ពលរដ្ឋខ្មែរជាង១ម៉ឺននាក់នៅកូរ៉េ និងជប៉ុន ចេញបាតុកម្មប្រឆាំងគម្រោង CLV

RFA Khmer /ដោយ ច័ន្ទ ដារ៉ូ
12th-8-2024

ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ​ជាង​មួយម៉ឺននាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​មហាបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ​ដកខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ជាមួយ​វៀតណាម ​និង​ឡាវ​  (CLV = Cambodia – Laos – Vietnam)។ បាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​ទាំងនេះ​ បន្ទាប់​ពី​ពួកគាត់​ព្រួយបារម្ភ​ថា ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) នឹង​អាច​នាំឲ្យ​កម្ពុជា​ បាត់បង់​ធនធាន​ធម្មជាតិ និង​ទឹកដីកម្ពុជា ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ ដូច​សម័យ​អតីតកាល។

ពលរដ្ឋខ្មែរ​ជាង ​១ម៉ឺននាក់ ភាគច្រើន​ជា​យុវជនធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ​(South Korea) និង​ជប៉ុន(Japan) មក​ពី​តំបន់​ជិត​ឆ្ងាយ ​បាន​ប្រមូល​ផ្តុំ​គ្នាធ្វើ​មហាបាតុកម្ម​ នៅ​ថ្ងៃ​អាទិត្យ ទី១១ ខែសីហា។

បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ទាំងនេះ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន ៤ ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) ជាមួយ​ប្រទេសវៀតណាម​ (Vietnam) និងឡាវ (Lao)។ ក្រៅពីនេះ​ ក្រុមបាតុករ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ស្តារ​ប្រជាធិបតេយ្យ ដោះលែង​សកម្មជន​នយោបាយ យុវជន​បរិស្ថាន និង​សង្គម ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយអយុត្តិធម៌​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ផងដែរ។

ទិដ្ឋភាព​នៃ​មហាបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ នៅ​ប្រទេស​កូរ៉េខាងត្បូង​ ប្រព្រឹត្ត​ទៅ​យ៉ាងផុសផុល ដោយ​មនុស្សម្នា​បាន​ធ្វើ​ដំណើរ​ពី​​តំបន់ និង​ទីក្រុង​នីមួយៗ ស្លៀកពាក់​ចម្រុះ​ពណ៌ ​នាំគ្នា​សម្តែងមតិ និង​លើក​បដា​អម​ដោយ​សំឡេង​ស្គរ ស្រែក​ព្រមៗ​គ្នា លាន់ឮ​ពេញ​ទីលាន​បាតុកម្ម នៅក្នុង​ទីក្រុង​សេអ៊ូល​ (Seoul)។

សម្រែកក្រុមបាតុករ ៖ «យើង​មក​នេះ ​ដើម្បី​បង្ហាញ​ឱ្យ​របប​ទីក្រុងភ្នំពេញ​ ឃើញ​ថា ​​យុវជន​​នៅកូរ៉េ​ មិន​គាំទ្រ​គម្រោង CLV ជា​ដាច់ខាត ដកថយ ដកថយ»។

កញ្ញា ឆូ ដាវីន ស្ថិត​ក្នុង​ចំណោម​បាតុករ​ជាង​ម៉ឺននាក់​ ដែល​ចូលរួម​មហា​បាតុកម្ម​នៅពេលនេះ​ ប្រាប់​វិទ្យុអាស៊ីសេរី​ ថា​ កញ្ញា ​និង​ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេសកូរ៉េ​ផ្សេងទៀត ​ធ្វើដំណើរ​តា​មឡានក្រុង​ រយៈពេល ​៤ ម៉ោង​ ដើម្បី​ចូលរួម​មហាបាតុកម្ម​​ សម្តែងមតិ​ក្នុង​ក្រុងសេអ៊ូល ពីព្រោះ​កញ្ញា​ ឈឺចាប់​នឹង​រដ្ឋាភិបាល​កម្ពុជា​ ធ្វើបាបពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស ​ឱ្យ​រង​ទុក្ខវេទនា​ឥតឈប់ឈរ ជាពិសេស​ក្តី​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី ​ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍ត្រីកោណ CLV របស់​រដ្ឋាភិបាល។

