អត្ថបទ VOD Khmer / 13-3-2025
ការបាត់បង់ទឹកដីទៅប្រទេសជិតខាងជាបន្តបន្ទាប់ និងការពង្រីកយុទ្ធសាស្ត្រ តាមកម្ទេចខ្មែរគ្នាឯងឥតឈប់ឈរជាង ៤ ទសវត្សរ៍ទៅនេះ ជំរុញឱ្យមានការរិះគន់ថា គ្រួសារ ហ៊ុន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង តែរណបបរទេសដែលឈ្លានពានទឹកដី ដើម្បីការពារអំណាចតពូជ។
ដែលការណ៍នេះ ក្លាយជាក្តីបារម្ភថា ពលរដ្ឋកម្ពុជា នឹងជួបគ្រោះអត់ឃ្លានរយៈពេលយូរឆ្នាំទៀត ហើយបញ្ហាបូរណភាពទឹកដី នឹងធ្លាក់ក្នុងដៃប្រទេសច្រើនជាងនេះទៀត បើឈាមថ្មី [លោក ហ៊ុន ម៉ាណែត] របស់បក្សកាន់អំណាច ស្នងមរតក បំពានរដ្ឋធម្មនុញ្ញ ដើម្បីតែបុព្វហេតុ ក្រាញអំណាចនោះ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន រំឮកថា កាលជំនាន់ លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីតែអំណាច បានបង្រ្កាបខ្មែរគ្នាឯងជាច្រើន រួមមាន ការរំលាយគណបក្សសង្រ្គោះជាតិ ចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជននយោបាយច្រើននាក់ទៀត។
បន្ថែមលើនេះ លោកថា នៅមានករណីបាញ់ប្រហារ សម្លាប់ក្រៅសំណាញ់ច្បាប់ច្រើនករណី ដែលរកមុខឃាតករមិនឃើញ ដូចជា លោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និងលោក លិម គិមយ៉ា ជាដើម។
សម្រាប់ លោក សំអាន សង្កត់ធ្ងន់ថា នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ក៏កំពុងធ្វើនយោបាយបំរើមហិច្ចតាប្រទេសជិតខាងដូចលោក ហ៊ុន សែន ដែរ ដោយបង្រ្កាបឆ្លងដែនលើសកម្មជនខ្មែរ នៅប្រទេសថៃ ទើបមិនហ៊ានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារ កោះកុត និង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
លោក [អ៊ុំ សំអាន] ថា ៖ «ដឹកនាំតាមអំណាចផ្ដាច់ការតពូជអ៊ីចឹង មិនហ៊ានការពារទឹកដីអ៊ីចឹង កម្ពុជាយើងនឹងបាត់បង់ទឹកដីយើងបន្ថែមទៀត នៅតាមព្រំដែនទៅឱ្យប្រទេសថៃ ប្រទេសវៀតណាម ហើយនៅពេលអនាគតកម្ពុជា អាចនឹងក្លាយទៅជាប្រទេសចំប៉ាទី២ អាចក្លាយទៅជាកម្ពុជាក្រោមទី២ ត្រូវបានលេបត្របាក់ពីសំណាក់ប្រទេសវៀតណាម ហើយនឹងនៅប្រទេសថៃមួយចំនួនផងដែរ ហើយយើងនឹងក្លាយទៅជាជនជាតិភាគតិចរស់នៅលើទឹកដីខ្លួនឯង ហើយនៅពេលអនាគត នៅពេលដែលយើងមានមេដឹកនាំ គិតតែការពារអំណាច អត់ព្រមការពារទឹកដី»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយបក្សកាន់អំណាច ប្តេជ្ញាការពារបូរណភាពទឹកដី ស្របតាមការប្រគល់សិទ្ធិរបស់ប្រជាជនកម្ពុជា ដែលលោកថា មាននៅទូទាំងប្រទេសបោះឆ្នោតឱ្យ។
ក្នុងន័យនេះ លោកថា ការហ៊ានប្តឹងទៅតុលាការអន្តរជាតិ ឬមិនហ៊ានជុំវិញបញ្ហាទឹកដីនោះ វាគឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា មិនមែនចេះតែធ្វើតាមការទាមទាររបស់ក្រុមណាមួយនោះទេ។
