អត្ថបទដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា
20-11-2024

បណ្ឌិត ហង់ ជួនណារ៉ុន សព្វថ្ងៃ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងគីឡា​កម្ពុជា។ កាលពីឆ្នាំ២០១៣ លោកបានសរសេរ​សារណា​បញ្ចប់ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុង​​ប្រធានបទ «ទស្សនទាន​ស្តីពី​វិវាទ​ព្រំដែន​សមុទ្រ រវាង​កម្ពុជា និង​ថៃទ្បង់ដ៍ ក្នុង​បរិបទ​នៃ​យុត្តិការ​អន្តរជាតិ» បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះគុត ដែល​មានផែនទីភ្ជាប់ផង គឺ​ជា​របស់​កម្ពុជា។ (សូមអាន ឬ​ទាញយក​​ត្រង់​​នេះ ឯកសារភ្ជាប់ “Read or download here”)

សារណានេះ ជា​ប្រភេទ​ឯកសារ​ស្រាវជ្រាវផ្លូវការ ផ្អែក​លើ​មូលដ្ឋានឯកសារ «សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និងឆ្នាំ១៩០៧»។ ក្នុង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ១៩០៧ មាន​​ភ្ជាប់​ពិធីសារ​ជា​ឧបសម្ពន្ធ័ ផែនទី ​គណៈកម្មការ​ព្រំដែន ដែល​បាន​កំណត់​ព្រំដែន​សមុទ្រ រវាង​សៀម និង​​ឥណ្ឌូចិន​បារាំង (កម្ពុជា)។ សារណា​ដដែល​នេះ​ បានសង្កត់ធ្ងន់ថា «ខ្សែ​បន្ទាត់​មួយ​ភ្ជាប់​កំពូល​ខ្ពស់​ជាង​គេ​របស់ កោះគុត ទៅ​នឹង​ចំណុច​មួយ​នៃ​តំបន់​ឆ្នេរ ដែល​ស្ថិត​នៅ​ទល់​មុខកោះគុត»។ កំពូលខ្ពស់​ជាងគេ​នៃ​កោះគុត គឺ​ភាគីកម្ពុជា ទទួល​បាន​យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​​នៃ កោះគុត

សូមអាន​ឯកសារសារណា​លោក ហង់ ជួនណារ៉ុន ដែល​សរសេរ​ពាក់ព័ន្ធ​រឿងវ៉ាវ ដែន​​សមុទ្រ​ក​ម្ពុជា​-​ថៃ ចាប់​ពីទំព័រ ៤២ តទៅ៖

  • អំពី​ព្រំដែន​កម្ពុជា​-​ថៃ ចាប់​ពី​វាក្យខណ្ឌទី៤ នៃទំព៍រ ៤៥
  • ពាក់ព័ន្ធ​រឿងរ៉ាវ កោះគុត ពីទំព័រ ៥០ ដល់ទំព័រ ៥៩
  • ផែនទីភ្ជាប់សន្ធិសញ្ញា ចាប់ពីទំព័រ ១៨៥ ដល់ទំព័រ ១៩៤។

ឯកសារនេះ គឺ​ជា​ផ្នែក​មួយ​នៃ​សក្ខីកម្ម​​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និង​ក្រុមមេដឹកនាំ ឲ្យ​គិតគូរ​ជាចំបង​នូវ​ស្មារតីជាតិ ការពារ​ផល​ប្រយោជន៍​ជាតិ និងពលរដ្ឋ​​របស់​ខ្លួន។

សូមបញ្ជាក់ថា រឿងរ៉ាវកោះគុត និងតំបន់​សមុទ្រ​ត្រួតស៊ីគ្នា រវាង​កម្ពុជា និងថៃ គឺជា​ប្រធានបទ​ក្តៅ​គគុក បន្ទាប់​ពីអ្នក​នយោបាយ​ថៃ អ្នកស្រាជ្រាវ​ថៃ និង​អ្នកជាតិ​និយម​ថៃ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​ឲ្យ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ថៃ នៅ​លើ​ឈូង​សមុទ្រថៃ។

