ខាង​ក្រោម​នេះ​គឺ​ជា​អត្ថបទ​ព័ត៌មាន ជុំវិញ​ព្រឹត្តិការណ៍​លោក ហ៊ុន សែន ថ្លែង​ការពារ​​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV រួច​មក​លោក ក៏​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ ដែល​ទិតៀន​រឿង​នេះ។ ការ​ទិតៀន​នានា លើក​ឡើង​ពី​ក្តីបារម្ភ​ចំពោះ​ហានិភ័យ​ជាតិ​របស់​កម្ពុជា ទៅ​ថ្ងៃ​ក្រោយ។ – Updated 27-7-2024

លោក ហ៊ុន សែន ព្យាយាម​លើក​អំពី​សមិទ្ធផល​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV) ឥណ្ឌូចិន តែ​ពលរដ្ឋ​បារម្ភ​អំពី​ហានិភ័យ​ជាតិ

RFA Khmer /ដោយ សេក បណ្ឌិត
23-7-2024

ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន បង្ហាញ​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន ​ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស ​រួមគ្នា​ជាមួយ​ប្រទេស​វៀតណាម និង ឡាវ នោះ​ថា នាំ​មក​នូវ​ភាព​ចម្រើន​រុង​រឿង ​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន​របស់​ខ្លួន។ ក៏ប៉ុន្តែ​ពលរដ្ឋ​កំពុង​ប្រតិកម្ម​ខ្លាំងៗ ជុំវិញ​រឿង​នេះ ដោយ​ចាត់​ទុក​ថា​ ជា​គ្រោះ​ថ្នាក់​របស់​ជាតិ នា​ពេល​អនាគត។

បើ​ទោះ​ជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត និង​ប្រតិកម្ម​ខ្លាំងៗ ជុំវិញ​រឿង​នេះ​ក្ដី ក៏​ប៉ុន្តែ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​តែ​ព្យាយាម​ពន្យល់​ម្ដង​ហើយ​ម្ដង​ទៀត អំពី​សមិទ្ធផល​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV-Cambodia, Lao and Vietnam) ដែល​លោក​អះអាង​ថា នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា សន្តិសុខ​ជាតិ និង​ជីវភាព​ប្រជាជន​ក្នុង​តំបន់។

លោក ហ៊ុន សែន អះអាង​ថា ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV) នេះ ពុំ​មាន​ការ​កំណត់​ដាក់​ដែនដី​ប្រទេស​ទាំង​បី​រួមគ្នា​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ នឹង​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ កម្ពុជា ឡាវ និង​វៀតណាម​ ផ្នែក​សេដ្ឋកិច្ច សង្គម និង​សន្តិ​សុខ​ជាតិ។

លោក​អះអាង​ថា ការ​ដាក់​ខេត្ត​របស់​កម្ពុជា ឡាវ និង​វៀតណាម ពុំ​មែន​ជា​ការ​ដាក់​ ដើម្បី​បង្កើត​ប្រទេស​មួយ​នៃ​សហព័ន្ធ​ឥណ្ឌូចិន ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ៖

លោក ហ៊ុន សែន ៖ «អ្វី​ដែល​ដាក់​ខេត្ត មិនមែន​ដាក់​សម្រាប់​បង្កើត​ប្រទេស​មួយ ឬ​ដាក់​ខេត្ត​ទាំង​នេះ​ ទៅ​ជា​សហព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស​ថា ខ្ញុំ​បាន​ចាប់​ខ្លួន​មនុស្ស ៣ នាក់​រួច​ទៅ​ហើយ គ្រូ​សន្តិ​សិទ្ធិ​ទីក្រុង​ប៉ារីស​ ក្នុង tik tok និយាយ​ដល់​អាក្រក់ ទៅ​ត​ថ្លៃ​គ្នា​នៅ​តុលាការ»។

ឆ្លើយតប​ការ​លើក​ឡើង​នេះ ពលរដ្ឋ និង​ក្រុម​យុវជន ប្រតិកម្ម​ចំពោះ​ការអភិវឌ្ឍន៍​នេះ​ ដោយ​ចាត់​ទុក​ថា ជា​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ​រយៈ​ពេល​វែង បង្កប់​ឥទ្ធិពល​នយោបាយ  ស្របពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ និង​ការ​ដឹកនាំ​ឯក​បក្ខ គ្មាន​ប្រជាធិបតេយ្យ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​មណ្ឌលគិរី​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​ថា លោកស្រី​ មិន​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ​នេះ​ទេ ដោយ​ចាត់​ទុក​ថា​ ជនជាតិ​ដើម​ភាគ​តិច នឹង​ជួបការ​លំបាក​មួយ​កម្រិត​ទៀត ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ប្រព័ន្ធ។ 