កញ្ញា ឆូ ដាវី «អ្នកណា​ក៏​ដោយ​ ឱ្យតែ​ប្រឆាំង​នឹង​គំនិត​របស់​គាត់ ​​(លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត)​ គឺ​​គាត់​​ចាត់ទុក​ថា ​ក្បត់ជាតិ អ៊ីចឹង​ហើយ បងប្អូន​យើង​មិន​សុខចិត្ត​ទេ ពីព្រោះ​ទឹកដី​ខ្មែរ​ទាំងអស់​នេះ ​មិនមែន​ជា​កម្មសិទ្ធិ​រដ្ឋាភិបាល ក្រុម​គ្រួសារ​ត្រកូល​ ហ៊ុន តែមួយ​ក្តាប់​នោះ​ទេ គឺ​ជា​ទឹកដី​របស់​បងប្អូន​ទាំងអស់​គ្នា អ៊ីចឹង​ហើយ​បងប្អូន​ដែល​ចូលរួម​នេះ​ មិន​សុខចិត្ត​ជា​ដាច់ខាត»។

តំណាង​គណៈកម្មាការរៀបចំ​បាតុកម្ម​ នៅ​ប្រទេសកូរ៉េ​ខាងត្បូង ​លោក មាស វិសាល ប្រាប់​ថា​ បាតុកម្មនេះ​មាន​សន្ទុះខ្លាំង​ជាង​លើក​ណាៗ​ទាំងអស់។ លោក​បន្តថា ​អ្នកចូលរួម​បាតុកម្ម​ មាន​ស្មារតី​សាមគ្គីភាព​ជាតិ​និយម​ខ្ពស់ ដោយ​មិន​ខ្លាច​ការគំរាម​របស់​មេដឹកនាំ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ម្យ៉ាងទៀត​ពលរដ្ឋខ្មែរ​នៅទី​នោះ បើទោះបី​រស់​នៅ​ក្រៅ​ប្រទេស​សុខស្រួល​យ៉ាងណា​ក្តី ក៏​ពួកគាត់​ មិន​ភ្លេច​មាតុភូមិកំណើត​ឡើយ។

លោក មាស វិសាល ៖ « ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​កូរ៉េ​ មាន​តែ​ប៉ុន្មាន​ម៉ឺន​នាក់ តែយើង​ឃើញ​ថា​ ពួកគាត់​មិន​ងាយ​សុំ​ច្បាប់​គេ​ (ថៅកែ)​ មក​ចូលរួម​បាតុកម្ម ឈប់មួយ​ថ្ងៃៗ​មិន​ងាយ​ទេ ការលះបង់ ការបង្ហាញ​ចំនួន​អ្នក​ចូលរួម​នៅ​ថ្ងៃនេះ​ គឺ​ជា​ការដាក់​សម្ពាធ និង​បង្ហាញ​ទៅ​រដ្ឋាភិបាល​ ឱ្យ​ទទួល​ស្គាល់​ថា​ ប្រជាពលរដ្ឋ​មិន​គាំទ្រការសម្រេច​នោះ អ៊ីចឹង​សូម​ស្តាប់​ប្រជាពលរដ្ឋ បើ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ ងើប​ប្រឆាំងដូច​ប្រទេស​ដទៃ »។

ចំណែក​ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេសប៉ុន​រាប់រយ​នាក់ {ជាង ៧០០​នាក់} ​​នៅ​ថ្ងៃ​ទី១១ ខែសីហា​ ក៏បាន​ចេញ​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុងតូក្យូ​ (Tokyo) ដើម្បី​ប្រឆាំង​នឹង​គម្រោងតំបន់ត្រីកោណ​ CLV នេះ​ដែរ។ ក្រុម​បាតុករ​ បាន​ជួបជុំ​សម្តែងមតិ និង​ដើរ​ដង្ហែក្បួន​បាតុកម្ម ចេញ​ពី​សួនច្បារ​ស៊ីន​យូហ្គឹ ជូអូ​ (Shinjuku Chuo) ឆ្ពោះ​ទៅ​សាលាក្រុង​ស៊ីនយូហ្គឹ ​(Shinjuku City Hall)។

