ពី​សារព័ត៌មាន The Cambodia Daily
22-01-2025

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ទទូច​ឱ្យ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ស៊ើបអង្កេត​ឲ្យ​មាន​ប្រសិទ្ធភាព​ លើ​សំណុំរឿង​ឃាតកម្ម​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដើម្បី​វែក​មុខ​ឃាតករ​ពិត និង​អ្នក​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មករា ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​២១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ហើយ​ក៏​ជា​រយៈពេល ២១​ឆ្នាំ​ដែរ ដែល​ឃាតក​ពិត​ នៅតែ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ម៉ែន ណាត លើកឡើង​ថា អ្នក​រួម​គំនិត​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា គឺ​ពាក់ព័ន្ធ​នឹង​អតីត​អគ្គស្នងការ​​នគរបាល​ជាតិ លោក ហុក ឡង់ឌី និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ នៃ​ក្រសួង​មហាផ្ទៃ ដែល​ជា​សេណារីយូ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ពេល​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​លោក ហុក ឡង់ឌី អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ដែរ ព្រោះ​លោក ហេង ពៅ គឺជា​អ្នក​បើក​ផ្លូវ​ឲ្យ​ឃាតក ​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​លោក ជា វិជ្ជា នៅ​ម្តុំ​តូប​កាសែត​ជាប់​របង​ខាង​លិច​វត្ត​លង្កា ក្បែរ​វិមាន​ឯករាជ្យ ទីក្រុង​ភ្នំពេញ ជា​ទី​តម្កល់​ស្តូប​អនុស្សាវរីយ៍​លោក ជា វិជ្ជា សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ដ៏​ល្បីល្បាញ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​ បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ នៅ​មុខ​តូប​លក់​កាសែត ​ជាប់​របង​ខាង​លិច​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២១ មករា នេះ​ថា ឃាតក​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ នៃ​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា បាន​គេច​ផុត​ពី​សំណាញ់​ច្បាប់​អស់​រយៈពេល ២១​ឆ្នាំ​មក​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​ មិន​ដែល​ខ្វាយខ្វល់​ស្រាវជ្រាវ​ស៊ើបអង្កេត​សំណុំរឿង​ឃាតកម្ម​ទាំងនេះ​ទេ ដោយសារតែ​គេ​ដឹង​ថា ​អំពើ​ឃាតកម្ម​ទាំងនោះ ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​ ហ៊ុន​ របស់​លោក ហ៊ុន សែន

Picture: Chea Vichea, Rong Chhun, Chea Mony, Um Sam An, Men Nath, Chham Chhany, Pang Sokhoeun, Ir Channa.
Picture: Chea Vichea, Rong Chhun, Chea Mony, Um Sam An, Men Nath, Chham Chhany, Pang Sokhoeun, Ir Channa.