សារព័ត៌មាន The Cambodia Daily
18-12-2024

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​លើ​បញ្ហា «តំបន់ត្រួតស៊ីគ្នា» និង​បញ្ហា​កោះគុត ដូច​ពេល​ដែល​ប្រទេស​កម្ពុជា​ ធ្លាប់​ប្តឹង​ប្រទេស​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​ កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥៩។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែនណាត ចេញ​លិខិត​ចំហ​មួយ​ កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​លើកឡើង​ថា តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ រដ្ឋាភិបាល​ថៃ​ ធ្លាប់​ប្រើ​កម្លាំង​យោធា​ដណ្តើម​កាន់កាប់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ នៅ​ឆ្នាំ​១៩៥៤ ម្តង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ប្រទេស​កម្ពុជា​ បាន​ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​នេះ​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ឆ្នាំ​១៩៦២ ទើប​ភាគី​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​វិញ។ កាល​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​បាន​ប្រើ​យន្តការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដែរ មុន​នឹង​សម្រេច​ចិត្ត​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ នៅ​ឆ្នាំ​១៩៥៩។

លោក​បន្ត​ថា នៅ​ពេលនេះ អ្នក​ជាតិ​និយម​ថៃ និង​មេដឹកនាំ​ថៃ សុទ្ធតែ​បញ្ជាក់​ជំហរ​ម្តង​ហើយ​ម្តង​ទៀត​ថា កោះ​គុត​ គឺជា​កម្មសិទ្ធិ​របស់​ថៃ​ផ្ដាច់មុខ ដោយ​មិន​ផ្តល់​តម្លៃ​ពេញលេញ​ទៅ​លើ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU44) ស្ដីពី​តំបន់​បាតសមុទ្រ​ទាមទារ​ត្រួត​ស៊ី​គ្នា (OCA = Overlapping Claims Area) នោះ​ទេ ដូច្នេះ​ការ​ចរចា​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរ​ នឹង​គ្មាន​ន័យ​សម្រាប់​ប្រទេស​កម្ពុជា​ឡើយ។

លោក ម៉ែន ណាត លើកឡើង​ថា ស្ថានភាព​ប្រទេស​កម្ពុជា​ក្នុង​ពេលនេះ ក៏​មិន​ខុស​ពី​ករណី​ប្រាសាទ​ព្រះវិហារ​ដែរ គឺ​មិន​អាច​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដាច់ខាត ដូច្នេះ​ត្រូវតែ​ប្រកាស​លុប​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ ឬ MOU44 ចោល បន្ទាប់​មក​ត្រូវ​ធ្វើ​កំណត់​ទូត​ ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដោយ​បញ្ជាក់​ពី​កម្មសិទ្ធិ​មួយ​ផ្នែក​នៃ​ កោះ​គុត ថា​ជា​កម្មសិទ្ធិ​របស់​ខ្មែរ រួច​ហើយ​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ ជា​ផ្លូវការ​តែម្តង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​រូប​នេះ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តរជាតិ​ចំនួន​បី​ យ៉ាងតិច រួម​មាន សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ស្តីអំពី​បូរណភាព​ទឹកដី អធិបតេយ្យ​ប្រទេស​កម្ពុជា និង​ ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ ផង​ដែរ។

ប្រភព​ដដែល​ថា កម្ពុជា​អាច​ប្រើ​យន្តការ​តុលាការ​ណា​មួយ​ក៏​បាន ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ (International Court of Justice (ICJ) ឬ​តុលាការ​មជ្ឈត្តការ​អន្តជាតិ (Permanent Court of Arbitration=PCA) ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា ថ្វីត្បិត​សព្វថ្ងៃ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ​ក៏​ពិត​មែន ប៉ុន្តែ​ពុំ​គួរ​បន្ត​ខុស​ឆ្គង​លើ​បញ្ហា​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ ជាមួយ​ប្រទេស​ជិតខាង ទាំង​ព្រំដែន​គោក ទាំង​ព្រំដែន​ទឹក​ទៀត​ទេ រួម​ទាំង​ករណី​ កោះត្រល់ និង​ ចង្កោម​កោះ​ក្រចកសេះ ​ជាមួយ​ប្រទេស​វៀតណាម ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​កូនស្រី​របស់​លោក​ ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន សុទ្ធតែ​បាន​អះអាង​ថា កោះ​គុត ​ជា​កម្មសិទ្ធិ​របស់​ថៃ ដោយ​គ្មាន​ប្រទេស​ណា​អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ។ លោក ថាក់ស៊ីន ថា​ កោះ​គុត​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ថៃ ១​លាន​ភាគរយ។ ជាមួយ​គ្នា​នេះ មេដឹកនាំ​ខ្មែរ​វិញ ទាំង​ឪពុក ទាំង​កូន មិន​ហ៊ាន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់​ថា​កោះ​គុត​នេះ​ ជា​របស់​ខ្មែរ​នោះ​ឡើយ។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ចេញ​វាចា​រឿង​បាត់បង់​ កោះ​គុត​ ជាមួយ​ប្រទេស​ថៃ ឬ​ កោះត្រល់​ ជាមួយ​ប្រទេស​យៀកណាម បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​ចុះហត្ថលេខា​ជាមួយ​គេ តើ​ទៅ​ដក​ពាក្យ​វិញ​យ៉ាង​ដូចម្តេច?

– ទី​១ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​យៀកណាម​ រឿង​តំបន់​បាតសមុទ្រ​ត្រួត​គ្នា នា​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​១៩៨២ អំពី​ផ្ទៃសមុទ្រ ៨​ពាន់​គីឡូម៉ែត្រ​ការ៉េ​ ក្នុង​ឈូង​សមុទ្រ​ថៃ។

– ទី​២ ប្រទេស​យៀកណាម និង​ប្រទេស​ថៃ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ រឿង​តំបន់​បាតសមុទ្រ​ត្រួត​គ្នា​នា​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​១៩៩៧ ដែល​ចូល​ធរមាន​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​សាធារណរដ្ឋ​​សង្គម​​និយម​​យៀកណាម ៣២,៥% នៃ​ផ្ទៃ​ទឹកសមុទ្រ។ ភាគី​ទាំង​ពីរ ​ជជែក​បែងចែក​ដែនដី ដែនទឹក​ជាមួយ​គ្នា ដោយ​ទុក​ភាគី​ខ្មែរ ​នៅ​ក្រៅ​សង្វៀន ឬ​សៃវៀន។ លោក ហ៊ុន សែន ឲ្យ​លោក សុខ អាន ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ថៃ ក្នុង​នាម​លោក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងឥន្ធនៈ នា​ឆ្នាំ​២០០១៕

ផែនទីអំពី កោះគុត ភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
រូបភាពលោក ម៉ែន ណាត និង លោក ហ៊ុន ម៉ាណែត។
រូបភាពលោក ម៉ែន ណាត និង លោក ហ៊ុន ម៉ាណែត។