លោក ហ៊ុន សែន ថា មរណភាពមេបក្សកុម្មុយនិស្តវៀតណាម ជាការបាត់បង់ដ៏ធំធេងសម្រាប់រដ្ឋាភិបាលវៀតណាមនិងថ្នាក់ដឹកនាំកម្ពុជា
RFA Khmer /ដោយ ខាន់ លក្ខិណា
26-7-2024
លោក ហ៊ុន សែន ថាមរណភាពរបស់មេបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trong) ជាការបាត់បង់ដ៏ធំធេង សម្រាប់រដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលនយោបាយ លើកឡើងថា លោក ង្វៀន ភូជុង និងលោក ហ៊ុន សែន គឺជាស្ថាបត្យករជំនាញ ដែលបំផ្លាញអធិបតេយ្យជាតិ និងបំបែកបំបាក់ខ្មែរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំមន្ត្រីជាន់ខ្ពស់ពីកម្ពុជា ទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trong) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា។
ក្រៅពីគោរពវិញ្ញាណក្ខន្ធសពលោក ង្វៀន ភូជុង លោក ហ៊ុន សែន ក៏ឆ្លៀតឱកាស ជួបក្រុមមេដឹកនាំវៀតណាម ដើម្បីរំឭកពីស្នាដៃរបស់លោក ង្វៀន ភូជុង ផង។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ (Pham Minh Chinh) នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោក ង្វៀន ភូជុង ជាការបាត់បង់ដ៏ធំធេងសម្រាប់បក្សកុម្មុយនិស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែរ។
តាមកាសែត VietnamPlus ផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា លោក ហ៊ុន សែន បាននិយាយថា ក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម រូបនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានបន្តពង្រឹង និងអភិវឌ្ឍន៍ជា បន្តបន្ទាប់ ដោយនាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា នឹងបន្តពូនជ្រំទំនាក់ទំនងល្អនេះ ជាមួយភាគីវៀតណាម ដោយឈរលើមូលដ្ឋាននៃកេរ្តិ៍ដំណែលរបស់ អគ្គលេខាធិការបក្សលោក ង្វៀន ភូជុង។
ក្រៅពីមានជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ៊ុន សែន ក៏ជួបប្រធានាធិបតីវៀតណាមលោក តូ ឡឹម (To Lam) ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹង ថាន់ មឹង (Tran Thanh Man) និងសមាជិកការិយាល័យ នយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនិស្តវៀតណាម លោក លឿង គឿង (Luong Cuong) ផងដែរ ដែលសុទ្ធតែជាតួអង្គនយោបាយ ដែលកាន់អំណាចកំពូលទាំង ៤ នៅក្នុងប្រទេសវៀតណាម។
អ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក គឹម សុខ សម្ដែងការព្រួយបារម្ភថា ទំនាក់ទំនង រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជាកាន់តែល្អូកល្អិន ប្រទេសកម្ពុជាកាន់តែខាតបង់ធំ ហើយលោកបានហៅអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង និងលោក ហ៊ុន សែន គឺជាស្ថាបត្យករជំនាញ ក្នុងការធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ភ័យព្រួយបាត់បង់ទឹកដីដូនតា។
លោក គឹម សុខ ក៏បានលើកឡើងថា ក្រោយវៀតណាមជួយលោក ហ៊ុន សែន ឱ្យឈ្នះរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ វៀតណាម បានចូលកាន់កាប់ដែនសមុទ្រកម្ពុជា ទំហំប្រមាណ ៣ ម៉ឺនគីឡូម៉ែត្រការ៉េ ហើយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថែមទាំងលើកសំណើនៅក្នុងឆ្នាំ១៩៩៩ បង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម-ឡាវ ដើម្បីផ្គាប់ចិត្តវៀតណាម ថែមទៀត។
