បញ្ចូលអត្ថបទ៖ CWCI Cambodia
07th-1-2025
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវែស) ចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ប្រើប្រាស់ទិវា ៧ មករា បន្តភូភរ និងបំបែកបំបាក់ស្មារតីជាតិខ្មែរ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក ម៉ែន ណាត ជាប្រធានក្រុមប្រឹក្សានេះ ចុំផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ សូមទាញយក នៅត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងនៅខាងក្រោម។
សេចក្តីថ្លែងការណ៍
រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ប្រើប្រាស់ទិវា ៧ មករា ខួប ៤៦ឆ្នាំ បន្តភូតភរ បំបែកបំបាក់ស្មារតីជាតិខ្មែរ ដោយលាក់បាំងអំពើឈ្លានពានរបស់វៀតណាម មកលើកម្ពុជា
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ប្រើប្រាស់វេទិការំឭកខួបថ្ងៃ ៧ ខែមករា ជាទិវាដឹងគុណ ប្រទេសវៀតណាម ដែលបានលើកបន្តុបពួកគេឲ្យមានអំណាច និងមានទ្រព្យសម្បត្តិមហាសាលពីការកេងប្រវញ្ចជាតិ នៅក្រោមលេសថា «វៀតណាមជួយរំដោះពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម»។ ការជួយរំដោះពលរដ្ឋខ្មែរកាលនោះ ពិតមែនជាការគួរតែអរគុណមែនហើយ ប៉ុន្តែ អ្វីដែលនៅពីខាងក្រោយខ្នងនៃរឿងរ៉ាវទាំងស្រុងនោះ គឺជាការឈ្លានពានប្រទេសកម្ពុជា ពីព្រោះ វៀតណាមបានត្រួតត្រាជាផ្លូវការមកលើកម្ពុជា រយៈពេល ១០ឆ្នាំ ដោយរំលោភច្បាប់អន្តរជាតិ និងបានបង្ខំឲ្យភាគីកម្ពុជាដែលនៅក្រោមអំណាចរបស់ខ្លួន ធ្វើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើន រួមទាំងសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥, កិច្ចព្រមព្រមព្រៀងដែនទឹក ប្រវត្តិសាស្ត្រឆ្នាំ១៩៨២ បង្ខំឲ្យ«ទទួលស្គាល់ កោះត្រល់ ចង្កោមកោះក្រចកសេះ ជារបស់វៀតណាម» និង សារាចរណ៍ណែនាំ ទទួលយកនិគមជនវៀតណាម (ជនអន្តោប្រវេសន៍) មករស់នៅកម្ពុជា។
សព្វថ្ងៃនេះ រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន នៅតែបន្តស្មារតីទិវា ៧ មករា ដើម្បីភូតភរ ធ្វើប្រជាភិថុតិ បំបែកបំបាក់ស្មារតីខ្មែរគ្នាឯង និង បង្កើតទស្សនៈឲ្យភាន់ច្រឡំប្រវត្តិសាស្ត្រទៀតផង។ ក្នុងន័យនេះ រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ល្មមដល់ពេលបញ្ចប់នយោបាយអសុចរិតទាំងនោះ ហើយក៏ត្រូវបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានកិច្ចព្រម ព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយទម្លាក់ចោលបទចោទនានា និងដោះលែងដោយគ្មានលក្ខខណ្ឌ ចំពោះអ្នកនយោបាយ គណបក្សជំទាស់ សកម្មជនសង្គម សកម្មជនបរិស្ថាន និង ពលរដ្ឋរងគ្រោះអយុត្តិធម៌ទាំងអស់។
ដើម្បីស្តារមុខមាត់ប្រទេសកម្ពុជា ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវឲ្យរដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន វិលមកដើរតាមគន្លងប្រជាធិបតេយ្យ និងស្តារសិទ្ធិមនុស្សឡើងវិញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាពិសេសសូមប្រើប្រាសវេទិកា ៧ មករា ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ ដូចជា៖
