អត្ថបទ CWCI Cambodia
16-12-2024
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បានផ្សាយលិខិតចំហ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការដោះស្រាយវិវាទ កោះគុត និងដែនសមុទ្រកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ។ លិខិតចំហនេះ ចុះហត្ថលេខាដោយលោក ម៉ែន ណាត ដែលជាប្រធានក្រុមប្រឹក្សានេះ ចេញផ្សាយនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។ សូមទាញយក នៅត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងនៅខាងក្រោម។
លិខិតចំហ
ជំរុញដំណោះស្រាយសំណុំរឿង កោះគុត និងការកំណត់ដែនសមុទ្រកម្ពុជា-ថៃ ទៅកាន់តុលាការអន្តរជាតិ
សូមជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា
លោកនាយករដ្ឋមន្ត្រីជាទីគោរពរាប់អាន
ដោយកត់សម្គាល់ឃើញថា ជាច្រើនសប្តាហ៍មកនេះ មានអ្នកជាតិនិយម និងពលរដ្ឋខ្មែររាប់លាននាក់ សម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជុំវិញបញ្ហាវិវាទ«កោះគុត និងដែនសមុទ្រកម្ពុជា-ថៃ» ខណៈពេលអ្នកជាតិនិយមថៃ និង មេដឹកនាំថៃ បញ្ជាក់ជំហរម្តងហើយម្តងទៀតនូវ កោះគុតជារបស់ថៃ និង មិនផ្តល់តម្លៃពេញលេញ ទៅលើអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) រវាងកម្ពុជា-ថៃ ស្តីពីតំបន់ត្រួតស៊ីគ្នា (Overlapping Claims Areas (OCA))។
យោងតាមបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាពីអតីតកាល បញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រើយោធាដណ្តើមកាន់កាប់ប្រាសាទព្រះវិហាររបស់កម្ពុជា នៅឆ្នាំ១៩៥៤ រហូតដល់កម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងនេះ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាឆ្នាំ១៩៦២ ទើបភាគីថៃ យល់ព្រមដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។ កាលនោះ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រើយន្តការចរចាទ្វេភាគីដែរ មុនពេលប្តឹងប្តល់ទៅតុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែភាគីថៃ នៅតែមិនព្រមដកថយពីប្រាសាទព្រះវិហារ។ ម៉្លោះហើយ កម្ពុជាសម្រេចប្តឹងប្តល់ប្រទេសថៃនៅឆ្នាំ១៩៥៩។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ល្មមដល់ពេលបញ្ឈប់យន្តការចរចាទ្វេភាគី ជាមួយ រដ្ឋាភិបាលថៃ តទៅទៀត ពីព្រោះវាគ្មានលទ្ធផលល្អសម្រាប់កម្ពុជាទេ ក្នុងរឿង«តំបន់ត្រួតស៊ីគ្នា» រួមទាំង កោះគុត ផង។
កោះគុត ជាកម្មសិទ្ធិមួយផ្នែករបស់កម្ពុជា ស្របតាមអនុប្រការ ១ និង ២ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែល បញ្ជាក់ច្បាស់លាស់ថា ខ្សែបន្ទាត់មូលដ្ឋាននៃការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងថៃ គឺត្រូវបានកំណត់នៅលើចំណុចខ្ពស់បំផុត (កំពូលភ្នំខ្ពស់ជាងគេ) នៃកោះគុត ដោយរាប់ពីបង្គោលលេខ ៧៣ នៅតំបន់ឆ្នេរ ដែលមានភ្ជាប់«ផែនទី»ឧបសម្ព័ន្ធនៃសន្ធិសញ្ញានេះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមជូនយោបល់ដល់លោកនាយករដ្ឋមន្ត្រី ជ្រាបថា រដ្ឋាភិបាលកម្ពុជាចាំបាច់ ត្រូវប្តឹងប្រទេសថៃ ទៅកាន់តុលាការអន្តរជាតិ ក្នុងសំណុំរឿង«កោះគុត» និង ការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ។ កម្ពុជាអាចប្រ់ើ យន្តការតុលាការណាមួយដូចជា តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice (ICJ)) ឬ តុលាការ មជ្ឈត្តិការអន្តជាតិ (Permenent Court of Arbitration (PCA))។ ជាមួយយន្តការនេះ កម្ពុជាត្រូវប្រើច្បាប់អន្តរជាតិ ចំនួន ៣ យ៉ាងតិចរួមមាន សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧, កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា និង ច្បាប់សមុទ្រ UNCLOS-1982។
ក្នុងខណៈពេលនេះ រដ្ឋាភិបាលកម្ពុជា គប្បីបញ្ជាក់ជំហរឲ្យច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត ៣ យ៉ាងគឺ ៖
ទី១. ជម្រាបពជូនលរដ្ឋខ្មែរថា រដ្ឋាភិបាលកម្ពុជា សម្រេចលុបចោល MOU ឆ្នាំ២០០១ ជំនួសដោយយន្តការអន្តរជាតិដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រជាមួយរដ្ឋាភិបាលថៃ ជាមុនសិន។
ទី២. ត្រូវធ្វើកំណត់ទូត តវ៉ាទៅកាន់រដ្ឋាភិបាលថៃ ថា មួយផ្នែកនៃ កោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា។
ទី៣. រៀបចំសំណុំឯកសារប្តឹងប្តល់ប្រទេសថៃ ទៅតុលាការអន្តរជាតិ ជាផ្លូវការ។
លោកនាយករដ្ឋមន្ត្រីជាទីគោរពរាប់អាន
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំឭកជូនបន្ថែមថា ថ្វីត្បិតបន្ទុករបស់រដ្ឋាភិបាលកម្ពុជា មានបញ្ហាជាច្រើនត្រូវដោះ ស្រាយក៏ពិតមែនហើយ ប៉ុន្តែ ពុំគួរណាបន្តខុសឆ្គងតទៅទៀតទេ ទៅលើបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំង ព្រំដែនគោក និងព្រំដែនទឹក រួមទាំងករណី កោះត្រល់ និងចង្កោមកោះក្រចកសេះ ជាមួយប្រទេសវៀតណាមផង។ ការខុសឆ្គងទៅលើរឿងជាតិទឹកដី គួបផ្សំរឿងអយុត្តិធម៌សង្គមដទៃទៀតផងនេះ ពិតជារឿងធ្ងន់ធ្ងរណាស់ មិនអាចធានាតួនាទីនៅក្នុងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ឲ្យបាននឹងន៎យូរអង្វែងទេ ពីព្រោះទាំងនោះគឺជាកំហុសឆ្គង រំលោភបំពានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងច្បាប់ វិជ្ជមាននានារបស់កម្ពុជា។
សូមលោកនាយករដ្ឋមន្ត្រី ទទួលនូវការគោរពរាប់អានដ៏ខ្ពស់ខ្ពស់អំពីយើងខ្ញុំ។
ទីក្រុងគ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

