កម្ពុជាបង្ហាញជំហរស្ងប់ស្ងាត់ ចំពេលថៃ បង្ហាញកម្លាំងយោធាជុំវិញកម្តៅព្រំដែន
អត្ថបទ VOD Khmer / 11th-3-2025
ជុំវិញជម្លោះព្រំដែននៅលើទីតាំងគោលដៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ខណៈដែលភាគីថៃ បានត្រៀមកម្លាំងយោធាប្រយុទ្ធរួចស្រេច ប្រសិនបើមានភាពតានតឹងណាមួយកើតឡើង ប្រឆាំងការតវ៉ាពីភាគីកម្ពុជា។
រដ្ឋាភិបាលកម្ពុជា នៅបន្តថ្នាក់ថ្នមសភាពការណ៍ មិនប្រតិកម្មតបអ្វីសូម្បីមួយមាត់នៅឡើយ មកដល់ពេលនេះ ប្រឆាំងការឈ្លានពានដោយយោធាថៃ នៅលើទីតាំងប្រាសាទបុរាណខ្មែរមួយចំនួន នៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក ស្ថិតនៅក្នុងស្រុកគោកធ្យូង ខេត្តឧត្តរមានជ័យ។
ការបន្តរក្សាជំហរស្ងប់ស្ងាត់នៅពេលនេះរបស់ លោក ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តីរបស់លោក រងការចោទប្រកាន់ថា គ្មានសមត្ថភាពពិតប្រាដ ក្នុងការដឹកនាំ ដែលធ្វើឱ្យភាគីថៃ ចេះតែបន្តឈ្លានពានកម្ពុជា។
កាសែត The Nation របស់ថៃ បានរាយការណ៍កាលពី ៣ ថ្ងៃមុនថា លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេទ័ពជាន់ខ្ពស់ថៃ ចំណុះឱ្យអង្គភាពភូមិភាគ២ បានចុះត្រួតពិនិត្យកងយោធារបស់ខ្លួន នៅក្នុងជំរុំទាហាន។ ប្រភពបន្តថា អំឡុងពេលចុះត្រួតពិនិត្យពលទាហានឈុតប៉ារ៉ា និងឈុតខ្មៅនេះ លោក ប៊ុនស៊ីន ផាតក្លាង បានអំពាវនាវឱ្យកងពលដាក់បង្កើនកម្លាំងបន្ថែម មកកាន់ទីតាំងជួរមុខ ដើម្បីត្រៀមប្រយុទ្ធក្នុងបុព្វហេតុណាមួយ ទាក់ទងជម្លោះជាមួយកម្ពុជា នៅពេលនេះ។
ក្រៅពីបានត្រួតពិនិត្យពលរួចហើយ ឧត្តមសេនីយ៍យោធាថៃរូបនេះ ក៏បានពិនិត្យបន្តទៀត យានយន្តដឹកជញ្ជូនសព្វាវុធ តិចនិកប្រយុទ្ធ យុទ្ធោបករណ៍ កងកម្លាំងយោធា និងអង្គភាពជំនួយសម្រាប់ក្រុមកាំភ្លើងធំ។
ការបង្ហាញសាច់ដុំរបស់ភាគីថៃ ជាថ្មីទៀតនេះ នៅចំពេលដែលភាគីទាំងពីរ កំពុងមានភាពតានតឹងលើទីតាំងភូមិសាស្រ្ត កោះគុត មិនទាន់ដាច់ស្រេចនៅឡើយផង។
