VOD Khmer /លោក ប៉ុល សម្បត្តិ
22-4-2025

ចំពេលវត្តមាននាយករដ្ឋមន្ត្រីថៃ មក​កម្ពុជា ​រយៈ​ពេល​ ២ថ្ងៃ​ក្នុង​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​ពីគណប​ក្សប្រ​ឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្រាប់​មេដឹក​នាំ​ថៃ ដក​ទ័ព​ចេញ​ពី​តំបន់​ឈ្លាន​ពាន ដូចជា​នៅ​តំបន់​ប្រាសាទ និង​​គោះ​គុត ​ជាដើម ដើម្បី​បង្ហាញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បុព្វ​បុរស​ខ្មែរ។

បើតាមព័ត៌មានថៃ TNN ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ​ថា នាយក​រដ្ឋ​មន្រ្តីថៃ​ អ្នក​ស្រី ផែថង​ថាន ស៊ី​ណា​វ៉ាត់ នឹង​បំពេញ​ទស្សន​កិច្ច​ទៅ​កម្ពុជា ​រយៈ​ពេល ​២ថ្ងៃ គឺ​ចាប់​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៥។

ប្រភ​ពបន្ត​ថា ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​នោះ​ អ្នក​ស្រី ផែថង​ថាន នឹង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បន្ទាប់​មក​នឹង​ជួប​ពិភាក្សាជា​មួយ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន

បន្ថែមពីនេះ នាយករដ្ឋមន្រ្តី​ថៃ អ្នក​ស្រី ផែថងថាន នឹង​ចូល​គាល់​ព្រះ​កុរណា​ ព្រះបាទ សម្តេច​​ព្រះបរម​នាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ តំណាង​រាស្រ្តប​ក្សស​ង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសានេះ​ដោយ​និយាយ​​ថា មេដឹកនាំ​កម្ពុជា ត្រូវ​ប្រាប់​មេដឹក​នាំ​ថៃ ឱ្យ​ដក​ទាហាន​ថៃ ចេញ​ពី​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាក្របី រួម​ទាំង​ចំណែក​ខ្លះ​នៃ​កោះគុត ​ដែល​កំពុង​គ្រប់​គ្រង។

លើសពីនេះ លោក​ថា បើថៃមិន​ព្រម​ដក​ទាហាន​ចេញ​ពី​តំបន់​ដែល​បាន​ឈ្លាន​ពាន​ទេ កម្ពុជា​​ត្រូវ​ប្រើ​ជម្រើស​ប្តឹង​ករណី​នេះ ទៅ​តុលាការ​អន្តរជា​តិ​ភ្លាម ដើម្បី​មហិច្ឆតា​បរទេស​ឈ្លាន​ពាន។

លោក អ៊ុំ សំអាន បានឱ្យ VOD ដឹងបន្ថែម​នៅ​ថ្ងៃទី​២២ ខែ​មេសានេះ​ថា វត្តមាន​អ្នក​ស្រី ផែថង​ថាន ជា​ឱកាស​ដែល​មេដឹក​នាំ​កម្ពុជា បង្ហាញ​ពី​ភាពច្បា​ស់​លាស់​របស់​កម្ពុជា។

តែផ្ទុយទៅវិញ លោក​ថា បើ​លោក ហ៊ុន ម៉ាណែត មិន​លើក​បញ្ហា​កោះ​គុត បញ្ហា​ប្រាសាទ​បុរាណ​ខ្មែរដែល​ថៃ​រំលោភ​បំពាន​យក​នេះ​ទេ វា​ឆ្លុះ​បញ្ចាំង​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន​គ្មាន​ឆន្ទៈ ការ​ពារ​ទឹក​ដី​ដូន​តា​ខ្មែរនោះ​ទេ។

លោកថា៖ «បើសិនជា​ត្រកូលហ៊ុន​មិន​លើក​យក​បញ្ហា​កោះ​គុត តំបន់​ត្រួត​ស៊ី​គ្នា​ និង​​ប្រាសាទ​​ទាំ​ង​​បី​​មកពិភាក្សា​ជាមួយ​នឹង​មេដឹក​នាំ​ថៃ​ទេ បញ្ជាក់​ថា ត្រកូល​ហ៊ុន​គឺ​មិន​មែន​ជា​ត្រកូល​ស្នេហា​ជាតិ​ទេ ជា​ត្រកូលក្បត់​ជាតិ​ អាច​ប្រជា​ពលរដ្ឋ​ឯង​និង​ប្រវត្តិ​សាស្ត្រ និង​ចារ្យ​ថា​ត្រកូល​ហ៊ុន​ គឺ​ជា​ត្រកូល​ក្បត់​ជាតិ​ដែលលោក​ឪពុក​កាត់​កោះ​ត្រល់​ និ​ង​កោះ​ក្រច​ក​សេះ ទៅ​ឲ្យ​យួន និង​ដែន​សមុទ្រ​ឲ្យ​យួន ឯ​កូន​អាច​នឹង​កាត់កោះ​គុត​ឲ្យ​ថៃ អ៊ីចឹ​ង​ត្រកូល​នឹង​អាច​ក្លាយ​ទៅ​ជា​ត្រកូល​ក្បត់​ជាតិ​តជំនាន់ ដោយ​ត្រកូល​អភិជន​ប៉ែន​ចឹង»។

