The Cambodia Daily
30-7-2024

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​ទាំង ​៤ ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) គឺជា​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បែប​ថ្មី ​ក្រោម​ឈ្មោះ​អភិវឌ្ឍន៍។

ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​ ២៩ កក្កដា នេះ​​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំង ​៤ របស់​ខ្មែរ​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​រយៈពេល ៩៩​ឆ្នាំ គឺ​ស្មើ​នឹង​ប្រគល់​ដី​ខ្មែរ​ឱ្យ​វៀតណាម គ្រប់គ្រង​មួយ​ជំនាន់ ឬ​មួយ​ជីវិត​ដូច្នោះ​ដែរ ដែល​កិច្ចសន្យា​នេះ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ជំនាន់​នេះ​នឹង​មិន​បាន​ដឹង​ថា តើ​ដី​សម្បទាន​ទាំងនោះ​នឹង​មាន​វាសនា​ដូច​ដី​កម្ពុជា​ក្រោម​ដែរ​ឬ​ក៏​អត់​ទេ។

លោក ម៉ែន ណាត រំលឹក​ថា ស្តេច​ជ័យជេដ្ឋាទី២ ធ្លាប់​ប្រគល់​ឱ្យ​ដី​ខ្មែរ​ឲ្យ​វៀតណាម ខ្ចី​តែ ៥ ​ឆ្នាំ​ប៉ុណ្ណោះ តែ​ត្រូវ​វៀតណាម ឈ្លានពាន​រំលោភ​យក​ដី​ខ្មែរ​អស់ ២១ ​ខេត្ត ដែល​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​ក្រោម សព្វថ្ងៃ​នេះ។

ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​រូប​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ងើប​ឡើង​ទាម​ទារ​​ឱ្យ​លោក ហ៊ុន សែន ដក​ខេត្ត​ទាំង​ ៤ របស់​ខ្មែរ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ កំពុង​បង្ហាញ​ពី​ចេតនា​ប្រគល់​ទឹកដី​ខ្មែរ​ ឱ្យ​បរទេស​ឈ្លានពាន​យ៉ាង​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​សម្បទាន​ដី​ខ្មែរ​រាប់​ម៉ឺន​ហិកតា​ ដល់​ក្រុមហ៊ុន​វៀតណាម ក្រោម​កិច្ចសន្យា​អភិវឌ្ឍន៍​រយៈពេល ៩៩ ​ឆ្នាំ។

របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​​២០២៣ ជុំវិញ​ដី​សម្បទាន​ក្នុង​ខេត្ត​ទាំង​ ៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ជាង ២០ ​ម៉ឺន​ហិកតា (២៤៥.៣០៤ ​ហិកតា) នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ក្រោម​កិច្ចសន្យា​រយៈពេល ៩៩ ​ឆ្នាំ។

របាយការណ៍​ដដែល ​បង្ហាញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច ១​ ហិកតា​ ជា​មធ្យម​ត្រូវការ​កម្មករ ៣ ​នាក់ ដូច្នេះ​គេ​រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជាង ២០ ​ម៉ឺន​ហិកតា ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ត្រូវការ​កម្មករ​ជាង ៧០ ​ម៉ឺន​នាក់ (៧៣៥.៩១២ ​នាក់)។

អង្គការ​លីកាដូ បញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥៥ ​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៣៦ ​ម៉ឺន​ហិកតា (៣៦២.៥១៥ ​ហិកតា)។

គេ​រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជាង ៣៦ ​ម៉ឺន​ហិកតា​នេះ ត្រូវការ​កម្មករ​ជាង ១​ លាន​នាក់ (១.០៨៧.៥៤៥​ នាក់) ខណៈ​កម្មករ​ទាំងនោះ​ ត្រូវ​គេ​រក​ឃើញ​ថា​ជាង ៩០% គឺ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម។

របាយការណ៍​របស់​រដ្ឋាភិបាល បង្ហាញ​ថា ខេត្ត​ទាំង​ ៤ របស់​កម្ពុជា គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ សព្វថ្ងៃ​នេះ មាន​ផ្ទៃដី​សរុប​ជិត ៥ ​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ (៤៧.២៥៦​ គីឡូម៉ែត្រ​ការ៉េ) ដែល​មាន​ប្រជាជន​សរុប​ជាង ៦០ ​ម៉ឺន​នាក់ (៦៧៥.០៦៨ ​នាក់)។ ចំណែក​ខេត្ត​ទាំង ​៤ របស់​ឡាវ ក្នុង​តំបន់​ត្រីកោណ​មាន​ប្រជាជន​សរុប​ជាង ៨ ​សែន​នាក់ ស្រប​ពេល​ដែល​ខេត្ត​ទាំង​ ៥ របស់​វៀតណាម មាន​ចំនួន​ប្រជាជន​សរុប​រហូត​ដល់​ជាង ៨ ​លាន​នាក់​ឯណោះ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia - Laos - Vietnam)
តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia – Laos – Vietnam)