តំណាង​បាតុករ​នៅ​ប្រទេស​ជប៉ុន ​លោកស្រី មាស ភារ៉ា ប្រាប់​វិទ្យុអាស៊ីសេរី​ ថា​បាតុកម្ម​រៀបចំ​ឡើង​ព្រមៗ​គ្នា នេះ​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​​ ពលរដខ្មែរ ខ្វល់ខ្វាយ​​ពី​ជោគវាសនា​របស់​ប្រទេសជាតិ ដោយ​ភ័យខ្លាច​ជាប់​ផុង​ខ្លួន ​ដូច​ទឹកដី​កម្ពុជាក្រោម ​កាល​ពី​សម័យ​អតីតកាល។ លោកស្រី​មើលឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា ​បកស្រាយ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កន្លងមក ​មិន​មាន​សុច្ចរិតភាព និង​គ្មាន​តម្លាភាព ​ដែល​មិន​អាច​ធ្វើឱ្យ​ពលរដ្ឋខ្មែរ​ ជឿជាក់​រឿង​ទឹកដី ​ជាមួយប្រទេស​វៀតណាម ​បាន​ឡើយ។

លោកស្រី មាស ភារ៉ា ៖ «យើង​មិន​ចូលរួម​ការដាក់​គម្រោង​នោះ ​ចូលរួម​អភិវឌ្ឍន៍ គាត់ចេញ​មក​គំរាម​ថា​ អ្នក​និយាយ​ពាក់ព័ន្ធ​រឿង​ហ្នឹង ​ចាប់​ដាក់​គុក ខ្ញុំ​ថា​របប​គាត់​ជិតអស់​ថ្ងៃ​បញ្ចាប់​ហើយ គាត់​អត់​ចេញ​ធ្វើអ្វី​ក្រៅ​ពី​គំរាម​ ចា៎ មេដឹកនាំ​ល្អ​ គេ​ត្រូវ​ដោះស្រាយ គេ​អត់​មាន​យក​ការគំរាម បំភ័យ​ពលរដ្ឋ​ទេ»។

គណៈកម្មការរៀបចំ​បាតុកម្ម​ នឹង​យក​ញត្តិ​ដែល​ជាសំណើ និង​ក្តី​កង្វល់​របស់​បាតុករ ទៅ​ដាក់​នៅ​ស្ថានទូត​កម្ពុជា និង​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ​ឆាប់ៗ​នេះ។

រដ្ឋាភិបាល​ប្រទេសកម្ពុជា វៀតណាម និង ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់ ត្រីកោណ​អភិវឌ្ឍន៍ ​(CLV) កាល​ពី​ឆ្នាំ ១៩៩៩។ គម្រោង​នេះ មាន​ខេត្ត​ចំនួន ១៣ ជា​ចំណុះ ដោយ​ប្រទេសកម្ពុជា​មាន​ ៤ ខេត្ត ​នៅ​ភាគឦសាន ដែល​មាន​ពលរដ្ឋ សរុប​តែ​ជាង ៥០ ម៉ឺននាក់។ ប្រទេស​ឡាវ​មាន​ ៤ ខេត្ត  ដែល​មាន​ប្រជាជន​សរុបជាង ​៧០ ម៉ឺននាក់។ រីឯ​ប្រទេសវៀតណាម​ មាន ​៥ ខេត្ត ដែល​មាន​ប្រជាជន រហូតដល់​ជាង ៧ លាននាក់។

លោក ហ៊ុន សែន តែងតែ​ព្រមាន​ពី​ការប្រើប្រាស់​គុកច្រវ៉ាក់ ​ចំពោះ​ពលរដ្ឋ​ដែលហ៊ាន​បញ្ចេញមតិ ​រឿង​ទឹកដី​នេះ ប៉ុន្តែ​ពលរដ្ឋខ្មែរ​នៅតែ​មិន​ចុះញ៉ម ​ចំពោះ​ការគំរាម​នេះ​ឡើយ។

វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការឆ្លើយតប​ពី​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃ​ទី១១ ខែសីហា។ ប៉ុន្តែ​លោកប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ដោយ​ចោទ​ថា ​បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស ​រៀបចំ​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល។

ទោះជាយ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ លោក ម៉ែន ណាត គាំទ្រពលរដ្ឋខ្មែរ​ធ្វើ​បាតុកម្ម ពីព្រោះ​បញ្ហាទឹកដី​ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់ ​ត្រូវ​ឈឺឆ្អាល និង​ចូលរួម​ឱ្យ​បាន​ច្រើន។ លោក​សង្កេតឃើញ​ថា ​បាតុកម្ម​របស់​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស ​ដូចជា​នៅប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ អូស្រ្តាលី ​ជាដើម បង្ហាញឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ ពលរដ្ឋខ្មែរ ​លែង​ខ្លាច​សារគំរាម​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទៀត​ហើយ។