លោកស្រី​ អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​លុប​គម្រោង​នេះ ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ ជំនួស​វិញ រួម​មាន ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង ការ​រំលោភ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច​ជាដើម ៖

ពលរដ្ឋ​​សុំ​លាក់​​ឈ្មោះ ៖ «គ្រាន់តែ​ឥឡូវ​ យើង​ពិបាក​ប៉ុណ្ណឹង​ហើយ ដោយ​ការ​អភិវឌ្ឍ​ត្រី​កោណ​ហ្នឹង​ទៀត​ យើង​នឹង​រង​ផល​ប៉ះពាល់ ឬ​ក៏​វាយ​ប្រហារ​ជា​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ទាំង​អស់​នេះ​ អ៊ីចឹង​មិន​សង្ឃឹម​ថា​ យើង​រស់​មិន​ស្រួល​ទេ រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើង​វិញ»។

លោក ហ៊ុន សែន អះអាង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បាន​បង្កើត​ឡើង នៅ​ឆ្នាំ១៩៩៩ ដែល​លោក​ជា​អ្នក​ផ្ដួចផ្ដើម​ដើម្បី​ប្រែ​ក្លាយ ​ជា​តំបន់​ព្រំដែន​អភិវឌ្ឍន៍ និង​សុខដុមនីយកម្ម​ ត​ភ្ជាប់​ប្រជាជន​ប្រទេស​ទាំង​បី លើ​ដង​វិថី​សន្តិភាព និង​វិបុលភាព​រួម​គ្នា។

ជុំវិញ​រឿង​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​នេះ ជា​គ្រោះ​ថ្នាក់​របស់​ជាតិ និង​បង្ក​ហានិភ័យ​ខ្ពស់ ​ដល់​អធិបតេយ្យ​ជាតិ ក្រោម​ឥទ្ធិពល​នយោបាយ​របស់​វៀតណាម ដូច​គ្នា​នឹង​កម្ពុជា​ក្រោម។

លោក​ថា ប្រជា​ជន​វៀតណាម​ចំនួន ៥ ខេត្ត មាន​ចំនួន​ជិត ១០ លាន​នាក់ ក៏ប៉ុន្តែ​ប្រជាជន​ខ្មែរ​ទាំង ៤ ខេត្ត​មាន​តែ​ជាង ៥០ ម៉ឺន​នាក់​ប៉ុណ្ណោះ នឹង​បណ្ដាល​ឱ្យ​មាន​កំណើន​ជន​អន្តោប្រវេសន៍​កាន់​តែ​ច្រើន ពិបាក​នឹង​គ្រប់គ្រង។

លោក ម៉ែន ណាត ៖ «បើ​គេ​ចង់​បង្កើត​រដ្ឋ​ តើ​មាន​ស្អី​ទៅ​ទប់ទល់​ជាមួយ​នឹង​វៀតណាម វា​ជា​ហានិភ័យ​សម្រាប់​កម្ពុជា ការ​ឈ្លាន​ពាន​គេ​កាន់​តែ​បាន​សម្រេច ហើយ​បើ​គេ​ចង់​​ចល័ត​ទ័ព​វៀតណាម​ក្នុង​តំបន់​ត្រី​កោណ​ហ្នឹង​ ក៏​បាន»។

រីឯ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បារម្ភ​ថា ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​នេះ នឹង​ប្រែ​ក្លាយ​តំបន់​សហព័ន្ធ​ឥណ្ឌូចិន តាម​មហិច្ឆតា​របស់ ហូ ជីមិញ ដែល​វៀតណាម មាន​ផែនការ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា និង​ឡាវ។