១. ត្រូវកសាងទំនុកចិត្តពលរដ្ឋខ្មែរឡើងវិញ ជាការផ្សះផ្សាផ្លូវចិត្តគ្រប់និន្នាការនយោបាយ «ដើម្បីឯកភាជាតិ»។
២. ត្រូវទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ចំពោះលោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី លោក ស៊ុន ចន្ធី និងអ្នកជាប់ឃុំមនសិការទាំងអស់ ដែលជាយន្តការការពារប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងត្រូវ ចរចាឡើងវិញអំពីប្រព័ន្ធអនុគ្រោះពន្ធ GSP ជាមួយសហរដ្ឋអាមេរិក ព្រមទាំងលក្ខខណ្ឌល្អៗជាច្រើនទៀតពីសហគមន៍អន្តរជាតិ។
៣. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានាជាមួយវៀតណាម ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ម្យ៉ាងទៀត ត្រូវរុះរើចេញនូវស្តូបវៀតណាម នៅតាមខេត្ត-ក្រុង ក្នុងប្រទេស កម្ពុជា។ ហើយជនអន្តោប្រេសន៍វៀតណាមខុសច្បាប់ ក៏ត្រូវរៀបចំបញ្ជូនទៅប្រទេសដើមវិញ។
៤. ត្រូវប្តឹងប្រទេសវៀតណាម សើរើទាមទារ កោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋខ្មែរវិញ តាមយន្តការកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ១៩៩១ និង តុលាការអន្តរជាតិ។
ទិដ្ឋភាពប្រវត្តិសាស្ត្រ និងច្បាប់ ៖ ទិវា ៧ មករា វាមិនមែនជាថ្ងៃកំណើតទី២ ដែលនាំមកសន្តិភាពពិតប្រាកដ ដូចការ អះអាងរបស់រដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន និងមន្រ្តីគណបក្សប្រជាជនកម្ពុជា (CPP) នោះទេ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៩ (១០ឆ្នាំ) ជារយៈពេលដែលប្រទេសវៀតណាមត្រួត្រាកម្ពុជាជាផ្លូវការនូវទឹកដីមួយភាគធំ ហើយក៏ជារយៈពេលដែល អង្គការសហប្រជាជាតិ (UN) មិនទទួលស្គាល់រដ្ឋាភិបាលនេះទេ នៅក្រោមហេតុផលថា «កងទ័ពវៀតណាមឈ្លានពានកម្ពុជា និង រំលោភច្បាប់អន្តរជាតិ»។ ជុំវិញបរិបទទិវា ៧ មករានេះ មាន ៤ ចំណុចដូចក្រោម ៖
១. វៀតណាម យកលេស«គុណបំណាច់ថ្ងៃ ៧ មករា» បានបញ្ជួនពលរដ្ឋរបស់ខ្លួនរាប់លាននាក់មករស់នៅកម្ពុជា រួមទាំងកងទ័ព ប្រមាណ ២០ ម៉ឺននាក់ ហើយតម្រូវរដ្ឋាភិបាលក្រុងភ្នំពេញកាលនោះ ត្រូវជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ដល់ពួកគេទៀតផង ស្របតាមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ និងសារចរណែនាំ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ឯកសារទាំងនោះ ត្រូវបានឲ្យដាក់ជា«មោក្ខភាព ឬលុបចោល» ពីព្រោះថា វាខុសច្បាប់ ក្រោយពីមានកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ និងមានរដ្ឋាភិបាលថ្មី ឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (អ.ស.ប. ហៅថា UNTAC) រួចមកពួកនិគមនជនវៀតណាមនៅកម្ពុជា ត្រូវបានចាត់ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានកំណត់ក្នុងច្បាប់ អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦។
២. នៅអំឡុងពេលវៀតណាមត្រួតត្រាប្រទេសកម្ពុជានោះ អង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិនានា ចាត់ទុកថា «វៀតណាមឈ្លានពានប្រទេសកម្ពុជា» ហើយបានហៅ រដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន លោក ហេង សំរិន ថាជារដ្ឋាភិបាលខុសច្បាប់។ ម្ល៉ោះហើយអាសនៈរបស់កម្ពុជានៅ អ.ស.ប.(UN) នៅតែទុកឲ្យរដ្ឋាភិបាលខ្មែរក្រហម ជាអ្នក កាន់កាប់បន្ត។
