ដោយ ឡេង ម៉ាលី | RFA Khmer
16-11-2024

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បាន​លើក​ឡើង​ថា ការ​ចរចា​ជុំវិញ​បញ្ហា​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» ជាមួយ​កម្ពុជា ត្រូវ​ធ្វើ​តាម​ក្របខ័ណ្ឌ អនុស្សរណៈ​យោគយល់​គ្នា MOU៤៤ រវាង​កម្ពុជា-ថៃ កាល​ពី​ឆ្នាំ២០០១ បើ​មិន​ដូច្នេះ​ទេ នឹង​កើត​មាន​សង្គ្រាម។ អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​ភាគី​ប្រទេស​ទាំង​ពីរ​នេះ ដោះស្រាយ​ជម្លោះ​នេះ នៅ​ស្ថាប័ន​​តុលាការ​អន្តរជាតិ ដើម្បី​​រក្សា​​ទំនាក់​ទំនង​​ការ​ទូត ជា​ជាង​ការ​ប្រើប្រាស់​កម្លាំង​យោធា។

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) អះអាង​ថា ប្រទេស​ថៃ​ មាន​បទ​ពិសោធន៍​ចាញ់​ក្ដី​ជាមួយ​កម្ពុជា ​នៅ​ប្រាសាទ​ព្រះវិហារ​ម្ដង​រួច​មក​ហើយ ដូច្នេះ ថៃ​នឹង​មិន​ឱ្យ​បាត់បង់​ទឹកដី​កោះ​គុត ​ទៅ​ឱ្យ​កម្ពុជា​ម្ដង​ទៀត​នោះ​ទេ។

លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ដោយ​លើក​ឡើង​ថា ភាគី​កម្ពុជា និង​ថៃ ត្រូវតែ​អនុលោម​ទៅ​តាម​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ២០០១ (MOU-44) ស្ដី​អំពី​ការ​អភិវឌ្ឍ​រួម​គ្នា សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដោយ​សន្តិវិធី បើ​មិន​ដូច្នេះ​ទេ នឹង​មាន​សង្គ្រាម​ប្រើ​អាវុធ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​កើត​ឡើង​ពី​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​របស់​យោធា មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​រូប​នេះ ​បញ្ជាក់​ថា ភាគី​ថៃ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ករណី ដែល​កម្ពុជា​យក​សំណុំ​រឿង​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» នេះ ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​អន្តរជាតិ ដោយ​រដ្ឋាភិបាល​ថៃ​ បាន​តាំង​មូលដ្ឋាន​យោធា និង​រដ្ឋបាល​នៅ​លើ​កោះ​គុត​នេះ ដូច​ទៅ​នឹង​ករណី​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ២០១៣ ដែល​កម្ពុជា​បាន​លើក​យក​ហេតុផល​ការ​តាំង​មូលដ្ឋាន​ទ័ព ​នៅ​លើ​ប្រាសាទ​ដូច​គ្នា​នេះ មក​ធ្វើ​ជា​ភស្តុតាង បង្ហាញ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ ទីក្រុងឡាអេ (The Hague) ដែល​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី ហើយ​ប្រាសាទ​ព្រះវិហារ​ ស្ថិត​នៅ​ជា​សម្បត្តិ​របស់​ខ្មែរ ​រហូត​មក​ទល់​សព្វថ្ងៃ។

លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បាន​អះអាង​ដូច​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ថា ការ​ចរចា​លើ​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ២០០១ (MOU 44) ជាមួយ​កម្ពុជា នឹង​មិន​រួម​បញ្ចូល​កោះ​គុត​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​មណ្ឌល​ខេត្តសៀមរាប លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ថា ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ គឺ​ផ្អែក​ទៅ​លើ​គំនិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ លោក អ៊ុំ សំអាន ថា ប្រសិន​បើ​គណៈកម្មការ នៃ​ភាគី​ប្រទេស​ទាំង​ពីរ ចរចា​បែងចែក​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» មិន​ដាច់​ស្រេច​នោះ​ទេ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គួរតែ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ​អន្តរជាតិ ដើម្បី​រក្សា​ទំនាក់ទំនង​ការ​ទូត ជា​ជាង​ការ​ប្រើ​កម្លាំង​យោធា។

លោក អ៊ុំ សំអាន«អ្វី​ដែល​យើង​លើក​ឡើង​នេះ មិន​មែន​ថា យើង​ចង់​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ​នោះ​ទេ គឺ​យើង​ចង់​ទាមទារ​តាម​ផ្លូវ​ច្បាប់។ ដូច្នេះ ប្រសិន​បើ​យើង​អះអាង​ថា កោះ​គុត ជា​របស់​យើង ថៃ​អះអាង​ថា កោះ​គុត​ជា​របស់​ថៃ យើង​ឡើង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទៅ ពេល​នោះ​គេ​កាត់ក្ដី​យ៉ាង​ម៉េច យើង​ទទួល​យក​សាលដីកា​របស់​តុលាការ​អន្តរជាតិ»

