The Cambodia Daily
26-7-2024
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន ជុំវិញការធ្វើអត្ថាធិប្បាយតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (Cambodia – Laos – Vietnam) ដូចជា លោក ស្រ៊ុន ស្រ៊ន និងលោក ធែល ធីលែន ជាដើម ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ កក្កដា នេះថា រដ្ឋាភិបាលកម្ពុជា មិនត្រូវចាប់ខ្លួនសកម្មជនសង្គម ដែលបង្ហាញពីក្តីកង្វល់លើតំបន់ត្រីកោណអភិវឌ្ឍន៍នេះទេ តែថែមទាំងត្រូវដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការនេះ ជាបន្ទាន់ថែមទៀត ព្រោះកម្ពុជា ធ្លាប់មានប្រវត្តិបាត់បង់ទឹកដី ក្នុងកិច្ចសហប្រតិបត្តិការស្រដៀងគ្នានេះ រាប់មិនអស់រួចមកហើយ ពីការរំលោភបំពានរបស់វៀតណាម។
លោក ម៉ែន ណាត លើកឡើងថា ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ គឺជាសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះការលើកឡើងពីការភ័យព្រួយរបស់ពលរដ្ឋ ចំពោះទឹកដី និងប្រទេសជាតិរបស់ខ្លួន មិនមែនជារឿងខុសច្បាប់ទេ ហើយការចាប់ខ្លួនសកម្មជនសង្គមទាំងនេះ ក៏នឹងរឹតតែធ្វើឱ្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មានឈ្មោះកាន់តែអាក្រក់ខ្លាំងឡើងថែមទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនសង្គម ដែលធ្វើកិច្ចការដើម្បីប្រយោជន៍ប្រទេសជាតិ គឺជារឿងអយុត្តិធម៌បំផុត និងមិនឆ្លុះបញ្ចាំងពីស្មារតីរបស់រដ្ឋាភិបាល ក្នុងការអនុវត្តតាមខ្លឹមសាររបស់រដ្ឋធម្មនុញ្ញឡើយ។ ផ្ទុយទៅវិញ គឺបង្ហាញពីការរំលោភច្បាប់ រំលោភសិទ្ធិពលរដ្ឋ និងរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរទៅវិញប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនសង្គម លោក ធែល ធីលែន និងសកម្មជនផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជុំវិញការបញ្ចេញមតិយោបល់លើបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីថ្ងៃពុធ ទី២៤ កក្កដា។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនសង្គមលោក ធែល ធីលែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនសាជាថ្មី ដល់គេហដ្ឋាន ស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បន្ទាប់ពីសកម្មជនសង្គមរូបនេះ បង្ហាញការមិនគាំទ្ររដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
ក្នុងវីដេអូជិតប្រវែង ៥ នាទី លោក ធែល ធីលែន លើកឡើងថា ការធ្វើកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលខ្មែរ ជាមួយវៀតណាម ក្នុងតំបន់កន្ទុយនាគនេះ គឺមានតែខាតប្រយោជន៍ជាតិប៉ុណ្ណោះ ព្រោះខេត្តទាំង ៤ នេះ [ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី] សម្បូរទៅដោយសម្បត្តិធម្មជាតិគ្រប់បែបយ៉ាង ហើយពេលនេះក៏កំពុងរងនូវការបំផ្លិចបំផ្លាញព្រៃឈើ និងរ៉ែក្នុងដីគ្រប់រូបភាពពីក្រុមហ៊ុនវៀតណាម ដែរ។
សកម្មជនសង្គម លោក ធែល ធីលែន ទើបត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅ បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគាររយៈពេល ១៨ ខែ ដោយសារការតវ៉ាឲ្យរដ្ឋាភិបាល បញ្ឈប់ការផ្តល់បណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និង ឲ្យលុបគម្រោងបើកភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ទុកអ្នករិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍ ថាជាសកម្មភាពបះបោរប្រឆាំងនឹងរដ្ឋាភិបាល ដែលត្រូវចាប់ខ្លួនឱ្យអស់ ចំពោះអ្នករស់នៅក្នុងស្រុក ហើយរីឯអ្នករស់នៅក្រៅស្រុកវិញ ត្រូវរកសាច់ញាតិរបស់ពួកគេដែលកំពុងរស់នៅក្នុងស្រុក។
ទន្ទឹមនឹងការគំរាមរបស់លោក ហ៊ុន សែន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន រួមជាមួយសហការីរបស់លោក និងពលរដ្ឋ ២ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងថ្ងៃជាមួយគ្នាដែរ ជុំវិញការធ្វើអត្ថាធិប្បាយលើតំបន់គ្រោះថ្នាក់មួយនេះ។
ក្រោយចាប់ខ្លួន លោក ស្រ៊ុន ស្រ៊ន ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ លោក សេង វណ្ណលី លើកឡើងថា បើរដ្ឋាភិបាលមិនយល់ស្របនឹងក្តីបារម្ភរបស់ពលរដ្ឋ ទាក់ទិននឹងការបញ្ចូលខេត្ត ៤ របស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ រដ្ឋាភិបាលគួរតែចេញបកស្រាយបំភ្លឺ ជាជាងការប្រើអំណាច បំបិទមាត់ពលរដ្ឋខ្លួនឯងបែបនេះ៕
