RFA Khmer /ដោយ ខាន់ លក្ខិណា
02nd-8-2024

រដ្ឋាភិបាល​កម្ពុជា​របស់​ត្រកូល «ហ៊ុន» កំពុង​សម្រុក​ឃោសនា​បង្ហាញ​ពី​មោទនភាព និង​អំពី​ការ​ត្រៀម​ពិធី​បើក​ការដ្ឋាន​សាង​សង់ ​ព្រែក​ជីក​ហ្វូណន​តេជោ នៅ​ថ្ងៃ​ទី៥ ខែសីហា ដែល​ចំ​ថ្ងៃ​កំណើត​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ លើក​ឡើង​ថា ទោះ​រដ្ឋាភិបាល​ប្រឹង​រៀបចំ​បំប៉ោង​ព្រឹត្តិការណ៍​យ៉ាង​ណា ក៏​មិន​អាច​ធំ​គគ្រឹក​គគ្រេង​សម​បំណង​ដែរ ព្រោះ​ពលរដ្ឋ​តាម​ដង​ព្រែក​ ភ័យ​ខ្លាច​ត្រូវ​បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌ និង​ ក៏​ស្រប​ពេល​ប្រជាពលរដ្ឋ​ទូទៅ​ ភ័យ​រឿង​បាត់​បង់​ទឹក​ដី​ពី​ គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។

ស្រប​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាង​សង់​ ព្រែក​ជីក​ហ្វូណន​តេជោ កាន់​តែ​ខិត​ជិត​មក​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុង​បង្ហាញ​មោទនភាព និង​បាន​ត្រៀម​ រៀបចំ​ពិធី​ធំៗ ជា​ច្រើន។

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ បុគ្គលិក កម្មករ និយោជិត និង​សិស្ស និស្សិត​ទូទាំង​ប្រទេស ​ឈប់​សម្រាក​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ទី៥ ខែសីហា ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ ព្រែក​ជីក​ហ្វូណន​តេជោ។ រដ្ឋាភិបាល​ថែម​ទាំង​បាន​ធ្វើ​យុទ្ធនាការ​កៀរគរ​ប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និង​មន្ត្រី​រាជការ​គ្រប់​ក្រសួង-ស្ថាប័ន ឱ្យ​ចេញ​វីដេអូ​បង្ហាញ​ការ​គាំទ្រ លើ​ការ​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ។

ក្រៅ​ពី​នេះ ចលនា​លើក​ផ្លាក​រូប​ថត​នាយក​រដ្ឋមន្ត្រី​កូន ​លោក ហ៊ុន ម៉ាណែត និង​អតីត​នាយក​រដ្ឋមន្ត្រី​ឪ ​លោក ហ៊ុន សែន នៅ​ទីតាំង​ការដ្ឋាន​សាង​សង់ នៅ​តាម​ដង​ផ្លូវ និង​តាម​ទីវត្ត​អារាម ត្រូវ​បាន​ធ្វើ​យ៉ាង​ផុលផុស ហាក់​ស្រដៀង​គ្នា​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក៏​បាន​បង្ហោះ​បទ​ចម្រៀង ពាក់ព័ន្ធ​នឹង​ព្រែក​ជីក​នេះ មិន​ចាញ់​ផលិតកម្ម​ធំ​នោះ​ទេ។

ក្រុម​មន្ត្រី​សេដ្ឋី​ឧកញ៉ា​វិញ ពួកគេ ក៏​មិន​ភ្លេច​ឆក់​ឱកាស​មាស​នេះ លើក​សរសើរ​ បញ្ចើច​បញ្ចើ​មេ​ដឹក​នាំ​ឪពុក​កូន​ទាំង​ពីរ​នាក់​នេះ​ដែរ។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី២ ខែសីហា​ថា រដ្ឋាភិបាល ​អាច​មាន​ចេតនា​ចង់​ដាក់​ថ្ងៃ​ទី ៥ ខែសីហា ដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់​លោក ហ៊ុន សែន ជា​ថ្ងៃ​ឈប់​សម្រាក ដោយ​ភ្ជាប់​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជា។ លោក​ថា រដ្ឋាភិបាល​ចង់​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ នៅ​ថ្ងៃ​អនាគត។