តែយ៉ាងណា នៅតាមគោលដៅនៃជម្លោះទាំងដែនទឹក និងដែនគោកនៅពេលនេះ គឺភាគច្រើនកម្លាំងថៃ បានឈរជើងកាន់កាប់រឹងម៉ាំជាងកម្ពុជាទៅហើយ រួមទាំង កោះគុត និងប្រាសាទតាមាន់តូចជាដើម។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្កោះជាតិ ស្តីបន្ទោសថា ការបណ្តែតបណ្តោយឱ្យថៃ បានចិត្ត និងរហូតឈានទៅដល់ការគ្រប់គ្រងលើផ្នែកខ្លះ នៃទឹកដីរបស់កម្ពុជា វាគឺជាកំហុសយ៉ាងធំរបស់ លោក ហ៊ុន សែន និងកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត ដែលកាន់កិច្ចការប្រទេសជាតិ ហើយបណ្តោយឱ្យភាគីថៃ ធ្វើអ្វីស្រេចតែនឹងចិត្ត។
លោកបន្តថា តាមពិតទៅវាគ្មានអ្វីដែលត្រូវស្មុគស្មាញឡើយ ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់បញ្ចប់បញ្ហានេះមែន នោះគ្រាន់តែ ប្តឹងករណីនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជាការស្រេច។
លោក អ៊ុំ សំអាន ដែលមានជំនាញលើកិច្ចការព្រំដែននេះដែរ ចោទប្រកាន់ថា បញ្ហានេះ ប្រហែលជាលោក ហ៊ុន សែន និងកូនប្រុសរបស់លោកនៅជាប់ផលប្រយោជន៍ជាមួយនឹងត្រកូល លោក ថាក់ស៊ីន ទើបមិនធ្វើអ្វីទាំងអស់ ហើយបណ្តោយឱ្យភាគីថៃ ចេះតែបន្ត អាកាត់ទឹកដី និងជោគវាសនាកម្ពុជាស្រេចតែនឹងចិត្ត។
លោកថា៖ «មូលហេតុដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រួមទាំងកោះគុតហ្មឹង ដោយសារខ្លាចថៃអន់ចិត្ត ហើយខ្លាចថៃលែងសហការជាមួយរឿងធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង ដែលរស់នៅក្នុងទឹកដីថៃ ហើយជួយចាប់បញ្ជូនពួកគេបញ្ជូនមកកម្ពុជាដើម្បីដាក់គុកនៅកម្ពុជា។ ដូច្នេះវាប៉ះពាល់ទៅដល់អំណាចរបស់ត្រកូលហ៊ុន»។
លោក អ៊ុំ សំអាន លើកឡើងថា ប្រសិនបើរដ្ឋាភិបាល ពិតជាគិតគូរ និងមានភក្តីភាពចំពោះទឹកដីតែបន្តិច មិនពិបាកឡើយ។ ក្នុងន័យនេះ ផ្អែកលើសន្ធិសញ្ញាបារាំងឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គឺច្បាស់ណាស់ប្រាសាទទាំង ៣ នេះ ស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីកម្ពុជា ហើយបើរដ្ឋាភិបាលខ្មែរ ប្តឹងករណីនេះទៅអន្តរជាតិ ប្រាកដជានឹងឈ្នះក្តីលើភាគីថៃ ដូចករណីប្រាសាទព្រះវិហារយ៉ាងដូច្នោះដែរ។
មិនខុសគ្នាទេ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ឯកភាពដែរថា ការដែលរដ្ឋាភិបាលកម្ពុជា បន្តរក្សាជំហរមិនតបតជាមួយថៃនេះ ព្រោះតែខ្លួនមានចំណុចខ្សោយនៅក្នុងដៃរបស់ភាគីថៃ រួចទៅហើយ។