លោក ម៉ែន ណាត ៖ «រឿង​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ ជា​រឿង​របស់​ជាតិ​ ដែល​ពលរដ្ឋខ្មែរ ភ័យ​បារម្ភថា​ ថ្ងៃក្រោយ​ទៅ​ យើង​បាត់​គ្រប់គ្រង​ទឹកដី​ជាតិ​យើង ម៉្លេះ​ហើយ ​គាត់​មាន​មនសិការ​ដោយ​ខ្លួនឯង ចេញ​មក​តវ៉ា​ដោយ​ទឹកចិត្ត​ខ្លួនឯង គាត់​ភ័យ​បារម្ភ​ពី​ជាតិ​លិចលង់ ពីព្រោះ​ប្រវត្តិសាស្រ្ត​ខ្មែរ​ មាន​រឿង​ច្រើន​ហើយ​ ពាក់ព័ន្ធ​មហិច្ឆតា​របស់​វៀតណាម »។

ប្រជាពលរដ្ឋខ្មែរ​ស្ទើរ​គ្រប់​និន្នាការ​នយោបាយ​ ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បាន​រួមកម្លាំង​សាមគ្គី​គ្នា ​ចេញ​សម្តែងមតិ និង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត ងាកមក​ស្តាប់មតិ​របស់​ប្រជាពលរដ្ឋ ដោយ​បញ្ឈប់​ដាក់ខេត្តខ្មែរ​ ចំនួន ៤ ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស (CLV)។ ក្រុមបាតុករ​ព្រមាន​ថា​ ពួកគាត់​នឹង​បន្ត​ចេញ​ធ្វើបាតុកម្ម​កាន់តែ​ធំ​ថែមទៀត បើសិន​រដ្ឋាភិបាល ​មិន​ព្រមដក​ខ្លួន​ចេញ​គម្រោង​នេះ​នោះទេ៕

តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia - Laos - Vietnam)
តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia – Laos – Vietnam)

ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​រាជរដ្ឋាភិបាល​ ដាក់​ទឹកដី​រកស៊ី​ចូល​គ្នា​ក្នុង​គម្រោង CLV

The Cambodia Daily
13-8-2024

ក្រុម​បាតុករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង ​អូស្ត្រាលី ព្រមាន​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ថា​បើ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​ ជាមួយ​ឡាវ និង​ វៀតណាម (CLV) ទេ មាន​តែ​ប្រជាពលរដ្ឋ​ ប្រើ​សិទ្ធិ​ទម្លាក់​រដ្ឋាភិបាល​ស៊ូពូជ​ថ្មី​នេះ​វិញ​តែប៉ុណ្ណោះ ដើម្បី​ការពារ​ទឹកដី​ខ្មែរ

គណៈកម្មការ​បាតុកម្ម​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យ៉ង់ ស៊ីណេត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ សីហា នេះ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ មិន​ព្រម​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ ជាមួយ​វៀតណាម ទេ ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក៏​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ដែរ ព្រោះ​នេះ​គឺ​សិទ្ធិ​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ មាន​សិទ្ធិ​ចូលរួម​កិច្ចការ​ប្រទេស​ជាតិ និង​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​គិតគូរ​ពី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក យ៉ង់ ស៊ីណេត អះអាង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ ​ក្នុង​នាម​ជា​ម្ចាស់​វាសនា​លើ​ទឹកដី​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ការពារ​តាមរយៈ​នៃ​ការ​សម្ដែង​មតិ​ តវ៉ា​ទាមទារ​នូវ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដូច្នេះ​បើ​រាជរដ្ឋាភិបាល​ នៅតែ​បន្ត​រំលោភ​បំពាន​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទៀត​នោះ កំហឹង​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក និង​កំហឹង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស ច្បាស់​ជា​ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង​ជាង​នេះ។

សកម្មជន​សង្គម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង រូប​នេះ​ សម្ដែង​មោទនភាព​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​សាធារណរដ្ឋ​កូរ៉េ ជាង ៣ ​ម៉ឺន​នាក់ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​វិញ។

លោក យ៉ង់ ស៊ីណេត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​នៅ​គ្រប់​ទិសទី ក្រោក​ឡើង​ចូលរួម​ការពារ​ទឹកដី​របស់​ខ្លួន ​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ លុះត្រាតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​ខ្លួន​ចេញពី​គម្រោង​នេះ ដើម្បី​ការពារ​ទឹកដី​ខ្មែរ​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

