The Cambodia Daily
25-9-2024

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ដោះលែង​សកម្មជន​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV = [Cambodia-Laos-Vietnam]) សកម្មជន​បរិស្ថាន និង​អ្នក​នយោបាយ​នៃ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ រួម​ទាំង​លោក កឹម សុខា [មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ] ផង​ដែរ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ធានា​ភាព​ពេញលេញ​ នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ ស្ដីពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ដើម្បី​ចូលរួម​អបអរ​ទិវា​រដ្ឋធម្មនុញ្ញ​គម្រប់​ខួប ៣១​ឆ្នាំ​ ឱ្យ​មាន​អត្ថន័យ​ពេញលេញ លុះត្រាតែ​រដ្ឋាភិបាល​ គោរព​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ ដូច​មាន​ចែង​ក្នុង​ច្បាប់​កំពូល​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា ដើម្បី​បង្ហាញ​ពី​ការ​គោរព​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ត្រូវតែ​លុប​ចោល​រាល់​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ទាំងឡាយ​ ជាមួយ​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​វៀតណាម ទាំង​ព្រំដែន​គោក ព្រំដែន​សមុទ្រ រួម​ទាំង​កិច្ចព្រមព្រៀង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​តំបន់ CLV ជាង ២៤ ​ម៉ឺន​ហិកតា​ផង​ដែរ ដើម្បី​ឲ្យ​ស្រប​តាម​ខ្លឹមសារ ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​ផ្សះផ្សា​ស្មារតី​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ទម្លាក់​ចោល​នូវ​និន្នាការ​នយោបាយ​ទាំងអស់ និង​ត្រូវ​ឈប់​ប្រើ​ពាក្យ​ប្រមាថ លាប​ពណ៌ ឬ​គំរាមកំហែង​បន្ត​ទៀត។ បន្ថែម​ពី​នេះ ត្រូវ​កែលំអ​ច្បាប់​នានា​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ទាំងអស់ ដូចជា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម ច្បាប់​ស្ដីពី​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ រូប​នេះ​ បញ្ជាក់​ថា រដ្ឋាភិបាល​ក៏​ត្រូវតែ​ធានា​ឲ្យ​មាន​យុត្តិធម៌​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​ ក្នុង​របប​ប្រជាធិបតេយ្យ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ផង​ដែរ នោះ​ទើប​ច្បាប់​កំពូល​មួយ​នេះ​ មាន​ខ្លឹមសារ​ពេញលេញ​ សម្រាប់​ធានា​គោលការណ៍​នីតិរដ្ឋ​របស់​កម្ពុជា ​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី ​៣១​ឆ្នាំ​ នៃ​ទិវា​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ប្រើប្រាស់​ចាប់​តាំងពី​អំឡុង​ទសវត្សរ៍​១៩៩០ មក។

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ និង​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

គិត​តាំងពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ១០ ​លើក​រួច​មក​ហើយ និង​ត្រូវ​គេ​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​ទាំងនោះ​ សុទ្ធសឹងតែ​ដើម្បី​ការ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ទាំងអស់ ជាពិសេស​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​ការ​កែប្រែ​មួយ ​ដើម្បី​តែ​ការ​ធានា​នូវ​ការ​ផ្ទេរ​អំណាច​ ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​ទៅ​កូន គឺ​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​លើ​ច្បាប់​កំពូល​មួយ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៣១ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ឱ្យ​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​ នរោត្តម សីហមុនី ប្រកាស​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ខណៈ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ ជុំវិញ​ខួប​លើក​ទី​៣១ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​នេះ​ទេ។

ចំណែក​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា គ្រាន់តែ​សរសេរ​សារ​ខ្លី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សូម​អបអរ​សាទរ​ខួប​លើក​ទី​៣១ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤ តែប៉ុណ្ណោះ៕

…..

អត្ថបទ​ដើម​ទាំងស្រុង​របស់​លោក ម៉ែន ណាត ដូចខាង​ក្រោម ៖

ដើម្បី​ចូលរួម​អបអរ​ទិវា​រដ្ឋធម្មនុញ្ញ​កម្ពុជា គម្រប់ខួប ៣១​ឆ្នាំ នា​ថ្ងៃទី​២៤ ខែ​កញ្ញា អាច​មានន័យ​ពេញ​លេញ​ទៅ​បាន លុះត្រា​រដ្ឋាភិបាលកម្ពុជា ត្រូវគោរពស្មារតីដើម​នៃ​រដ្ឋធម្មនុញ្ញ ឡើងវិញ។ ដូច្នេះ យើង​ខ្ញុំ​សូម​អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ស្តារ​ប្រក្រតី​ភាព​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ គឺ​៖

