The Cambodia Daily
14-3-2025
អ្នកឃ្លាំមើលព្រមានថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងដួលរលំភ្លាមៗ បើក្រុមប្រឆាំងអាចចងក្រងកម្លាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឱ្យរួបរួមគ្នាឡើងវិញ ព្រោះទាំងកម្លាំងកងទ័ព និងពលរដ្ឋខ្មែរ រង់ចាំតែកម្លាំងរឹងមាំពិតប្រាកដតែប៉ុណ្ណោះ សម្រាប់ការផ្លាស់ប្ដូរនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១២ ខែមីនា ថា ប្រសិនបើក្រុមប្រឆាំង មិនអាចប្រមូលផ្ដុំកម្លាំងប្រឆាំងដែលមានស្រាប់បានទេ នោះគោលដៅដែលពួកគេ ចង់ផ្លាស់ប្ដូរដើម្បីប្រជាធិបតេយ្យដើម្បីយុត្តិធម៌សង្គម និងដើម្បីសិទ្ធិមនុស្ស ក៏មិនអាចទៅរួចដែរ។
លោក ម៉ែន ណាត ព្រមានថា ការបង្កើតចលនានៅក្រៅស្រុករបស់ក្រុមប្រឆាំង មិនត្រូវរំលោភបំពានលើច្បាប់របស់ប្រទេសកម្ពុជាដាច់ខាត ជាពិសេសរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ព្រោះបក្សកាន់អំណាចអាច មានលេសគ្រប់គ្រាន់ ដើម្បីបង្ក្រាបពួកគេគ្រប់ពេលវេលា។
លោកបន្តថា នៅពេលដែលរដ្ឋាភិបាល ចេញមុខបង្ក្រាបដោយផ្អែកលើចំណុចខ្សោយនេះ ពលរដ្ឋដែលចង់ចូលរួមក្នុងការបង្រួបបង្រួមរបស់ក្រុមអ្នកប្រជាធិបតេយ្យ ក៏មិនអាចធ្វើទៅបានដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះបញ្ជាក់ថា បន្ទាប់ពីក្រុមប្រឆាំង អាចប្រមូលផ្ដុំគ្នាឡើងវិញបានហើយ កិច្ចការដែលពួកគេត្រូវធ្វើមុនគេបង្អស់ គឺស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញជាបន្ទាន់ ព្រោះបញ្ហានានាដែលកើតមាននៅក្នុងទីលាននយោបាយ នៅកម្ពុជាសព្វថ្ងៃនេះ គឺដោយសារការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការបាត់បង់សិទ្ធិមនុស្សប៉ុណ្ណោះ។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គេសង្កេតឃើញថាកម្លាំងបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានពុះច្រៀកជាផ្នែកៗ និងបង្កទៅជាការបែកបាក់កម្លាំងសាមគ្គីយ៉ាងធ្ងន់ធ្ងរ រហូតដល់ពេលនេះ។
ក្រោយបែកបាក់សាមគ្គីនយោបាយ គេសង្កេតឃើញថា អ្នកគាំទ្របក្សនេះក៏បានចេញមកវាយប្រហារគ្នាទៅវិញទៅមកដែរ ដែលជាហេតុធ្វើឱ្យកម្លាំងគាំទ្ររបស់ពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែធ្លាក់ចុះ ដោយសារពួកគេ អស់ជំនឿចិត្តលើមេដឹកនាំនយោបាយប្រឆាំងបន្តទៀត។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកនយោបាយក្រុមប្រឆាំង បានសូត្រទ្រឹស្ដី «បែកបាក់ស្លាប់ សាមគ្គីរស់» យ៉ាងស្ទាត់ជំនាញ ប៉ុន្តែក្នុងចំណោមពួកគេ នៅតែផ្គើននឹងការបែកបាក់ ដូចសត្វមមាចប្រឡែងភ្លើងដូច្នេះដែរ ខណៈក្រុមអ្នកកាន់អំណាច ឆ្លៀតឱកាសដែលក្រុមប្រឆាំងទន់ខ្សោយ ខិតខំពង្រីកការឃោសនាបំបែកបំបាក់ពួកគេ ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
លោក វ៉ន ចាន់ឡូត លើកឡើងថា វោហារស័ព្ទនៃការរួបរួម ត្រូវបានគេឮសឹងរាល់ថ្ងៃ តែទង្វើជាក់ស្ដែងហាក់ឆ្ងាយដូចជើងមេឃ ដោយភាគីម្ខាងៗប្រឹងបំប៉ោងអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យបរិសុទ្ធ និងបន្ទច់បង្អាក់ទៅភាគីម្ខាងទៀត ដែលជាក្រុមប្រឆាំងដូចគ្នា៕