៣. នៅអំឡុងពេលត្រួត្រា ឆ្នាំ១៩៧៩–១៩៨៩ វៀតណាមបានបង្ខំឲ្យរដ្ឋាភិបាល ហ៊ុន សែន ចុះហត្ថលេខាលើសន្ឋិសញ្ញា កិច្ចព្រមព្រៀង និង ឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួន ដូចជាសន្ធិសញ្ញាស្តីពីមិត្តភាព និង សហប្រតិបត្តិការឆ្នាំ១៩៧៩, កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ខែកក្កដា ឆ្នាំ១៩៨២ ដោយដាក់បញ្ចូល កោះត្រល់ ទាំងមូល ផង, កិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែនគោកឆ្នាំ១៩៨៣, និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ខែធ្នូ ឆ្នាំ១៩៨៥ រួមទាំងឯកសារជា ច្រើនទៀត។ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងអស់នោះ តម្រូវឲ្យដាក់ជា«មោក្ខភាព ឬលុបចោល» ពីព្រោះវាខុសច្បាប់ ដែលបានកំណត់ដោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។
៤. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម រវាងកម្ពុជា–វៀតណាម ឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលផ្អែកលើ មូលដ្ឋានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ «ជាសន្ធិសញ្ញាខុសច្បាប់» មកផ្តល់សច្ចាប័នឡើងវិញ សុទ្ធតែធ្វើឲ្យកម្ពុជា ខាតបង់បូរណភាពទឹកដីទៅវៀតណាម។ ឧទ្ទាហរណ៍ ភូមិកំណើតលោក ហេង សំរិន អតីតប្រធានរដ្ឋសភា នៅភូមិថ្លុកត្រាច និង ភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ត្រូវបាន«ដោះដូរ» ជាមួយវៀតណាម ដោយយកដីខ្មែរមួយចំណែកទៀត នៅស្រុក មេមត់ ទៅ«ដោះដូរ» ដែលហៅថា «យកដីខ្មែរ ដោះដូចជាមួយដីខ្មែរ ឲ្យទៅវៀតណាម» នៅប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។
ដោយហេតុនេះហើយ ក្រុមអ្នកជំនាញកិច្ចការព្រំដែនឯករាជ្យ បានប្រឆាំងជំទាស់នឹងរដ្ឋាភិបាលនៃលោក ហ៊ុន សែន។ ការប្រឆាំងជំទាស់នេះ ក៏ព្រោះតែអ្នកជំនាញ និងអ្នកធ្វើកិច្ចការព្រំដែនទាំងនោះ ចង់ការពារ«មរតករបស់អាណានិគមបារាំង» ដែលថា ព្រំដែនកម្ពុជា និងវៀតណាម មានបង្គោលព្រំដែនរួចហើយ គឺចំនួន ១២៤ បង្គោល ស្របតាមអនុសញ្ញាបារាំង (កូសាំងស៊ីន)-កម្ពុជា ពីឆ្នាំ១៨៧៣ ដែលត្រូវបានកំណត់ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា សព្វថ្ងៃ។
៥. ជាយុទ្ធសាស្រ្តរបស់វៀតណាម ភ្ជាប់ជាមួយការផ្តល់សច្ចាប័នលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ ធ្វើឲ្យរដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ខំប្រឹងប្រែងជំរុញកសាង និងជួសជុលឡើងវិញ នូវរូបស្តូបអនុស្សាវរីយ៍ (មិត្តភាពកម្ពុជា-វៀតណាម-ឡាវ ឬហៅថា ស្តូបវៀតណាម) នៅគ្រប់ខេត្ត-ក្រុងនៅកម្ពុជា រួមទាំងវិមានឈ្នះ-ឈ្នះ នៅក្រុងភ្នំពេញផង គឺជាសក្ខីកម្មបន្ថែមទៀតនាំឲ្យមានការបែកបាក់ស្មារតីជាតិខ្មែរ និង បង្កហានីភ័យធ្ងន់ធ្ងរដល់កម្ពុជា ទៅថ្ងៃក្រោយ។
ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥
ម៉ែន ណាត (ហត្ថលេខា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