លោក [សុខ ឥសាន] ថា៖ «ហ៊ានមិនហ៊ាន វាអាស្រ័យទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើតាមការចង់បានរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលចេះតែនិយាយគ្មានការទទួលខុសត្រូវនោះទេ។ យើងត្រូវមើលតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដឹកនាំប្រទេសកម្ពុជាហ្នឹង ធ្វើអី! ធ្វើក្របខណ្ឌឯករាជ្យអធិបតេយ្យភាពរបស់ខ្លួន មិនមែនធ្វើដើម្បីតែប្រយោជន៍ប្រទេសណាទេ យើងធ្វើផលប្រយោជន៍ដើម្បីកម្ពុជា»។
យ៉ាងណា សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ក្រោមការដឹកនាំដោយគ្រួសារ ហ៊ុន ដែលវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាច ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ បានធ្វើឱ្យបាត់បង់ទឹកដីជាច្រើន ទៅប្រទេសវៀតណាម និង ថៃ។
ប្រភពបន្តថា លោក ហ៊ុន សែន បានកាត់ដែនសមុទ្រខ្មែរឱ្យវៀតណាម ចំនួន ៣ ម៉ឺនគីឡូម៉ែត្រការ៉េ តាមសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវតិ្តសាស្រ្តឆ្នាំ១៩៨២ ធ្វើឱ្យបាត់កោះត្រល់ ចង្កោមកោះក្រចកសេះ និង ដាក់ដែនសមុទ្រខ្មែររួមជាមួយវៀតណាម ចំនួន ១ ម៉ឺនគីឡូម៉ែត្រការ៉េ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា បើនាយករដ្ឋមន្រ្តីឈាមថ្មី លោក ហ៊ុន ម៉ាណែត ស្នងមរតកពីឪពុករបស់លោកបែបនេះ នោះប្រទេសកម្ពុជា នឹងមានវាសនាកា្លយជាជនជាតិដើមភាគតិចនៅថ្ងៃណាមួយមិនខាន។
លោក [ម៉ែន ណាត] ថា៖ «បើថានៅតែមានរបប លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្តទៅទៀត អ៊ីចឹងកម្ពុជាយើងប្រឈមនឹងហានិភ័យ។ ហានិភ័យ ទី១ហ្នឹង គឺអាចបាត់បង់បូរណភាពទឹកដីបន្ថែម។ ហានិភ័យទី២ វារងគ្រោះដោយសារជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់អី ច្រើនទៅច្រើនទៅ នៅប្រទេសកម្ពុជា នឹងមកទទួលបានលិខិតស្របច្បាប់ តាមការណែនាំរបស់រដ្ឋាភិបាលវៀតណាម ឲ្យក្រសួងមហាផ្ទៃ ឲ្យរដ្ឋាភិបាលខ្មែរ ទទួលស្គាល់ហានិភ័យទី៣ ថ្ងៃណាមួយប្រទេសកម្ពុជា វាបាត់ចេញពីផែនទីពិភពលោក បើមានមេដឹកនាំតែប្រភេទហ្នឹងច្រើនឆ្នាំទៅមុខទៀតនោះ»។
ដោយឡែក អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រកឃើញថា រយៈពេល ១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការ ជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។
ប្រភពថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យាជាមួយសិទ្ធិមនុស្សអន្តរជាតិ (UN) ដោយបានគាបសង្កត់យ៉ាងខ្លាំងទៅលើលំហពលរដ្ឋ ការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀត នៅឆ្នាំ២០២៤។
មួយវិញទៀត ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ។
ការបំពាននេះ បានក្លាយជាគោលដៅវាយប្រហារ ទៅលើសេរីភាពបញ្ចេញមតិ ដែលអាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងតិច ៩៤ នាក់ តាមអំពើចិត្តចាប់តាំងពីខែកក្កដាមក ពីបទ រិះគន់ជាសាធារណៈចំពោះផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសវៀតណាម និងឡាវ (CLV)៕