គណៈកម្មការ​បាតុកម្ម​រូប​នេះ ​បញ្ជាក់​ថា បើ​ខ្មែរ​បាត់បង់​ទឹកដី​ ខ្មែរ​ក៏​ប្រាកដ​ជា​នឹង​បាត់បង់​ពូជសាសន៍​ដែរ ដូច្នេះ​ពូជសាសន៍​ខ្មែរ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ដ៏​រុងរឿង និង​ជា​ពូជសាសន៍​កសាង​អង្គរ​ដ៏​មហិមា ​មិនមែន​ជា​ទំនិញ​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​ វេច​ខ្ចប់​ធ្វើ​ជា​កាដូ​ ប្រគល់​ឱ្យ​បរទេស​ជិតខាង ដើម្បី​ដោះដូរ​នឹង​អំណាច​នោះ​ទេ។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជាង ៣​ ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​សេអ៊ូល ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ក្រោម​ហេតុផល​ថា គម្រោង​អភិវឌ្ឍន៍​នេះ ​គឺជា​ល្បិច​ឈ្លានពាន​ទឹកដី​ខ្មែរ ​ពី​ប្រទេស​វៀតណាម

ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​អូស្ត្រាលី រាប់​ពាន់​នាក់ ក៏​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ដែរ​ កាលពី​ថ្ងៃ​អាទិត្យ {១១ ខែសីហា} កន្លង​ទៅ​នេះ។

ការ​ធ្វើ​បាតុកម្ម​នេះ ក្រុម​បាតុករ​បាន​កាន់​បដា​រូប​សកម្មជន​សង្គម​ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ ជុំវិញ​ការ​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដូចជា លោក ស្រ៊ុន ស្រ៊ន លោក នី ណាក់ លោក កើត សារ៉ាយ និង​កញ្ញា ភឹង សោភា ជាដើម ក្នុង​បំណង​ឱ្យ​រដ្ឋាភិបាល​ ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។

ដំណាល​ពេល​គ្នា​នោះ កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយ​ចាត់ទុក​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ ថា​ជា​ក្រុម​ប្រឆាំង​ជ្រុល​និយម​ ក្នុង​ចេតនា​បំផ្លាញ​ប្រទេស​កម្ពុជា និង​សន្តិភាព។

អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បញ្ជាក់​ជំហរ​ថា ខ្លួន​ប្ដេជ្ញា​ការពារ​រដ្ឋាភិបាល​ស៊ូពូជ​ថ្មី​ ដែល​មាន​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​​ឱ្យ​បាន​ដាច់ខាត ដោយ​ការ​តាម​បង្ក្រាប កម្ទេច កម្ចាត់​ចោល​ក្រុម​ដែល​បះបោរ ​ដែល​មាន​បំណង​បង្ក​វិទ្ធង្សនា​ផ្សេងៗ ទោះជា​ស្ថិត​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ។

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នៃ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស លោក ប៉ែន បូណា អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​យុវជន​ខ្មែរ​ប្រយ័ត្ន​ចាញ់បោក​ក្រុម​ជ្រុល​និយម ​ដែល​មាន​បំណង​ចង់​ដុត​បំផ្លាញ​ប្រទេស​ជាតិ និង​រុញ​ប្រទេស​ ឱ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរ និង​សង្គ្រាម​ស៊ីវិល​ឡើងវិញ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ថា ក្រុម​ជ្រុល​និយម ​នឹង​មិន​អាច​សម្រេច​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​កើត​ចេញពី​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​បាន​ឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​អធិបតេយ្យ​ជាតិ​ទឹកដី។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​នៅ​ថ្ងៃទី​១២ សីហា នេះ​ថា ស្មារតី​រឹងមាំ​ស្នេហា​ជាតិ​ នៅ​មាន​ពេញ​ខ្លួន​យុវជន​ខ្មែរ​គ្រប់​ទីកន្លែង ព្រោះ​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ បាត់បង់​ធនធាន​ធម្មជាតិ សម្បត្តិ​ជាតិ និង​បាត់បង់​ទឹកដី​ទាំងមូល​ ទៅ​ប្រទេស​ជិតខាង។ លោក សម រង្ស៊ី បញ្ជាក់​ថា បាតុកម្ម​នេះ​ គឺជា​បាតុកម្ម​ការពារ​ទឹកដី មិនមែន​បាតុកម្ម​ដើម្បី​និន្នាការ​នយោបាយ​ឡើយ៕