The Cambodia Daily
10th-01-2025
អ្នកសង្កេតការណ៍កម្ពុជា ចាត់ទុកឃាតកម្មលើតំណាងរាស្ត្របក្សប្រឆាំង លោក លិម គិមយ៉ា ជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុត ដែលប្រព្រឹត្តដោយគ្រួសារត្រកូល ហ៊ុន ប៉ុន្តែបើគ្រួសារ ហ៊ុន មិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះទេ ត្រូវតែបើកការស៊ើបអង្កេតដោយតម្លាភាព។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះថា ដោយសារតែអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះ ជាអ្នកមានអំណាចនៅស្រុកខ្មែរ ទើបឃាតក សម្រេចរត់គេចខ្លួនចូលទឹកដីខ្មែរ ជាពិសេសលោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន ត្រូវជាប់សង្ស័យក្នុងអំពើឃាតកម្មនេះខ្លាំងបំផុត។
លោក ម៉ែន ណាត លើកឡើងថា ទង្វើរបស់គ្រួសារហ៊ុនជុំវិញអំពើឃាតកម្មនេះ បានបង្ហាញឱ្យឃើញថា គ្រួសារមួយនេះ អាចប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែនក្នុងកម្រិតរដ្ឋាភិបាលតែម្តង បន្ទាប់ពីពួកគេយកទឹកដីថៃ ជាទីតាំងសម្រាប់បាញ់សម្លាប់មនុស្ស ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលថៃ ឱ្យស្អុយឈ្មោះដោយសារឧក្រិដ្ឋកម្ម ដែលពួកគេបង្កឡើង។
ប្រភពដដែលបញ្ជាក់ថា ឧក្រិដ្ឋកម្មនេះគឺជាប់ពាក់ព័ន្ធដល់ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ៣ ប្រទេស គឺ ថៃ ជាប្រទេសសាមី ដែលត្រូវរកជនដៃដល់យកមកកាត់ទោស និងស្រាវជ្រាវអ្នកពាក់ព័ន្ធដែលនៅពីក្រោយឱ្យខាងតែបាន។ ចំណែក រដ្ឋាភិបាលបារាំង ក៏ត្រូវរកយុត្តិធម៌សម្រាប់ពលរដ្ឋរបស់គេ ក្នុងអំពើឃាតកម្មនេះដែរ ព្រោះលោក លិម គិមយ៉ា មិនត្រឹមតែមានភរិយាជាជនជាតិបារាំង ទេ ខ្លួនគាត់ផ្ទាល់ក៏មានសញ្ជាតិបារាំង ដែរ។ ដោយឡែក រដ្ឋាភិបាលកម្ពុជា ត្រូវផ្តល់ការសហការស្រាវជ្រាវក្នុងអំពើឃាតកម្មនេះ ដោយចៀសមិនរួចឡើយ នៅពេលដែលអាជ្ញាធរថៃ បានរកឃើញជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ថាជាបុគ្គលដែលជាប់ពាក់ព័ន្ធខ្លាំងបំផុតជាមួយឃាតករ ក្នុងការបាញ់សម្លាប់នេះ។
លោក ម៉ែន ណាត ព្រមានថា បើគ្រួសារ ហ៊ុន មិនបើកការស៊ើបអង្កេតលើឃាតកម្មនេះដោយតម្លាភាពទេ នោះគឺអាចបញ្ជាក់យ៉ាងច្បាស់ហើយថា អ្នកនៅពីក្រោយនៃឧក្រិដ្ឋកម្មឆ្លងដែនកម្រិតអន្តរជាតិនេះ គឺជាគ្រួសារត្រកូល ហ៊ុន តែម្តង។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពីករណីឃាតកម្មលើលោក លិម គិមយ៉ា និងផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនខ្លួនទៅប្រទេសថៃ វិញតាមសំណូមពររបស់នគរបាលថៃ បន្ទាប់ពីនគរបាលជាតិកម្ពុជា បញ្ចប់នីតិវិធីរួចរាល់។
ជុំវិញបញ្ហានេះ សភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លើឃាតករឈាមត្រជាក់ ដែលបានបាញ់សម្លាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកក។
សភាអាស៊ាន អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរ គឺកម្ពុជា និងថៃ ចាត់វិធានការជាបន្ទាន់ កុំឱ្យឃាតកម្មបែបនេះកើតមានបន្តទៀត ដើម្បីធានាសុវត្ថិភាព និងការការពារជននិរទេសនយោបាយ និងអ្នកការពារសិទ្ធិមនុស្សក្នុងតំបន់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិ លោក មួង ណារ៉េត លើកឡើងកាលពីថ្ងៃទី៨ មករា នេះថា ការបាត់បង់លោក លិម គិមយ៉ា គឺជាការបាត់បង់អ្នកលើកស្ទួយសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធំធេង ព្រោះលោក លិម គិមយ៉ា តែងតែបញ្ចេញមតិតវ៉ាទាមទារលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទៅកាន់រដ្ឋាភិបាលកម្ពុជា រហូតមក។
