អត្ថបទសារព័ត៌មាន The Cambodia Daily
26-3-2025
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា លុះត្រាតែមេដឹកនាំខ្មែរ មានរឿងលាក់បាំងនឹងពលរដ្ឋខ្លួនឯង ទើបមិនហ៊ានប្តឹងករណីនានាជាមួយថៃ ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងកោះគុត/គុជ ជាដើម ទៅតុលាការអន្តរជាតិ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា ពេលពាក្យបណ្ដឹងរបស់កម្ពុជា ចូលដល់តុលាការអន្តរជាតិ ភស្តុតាងនានាក៏ត្រូវបញ្ជូនទៅឱ្យតុលាការនេះដែរ ហើយរឿងរ៉ាវអាថ៌កំបាំងទាំងឡាយ ក៏នឹងត្រូវលាតត្រដាងនៅពេលនោះ ដូច្នេះបើមេដឹកនាំខ្មែរគ្មានអាថ៌កំបាំងអ្វី ដែលត្រូវលាក់បាំងជាមួយពលរដ្ឋខ្មែរទេ ជម្រើសនៃការប្ដឹងថៃ ទៅតុលាការអន្តរជាតិ គឺជាការជ្រើសរើសដ៏ល្អបំផុត។
លោក អ៊ុំ សំអាន លើកឡើងថា ដើម្បីចៀសវាងការប្រឈមដាក់គ្នា ក្នុងនាមប្រទេសជាមិត្ត និងជាអ្នកជិតខាងជុំវិញទំនាស់បូរណភាពទឹកដី កម្ពុជាគ្មានជម្រើសផ្សេងក្រៅពីប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិឡើយ ព្រោះមានតែតុលាការអាជ្ញាកណ្ដាលនេះប៉ុណ្ណោះដែលអាចផ្ដល់យុត្តិធម៌ សម្រាប់ប្រទេសកម្ពុជា ហើយគ្មានជម្លោះជាមួយប្រទេសជាមិត្តថែមទៀត។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ទោះលទ្ធផលបែបណាក៏ដោយ ក៏ពលរដ្ឋខ្មែរអាចទទួលយកបានដែរ ព្រោះអ្នកដែលចង់ការពារទឹកដី មិនមែនមានតែមនុស្សមួយក្រុម ដែលកំពុងដឹកនាំរដ្ឋាភិបាលនេះទេ។ ផ្ទុយទៅវិញ បើរដ្ឋាភិបាលនេះ មិនព្រមប្តឹងករណីទាំងនោះ ទៅតុលាការអន្តរជាតិ ហាក់ដូចជាចាត់ទុកថាពលរដ្ឋខ្មែរ ដែលជាម្ចាស់វាសនាប្រទេសជាតិ មិនស្នេហាជាតិ មិនស្នេហាទឹកដីដូចក្រុមខ្លួនទៅវិញ។
ក្នុងវីដេអូឃ្លីបមួយប្រវែងជាង ២នាទី ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការឆ្លើយឆ្លងគ្នា រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ដែលប៉ះទង្គិចពាក្យសម្ដីគ្នានៅព្រំប្រទល់លើប្រាសាទតាមាន់ធំ ដែលក្នុងនោះ ទាហានខ្មែរនិយាយទៅកាន់ទាហានថៃ ថា បើពួកគេចង់ឆ្លងមកចូលទឹកដីរបស់កម្ពុជា ត្រូវរាយការណ៍ជាមុន ប៉ុន្តែបើមកឆៅៗបែបនេះ គឺភាគីកម្ពុជាមិនអនុញ្ញាតដាច់ខាត។ ទាហានខ្មែរដែលប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ ព្រមានទាហានថៃ ថា បើហ៊ានមកម្ដងទៀត ច្បាស់មានបញ្ហាមិនខាន។
កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយបានកើតឡើង រវាងពលរដ្ឋខ្មែរជាមួយទាហានថៃ ដែលឈរជើងយាមកាមនៅទីនោះ បន្ទាប់ពីពលរដ្ឋខ្មែរ នាំគ្នាច្រៀងចម្រៀងជាតិបទដែនដីខ្មែរប្រែថាសុវណ្ណភូមិ។
ជុំវិញការប៉ះទង្គិចគ្នានេះ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគ៤ ព្រមានទៅកាន់ទាហានថៃ ថា បើមានពលរដ្ឋថៃ មកតំបន់ប្រាសាទតាមាន់ធំ ក៏មិនត្រូវឱ្យមានការច្រៀងចម្រៀងជាតិថៃ ដែរ។ លោកបញ្ជាទៅកាន់កងទ័ពខ្មែរថា កម្ពុជាមិនខ្លាចទេ បើថៃបាញ់ ខ្មែរក៏បាញ់វិញដែរ៕