ចំណែក​ពលរដ្ឋខ្មែរ អ្នកសិក្សាស្រាវជ្រាវឯករាជ្យ អ្នកប្រជាធិបតេយ្យ និង​អ្នកជាតិ​និយម​ខ្មែរ ក៏នាំគ្នាជំរុញឲ្យ​រដ្ឋាភិបាល​​កម្ពុជា ត្រូវ​ប្តឹង​​ប្រទេស​ថៃ លើ​សំណុំ​រឿង​កោះគុត និង​​ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ ទៅ​កាន់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ (Permanent Court of Arbitration “PCA”) មុនពេលការចុះកិច្ចព្រមព្រៀងណាមួយ​រវាង​ប្រទេស​ទាំង​ពីរ ស្តីពី​តំបន់​​រុករករ៉ែ​រួមគ្នា។

កោះគុត មាន​ផ្ទៃក្រឡា​​ប្រមាណ ១០៥ គីឡូម៉ែត្រ​ក្រឡា មាន​បណ្តោយ​ប្រមាណ ២៥ គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៩ គីឡូ​ម៉ែត្រ។

មានឯកសារផ្លូវការជាច្រើន​បញ្ជាក់ថា កោះគុត ត្រូវ​បាន​ភាគី​ថៃ​​ដណ្តើម​គ្រប់គ្រង​ទាំង​ស្រុង នៅ​ឆ្នាំ​២០១០ បន្ទាប់​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​គប់គិត​គ្នា​ធ្វើ​កិច្ច​ព្រម​ព្រៀងទ្វេភាគីស្ងាត់ៗ នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ ដោយ​គ្មានវត្តមាន​ភាគី​កម្ពុជា ហើយបាន​​កាត់​ឆ្វៀល​យក​ផ្ទៃ​សមុទ្រ​កម្ពុជា ទៅចែកគ្នា​​ប្រមាណ ៣ ម៉ឺន គីឡូម៉ែត្រក្រឡា​ក្នុង​ភាគី​នីមួយៗ។ គូរ​បញ្ជាក់​ថា ផ្ទៃ​មុទ្រ​​កម្ពុជា​សរុប​មាន ៩៥ ម៉ឺនគីឡូំម៉ែត្រក្រឡា។ ថៃ និងវៀតណាម លួចធ្វើកិច្ចព្រមព្រៀងស្ងាត់ៗ​នា​ពេលនោះ គឺផ្អែកតាមមូលដ្ឋាន​កិច្ចព្រមព្រៀងទ្វេភាគីខុសច្បាប់ នៅ​ខែកក្កដា ឆ្នាំ​១៩៨២ ស្តីពី​ដែនទឹកប្រវត្តិ​សាស្ត្រ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស ​នៃ​រដ្ឋាភិបាល​ទីក្រុងភ្នំពេញ គឺ​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​វៀតណាម ត្រួត្រា​កម្ពុជា​ខុស​ច្បាប់​នា​ពេល​នោះ។

នៅឆ្នាំ២០០១ រដ្ឋាភិបាលកម្ពុជា របស់​លោក ហ៊ុន សែន និងរដ្ឋាភិបាលថៃ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពី​ការរុករករ៉ែរួមគ្នា នៅលើតំបន់ត្រួតស៊ីគ្នា ដែល​មាន​ទំហំ ២៦០០០ គីឡូ​ម៉ែត្រ​ក្រឡា ក្នុង​ចំណោម​ទំហំ​ផ្ទៃក្រឡា ដែល​បាន​កាត់​ឆ្វៀល​ដែន​សមុទ្រ​ខ្មែរ ៣ ម៉ឺន គីឡូម៉ែត្រក្រឡានោះ។ អ្នកជំនាញ និងអ្នកស្រាវជ្រាវឯករាជ្យខ្មែរ បាន​ស្តីប​ន្ទោសថា កម្ពុជា មិន​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ ដោយ​គ្មាន​ការ​កំណត់ព្រំដែន នៅ​លើ​ដែនសមុទ្រ​នេះ​ឡើយ។