លោក អ៊ុំ សំអាន ៖ «តំបន់​អភិវឌ្ឍន៍​ត្រី​កោណ (CLV) នេះ ពលរដ្ឋ​នៃ​ប្រទេស​ទាំង​បី​ហ្នឹង​ ចេញ​ចូលទៅ​វិញ​ទៅ​មក ដោយ​មិន​បាច់​ប្រើ​លិខិត​ឆ្លង​ដែន ឬ​វីសា​នោះ​ទេ។ អ៊ីចឹង វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម​ហ្នឹង​ ចូល​មក​ខេត្ត​ទាំង​បួន​នៅ​ប្រទេស​កម្ពុជា​ដោយ​សេរី ចូល​មក​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ ដូច​ជា​ព្រៃឈើ និង​រ៉ែ​អី​ជា​ដើម»។

លោក ហ៊ុន សែន បន្ថែម​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នៃ​ប្រទេស​ទាំង​ ៣​ ជា​កន្លែង​ប្រកប​ដោយ​សក្ដានុពល មាន​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ជា​ច្រើន​វិស័យ។

តំបន់​នេះ​បាន​ដើរ​តួនាទី​យុទ្ធ​សាស្ត្រ​ ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តភ្ជាប់​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​រស់​រវើក ទាក់ទាញ​អ្នក​វិនិយោគ  និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​មហា​អនុ​តំបន់។

ក៏​ប៉ុន្តែ​ពលរដ្ឋ​បារម្ភ​ថា គម្រោង​អភិវឌ្ឍន៍​នេះ​ វៀតណាម​ គ្មាន​ភាព​ស្មោះត្រង់​ជាមួយ​កម្ពុជា​នោះ​ទេ នឹង​បង្ក​ហានិភ័យ​ខ្ពស់ ដល់​មរណភាព​ទឹក​ដី នា​ពេល​អនាគត៕

លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត
លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោក តូ ឡឹម ប្រមុខរដ្ឋវៀតណាម។ រូបថត ២៥ ខែកក្កដា ២០២៤។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​លោក តូ ឡឹម ប្រមុខរដ្ឋវៀតណាម។ រូបថត ២៥ ខែកក្កដា ២០២៤។

តុលាការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង ​២៣តុលា ៣​នាក់ និង​បុរស​ម្នាក់ ពី​បទ​ញុះញង់

RFA Khmer /ដោយ សុជីវី
25-7-2024

សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ៣ ​នាក់ និង​បុរស​ម្នាក់ទៀត ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន បន្ទាប់​ពី​បាន​សាកសួរ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ហៅ​ការ​ចាប់ និង​ឃុំខ្លួន​សកម្មជន​សង្គម ​តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន នៅតែ​ប្រើ​អំណាច​រំលោភ​អំណាច​តុលាការ ​ដែល​ជា​ស្ថាប័ន​ត្រូវ​ស្ថិត​នៅ​ឯករាជ្យ។

សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​តុលាការ​នេះ ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​មនុស្ស​បួន​នាក់​ ដាក់​ពន្ធនាគារ ដែល​ក្នុង​នោះ​រួមមាន​ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន ​៣ នាក់ និង​បុរស​ម្នាក់​​អំពី​បទ​ញុះញង់​ ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

សេចក្ដីប្រកាស​ព័ត៌មាន ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អ្នក​ទាំង ៤​ នាក់​នេះ ​រួមមាន​ ៖ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​បុរស​ម្នាក់ទៀត លោក ចក់ ប៊ានមុន្នី។ ប្រភព​ដដែល​បញ្ជាក់​ថា បទចោទប្រកាន់​នេះ​ទាក់ទង​នឹង​សកម្មភាព ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង ខែ​កក្កដា និង​ពេល​បន្តបន្ទាប់​។ ក្នុង​នោះ​តុលាការ​បាន​ចោទ​ទៀត​ថា អ្នក​ទាំង ​៤ នាក់ និង​បក្សពួក​បាន​ផ្សាយ​ផ្ទាល់​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ Srun Srorn កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ព្រមទាំង​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង «​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ ​រវាង​រដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA) និង​បាន​ធ្វើ​ការ​អត្ថាធិប្បាយ ដែល​មាន​ចរិត​លក្ខណៈ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ដែល​សកម្មភាព​នេះ​តុលាការ​ចាត់​ទុក​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

សេចក្ដី​សម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ ដែល​ចេញ​កាលពី​យប់​ថ្ងៃទី​២៤ ខែ​កក្កដា​ នេះ ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​ សាកសួរ​នាក់​ទាំង​ ៤ ក្រោយ​ទទួល​បាន​សំណុំរឿង​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោយពី​អាជ្ញាធរ​ខេត្តសៀមរាប​ ចាប់ខ្លួន និង​បញ្ជូន​អ្នក​ទាំង ​៤ មក​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣ ខែកក្កដា។