លោក សេង វណ្ណលី ៖ «កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ​ត្រូវ​បាន​ដក​ពី​ថ្ងៃ​ឈប់​សម្រាក ហើយ​ដាក់​ថ្ងៃ​ទី ៥ ខែសីហា ដែល​ជា​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក ជា​ថ្ងៃ​ឈប់​សម្រាក​វិញ វា​មិន​ត្រឹម​តែ​អំពី​ចេតនា​របស់​រដ្ឋាភិបាល ​ក្នុង​ការ​យក​​ថ្ងៃ​ហ្នឹង ​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ប្រវត្តិ​សាស្ត្រ ​អំពី​ព្រែក​ជីក​ហ្វូណន​ផង ហើយ​ខួប​កំណើត​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ»។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សុខ ឥសាន បាន​ហៅ​ព្រែក​ជីកហ្វូណន ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ ដែល​កម្ពុជា​ ទទួល​បាន​សមិទ្ធផល​ថ្មី មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក​ថា ពេល​ណា​មាន​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រែក​ជីក​ នឹង​នឹក​ឃើញ​ថ្ងៃ​កំណើត និង​ការ​ផ្ដួចផ្ដើម​គំនិត​របស់​លោក ហ៊ុន សែន។ ដូច្នេះ ​លោក​ថា ការ​ដាក់​ថ្ងៃ​ទី៥ ខែសីហា ជា​ថ្ងៃ​ឈប់​សម្រាក​ដូច​ថ្ងៃ​ទី៧ មករា ឬ​យ៉ាង​ណា​នោះ ត្រូវ​រង់ចាំ​សារាចរ​របស់​រដ្ឋាភិបាល។

លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២ ខែសីហា​ថា រដ្ឋាភិបាល ក៏​នឹង​គិត​គួរ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​សាង​សង់ព្រែក​ជីក​ហ្វូណន​តេជោ។

លោក សុខ ឥសាន ៖ «ផែនការ​របស់​ជាតិ​ របស់​រដ្ឋ អា​ហ្នឹង វា​ប៉ះ​កន្លែង​ណា​ ត្រូវ​ធ្វើ​សិន។ ក៏​ប៉ុន្តែ​ មាន​គណៈ​កម្មការ​​អន្តរ​ក្រសួង ដើម្បី​ដោះស្រាយ​សំណង​ ស្រប​តាម​ច្បាប់​អស្សាមិករណ៍ ដែល​រដ្ឋ​យើង​មាន មិន​មែន​ធ្វើ​ទៅ​រំលោភ ហើយ​ដណ្ដើម​យក​កម្ម​សិទ្ធិ​របស់​បងប្អូន ដែល​មាន​ពី​មុន​មក​ទេ តែ​ដោយសារ​តែ​ការដ្ឋាន​បើក​វា​បន្ទាន់​ពេក។ អ៊ីចឹង ចាំ​យើង​រៀបរយ​តាម​ក្រោយ​បណ្ដើរៗ តាម​ក្រោយ ក៏​ប៉ុន្តែ​មិន​ឱ្យ​បង​ប្អូន​ខាត​បង់​ទេ ត្រូវ​តែ​គិត​គួរ»

ស្រប​ពេល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​រវល់​រៀបចំ​ពិធី​ និង​បង្ហោះសារ​ព្រោងព្រាត ​លើ​បណ្ដាញ​សង្គម ដើម្បី​អបអរ​ការ​បើក​ការដ្ឋាន​សាង​សង់​​ព្រែក​ជីក​នោះ ប្រជាពលរដ្ឋ ​ដែល​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​នេះ កំពុង​ព្រួយ​​បារម្ភ​បាត់​បង់​ជម្រក និង​ដីស្រែ​ចម្ការ។

ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកថ្មី ស្រុកកោះធំ​លោកស្រី បញ្ញា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី២ ខែសីហា ថា លោកស្រី​បារម្ភ​អស់​ដី​អស់​ផ្ទះ។ លោកស្រី​ថា ឃើញ​បើក​ការដ្ឋាន​សាង​សង់​ទៅ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អាជ្ញាធរ​ណា ​ចុះ​ទៅ​វាស​វែង​ គិត​គូរ​ពី​សំណង​ ឱ្យ​បាន​សមរម្យ​នៅ​ឡើយ​ទេ។

លោកស្រី បញ្ញា៖ «និយាយ​ទៅ​បើ​ប៉ះពាល់​ការ​រុះរើ មិន​មែន​មួយ​ខែ ឬ​មួយ​សប្ដាហ៍​ទេ បើ​សិន​រុះរើ​អាច​នឹង ៣ ខែ ទៅ ៦ ខែ​អី ល្មម​នឹង​រុះរើ​ហើយ។ ដល់​ពេល​ស្ងាត់​ឈឹង​អ៊ីចឹង ចេះ​តែ​ព្រួយ​ដែរ។ បើ​សិន​ចុះ​មក​ប៉ះពាល់​ទៅ​យើង​រុះរើ​ភ្លាមៗ ក៏​វា​មិន​ទាន់​អា​ហ្នឹង បើ​ជា​សង បើ​សិន​មិន​សង​វិញ មិន​ថា​ទាំង​ខ្ញុំ មិន​ថា ក៏​មាន​ការ​ព្រួយ​បារម្ភ​អត់​កន្លែង​នៅ​ដែរ»

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី ២ ខែសីហា ថា ទោះ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រឹង​រៀបចំ​បំប៉ោង​ព្រឹត្តិការណ៍ បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ក៏​មិន​អាច​ធំ​គគ្រឹក​គគ្រេង​សម​បំណង​ដែរ។ លោក​ពន្យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស កំពុង​តែ​ភ័យ​ព្រួយ​អំពី​ គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដែល​មាន​ហានិភ័យ​បាត់​បង់​ទឹក​ដី នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ព្រែក កំពុង​តែ​ខ្លាច​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ។

លោក ម៉ែន ណាត ៖ «យើង​មក​ដល់​បច្ចុប្បន្ន​ហ្នឹង បញ្ហា​របស់​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ដង​ព្រែក​ តាម​គម្រោង​ជីក ១៨០ គីឡូ​ម៉ែត្រ គឺ​គ្មាន​ដោះស្រាយ​ទេ ហើយ​ប្រជាពលរដ្ឋ​ ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ​ផ្ទះ​សម្បែង​ណា ​ដែល​ប៉ះទង្គិច​នឹង​តំបន់​ជីក​ព្រែក​ហ្នឹង ហើយ​យើង​មើល​ទៅ ​គ្មាន​សំណង ​គ្មាន​អី​ត្រឹម​ត្រូវ​ទេ»។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ទោះបី​ជា​រដ្ឋាភិបាល​ខំ​ប្រឹង​ប្រែង​ទូង​ស្គរ ក្នុង​គោល​ដៅ​បង្កើត​ប្រវត្តិសាស្ត្រ​ ឱ្យ​លោក ហ៊ុន សែន នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ ហ្វូណន​តេជោ ចំ​ថ្ងៃ​កំណើត​របស់​លោក​ទី ៥ ខែសីហា ក៏​ដោយ ក៏​មិន​អាច​ល្បី​រន្ទឺ កេរ្តិ៍​ឈ្មោះ​ល្អ​ដែរ។ ពួកគេថា ភាព​ល្បីល្បាញ​ចេញ​ពី​រឿង​នេះ ជា​បណ្ដាសា​នៃ​អយុត្តិធម៌ និង​ការ​ភ័យ​ខ្លាច គឺ​អយុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​តាម​ដង​ព្រែក ​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង ដោយ​មិន​បាន​សំណង​សមរម្យ និង​ ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ ​អំពី​ការ​បាត់​បង់​ទឹក​ដី បើ​រដ្ឋាភិបាល​ មិន​ដក​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​កម្ពុជា​-​ឡាវ និង​ វៀតណាម (CLV)៕

រូបភាព​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ភ្ជាប់​រូបភាព​លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាព​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ភ្ជាប់​រូបភាព​លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។