RFA Khmer /ដោយ ទីន ហ្សាការីយ៉ា
31-7-2024

ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កំពុង​ជ្រួល​ច្របល់​ជំទាស់ នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ និង​​វៀតណាម (CLV) លោក ហ៊ុន ម៉ាណែត ក៏​ឆ្លៀត​ធ្វើ​ដំណើរ​តាម​តំបន់​ព្រំដែន ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្តមណ្ឌលគិរី ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ មើល​ឃើញ​ថា សកម្មភាព​របស់​នាយក​រដ្ឋមន្ត្រី​បែប​នេះ​ពុំ​មែន​ជា​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។ រយៈ​ពេល ២ថ្ងៃ ចុង​ខែ​កក្កដា ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជិះ​ឡាន​ទៅ​មើល​តំបន់​ព្រំដែន​មួយ​ចំនួន ដើម្បី​ពិនិត្យ​សកម្មភាព​ជួសជុល​ផ្លូវ​ តាម​បន្ទាត់​ព្រំដែន​របស់​កង​វិស្វកម្ម នៃ​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌលគីរី។

មន្ត្រី​សង្គម​ស៊ីវិល​ មើល​ឃើញ​ថា សកម្មភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ដំណើរ​កម្សាន្ត​ធម្មតា ដើម្បី​សម្ដែង​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ពុំ​មែន​ចុះ​ទៅ​កន្លែង ដែល​មាន​ជម្លោះ​ព្រំដែន​ រវាង​កម្ពុជា និង​វៀត​ណាម ដែល​ពលរដ្ឋ​ខ្មែរ​បាត់បង់​ដី​ស្រែ​ចម្ការ ​ទៅ​ខាង​វៀតណាម ​កាន់កាប់​ជា​បន្ត​បន្ទាប់ នៅ​តាម​តំបន់​ព្រំដែន ដូចជា នៅ​ខេត្ត​ត្បូងឃ្មុំ និង ខេត្តស្វាយរៀង ជាដើម​នោះ​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំដែន លោក​ត្រូវ​ស្នើ​ទៅ​រដ្ឋ​សភា លុប​ចោល​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ និង​ សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ ២០១៩ ដែល​យក​តាម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ ក្នុង​សម័យ​វៀតណាម​គ្រប់គ្រង​កម្ពុជា ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉រីស។

លោក ម៉ែន ណាត ៖ «មធ្យោបាយ​ធំ​បំផុត​គឺ​ រដ្ឋ​សភា​ ជា​អ្នក​ធ្វើ​និរាករណ៍​លើ​ឯកសារ​អស់​ហ្នឹង សន្ធិសញ្ញា​ព្រំដែន​គោក​ក៏​ដោយ ព្រំដែន​ទឹក​ក៏​ដោយ កិច្ច​ព្រមព្រៀង​តំបន់ (CLV) ព្រំដែន​ក៏​ដោយ សុទ្ធ​តែ​វា​អសន្តិភាព​ទាំង​អស់។ អ៊ីចឹង មាន​តែ​ធ្វើ​និរាករណ៍​ខ្យល់ អា​ហ្នឹង ហ៊ុន ម៉ាណែត ធ្វើ​មុន​គេ។ យួន​មិន​សប្បាយ​ចិត្ត​ គេ​តវ៉ា គេ​ដាក់​សម្ពាធ​មក​លើ ហ៊ុន ម៉ាណែត តាម​រយៈ ហ៊ុន សែន អញ្ចឹង​ទៅ។ ហ៊ុន ម៉ាណែត តំណាង​ឱ្យ​រដ្ឋាភិបាល ហ៊ុន សែន គ្មាន​សិទ្ធិ​អាង​ឡាង​ទេ»។

លោក​ ម៉ែន ណាត បន្ថែម​ថា លោក ហ៊ុន ម៉ាណែត គួរតែ​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ឆ្នាំ១៩៩១ ធ្វើ​ជា​មូលដ្ឋាន និង​យក​មរតក​របស់​បារាំង ​មក​ប្រើប្រាស់ ក្នុង​ការ​កំណត់​ព្រំដែន ​កម្ពុជា​-​វៀតណាម រួម​មាន អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន (Cochinchine) ឆ្នាំ​១៨៧៣ ដោយ​មាន​បង្គោល​បារាំង​ចំនួន ១២៤ បង្គោល ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ជាតិ​ ជាមួយ​វៀតណាម។

ជា​មួយ​គ្នា​នេះ ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​យក​ផែនទី​បោន (Bonne) ខ្នាត ១/១០០​ពាន់ ចំនួន ២៦ ផ្ទាំង ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ យក​មក​ប្រើប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កំណត់​បង្គោល​ព្រំដែន​ជាតិ​ឡើង​វិញ។

ក្នុង​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​តាម​រថយន្ត ទៅ​មើល​តំបន់​ព្រំដែន វីដេអូ​និង​រូបភាព​សកម្មភាព​របស់​លោក ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) បង្ហាញ​ពី​ទិដ្ឋភាព​ព្រំដែន និង​បង្គោល​ព្រំដែន​មួយ​ចំនួន ដែល​លោក​បាន​ចុះទៅ​ដោយ​ផ្ទាល់ ហែហម​ដោយ​ពួក​មន្ត្រី។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កម្លាំង​ដែល​អាច​ការពារ​បូរណភាព​ទឹកដី តាម​បណ្ដោយ​ព្រំដែន ប្រកប​ដោយ​ប្រសិទ្ធភាព​យូរ​អង្វែង​ គឺ​ប្រជាជន មិនមែន​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។