ទាក់ទង​នឹង​រឿង​នេះ ប្រពន្ធ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក គឺ​លោកស្រី ស្វាយ ពៅ លោកស្រី លើកឡើង​ថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ ទាំង​ដែល​ប្ដី​លោកស្រី​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោកស្រី​ថា អំពើ​អយុត្តិធម៌​បែបនេះ​មិន​គួរ​កើតមាន​លើទឹក​ដី​ដែល​មេដឹកនាំ​តែង​នាំគ្នា​ប្រើ​ពាក្យ​អរគុណ​សន្តិភាព​នេះ​ទេ។

លោកស្រី ស្វាយ ពៅ ៖ «ច្បាប់​ក៏​ត្រូវ​មានការ​និយាយ​គ្នា ត្រូវ​ជជែក​វែកញែក​អី​ដែរ ​ព្រោះ​អី​សង្គម​ខ្មែរ​យើង​ហា​មាត់​ឡើង​ប្រជាធិបតេយ្យ បិទមាត់​ឡើង​អរគុណ​សន្តិភាព មិន​គួរ​មាន​ពាក្យ​អ៊ីចឹង​មក​និយាយ ដល់ពេល​ទង្វើ​វា​អត់​ធ្វើ​ដូច​មាត់​និយាយ​កុំ កុំ​បង្កើត​ពាក្យ​អ៊ីចឹង​យក​មក​កុហក​ប្រជាពលរដ្ឋ​អី​ល្អ​ជាង ព្រោះ​អី​ទង្វើ​បែបនេះ​វា​មើលទៅ​ដូច​អាក្រក់​ភ្នែក​មែនទែន»។

លោកស្រី ស្វាយ ពៅ ថា​លោកស្រី​ដឹង​ច្បាប់​ថា​ប្ដី​លោកស្រី​ ត្រូវ​ចាប់​ឃុំខ្លួន​ទៅ​តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទំនង​មិន​ផ្អែកលើ​អង្គហេតុ​អង្គច្បាប់​អ្វី​ឡើយ។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា អះអាង​ថា លោក​ជា​អ្នកបញ្ជា​ឱ្យ​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អ្នក​ទាំងនេះ និង​ព្រមាន​ថា ត្រូវតែ​ចាប់ខ្លួន​ថែមទៀត និង​ មិន​លើកលែង​ឱ្យ​អ្នក​រិះគន់​រឿង​កិច្ចព្រមព្រៀង​តំបន់ត្រីកោណ​ពិសេស ​CLV នេះ រួម​ទាំង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង ប្រសិនបើ​អ្នក​រិះគន់​នោះ​ នៅ​ឯ​ក្រៅប្រទេស។

ជាមួយ​គ្នា​នេះ លោក​ថែមទាំង​បញ្ជា​ទៅ​តុលា​ការ​ ឱ្យ​ដាក់ទោស​អតិបរមា​អ្នក​ដែល​រិះគន់​ទាំងនោះ​ថែម​ទៀត។

បើទោះបីជា​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ​ក៏​តុលាការ​ក្រុងភ្នំពេញ​ ទំនង​ទទួល​យក​បញ្ជា​នេះ ដោយ​បាន​សរសេរ​នៅក្នុង​ឃ្លា​ចុងក្រោយ​ នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ នៅ​យប់​ថ្ងៃទី​២៤ ខែ​កក្កដា ថា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ភ្នំពេញ នឹង​បន្ត​អនុវត្តន៍​ច្បាប់​ដោយ​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ដែល​ស្ថាប័ន​នេះ ​ចាត់ទុកថា​មាន​ចរិតលក្ខណៈ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទាក់ទង​នឹង​រឿង​នេះ អ្នកការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅ​ការ​ចាប់ និង​ឃុំខ្លួន​សកម្មជន​សង្គម​តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន នៅតែ​ប្រើ​អំណាច​រំលោភ​អំណាច​តុលាការ​ដែល​ជា​ស្ថាប័ន​ត្រូវ​ស្ថិតនៅ​ឯករាជ្យ។