លោក មួង ណារ៉េត អះអាងថា ជុំវិញករណីឃាតកម្មនេះ បើទោះបីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រឿងនេះជាដែនសមត្ថកិច្ចរបស់ថៃ ក្នុងការបំពេញភារកិច្ចគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្តែក្នុងនាមរដ្ឋាភិបាលខ្មែរដែលតំណាងឱ្យពលរដ្ឋកម្ពុជា ១៧ លាននាក់ ក៏ត្រូវចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរ ចំពោះករណីបាញ់សម្លាប់លើពលរដ្ឋរបស់ខ្លួនដែរ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល៕
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ទៅសមត្ថកិច្ចថៃ តាមការស្នើសុំ
The Cambodia Daily
09th-01-2025
កម្ពុជានឹងបញ្ជូនជនសង្ស័យជនជាតិថៃ ឈ្មោះ Ekkalak Pheanoi ដែលបានបាញ់សម្លាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ លោក លិម គិមយ៉ា ឱ្យទៅភាគីថៃ វិញ តាមការស្នើសុំរបស់សមត្ថកិច្ចថៃ ក្រោយពេលជនសង្ស័យ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបានក្នុងខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥។
ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតនៅឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន ៣ គ្រាប់ កាលពីវេលាម៉ោង ១៧:៤៥ នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ ឃាតកម្មនេះ កើតឡើងក្នុងពេលក្រុមគ្រួសាររបស់លោក ចុះពីលើរថយន្តក្រុង ដែលធ្វើដំណើរទៅពីខេត្តសៀមរាប រួមជាមួយភរិយាសញ្ជាតិបារាំង និងឪពុកមា ជាជនជាតិខ្មែរម្នាក់ទៀត។
ក្រោយពីកើតហេតុការបាញ់សម្លាប់ សមត្ថកិច្ចថៃ បានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួន ពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែន ប្រទេសកម្ពុជា។
នាយកអ្នកតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺសុន (Phil Robertson) ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ មករា នេះថា ការបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅតាមដងផ្លូវក្នុងទីក្រុងបាងកក ប្រទេសថៃ ជាសញ្ញានៃការធ្វើឃាតនយោបាយ ក្នុងការប្រើប្រាស់ដើម្បីគាបសង្កត់ឆ្លងដែន របស់រដ្ឋាភិបាលកម្ពុជា។
លោក ហ្វីល រ៉ូបឺសុន បញ្ជាក់ថា អំពើឃាតកម្មនេះ គឺជាឥទ្ធិពលដោយផ្ទាល់ ចំពោះការបំភិតបំភ័យដល់ឥស្សរជននយោបាយប្រឆាំងរបស់កម្ពុជា ជាពិសេសសកម្មជនអង្គការក្រៅរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សរាប់រយនាក់ ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីយុទ្ធនាការនៃការគាបសង្កត់នយោបាយ របស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ។
ចំណែកកូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា អំពាវនាវឱ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលបារាំង ស្វែងរកការពិត និងផ្ដន្ទាទោសជនល្មើសឱ្យខាងតែបាន។ កញ្ញា កឹម មនោវិទ្យា ថ្កោលទោសដាច់អហង្ការចំពោះជនដៃដល់ ដែលប្រព្រឹត្តអំពើដ៏យង់ឃ្នងនេះ។
ជុំវិញបញ្ហានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃទី៧ មករា នេះថា អំពើដ៏យង់ឃ្នងនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព ផ្នែកនយោបាយរបស់គណបក្សប្រឆាំង។
ឃាតកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក លិម គិមយ៉ា រិះគន់កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ជុំវិញករណីធ្វើឱ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ ក្នុងព្រឹត្តិការណ៍អបអរសាទរកម្ពុជា ដែលធ្វើឡើងចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ជាការកត់សម្គាល់ មុនលោក លិម គិមយ៉ា ត្រូវបានបាញ់ស្លាប់ ៤ថ្ងៃ លោកបានរិះគន់លោក ហ៊ុន ម៉ានី ជុំវិញអគ្គិភ័យឆាបឆេះនៅមុខព្រះបរមរាជវាំង និងសកម្មភាពឥតប្រយោជន៍មួយចំនួនទៀតផងដែរ។
លោក ស៊ឹង សែនករុណា លើកជាសំណួរថា តើហេតុអ្វីបានជាឃាតករដឹងថា លោក លិម គិមយ៉ា មកក្រុងបាងកក តាមឡានក្រុង ដូច្នេះការស៊ើបអង្កេតត្រូវចាប់ផ្តើមពីមូលហេតុ ដែលគាត់ចាកចេញពីខេត្តសៀមរាប ទៅប្រទេសថៃ ព្រោះថាបើគ្មានបណ្ដាញនៅព្រំដែន ផ្តល់ដំណឹងពីសកម្មភាពគាត់ពីមុនមកទេ ក៏គ្មានអ្នកណាដឹងថាគាត់ទៅណាដែរ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក លិម គិមយ៉ា បានសរសេររិះគន់ធ្ងន់ៗ ទៅលើការដឹកនាំព្រឹត្តិការណ៍ជាច្រើនរបស់លោក ហ៊ុន ម៉ានី ដែលលោកចាត់ទុកថា ជារឿងឥតប្រយោជន៍ ដូចជាការបង្កើតព្រឹត្តិការណ៍សាទរកម្ពុជា ដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ ព្រឹត្តិការណ៍បង្កើត អន្សមវែងជាងគេ ក្រមាវែងជាងគេង ចំនួនមនុស្សរាំ Madison ច្រើនជាងគេ និងដាក់រូបបេះដូងក្រដាសដោតនឹងចង្កឹះឫស្សីនៅបរិវេណអង្គរវត្ត ជាដើម៕
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសចំពោះអំពើឃាតកម្ម ទៅលើលោក លិម គឹមយ៉ា អតីតសមាជិកសភាកម្ពុជា
CWCI Cambodia / 07th-01-2025
យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីឃាតកម្មលើរូបលោក លិម គឹមយ៉ា អតីតសមាជិកសភាកម្ពុជា ពីគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីលោក និងគ្រួសារ ធ្វើដំណើរពីខេត្តសៀមរាប កម្ពុជា ចូលប្រទេសថៃ។
ថ្វីត្បិតឃាតកម្មនេះ កើតឡើងនៅប្រទេសថៃ ក៏ប៉ុន្តែគឺពិតជាមានពាក់ព័ន្ធយ៉ាងជ្រៅ ទៅនឹងនយោបាយអសុចរិតរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅកម្ពុជា។ ពីព្រោះនៅប៉ុន្មានថ្ងៃមុនពេលឃាតកម្មនោះ លោក លិម គឹមយ៉ា បានប្រើហ្វេសប៊ុករបស់លោក រិះគន់ធ្ងន់ៗ ចំពោះលោក ហ៊ុន ម៉ានី ជាកូនប្រុសលោក ហ៊ុន សែន ដែលពាក់ព័ន្ធនឹងអគ្គិភ័យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ក្នុងថ្ងៃឆ្លងឆ្នាំ គឺដំណាច់ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ និង ការរិះគន់ត្រកូល ហ៊ុន លើសំណុំរឿងវិវាទ កោះគុត ជាមួយថៃ។
ទោះបីគ្រួសារនាយករដ្ឋមន្ត្រីថៃ រាប់អានជាបងប្អូនធម៌ជាមួយរដ្ឋាភិបាលនៃគ្រួសារលោក ហ៊ុន សែន ក្តី ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចថៃ ត្រូវតែចាប់ឃាតក ទៅផ្តន្ទាទោសតាមច្បាប់ និង ត្រូវវែកមុខជនពាក់ព័ន្ធនៅពីខាងក្រោយខ្នង នៃសំណុំរឿងឃាតកម្មនេះ។
យើងខ្ញុំយល់ឃើញថា ប្រទេសថៃ នឹងលែងជាទីកន្លែងមានសុវត្ថិភាពសម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ សកម្មជនសង្គម និងអ្នកការពារសិទ្ធិមនុស្ស ដែលភៀសខ្លួននយោបាយនៅទីនោះ។
ជាមួយគ្នានេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក លិម គឹមយ៉ា និងសូមបួងសួងវិញ្ញាណខន្ធលោក បានដល់សុគតិភពកុំបីឃ្លៀងឃ្លាត។
ទីក្រុងគ្រីស្ទានសាន់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវែស)