លោក គឹម សុខ ៖ «អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង និងលោក ហ៊ុន សែន នេះ គឺជាស្ថាបត្យករជំនាញ បំផ្លាញអធិបតេយ្យជាតិកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងពិភពលោក ព្រួយរាល់ថ្ងៃរឿងបាត់បង់ទឹកដីខ្មែរ ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម នូវថ្ងៃណាមួយ តាមរយៈការបន្តអនុវត្តន៍កិច្ចព្រមព្រៀងខុសច្បាប់ចាស់ៗ ហើយនឹងការបង្កើតកិច្ចសហប្រតិបត្តិការស៊ីជម្រៅថ្មីៗបន្ថែមទៀត បិទបាំងភ្នែកប្រជារាស្ត្រខ្មែរ»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ (Pham Minh Chinh) បានព្រមព្រៀងគ្នា បន្តពង្រឹងទំនាក់ទំនង និងទំនុកចិត្តរវាងបក្ស និងរដ្ឋទាំងពីរ ពង្រីកការផ្លាស់ប្ដូរប្រតិភូ ពង្រឹងទំនាក់ទំនង យុវជនវ័យក្មេងកម្ពុជា-វៀតណាម ព្រមទាំងសម្រួលការអនុវត្តន៍ ឱ្យបានល្អនូវសេចក្ដីប្រកាសរួម សន្ធិសញ្ញាសហប្រតិបត្តិការ កិច្ចព្រមព្រៀងនានា និងយន្តការសហប្រតិបត្តិការ ដែលមានស្រាប់ តាំងពីថ្នាក់ជាតិ ក្រសួង ស្ថាប័ន និងមូលដ្ឋាន។
ភាគីទាំងពីរ បានអះអាងជាថ្មី នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀតឡើយ និង ព្រមព្រៀងគ្នា សម្របសម្រួលជួយគ្នាយ៉ាងសកម្ម ទប់ស្កាត់ការវាយបកក្នុងគ្រប់ ស្ថានការណ៍ កសាងខ្សែព្រំដែនកម្ពុជា-វៀតណាម រួមទាំងដំណោះស្រាយលើបញ្ហា ដែលកើតឡើងនៅដែនសមុទ្រ។
នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញ ជិញ បានសម្ដែងក្ដីសង្ឃឹមថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំអាជ្ញាធរកម្ពុជាឱ្យបន្តបង្កើត នូវលក្ខខណ្ឌផ្សេងៗ សម្រាប់ជនជាតិវៀតណាម នៅកម្ពុជា ជាពិសេសទាក់ទង នឹងឯកសារផ្លូវច្បាប់។
រីឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកក្កដា ថា ឥរិយាបថនយោបាយរបស់លោក ហ៊ុន សែន នៅតែបង្ហាញថា លោកមិនភ្ញាក់រឭកកែខ្លួន ដើម្បីជួយស្ដារស្ថានភាពមិនល្អរបស់កម្ពុជានោះទេ ដោយបំបែកបំបាក់ផ្ទៃក្នុងជាតិខ្មែរ និងជួយជ្រោមជ្រែងមហិច្ឆតាឥណ្ឌូចិន របស់វៀតណាម។
លោកថា ជាក់ស្ដែងណាស់ លោក ហ៊ុន សែន នៅតែចាត់ទុកមេដឹកនាំវៀតណាម ជាចៅហ្វាយធំ និងប្ដេជ្ញាបន្តអនុវត្តន៍នយោបាយកុម្មុយនិស្តវៀតណាម ព្រមទាំង ពង្រីកផែនការសហប្រតិបត្តិការលើគ្រប់វិស័យ តាមការចង់បានរបស់វៀតណាម។
លោក ម៉ែន ណាត ៖ «គណបក្សប្រជាជនកម្ពុជា បង្កើតឡើងដោយវៀតណាម។ អ៊ីចឹង ដើម្បីក្ដោបក្ដាប់ពេញដៃពេញជើង ក្ដោបក្ដាប់អំណាចគ្រប់ទឹកតែម្ដង គឺលោក ហ៊ុន សែន ត្រូវតែបន្តយន្តការរបស់ខ្លួន ក្នុងគាំទ្រវៀតណាម ពីព្រោះវៀតណាមជ្រោមជ្រែងរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ឱ្យមានអំណាចកំពូលដល់សព្វថ្ងៃហ្នឹង។ ម្ល៉ោះហើយបានជាលោក ហ៊ុន សែន ធ្វើសម្បទានមិនតិចទេ តាំងពីគាត់ឡើងកាន់អំណាចតាំងឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន គឺច្រើនណាស់ ដូចជាបញ្ហាធ្វើការសម្បទាន កោះត្រល់ ចង្កោមកោះក្រចកសេះ តាមរយៈកិច្ចព្រមព្រៀងព្រំដែនទឹកឆ្នាំ១៩៨២ សម្បទានទឹកដីព្រំដែនគោកតាម រយៈបោះបង្គោលព្រំដែនថ្មី»។
នៅក្រោយពេលកងទ័ពវៀតណាម ប្រមាណ ២០ម៉ឺននាក់ ចូលវាយផ្ដួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន ត្រូវបានវៀតណាម លើកបន្តុបឱ្យកាន់តំណែង ជាប្រធានក្រុមប្រឹក្សានាយករដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ ដើម្បីដឹកនាំអនុវត្តន៍ផែនការ ក-៥ របស់វៀតណាម ក្រោយពីវៀតណាម ចាប់លោកនាយករដ្ឋមន្ត្រី ប៉ែន សុវណ្ណ ដាក់គុកនៅទីក្រុងហាណូយ និងបន្ទាប់ពីការស្លាប់របស់លោកនាយករដ្ឋមន្ត្រី ចាន់ ស៊ី នៅលើទឹកដីវៀតណាម។
ចំណែកគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យមៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាមថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងដែលមានឪពុកជាខ្មែរក្រោម និងម្ដាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោមនោះ គឺជាអតីតសមាជិកគណបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០៕