លោក ស៊ឹង សែនករុណា ៖ «អ្នក​ដែល​មាន​ឥទ្ធិពល ដែល​មាន​អំណាច ដែល​រំលោភ​ទៅលើ​គោលការណ៍​ច្បាប់​កំពូល​ទាំងអស់​នេះ​ក៏ដោយ ក៏​យើង​ឃើញថា មិន​មាន​វិធានការ​ណាមួយ​ទប់ទល់ ឬ​ទប់ស្កាត់​អំពី​ការប្រើប្រាស់​រំលោភ​អំណាច​ទាំងអស់​នោះ​ដែរ​។ ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​ពួកគាត់​មិន​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ មាន​ការ​ប្រតិកម្ម​ទៅលើ​រដ្ឋាភិបាល ឬក៏​ស្ថាប័ន​នានា គឺ​ពិបាក​ក្នុង​ការ​លើកឡើង​អំពី​ចំណុច​អវិជ្ជមាន ឬក៏​ផល​ប៉ះពាល់​ទាំងឡាយ​មក​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់»។

អ្នកការពារ​សិទ្ធិមនុស្ស និង​គ្រួសារ​សកម្មជន​សង្គម​ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​អ្នក​ទាំង ៤ ឱ្យ​មាន​សេរីភាព​វិញ​ព្រោះ​អ្វី​ដែល​ពួកគេ​លើក​ឡើងជា​ក្ដី​កង្វល់ ជា​ការ​ឈឺឆ្អាល​រឿង​ប្រទេសជាតិ រឿង​ទឹកដី និង​ជា​ការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ ដែល​ធានា​ដោយ​ច្បាប់ មិនមែន​ជា​បទល្មើស​ឡើយ៕

លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា។ (រូបថត ខែកក្កដា ២០២៤)
លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា។ (រូបថត ខែកក្កដា ២០២៤)

សមត្ថកិច្ច​ខេត្ត​កណ្ដាល ​ចាប់ខ្លួន​លោក ធែល ធីលែន ជា​លើក​ទី​២ ក្រោយ​បញ្ចេញមតិ​រឿង CLV

RFA Khmer /ដោយ ប្រាជ្ញ ចេវ
25-7-2024

សមត្ថកិច្ច​ខេត្ត​កណ្ដាល​ បាន​ចាប់ខ្លួន​អ្នក​ធ្វើ​ការងារ​សង្គម​ លោក ធែល ធីលែន ជា​លើក​ទី​២ ក្រោយ​ពេល​លោក​បង្ហាញ​កង្វល់​ពី​វាសនា​ខេត្ត​ទាំង​ ៤ ​របស់​ខ្មែរ ដែល​គ្រោង​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ​CLV​។ លោក ធែល ធីលែន ទើបតែ​ត្រូវ​បាន​តុលាការ​កំពូល ​ដោះលែង​ឱ្យ​មាន​សេរីភាព​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ជាប់​ពន្ធនាគារ ​រឿង​រិះគន់​រដ្ឋាភិបាល។

មុន​ពេល​ឃាត់ខ្លួន​លោក ធែល ធីលែន បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក របស់​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV) ដែល​កម្ពុជា​ បាន​ដាក់​បញ្ចូល​ខេត្ត​ចំនួន ​៤ ​ក្នុង​ទៅ​ក្នុង​គម្រោង​នោះ។

លោក ធែល ធីលែន៖ «បន្ទាប់ពី​ខ្ញុំ​ចេញពី​ពន្ធនាគារ​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​ក៏​សង្កេតឃើញ​បញ្ហា​របស់​ដែល​​កើត​ឡើង​ចំពោះ​ប្រទេសជាតិ​យើង​ សុទ្ធតែ​រឿង​ធំៗ គ្រាន់តែ​បញ្ហា​សេដ្ឋកិច្ច​ហ្នឹង ​ប្រជាពលរដ្ឋ​ខ្ញុំ​ពិបាក​រស់នៅ ហើយ​នៅ​ពាក់ព័ន្ធ​បញ្ហា​គម្រោង​ព្រែកជីក​ហ្វូណន ​ផង ហើយ​ឥឡូវ​ហ្នឹង​លឺ​ព័ត៌មាន​មិន​ច្បាស់ ការណ៍​ពាក់ព័ន្ធ​ខេត្ត​ទាំង​ ៤​ របស់​យើង​ពាក់ព័ន្ធ​នឹង​វៀតណាម​ និង​ឡាវ​ទៀត ហើយ​បញ្ហា​ទាំងអស់​ហ្នឹង​ ជា​បញ្ហា​ក្ដៅ​ដែល​ខ្ញុំ​ពិតជា​មិនអាច​អង្គុយ​ស្ងៀម​ដេក​លក់​ស្រួល​ទេ»។