អ្នកឃ្លាំមើលចាត់ទុកសម្ដីលោក ថាក់ស៊ីន ដែលថា ក្រុមប្រឆាំងកម្ពុជាអុជអាលរឿងព្រំដែន ជាចេតនាញុះញង់ខ្មែរ
អត្ថបទសារព័ត៌មាន The Cambodia Daily
26-3-2025
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកសម្ដីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលថាក្រុមប្រឆាំងកម្ពុជាអុជអាលឲ្យមានអរិយភាពព្រំដែនរវាងកម្ពុជា និងថៃ ថាជាចេតនាញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីថៃ រូបនេះ ហាក់កំពុងបង្ហាញពីការគប់គិតជាមួយគ្រួសារលោក ហ៊ុន សែន ដើម្បីជាលេសបង្ក្រាបអ្នកប្រជាធិបតេយ្យខ្មែរ ទាំងនៅកម្ពុជា និងទាំងនៅប្រទេសថៃ។
លោក ម៉ែន ណាត លើកឡើងថា បើលោក ហ៊ុន សែន ជឿតាមលោក ថាក់ស៊ីន នោះកម្ពុជានឹងបន្តចាញ់កលល្បិចញុះញង់របស់ថៃ ដែលកំពុងមានមហិច្ឆតាឈ្លានពាន លើបូរណភាពទឹកដីខ្មែរ ដូចករណីថៃ កំពុងគ្រប់គ្រងកោះគុត និងប្រាសាទតាមាន់តូច ហើយកំពុងបន្តមហិច្ឆតាលេបយកប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រួមទាំងតំបន់សមុទ្រត្រួតស៊ីគ្នា OCA [Overlapping Claims Area] ដូច្នោះដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះ អះអាងថា ល្បិចកលរបស់ថៃ គឺជាការរំលោភបំពានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ រួមទាំងបំពានច្បាប់សមុទ្រអន្តរជាតិ UNCLOS ឆ្នាំ១៩៨២ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្ដីពីបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលប្រទេសថៃ ក៏ជាភាគីហត្ថលេខីដែរនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីចៀសវាងការប្រឈមដាក់គ្នាក្នុងនាមប្រទេសជាមិត្ត និងជាអ្នកជិតខាង កម្ពុជាត្រូវតែប្តឹងថៃ នូវសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំងរឿងកោះគុតទៅតុលាការអន្តរជាតិ ឱ្យខាងតែបាន។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Thai Enquirer បានស្រង់សម្ដីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថាក្រុមប្រឆាំងកម្ពុជា បានប៉ុនប៉ងបង្កជម្លោះអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសកម្មភាពរបស់ពួកគេ មិនត្រូវបានអើពើពីរដ្ឋាភិបាលកម្ពុជាឡើយ។
អតីតមេដឹកនាំថៃរូបនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ មានការយល់ដឹងយ៉ាងច្បាស់ អំពីសន្ធិសញ្ញាទាក់ទងនឹងតំបន់ជម្លោះ ដោយភាគីទាំងពីរ បានទទួលស្គាល់គោលជំហរគ្នាទៅវិញទៅមករួចហើយ ស្របពេលដែលទំនាក់ទំនងរបស់លោក ជាមួយលោក ហ៊ុន សែន នៅតែរឹងមាំដូចមុនដដែល។ ជាងនេះទៀត កូនស្រីរបស់លោក គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីនៅពេលនេះ និងកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីដែរនោះ ក៏មានទំនាក់ទំនងល្អនឹងគ្នាដែរ។
