VOD /ដោយលោក ប៉ុល សម្បត្តិ
25-3-2025
ការរំលោភបំពានដែនសមុទ្រច្រើនទសវត្សរ៍ទៅនេះ ជំរុញឱ្យមានការលើកឡើង ពីភាពចាំបាច់ដែលកម្ពុជា ត្រូវផ្តល់សច្ចាប័ន ឬអនុម័តយល់ព្រមលើច្បាប់សមុទ្រ (UNCLOS) ដើម្បីការពារដែនសមុទ្រ និងទាមទារត្រឡប់មកវិញ រួមទាំងកោះត្រល់ និងកោះគុត ជាដើម ដែលប្រទេសជិតខាងរំលោភយក។
[អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូមទាញយក «ភាសាអង់គ្លេស» Download ឬទាញយក «ភាសាខ្មែរ» Download)។]
អ្នកមានបិទពិសោធន៍កិច្ចការព្រំដែន ពីបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហោះសារលើបណ្តាញសង្គម ថា ថ្មីៗនេះចៅក្រមអន្តរជាតិ លោក Horinouchi និយាយចំៗ បញ្ហាដែនសមុទ្រកម្ពុជា ជាមួយប្រទេសជិតខាង។
សម្រាប់ លោក អ៊ុំ សំអាន លោក Horinouchi និយាយថា កម្ពុជាគួរតែធ្វើសច្ចាប័ន លើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីអាចដោះស្រាយដែនសមុទ្រ និងកោះកម្ពុជា ដែលកំពុងមានជម្លោះជាមួយថៃ និងវៀតណាម។ លោកថា ការស្នើរបស់គាត់ ដោយមើលឃើញថា មានជម្លោះបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជានិងថៃ ជាពិសេសកោះគុត។
ការលើកឡើងរបស់ លោក Horinouchi ធ្វើឡើងក្នុងវេទិកាមួយនៅសណ្ឋាគារ Le Royal នៅភ្នំពេញកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា លោក Horinouchi Hidehisa ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (Internatinal Tribunal for the law of the sea “ITLOS”) និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ជុំវិញបញ្ហានេះ កម្ពុជាបានចុះអនុសញ្ញា (UNCLOS) នេះនៅឆ្នាំ១៩៨៣។
សម្រាប់លោក អ៊ុំ សំអាន និយាយថា បើរដ្ឋសភាកម្ពុជា ផ្តល់សច្ចាប័ន (អនុម័តយល់ព្រម) លើច្បាប់សមុទ្រ (UNCLOS) រួចហើយកម្ពុជា ប្តឹងថៃ និងវៀតណាម ទៅតុលាការអន្តរជាតិ នោះកម្ពុជានឹងឈ្នះ បានយ៉ាងហោចពាក់កណ្តាលនៃកោះគុត ដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០ គីឡូម៉ែត្រការ៉េ ពីថៃមកវិញ និងឈ្នះបានកោះត្រល់ ចង្កោមកោះក្រចកសេះ ដែនសមុទ្រ ៣០០០០ គីឡូម៉ែត្រការ៉េ ដែនសមុទ្ររួមគ្នាទំហំ ១០០០០ គីឡូម៉ែត្រការ៉េ ពីវៀតណាមមកវិញ។
បញ្ហានេះ លោកជំរុញឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដើម្បីការពារដែនសមុទ្រព្រមទាំងកោះ និងប្តឹងថៃទៅតុលាការអន្តរជាតិ ករណីកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០ គីឡូម៉ែត្រការ៉េ។
លោក អ៊ុំ សំអាន ឱ្យដឹងបន្ថែមនៅថ្ងៃទី២៥ ខែមីនា នេះថា UNCLOS គឺជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលបង្កើតក្របខណ្ឌច្បាប់ សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្រ និងដែនកោះ ហើយថា ការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS នេះ កម្ពុជាមានមូលដ្ឋានច្បាប់ច្បាស់លាស់ ដើម្បីទាមទារចំណែកកោះគុត ដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ និងទាមទារកោះត្រល់ ចង្កោមកោះក្រចកសេះ និងដែនសមុទ្រ ៣ ម៉ឺនគីឡូម៉ែត្រការ៉េ ពីភាគីវៀតណាមមកវិញ។
លោកថា៖ «ច្បាប់សមុទ្រឆ្នាំ១៩៨២ UNCLOSEហ្នឹងគឺយើងអាចប្ដឹងថៃ និងប្ដឹងវៀតណាម ទៅកាន់តុលាការអន្តរជាតិ ហើយយើងអាចទាមទារយកយ៉ាងហោចពាក់កណ្តាលនៃកោះគុតមកវិញ ហើយនិងតំបន់ត្រួតស៊ីគ្នាជាមួយថៃហ្នឹង ចំនួន ២៦០០០គីឡូម៉ែត្រការ៉េមកវិញ ហើយយើងក៏អាចទាមទារយក កោះត្រល់ពីវៀតណាមមកវិញ ទាមទារកោះក្រចកសេះពីវៀតណាមមកវិញផងដែរ»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីចង់ដឹងថា តើតំណាងរាស្ត្រជិត ២០០ នាក់ ដែលម្នាក់ៗ ទទួលប្រាក់ខែចំនួន ៥ ពាន់ដុល្លារ ពីការបង់ពន្ធរបស់រាស្ត្រ មានបានគិតគូបញ្ហាបូរណភាពទឹកដីនេះទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល ខណៈរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា មិនអាចទាក់ទងបាន។
យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ទទួលស្គាល់ថា ច្បាប់សមុទ្រពិតជាមូលដ្ឋានការពារដែនសមុទ្រ ប៉ុន្តែថា បញ្ហាដែលកំពុងកើតកម្ពុជាអាចទប់ទល់បាន។
លោកថា៖ «ច្បាប់វាបែបហ្នឹង ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ត្រូវការសុវត្ថិភាពរបស់យើង យើងត្រូវពង្រឹងសមត្ថភាពខ្លួនយើងឲ្យបានរឹងមាំ គេមិនហ៊ានប៉ះទេ ហើយយើងក៏អាចទប់ទល់ស្ថានការណ៍បានដែរ នេះជាការគិតរបស់ខ្ញុំ»។
យ៉ាងណាសម្រាប់លោក អ៊ុំ សំអាន មេដឹកនាំកម្ពុជា គួរតែខ្មាស់អតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Horinouchi ដែលបានបង្ហាញតម្រុយ និងភស្តុតាងសំខាន់ ដើម្បីការពារនិងទាមទារទឹកដីកម្ពុជាមកវិញ។
លោកថា បើមេដឹកនាំគ្រួសារហ៊ុននៅតែមិនភ្ញាក់រលឹក គិតគូរពីបញ្ហាបូរណភាពទឹកដីទេ នោះឆ្លុះបញ្ចាំងកាន់តែច្បាស់ថា មេដឹកនាំគ្រួសារហ៊ុនពិតជាក្បត់ឆន្ទៈរាស្រ្ត បំផ្លាញទឹកដី បម្រើមហិច្ចតាបរទេស។
លោកថា៖ «ឆ្លុះបញ្ចាំងថាត្រកូលហ៊ុននេះ ទាំងពុកនិងកូន គឺអត់មានបំណងការពារដែនសមុទ្ររបស់យើង ហើយនឹងកោះរបស់យើង ពីការឈ្លានពានពីសំណាក់ប្រទេសថៃ និងប្រទេសវៀតណាមនោះទេ។ មានន័យថា ចង់កាត់កោះគុតហ្នឹងឱ្យថៃ ដើម្បីឱ្យថៃហ្នឹងជួយការពារអំណាចរបស់ខ្លួន និងចង់កាត់ដែនសមុទ្រជាតំបន់ត្រួតស៊ីគ្នា ២៦០០០គីឡូម៉ែត្រការ៉េហ្នឹងឱ្យថៃ។ ដោយឡែកជាមួយវៀតណាម ក៏ចឹងដែរ គឺកាត់កោះត្រល់និងចង្កោមកោះក្រចកសេះឱ្យយួន ដើម្បីឱ្យវៀតណាមជួយការពារអំណាចខ្លួន»។
យ៉ាងនេះក្តី មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បដិសេធជុំវិញការចោទថា ការដឹកនាំរបស់លោក មិនបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ទៅប្រទេសជិតខាងដូចការចោទទេ។
លោកថា៖ «យើងទទួលយកមិនបាននូវការចោទប្រកាន់ណាទាំងអស់ ជាមួយនឹងអ្វីដែលយើងបានធ្វើដើម្បីផលប្រយោជន៍ជាតិរបស់យើង»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ នេះដើរតួនាទីសំខាន់សម្រាប់បណ្តាប្រទេសលើពិភពលោក ដែលកំពុងមានជម្លោះដែនសមុទ្រ ឬប្រជុំកោះជាមួយប្រទេសជិតខាង។
លោកបន្តថា ជាក់ស្តែងករណីជម្លោះដែនសមុទ្រវៀតណាម ជាមួយចិន និងហ្វីលីពីន ជាមួយចិនជាដើម គេតែងយកអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ នេះដើម្បីដោះស្រាយ និងជៀសវាងបង្កសង្រ្គាមផងដែរ។
ការណ៍នេះ លោកយល់ថា វាល្មមដល់ពេលរដ្ឋសភាកម្ពុជា ឬមេដឹកនាំកម្ពុជា អនុវត្តផ្តល់សច្ចាប័នអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ នេះដើម្បីការពារនិងទាមទារដែនសមុទ្រ ឬប្រជុំកោះខ្មែរមកវិញហើយ។
លោកថា៖ «កម្ពុជាចាំបាច់ណាស់ត្រូវតែផ្តល់សច្ចាប័នទៅលើច្បាប់សមុទ្រហ្នឹង រួមទាំងច្បាប់អន្តរជាតិដែលពាក់ព័ន្ធនានាហ្នឹង ដើម្បីការពារបូរណភាពទឹកដីកម្ពុជា អាហ្នឹងជារឿងចាំបាច់ទី១ គឺរដ្ឋាភិបាលត្រូវតែធ្វើ ត្រូវតែនឹកឃើញមុនគេ អាហ្នឹងបើរដ្ឋាភិបាលស្រឡាញ់ទឹកដីជាតិ ក៏ប៉ុន្តែបើថាមិនព្រមផ្ដល់សច្ចាប៍នទេ ធ្វើព្រងើយកន្តើយទេ អាហ្នឹងនិយាយយកតែរួចពីមាត់ ហើយភូតភរប្រជាពលរដ្ឋ»។
រដ្ឋាភិបាលគ្រួសារ ហ៊ុន ដែលបានក្តោបអំណាចច្រើនទសវត្សរ៍ទៅនេះ រងការរិះគន់ថា ធ្វើឱ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម ទាំងដីគោក និងប្រជុំកោះ មានកោះត្រល់ជាដើម រួមទាំងបានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតាវៀតណាម លេបទឹកដី តាមរយៈធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញ នៅឆ្នាំ២០០៥ នោះ។
មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