នេះ​ការ​ចាប់ខ្លួន​លើក​ទី​២ ​នៃ​អ្នក​ធ្វើ​ការងារ​សង្គម​រូប​នេះ​។ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ លោក ធែល ធីលែន ធ្លាប់​ជាប់ពន្ធនាគារ​ម្ដង​រួចហើយ ​បន្ទាប់ពី​លោក បាន​ប្រកាស​កៀរគរ​ប្រជា​ពលរដ្ឋ​ ឱ្យមក​ជួបជុំ​សម្ដែង​មតិ​ដោយ​សេរី​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ដើម្បី​តវ៉ា​រឿង​ការបង្កើត​ដេប៉ាតឺម៉ង់ ភាសា​វៀតណាម និង ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍ ​ដែល​ស្នាក់នៅ​កម្ពុជា។

ឪពុក​លោក ធែល ធីលែន គឺ​លោក ផៃ ធែល ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃទី​ ២៤ ខែ​កក្កដា សមត្ថកិច្ច​ បាន​ចាប់ខ្លួន​កូនប្រុស​របស់​លោក ​នៅក្នុង​ផ្ទះ ដោយ​យក​លេស​ថា កូនប្រុស​របស់​លោក​ បាន​កាប់​គេ​ឱ្យ​រង​របួស។ ប៉ុន្តែ​លោក ផៃ ធែល បញ្ជាក់​ថា កូន​របស់​លោក ​មិន​កាប់​នរណា​ម្នាក់​ឡើយ ហើយ​ការចោទប្រកាន់​កូនប្រុស​លោក​បែបនេះ​ គឺជា​លេស​ដើម្បី​ចាប់​កូនលោក​តែប៉ុណ្ណោះ។

លោក ផៃ ធែល៖ «វា​ធ្វើ​វីដេអូ​ ដល់​គេ​ឃើញ​វា​ធ្វើ​វីដេអូ ​ឃើញ​ គេ​ចាប់​អ៊ីចឹង​ទៅ គេ​ចោទប្រកាន់​ បើ​គេ​ចោទប្រកាន់​គេ​កាប់​ ហើយ​យក​កាំបិត​កាប់​ ដាក់​តាម​ឡាន​ ចាប់​តាម​ឡាន ​គេ​ថា​យើង​កាប់​គេ​។ វា​យក​លេស​អ៊ីចឹង​ទៅ​ វា​ធ្វើ​ភស្តុតាង​ ដើម្បី​ចោទប្រកាន់»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​ មិនអាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខេត្ត​កណ្ដាល លោក គួច ចំរើន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន នេះ​ ស្រប​ពេល​ដែល​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ ចំពោះ​អ្នកណា​ដែល​រិះគន់​ រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (​កម្ពុជា ឡាវ និង​វៀតណាម​) ។ លោក ហ៊ុន សែន សង្កត់ធ្ងន់​ថា សម្រាប់​អ្នក​ហ៊ាន​រិះគន់ ​នៅក្នុង​ស្រុក​ នឹង​ត្រូវ​ប្រឈម​ការ​ចាប់ខ្លួន​ដាក់គុក ហើយ​អ្នក​រិះគន់​ពី​ក្រៅ​ស្រុក ​នឹង​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក ទៅ​សួរ​សុខ​ទុក ក្រុម​គ្រួសារ​របស់​ពួកគេ​ ដល់​ផ្ទះ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្រោម​ការ​ចង្អុល​បញ្ជា​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កំពុង​សម្រុក​ចាប់ខ្លួន​ពលរដ្ឋ និង​ធ្វើ​ការងារ​សង្គម ​ដែល​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស ​CLV។

លោក ធែល ធីលែន គឺជា​ពលរដ្ឋ​ទី​៥​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពី​ការ​បញ្ចេញមតិ​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស ​CLV៕

សកម្មជន​សង្គម លោក ធែល ធីលែន។ (រូបថត៖ ២៩ សីហា ២០២២)
សកម្មជន​សង្គម លោក ធែល ធីលែន។ (រូបថត៖ ២៩ សីហា ២០២២)