ចំណុចខ្សោយមានន័យថា លោក ហ៊ុន សែន បានផ្ទេរមរតកនយោបាយឱ្យកូន ទាំងដែល លោក ហ៊ុន សែន ត្រូវរស់នៅដោយពឹងថៃ ឱ្យជួយទប់ស្កាត់ កម្លាំងប្រឆាំងដែលកំពុងរស់នៅក្នុងទឹកដីថៃ និង ខ្ចីបុលលុយកាក់រកស៊ីបន្ថែមទៀត។ ហេតុផលទាំងអស់នេះហើយ បើទោះជាដឹងថាកម្ពុជា ត្រូវបាត់បង់ចំណែកណាមួយបន្ថែមទៀត ក៏រដ្ឋាភិបាលកម្ពុជា មិនហ៊ានក្អកជាមួយថៃដែរ។
លោកថា៖ «ប្រវត្តិរដ្ឋាភិបាលកម្ពុជា ធ្លាប់ខ្ចីលុយ ថាក់ស៊ីន មកអភិវឌ្ឍន៍ដែរ មិនមែនតែ ថាក់ស៊ីន ទេខ្ចីលុយរដ្ឋាភិបាលថៃទៀតផង។ មេដឹកនាំយើងមានចរិតមិនល្អ មិនថ្លូរកន្លែងហ្នឹង។ ដឹងថាគេជាប្រទេសឈ្លានពានយើងហើយ នៅតែថោកទាបធ្វើឈ្នូមចចកជាមួយ ដើម្បីយកលុយគេមកប្រើប្រាស់។ ដល់គេបំពានលើយើង យើងអត់សូវហ៊ានមាត់ហ៊ានកជាមួយគេទេ ទោះបីបាត់បង់បូរណភាពទឹកដី គម្រាមតែប្រជាពលរដ្ឋខ្លួនឯងហ្នឹង ហើយឲ្យប្រទេសជិតខាងបំពានយើង»។
បើតាម លោក ម៉ែន ណាត របៀបដែលថៃចូលឈ្លានពានកម្ពុជា មិនខុសពីថៃ ធ្លាប់ចូលឈ្លានពានប្រាសាទព្រះវិហារឡើយ។ ពួកគេតែងយកលេសផ្សេងៗ មុននឹងបញ្ជូនយោធារបស់ខ្លួន មកដាក់ឈរជើងរួមគ្នាជាមួយកម្ពុជា។
VOD មិនអាចស្វែងរកការប្រតិបត្តិកម្មណាមួយបាននៅឡើយទេ ទាំងមន្រ្តីនាំពាក្យរដ្ឋាភិបាល និងគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ជុំវិញការត្រៀមកម្លាំងរបស់យោធាថៃ នៅពេលនេះ ដោយសារទូរស័ព្ទចូល តែពុំមានអ្នកទទួល។
បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងការពារជុំវិញរឿងបញ្ហាព្រំដែនជាមួយថៃ នេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ថាបញ្ហានេះមិនមែនកម្ពុជា មិនចេះឈឺចាប់ ឬមិនអើពើនោះឡើយ។
ប៉ុន្តែនៅចំពោះមុខសភាពការណ៍នេះ រដ្ឋាភិបាលកំពុងធ្វើការដោយប្រយ័ត្នប្រយែង និងមានភាពចាស់ទុំ។ ការបង្ហាញជំហរឆេវឆាវ វាមិនមែនជាដំណោះស្រាយដែលល្អទេ។
ម្យ៉ាងវិញទៀត ការមានភក្តីភាពនេះ មិនមែនមានតែក្រុមប្រឆាំង ឬអ្នកដែលតាំងខ្លួនថាជាអ្នកស្នេហាជាតិនោះទេ។ ចំណែករដ្ឋាភិបាល គឺមានចំណែកក្នុងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។
លោកថា៖ «មិនថាតែរឿងតាមាន់ធំរឿងស្អីទេ រឿងកោះគុតរឿងស្អីៗរហូតដល់រឿង CLV-DTA។ បងប្អូនឃើញថាថ្មីៗនេះ ចលនាជាតិនិយម ឬមួយចលនានយោបាយជាតិនិយមទាំងនៅថៃ និងនៅកម្ពុជា បានកំពុងរុញស្ថានភាពរឿងនេះ។ ខ្ញុំសុំឲ្យមានការគិតគូរឲ្យបានច្បាស់លាស់។ រឿងបញ្ហាព្រំដែនពីណាក៏គិតដែរមិនមែនតែអ្នកជាតិនិយម រដ្ឋាភិបាល និងមន្រ្តីកិច្ចការព្រំដែនក៏ជាអ្នកជាតិនិយមដែរ ហើយជាអ្នកជាតិនិយមឆ្អិនឆ្អៅផង។ ចរចាអត់បាយអត់ទឹក ដើម្បីការពារដីមួយចម្អាមៗ»។