#ទី១. ត្រូវ​ដោះលែង​សកម្មជន​រឿង CLV សកម្មជន​បរិស្ថាន និង​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាលទាំងអស់ រួមទាំង​លោក កឹម សុខា ផង​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បីឲ្យ​ស្រប​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ស្តីពី​សិទ្ធិ​ពលរដ្ឋ នយោបាយ សេដ្ឋកិច្ច និង​សង្គម។

#ទី២. ត្រូវ​លុប​ចោល​រាល់​កិច្ច​ព្រមព្រៀង និង សន្ធិសញ្ញា​ទាំងឡាយ ជាមួយ​ប្រទេស​ជិត​ខាង ជាពិសេស​វៀត​ណាម ទាំងព្រំដែនគោក ដែនសមុទ្រ និង កិច្ចព្រមព្រៀងផ្តល់ដីសម្បាទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវៀតណាម ក្នុងតំន់ CLV កម្ពុជា​ជាង ២៤ ម៉ឺន​ហិចតា​ផង ដើម្បីឲ្យ​ស្រប​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ មាត្រា២ និង​មាត្រា៥៥។

#ទី៣. ត្រូវផ្សះផ្សា​ស្មារតីជាតិរវាងខ្មែរ និង​ខ្មែរ ដោត​ទម្លាក់ចោល​នូវនិន្នាការនយោបាយទាងអស់ និង​ត្រូវ​ឈប់​ប្រើ​ពាក្យ​ប្រមាថ លាបពណ៌ ឬ​គំរាមកំហែង ក្នុងចំណោម​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល។

#ទី៤. ត្រូវ​កែ​លម្អ​នូវ​រាល់​ច្បាប់​ទាំង​ឡាយ​ណា ដែល​ផ្ទុយ​ ឬ​ប្រតិសកម្ម​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ជាតិ។ ឧទាហរណ៍​ ច្បាប់​ស្តីពី​ការ​ធ្វើបាតុកម្ម, ច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ ជាដើម។

#ទី៥. ត្រូវធានា​ឲ្យ​មាន​យុត្តិធម៌​ស្មើភាព​គ្នា​ចំពោះ​មុខ​ថ្បាប់​ឡើង​វិញ ឲ្យ​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ក្នុង​របប​ប្រជាធិបតេយ្យ​ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។

អត្ថបទដោយ ម៉ែន ណាត
នៃ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​ម្ពុជា
(ប្រទេសន័រវែស ២៤ កញ្ញា ២០២៤)

លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា។ (រូបថត ខែកក្កដា ២០២៤)
លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា។ (រូបថត ខែកក្កដា ២០២៤)
សកម្មជន​សង្គម លោក ធែល ធីលែន។ (រូបថត៖ ២៩ សីហា ២០២២)
សកម្មជន​សង្គម លោក ធែល ធីលែន។ (រូបថត៖ ២៩ សីហា ២០២២)
រាប់​ពី​ឆ្វេង (From left)​៖ លោក ថុន រដ្ឋា (Thon Ratha) - កញ្ញា ឡុង គន្ធា (Long Kunthea) - លោក យឹម លាងហ៊ី (Yim Leanghy) - លោក លី ចាន់ដារ៉ាវុត (Ly Chandaravuth) - កញ្ញា ភួន កែវរស្មី (Phoun Keo Raksmey)។ រូបថត​ខែមិថុនា ឆ្នាំ២០២៤ (Photo in June 2024)។
រាប់​ពី​ឆ្វេង (From left)​៖ លោក ថុន រដ្ឋា (Thon Ratha) – កញ្ញា ឡុង គន្ធា (Long Kunthea) – លោក យឹម លាងហ៊ី (Yim Leanghy) – លោក លី ចាន់ដារ៉ាវុត (Ly Chandaravuth) – កញ្ញា ភួន កែវរស្មី (Phoun Keo Raksmey)។ រូបថត​ខែមិថុនា ឆ្នាំ២០២៤ (Photo in June 2024)។
រូបភាព​លោក ម៉ែន ណាត និងលោក ហ៊ុន សែន អំពីតំបន់អភិឌ្ឍន៍ CLV ។ (រូបថត ឆ្នាំ២០២៤)
រូបភាព​លោក ម៉ែន ណាត និងលោក ហ៊ុន សែន អំពីតំបន់អភិឌ្ឍន៍ CLV ។ (រូបថត ឆ្នាំ២០២៤)