សារព័ត៌មាន The Cambodia Daily
11th-12-2024

ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ចង់​គេច​ពី​ទណ្ឌកម្ម​សហគមន៍​អឺរ៉ុប ដែល​បង្ហាញ​ថា លោក ហ៊ុន សែន នៅ​តែ​មាន​ចេតនា​ប៉ុនប៉ង​បំផ្លាញ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ កាន់តែ​ខ្លាំង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិមបូព៌ា គឺ​លោក ហ៊ុន សែន កំពុង​ភ័យ​ព្រួយ​ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ EBA ពី​សហភាព​អឺរ៉ុប និង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​គាត់​ប្រឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ មុន​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ត្រូវ​បាត់បង់ និង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ត្រូវ​ធ្លាក់​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នា​ពេល​ខាង​មុខ​នោះ។

លោក ម៉ែន ណាត លើកឡើង​ថា រដ្ឋាភិបាល​កូនប្រុស​របស់​គាត់ ​ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​នា​ពេលនេះ ក៏​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ជាង ១​ឆ្នាំ​មក​នេះ មិន​អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​ខ្មែរ​បាន​ទាល់តែសោះ កុំ​ថា​ឡើយ​ដល់​ទៅ​បញ្ហា​នយោបាយ​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​រូប​នេះ​បញ្ជាក់​ថា លោក​មើល​មិន​ឃើញ​ពី​ភាព​វិជ្ជមាន ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទាំង ៤ នៅ​មជ្ឈិមបូព៌ា​នា​ពេលនេះ​ទេ បើ​ទោះបីជា​ប្រទេស​ទាំងនោះ​មិន​សូវ​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ​ដូច​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ក៏ដោយ។

លោក​គូស​បញ្ជាក់​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ចាត់​ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ​កខ្វក់​ទាំង ១២ នៅ​លើ​ពិភពលោក ​កាលពី​ដើម​ឆ្នាំ​២០២៤ កន្លង​ទៅ ក៏​ជា​ឥទ្ធិពល​អាក្រក់​ដ៏​ធំ​មួយ​ សម្រាប់​ទំនុកចិត្ត​របស់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ ដែល​ចង់​រកស៊ី​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ដែរ។

ទោះជា​មាន​ការ​ប្រឹងប្រែង​ដើរតួ​លើ​ឆាក​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​កូន​ ពី​ឪពុក​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​ដោយ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​លុប​លាង​មុខ​មាត់​អំពី​រឿង​ឧក្រិដ្ឋកម្ម​អាស្រូវ​ដែល​ពិភពលោក​គេ​ដឹង​ឮ​រាប់​ឆ្នាំ​មក​ហើយ​នោះ​នៅឡើយ​ទេ។

មាន​ការ​សួរ​គ្នា​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ និង​បរទេស​នៅ​ក្រៅ​ប្រទេស​ថា តើ​មាន​ក្រុមហ៊ុន​ពី​ប្រទេស​គោរព​ច្បាប់​ទម្លាប់​ណា​ខ្លះ ​ហ៊ាន​ចូល​មក​ដាក់​ទុន​រកស៊ី​ ក្នុង​រាជាណាចក្រ​កម្ពុជា ថ្វីបើ​នៅ​មជ្ឈិមបូព៌ា​ មាន​រាជាណាចក្រ​មាន​ស្តេច​ដូច​ខ្មែរ​ក្តី។

កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រួម​ទាំង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ រយៈពេល​មួយ​សប្ដាហ៍​នៅ​បណ្តា​ប្រទេស​ក្នុង​មជ្ឈិមបូព៌ា។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ ​ជា​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​ផង ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ។

ក្រោយ​សេចក្តី​ជូនដំណឹង​ពី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន ១​ថ្ងៃ លោក ហ៊ុន សែន បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន ៣ ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែ​ធ្នូ នេះ មាន​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ប្រទេស​កាតា (Qatar) អារ៉ាប់រួមអេមីរ៉ាត (United Arab Emirate) និង​សាធារណរដ្ឋ​តួកគីយ៉េ (Turkeye) ផង​ដែរ៕