យ៉ាងណាក៏ដោយ បើទោះជារដ្ឋាភិបាលកម្ពុជា បានអះអាងពីនយោបាយចាស់ទុំ រឿងជម្លោះព្រំដែននេះ ដែលចាត់ទុកថា ធ្វើកិច្ចការដោយប្រុងប្រយ័ត្នយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានសញ្ញាវិជ្ជមានណាមួយ ដែលបង្ហាញថាកម្ពុជាមានប្រៀបលើទីតាំងមានជម្លោះនេះនៅឡើយដែរ។
កាលពីដើមខែកុម្ភៈកន្លងទៅនេះ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ត្រូវបរាជ័យម្តងរួចហើយ ក្នុងការប៉ុនប៉ងចូលទៅមើលពីស្ថានភាពប្រាសាទតាមាន់ធំ ដែលថៃហ៊ុំព័ន្ធកៅស៊ូតង់ មិនអាចដើរជុំវិញបរិវេណប្រាសាទរបស់ខ្មែរនេះបាន។
ភាគីថៃចោទប្រកាន់ថា កម្ពុជាចូលទឹកដីថៃដោយបំពាន ហើយប្រាសាទនេះគឺជារបស់ថៃ ដែលស្ថិតនៅក្នុងខេត្តស៊ូរិន្ទ ប្រទេសថៃជាដើម។
ជម្លោះនេះ កើតឡើងនៅចំពោះពេលដែលកម្ពុជា នៅមិនទាន់មានភាពច្បាស់លាស់ ក្នុងការកាន់កាប់កោះគុត ហើយនិងការធ្វើឃាតអតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក លិម គឹមយ៉ា។
នៅពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋខ្មែរមួយក្រុម បានច្រៀងចម្រៀងជាតិ ស្តីពី «ដែនដីសុវណ្ណភូមិ » នៅលើទីតាំងប្រាសាទ តែត្រូវយោធាថៃហាមប្រាម។
សម្រាប់លោក អ៊ុំ សំអាន និយាយថា បើទោះជាផែនទីសន្ធិសញ្ញាបារាំងសៀម បានកំណត់រួចហើយថា ប្រាសាទមួយចំនួន នៅជួរភ្នំដងរែក ស្ថិតនៅក្នុងទឹកដីកម្ពុជាក្តី មកដល់ពេលនេះ មានប្រាសាទតាមាន់តូចជាដើម និងទីតាំងជម្លោះផ្សេងទៀត ត្រូវបានភាគីថៃគ្រប់គ្រងទាំងស្រុងហើយ។
ក្នុងន័យនេះបើ លោក ហ៊ុន សែន ព្រមទាំងកូនប្រុសរបស់លោក នៅតែបណ្តែតបណ្តោយ និងមិនទទួលខុសត្រូវ ដោយមិនប្តឹងករណីនេះ ទៅតុលាការអន្តរជាតិទេ កុំថាឡើយទីតាំងដែលមានជម្លោះនេះ និងការបោះបង្គោះព្រំដែន សូម្បីចំណុចផ្សេងទៀតនៃទឹកដីកម្ពុជា ក៏នឹងត្រូវបាត់បង់បន្ត ដូចទីតាំងដែលមានជម្លោះនេះដូចគ្នាដែរ៕
អ្នកឃ្លាំមើល៖ ទឹកដីកម្ពុជានឹងបន្តបាត់បង់ បើពលរដ្ឋខ្មែរបន្តរង់ចាំការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ
The Cambodia Daily
9th-3-2025
