The Cambodia Daily
17-7-2024
ក្រសួងសេដ្ឋកិច្ចកម្ពុជា បង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ កម្ពុជាជំពាក់បំណុលសាធារណៈ សរុបចំនួនជាង ១ ម៉ឺនលានដុល្លារអាមេរិក ក្នុងនោះ ៩៩,១២% ជាបំណុលសាធារណៈក្រៅប្រទេស និង ០,៨៨% ជាបំណុលសាធារណៈក្នុងប្រទេស ខណៈចិន នៅតែជាម្ចាស់បំណុលធំជាងគេ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៅថ្ងៃទី១៦ កក្កដា នេះថា ក្នុងចំណោមបំណុលសរុប ១១,០៩ ពាន់លានដុល្លារអាមេរិក កម្ពុជាជំពាក់បំណុលបរទេស ១ ម៉ឺន ១ ពាន់លានដុល្លារអាមេរិក ខណៈ ៩៨ លានដុល្លារអាមេរិកទៀត គឺជាបំណុលក្នុងស្រុក។
ប្រភពដដែលលើកឡើងថា នៅពេលនេះ កម្ពុជាបានសងបំណុលដល់ម្ចាស់កម្ចីសរុបជិត ២០០ លានដុល្លារអាមេរិកហើយ (១៨១,៥៥លានដុល្លារ) ក្នុងនោះប្រាក់ដើមមានចំនួនជាង ១០០ លានដុល្លារអាមេរិក (១៤២,៤០លានដុល្លារអាមេរិក) និងការប្រាក់ រួមទាំងប្រាក់កម្រៃផ្សេងៗជាង ៣០ លានដុល្លារអាមេរិក (៣៨,៦០លានដុល្លារ) ផងដែរ។ ចំណែកការទូទាត់បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ០,៥៥ លានដុល្លារអាមេរិក ប៉ុន្តែត្រឹមតែជាការប្រាក់ប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ចកម្ពុជា បញ្ជាក់ថា ក្នុងចំណោមបំណុលទាំងនេះ ចិនជាប្រទេសដែលផ្តល់កម្ចីដល់កម្ពុជាច្រើនជាងគេ គឺ ៣៦% ដែលស្មើនឹងទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារអាមេរិក (៣,៩៩ពាន់លានដុល្លារ), ចំណែកជប៉ុន ១១% សាធារណរដ្ឋកូរ៉េ ៥%, បារាំង ៥%, បំណុលមរតក ៦%, បំណុលធនាគារអភិវឌ្ឍន៍អាស៊ី ២១%, បំណុលធនាគារពិភពលោក ១២% និងបំណុលពហុភាគី ៣% ផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ កក្កដា នេះថា ការខ្ចីបុលបរទេស មិនមែនជាបញ្ហាទេ ព្រោះប្រទេសណាក៏ជំពាក់បំណុលបរទេសដែរ ប៉ុន្តែបញ្ហាសម្រាប់កម្ពុជា គឺនៅត្រង់ថា រដ្ឋាភិបាល មិនអាចប្រើលុយកម្ចីទាំងនោះ ទៅអភិវឌ្ឍប្រទេស ដើម្បីទាញប្រាក់ចំណូលមកវិញ ដែលនេះជាបញ្ហាធ្វើឱ្យកម្ពុជា ចេះតែបន្តជំពាក់បរទេសកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ម៉ែន ណាត លើកឡើងថា កន្លងមក រដ្ឋាភិបាលកម្ពុជា បានបែងចែកលុយកម្ចីទាំងនោះ ទៅជាផ្នែកៗគ្រប់ច្រក ដូចជា សម្រាប់បើកប្រាក់ខែឱ្យមន្ត្រីរាជការ និងចែកគ្នាពុករលួយ តាមគម្រោងអភិវឌ្ឍន៍នានា ជាដើម។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ អះអាងថា ក្រៅពីការប្រើប្រាស់លុយកម្ចីគ្មានតម្លាភាព រដ្ឋាភិបាលកម្ពុជាក៏ប្រឈមនឹងបាត់បង់ទ្រព្យសម្បត្តិទៅចិន ដែរ ព្រោះថា ពិតមែនតែចិន ប្រកាសពីចងមិត្តដែកថែបជាមួយកម្ពុជា ប៉ុន្តែបើកម្ពុជាគ្មានលុយសង ចិននឹងរឹបអូសយកអ្វីគ្រប់យ៉ាង ដែលចិនត្រូវការ តួយ៉ាងដូចជាប្រទេសស្រីលង្កា ជាឧទាហរណ៍ស្រាប់។
លោក ម៉ែន ណាត បញ្ជាក់ថា តាមសមត្ថភាពដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេលជិត ១ ឆ្នាំមកនេះ អាចបញ្ជាក់បានថា គាត់មិនអាចដោះបំណុល ដែលកម្ពុជាជំពាក់ប្រទេសជិតខាងបានទេ ហើយកម្ពុជាក៏អាចនឹងធ្លាក់ទៅក្នុងអាណានិគមសេដ្ឋកិច្ចរបស់ចិន ដែរ ឱ្យតែបំណុល ចេះតែបន្តកើនឡើងបែបនេះទៀតនោះ។
កាលពីចុងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជាមានបំណុលសាធារណៈសរុបប្រមាណ ១០,២៧ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ បំណុលកម្ពុជាបានកើនឡើង ១១,០៩ ពាន់លានដុល្លារអាមេរិកហើយ។
យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងថា កម្ពុជាមិនខ្ចីបរទេសរហូតដល់វ័ណ្ឌកខ្លួនឯងនោះទេ ព្រោះកម្ចីទាំងនោះ គឺធ្វើឡើងដើម្បីធានាដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះ មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះសម្រាប់មន្ត្រីរដ្ឋាភិបាលប្រើប្រាស់ឡើយ៕
