទេសទាំងបី។ សេវាកម្មសុខាភិបាលមានន័យថា ពលរដ្ឋនៃប្រទេសទាំងបី អាចចេញចូលទទួលការព្យាបាលជំងឺក្នុងប្រទេសនីមួយៗទៅវិញទៅមក។ ការចល័តពាណិជ្ជកម្មវិញ បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្តនៃប្រទេសទាំងបី អាចនាំយកផលិតផលរបស់ខ្លួន ឆ្លងចូលធ្វើជំនួញទៅវិញទៅមក ដោយមិនចាំបាច់មានវីសា ឬលិខិតឆ្លងដែននោះទេ។
អ្នកឃ្លាំមើល លើកឡើងថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់កម្ពុជា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវដកខ្លួនចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណ ក្នុងពេលដែលគម្រោងនេះ មិនទាន់អនុវត្តជាផ្លូវការនៅឡើយ និង កុំបន្តដំណើរការតជំនាន់។
ពួកគេផ្ដល់យោបល់ដែរថា រដ្ឋសភា និងរដ្ឋាភិបាលសព្វថ្ងៃ នៃគណបក្សប្រជាជនកម្ពុជា ក៏ត្រូវប្រកាសបញ្ចប់កិច្ចព្រមព្រៀងខុសច្បាប់នានា ជាមួយភាគីវៀតណាម នាពេលកន្លងមក តាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៕