ទោះ​ជា​បែប​នេះ​ក្ដី លោក អ៊ុំ សំអាន អះអាង​ថា យោង​តាម​អនុសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ បារាំង​បាន​កំណត់​ព្រំដែន​សមុទ្រ​ ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត នៃ​កោះ​គុត​ជា​គោល ដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​នៃ​កោះ​នេះ ឬ​ស្មើនឹង ២/៣ នៃ​កោះ​គុត​ទាំង​មូល រីឯ​ភាគី​ថៃ​ទទួល​បាន​ដី ១/៣ នៃ​កោះ ហើយ​ប្រសិន​បើ​ថៃ​ នៅតែ​គ្រប់គ្រង​កោះ​គុត​ផ្ដាច់​មុខ​នោះ ប្រៀប​ដូច​ជា​ថៃ​បំពាន​យក​ដែន​សមុទ្រ​ខ្មែរ​ដែរ ព្រោះ​កោះ​គុត​នេះ​ហើយ ដែល​ដើរ​តួ​សំខាន់ ក្នុង​ការ​កំណត់​តំបន់​ត្រួត​ស៊ី​គ្នា។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា។

ក្នុង​ជំនួប​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា កម្ពុជា​នឹង​ជួយ​ដល់​ថៃ ប្រសិនបើ​ត្រូវ​ការ​សហការ​ពី​កម្ពុជា ​ក្នុង​កិច្ច​ព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា (MOU) និង​ថា កម្ពុជា​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គុត​នោះ​ទេ ហើយ​អ្វី​ដែល​កម្ពុជា​បារម្ភ​នោះ​គឺ ទាក់ទង​នឹង​ពេល​វេលា ដែល​គណៈកម្មាធិការ​បច្ចេកទេស (JTC) រួម​គ្នា នឹង​ត្រូវ​បង្កើត​ឡើង ដើម្បី​ចាប់​ផ្ដើម​ការ​ចរចា។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) បាន​អះអាង​ថា រដ្ឋាភិបាល​របស់​អ្នកស្រី ចាប់​ផ្ដើម​ចរចា​ជាមួយ​កម្ពុជា លើ​បញ្ហា​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» នៅ​ពាក់​កណ្ដាល​ខែវិច្ឆិកា​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា វិវាទ​ដែន​សមុទ្រ​រវាង​កម្ពុជា-ថៃ មិន​អាច​បញ្ឆេះ​ឱ្យ​មាន​ភ្លើង​សង្គ្រាម​បាន​នោះ​ទេ ជា​ពិសេស ក្នុង​កំឡុង​ដែល​គ្រួសារ​ត្រកូល ស៊ីណាវ៉ាត់ ស្ថិត​ក្នុង​អំណាច។ លោក ម៉ែន ណាត បន្ត​ថា កម្ពុជា​គួរតែ​លើក​យក​រឿង​កោះ​គុត មក​ដាក់​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​កិច្ចចរចា MOU ជាមួយ​ថៃ និង​ទាមទារ​ចំណែក ២ ភាគ ៣ នៃ​កោះ​នេះ យក​មក​គ្រប់គ្រង​វិញ។

លោក ម៉ែន ណាត «លោក ហ៊ុន សែន ដោយសារ​លោភលន់​រឿង​អំណាច អត់​ចរចា​កំណត់​ព្រំដែន​មុន​ទេ។ តាម​ធម្មតា​ការ​រុករក​រ៉ែ​នៅ​តំបន់​បាត​សមុទ្រ គឺ​ត្រូវ​កំណត់​ព្រំដែន​ឱ្យ​បាន​ជ្រះស្រឡះ​សិន ចាំ​រុករក​រ៉ែ​តាម​ក្រោយ​ទៅ គឺ​មិន​ទាស់​អ្វី​នោះ​ទេ។ ប្រសិន​បើ​យើង​គិត​លើ​ចំណុច​ហ្នឹង គឺ​ជា​កំហុស​របស់​លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន MOU បង្កើត​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដល់​មតិ​សាធារណជន ដល់​អ្នក​ស្រាវជ្រាវ ធ្វើ​ឱ្យ​ថៃ​ហ្នឹង មាន​លេស​កាន់កាប់​កោះ​គុត»

ថៃ​បាន​ចូល​កាន់កាប់​កោះ​គុត និង​ផ្នែក​ដែន​សមុទ្រ​ខ្មែរ​នៅ​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» (OCA) គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ ឆ្នាំ១៩៨២ ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ចោទ​ថា ការណ៍ ដែល​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​លោក ហ៊ុន សែន ចុះ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ​ឆ្នាំ១៩៨២ ជាមួយ​វៀតណាម និង​ការ​ធ្វើ​ឱ្យ​រាល់​សន្ធិសញ្ញា​ខុស​ច្បាប់​នានា កាល​ពី​សម័យ​នោះ រស់​ឡើង​វិញ តាម​រយៈ​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ២០០៥ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​អធិបតេយ្យ​លើ​កោះ​គុត និង​ដែន​សមុទ្រ​ខ្មែរ​ ប្រមាណ ៣ ម៉ឺន​គីឡូម៉ែត្រ​​ការ៉េ (៣០.០០០ គ.ម.ការ៉េ)។

កោះ​គុត​បច្ចុប្បន្ន ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ ដោយ​បង្កើត​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ប្រហែល ៣០ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើង​ទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សម​យុទ្ធ​ផង​ដែរ៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។