លោក​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម រួម​ទាំង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជា​ការ​ចាំបាច់។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​តស៊ូ​មតិ​បញ្ហា​ព្រំដែន គឺ​លោក អ៊ុំ សំអាន ស្នើ​ជា​ថ្មី​ទៀត ​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្ដឹង​វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​យុត្តិធម៌ និង​ប្រសិទ្ធ​ភាព។

លោក​អះអាង​ថា បើ​ពុំ​ដូច្នេះ​ទេ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ នៅតែ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​នោះ​ឡើយ ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា ​បាត់​បង់​ដី​ខ្មែរ​ទៅ​វៀតណាម​បន្ថែម​ទៀត។

លោក អ៊ុំ សំអាន ៖ «ការ​ទៅ​មើល​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្រាន់​ជា​ការ​ធ្វើ​ដំណើរ​តាម​ធម្មតា​ប៉ុណ្ណឹង​ឯង។ តែ​លោក​មិន​បាន​ចុះ​ទៅ​មើល​តំបន់​ព្រំដែន​វៀតណាម​ ដែល​ប្រជា​ពលរដ្ឋ​គាត់​មាន​ជម្លោះ​ព្រំដែន​បាត់បង់​ដី​ស្រែ​ចម្ការ​ទៅ​ខាង​វៀតណាម​នោះ​ទេ។ គាត់​មិន​ហ៊ាន​សើ​រើ​ព្រំដែន​ បង្គោល​ដែល​បាត់បង់​ដី​ខ្មែរ​ ក៏​គាត់​មិន​អាច​ការពារ​ទឹក​ដី​បូរណភាព​ខ្មែរ​នោះ​ដែរ យក​ខ្សែ​ទាហាន​មក​ការពារ​ត្រកូល ​ហ៊ុន​ នៅ​តែ​រាជ​ធានី​ តែ​មិន​យក​ទាហាន​មក​ការពារ​ព្រំដែន»។

វិទ្យុ​អាស៊ី​សេរី​ មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ឡាំ ជា ដែល​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត ដែរ​នោះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៣១ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

កន្លងទៅ ពលរដ្ឋ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ តែងតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដោះស្រាយ​បញ្ហា​ដី​ស្រែ​ចម្ការ និង​ភូមិ​មួយ​ចំនួន​ របស់​ពួក​គាត់​ដែរ​នោះ បាន​បាត់បង់​ទៅ​វៀតណាម ក្រោយ​ពេល​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ។

ពលរដ្ឋ​ទាំង​នោះ រស់​នៅ​ឃុំ​ចាន់មូល ឃុំរូង និង​ឃុំ​ជាំ ស្រុក​មេមត់ ​តែងតែ​លើក​គ្នា​តវ៉ា និង​ខឹង​សម្បា​នឹង​មន្ត្រី​ជំនាញ ដែល​បោះ​បង្គោល​ព្រំដែន ​ចំ​កណ្ដាល​ដី​ស្រែ​ចម្ការ​កេរ​ឪពុក​ម្ដាយ​របស់​ពួកគាត់។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា  ភូមិ​ចាន់​សាលា ឋិត​នៅ​ចំណុច​វាល​ត្បូង ដែល​ជា​ភូមិ​បុរាណ​មួយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីនោះ​ច្រើន​ជំនាន់​មក​ហើយ បច្ចុប្បន្ន​បាន​ក្លាយ​ជា​វាល​រហោឋាន គ្រប់គ្រង​ដោយ​វៀតណាម។

 រីឯ​នៅ​ភូមិ​តានង ក្នុង​ឃុំ​ចាន់មូល ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៧ រហូត​ដល់ ៩៩ មាន​ដីស្រែ​ជាច្រើន​ហិកតារ ត្រូវ​វៀតណាម​គ្រប់គ្រង​  ដោយ​មាន​បង្គោល​ព្រំដែន​ខ្លះ​ បោះ​ចំ​កណ្ដាល​ដី​ស្រែ​អ្នក​ភូមិ។

ជា​មួយ​គ្នា​នេះ ភូមិអំផុល និង​ភូមិភោគ ដែល​ជា​ភូមិ​ដ៏​ចំណាស់ ឋិត​ក្នុង​ឃុំចាន់មូល បច្ចុប្បន្ន ក៏​ត្រូវ​បាន​វៀតណាម​កាន់កាប់​ដែរ ក្រោយ​ពី​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​រួចរាល់​ ចាប់​តាំង​​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០២២។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៧០ គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១ បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​ បាន​បោះ​បង្គោល​រួចរាល់​ចំនួន​ ៣១៥ បង្គោល ឬ​ស្មើ​និង ៨៤ ភាគ​រយ​ហើយ។ ចំណែក​បង្គោល​នៅ​សេសសល់ ​ចំនួន ៥៦ ទៀត​ ដែល​នឹង​ត្រូវ​បោះ​បន្ត​ គឺ​ឋិត​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្តតាកែវ៕

រូបភាព​បង្គោលព្រំដែនខ្មែរ ខេត្តត្បូងឃ្មុំ និងរូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន លោក ម៉ែន ណាត។
រូបភាព​បង្គោលព្រំដែនខ្មែរ ខេត្តត្បូងឃ្មុំ និងរូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន លោក ម៉ែន ណាត។