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា បើពលរដ្ឋខ្មែរនៅតែបន្តរង់ចាំការចរចាទ្វេភាគី របស់រដ្ឋាភិបាលកម្ពុជាជាមួយថៃ ជុំវិញបញ្ហាបូរណភាពទឹកដី ទាំងដែនទឹក និងដែនគោក នោះដីខ្មែរនឹងបន្តបាត់បន្ថែមទៀតជាក់ជាមិនខាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃទី៧ មីនា នេះថា ទង់ជាតិប្រទេសថៃ ដែលត្រូវបានគេលួចយកទៅដោតលើទឹកដីខ្មែរ នៅតំបន់ប្រាសាទតាមាន់ធំ កាលពីពេលថ្មីៗនេះ គឺជាភស្តុតាងមួយបង្ហាញយ៉ាងច្បាស់ថា ថៃមិនគោរពបូរណភាពទឹកដីរបស់កម្ពុជាឡើយ។
លោក ម៉ែន ណាត លើកឡើងថា រូបភាពនេះ ក៏បង្ហាញឱ្យឃើញដែរថា ការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ មិនទទួលបានលទ្ធផលជាវិជ្ជមានអ្វីទាំងអស់ ដូច្នេះក្រៅពីប្តឹងថៃ ទៅតុលាការអន្តរជាតិ គឺកម្ពុជាគ្មានជម្រើសផ្សេងទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះបញ្ជាក់ថា ការយកទង់ជាតិទៅដោតលើទឹកដីរបស់កម្ពុជា ក៏បង្ហាញឱ្យឃើញនូវការប្រមាថរបស់ប្រទេសថៃ មកលើជាតិខ្មែរទាំងមូលផងដែរ ដូច្នេះបើរដ្ឋាភិបាលខ្មែរ នៅតែបន្តជំហរចរចាទ្វេភាគីជាមួយថៃ ទៀតនោះ កម្ពុជាគ្មានសង្ឃឹមនឹងទទួលបានទឹកដី ដែលថៃ បានរំលោភបំពានយកមកគ្រប់គ្រងវិញឡើយ។
វីដេអូឃ្លីបមួយប្រវែងជិត ២នាទី ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពទាហានខ្មែរ ទម្លាក់ទង់ជាតិថៃ ដែលត្រូវបានគេលួចយកទៅដោតលើទឹកដីខ្មែរ។ ក្រៅពីចងទង់ជាតិថៃ លើបង្គោលក្នុងទឹកដីកម្ពុជា ទង់ជាតិខ្លះ ត្រូវបានគេយកទៅកិបភ្ជាប់នឹងដើមឈើផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយ បានកើតឡើងរវាងពលរដ្ឋខ្មែរ ជាមួយទាហានថៃ ដែលឈរជើងយាមកាមនៅប្រាសាទតាមាន់ធំ បន្ទាប់ពីពលរដ្ឋខ្មែរ នាំគ្នាច្រៀងចម្រៀងជាតិ បទដែនដីខ្មែរប្រែថាសុវណ្ណភូមិ នៅទីនោះ។ ទាហានថៃ បានហាមឃាត់ មិនឱ្យពលរដ្ឋខ្មែរច្រៀងចម្រៀងនេះឡើយ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះកំពុងច្រៀងចម្រៀងខ្មែរលើទឹកដីរបស់ថៃ។
ផ្អែកតាមប្រវត្តិសាស្ត្រ ប្រាសាទតាមាន់ធំ ត្រូវបានឈ្លានពានដោយភាគីថៃ តាំងពីអំឡុងឆ្នាំ២០០៨ មក ប៉ុន្តែសព្វថ្ងៃនេះ ភាគីថៃ បានដាក់ទាហានរបស់ខ្លួន មកឱ្យយាមរួមគ្នាជាមួយទាហានខ្មែរ ចំនួន ៧ នាក់ដូចគ្នា៕