រយៈពេលជាង ៤ទសវត្សរ៍ កម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល ហ៊ុន ត្រូវគេកត់សម្គាល់ឃើញថា ទឹកដីខ្មែរភាគខាងលិច ត្រូវបាត់បង់ទៅប្រទេសថៃ ជាច្រើនអន្លើ មិនខុសពីទឹកដីភាគខាងកើត ដែលបាត់បង់ទៅប្រទេសវៀតណាម នោះទេ ដូចជាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងដែនសមុទ្រទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡា ជាដើម៕
–
អត្ថបទដើមរបបស់លោក ម៉ែន ណាត (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥) ដូចខាងក្រោម ៖
ការលើកឡើងរបស់លោក ថាក់ស៊ីន សេណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលថា ក្រុមអ្នកប្រឆាំងកម្ពុជា ជាអ្នកអុជអាលឲ្យមានអារិភាព វិវាទព្រំដែនកម្ពុជា និងថៃ នោះគឺជាការចោទប្រកាន់ដោយមិនសមហេតុផលទាល់តែសោះ។
យើងខ្ញុំសូមច្រានចោលការចោទប្រកាន់យ៉ាងអយុត្តិធម៌ និងញុះញង់បំបែកបំបាកស្មារតីជាតិខ្មែរនេះ។
ការលើកឡើងរបស់លោក ថាក់ស៊ីន របៀបនេះ ហាក់កំពុងតែគប់គិតជាមួយគ្រួសារលោក ហ៊ុន សែន នៃកម្ពុជា ដើម្បីជាលេសបង្រ្កាបអ្នកប្រជាធិបតេយ្យខ្មែរ ទាំងនៅប្រទេសកម្ពុជា និងទាំងនៅប្រទេសថៃ។
ករណីលោក ហ៊ុន សែន បន្តជឿតាមលោក ថាក់ស៊ីន នោះកម្ពុជានឹងបន្តចាញ់កលល្បិចញុះញង់របស់ថៃ ដែលកំពុងមានហិច្ឆតាឈ្លានពាន លើបូរណភាពទឹកដីខ្មែរ ដូចជា ថៃកំពុងគ្រប់គ្រងកោះគុត និង ប្រាសាទតាមាន់តូច ហើយបោះពួយច្បាមយកប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រួមទាំងតំបន់សមុទ្រត្រួតស៊ីគ្នា OCA [Overlapping Claims Area] ផងទៀត។
ល្បិចកលរបស់ថៃ នេះ គឺជាការរំលោភបំពានសន្ធិសញ្ញាបារាំងសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧, បំពានច្បាប់សមុទ្រអន្តរជាតិ (UNCLOS ឆ្នាំ១៩៨២) និង រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីបូរណភាណទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលប្រទេសថៃ ក៏ជាភាគីហត្ថលេខីដែរ។
ដោយហេតុនេះ ដើម្បីចៀសវាងការប្រឈមដាក់គ្នា កម្ពុជាត្រូវតែប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ នូវសំណុំរឿង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំងរឿង កោះគុត។ ត្រូវប្តឹងទៅតុលាការអន្តរជាតិ ពីព្រោះភាគីទាំងពីរ ចរចាទ្វេភាគីជិត ២០ឆ្នាំហើយ មិនមានលទ្ធផលល្អសម្រាប់កម្ពុជាទេ នៅក្នុងសំណុំរឿងប្រាសាទបូរាណខ្មែរទាំងនេះ តាំងពីឆ្នាំ២០០៨ ហើយការចរចាទ្វេភាគី លើសំណុំរឿង តំបន់សមុទ្រត្រួតស៊ីគ្នា OCA ជាង ២៣ឆ្នាំហើយដែរ តាំងពីឆ្នាំ២០០១ មក។
ការប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ ដើម្បីបញ្ចៀសរឿងមួយចំនួន៖
១. បញ្ចៀសការរងប្រឈមមុខដាក់គ្នា នូវកងកម្លាំងយោធា។
២. បញ្ចៀសការប៉ះទង្គិចទឹកចិត្តរវាងពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេសការងារពលករខ្មែរ នៅប្រទេសថៃ។
៣. រក្សាទំនាក់ទំនងល្អ លើវិស័យការទូតកម្រិតខ្ពស់ដដែល។
៤. រក្សាទំនាក់ទំនងល្អ ចំពោះការដោះដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
អត្ថបទដោយ ម៉ែន ណាត
(ប្រទេសន័រវែស ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥)