លើស​ពីនេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិម្នាក់​ទៀត​គឺ លោក សួន សូរីដា ជំរុ​ញ​ឱ្យ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រាប់​មេដឹក​នាំ​ថៃ​ថា កម្ពុជា​ក៏​មាន​ចំណែក​នៃ​កោះ​គុត ហើយ​ប្រាសាទ​តាមាន់​តូច តាមាន់​ធំ និងប្រាសាទ​តាក្របី ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

មួយវិញទៀត លោកថា ជំនួប​នេះ ក៏​ជា​ឱកាស​ល្អស​ម្រាប់​មេដឹកនាំ​កម្ពុជា ប្រាប់​មហាជ​ន​ខ្មែរ​ថា កម្ពុជានៅតែ​រក្សា​ជំហរ​ទាម​ទារ និង​ការ​ពារ​ដែន​កោះ ដែន​សមុទ្រ និង​ប្រាសាទ​បុរាណ​ខ្មែរ​ ទោះ​ពេល​នេះ​កន្លែងខ្លះ​ថៃ​បាន​គ្រប់​គ្រង​ក៏ដោយ ។

លោកថា៖ «ប្រសិន​បើក្នុងពេលបច្ចុប្បន្ន​ វា​កំពុង​តែ​មាន​ការ​ផ្ទុះ​ឡើង​នូវ​បញ្ហា​រឿង​ព្រំដែន​ ទាក់​ទង​រវាងប្រទេស​ទាំង​​ពីរ​ ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ​នៅ​តំបន់​ប្រាសាទ​តាមា​ន់​ធំ និង​ប្រាសាទ​តា​ក្របី ហើយ​និង​កោះ​គុត ហើយ​បែរ​ជា​រដ្ឋាភិបាល​កម្ពុជា​ព្រងើយ​កន្តើយ​មិន​យក​បញ្ហា​នេះ នឹង​ដាក់​ជា​របៀប​វារៈ​នៅ​ក្នុង​ការ​ជជែក​ទេ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន​ទេ»។

VOD មិនអាចទាន់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបំភ្លឺ​ជុំវិ​ញរឿង​នេះ​​បា​ន​នៅឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា អ្នកនាំពាក្យបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​ភាព​ប្រយ័ត្ន​ប្រយែង ជុំវិ​ញ​រឿងកម្តៅ​​ព្រំដែន​​នេះ។

លោកថា៖ «គាត់ម៉េចដឹងថារាជរដ្ឋាភិបាលប្រទេសទាំងពីរ មិនជជែករឿងព្រំដែន អានឹងចេះតែទាយទុកមុនចឹងណា! ឥឡូវចំស្តាប់មើលទៅស្អែកនេះ ថាតើប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ លោកជជែកគ្នារឿងអីខ្លះ! ខ្ញុំយល់ថា គេចមិនរួចអំពីការជជែកអំពីផលប្រយោជន៍រួមនៃប្រទេសទាំងពីរទេ អ៊ីចឹងគាត់ដែលនៅក្រៅសង្វៀន និងកុំឲ្យចេះជាងគេអ្នកក្នុងសង្វៀន»។

ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើមេដឹកនាំ​គ្រួសារ​ ហ៊ុន ​នៅ​តែព្រងើយ​កន្តើយ​បញ្ហា​ជាតិ​មាតុ​ភូមិ​ឆ្លុះ​បញ្ចាំង​ថា មេដឹកនាំ​គ្រួសារ​ ហ៊ុន ​កំពុង​ក្បត់​ឆន្ទៈ​រាស្រ្ត គប់​គិត​ជាមួ​យ​បរទេស​ឈ្លាន​​ពាន​ទឹក​ដី​បុព្វ​បុរស​ខ្មែរ។

លោកបន្តថា ការបណ្តែតបណ្តោយ​ឱ្យបរទេស​គឃ្លើន​ ហ៊ាន​រំលោភ​យក​ដែន​កោះ និង​ប្រាសាទ​បុរាណខ្មែរ​នាសម័យ​ទំនើប​នេះ គឺ​ឆ្លុះ​បញ្ចាំង​ថា មេដឹកនាំ​អសមត្ថភាព​ដឹក​នាំ​ប្រទេស ឬ​គ្មាន​ឆន្ទៈ​ការ​ពារ​នគរ។

លោកថា៖ «បើលោក ហ៊ុន ម៉ាណែត ហ្នឹងមានការភ្ញាក់រឭកជាងឪពុរបស់លោក លោកគួរតែយកបញ្ញាស្មារតីដែលបានរៀនសូត្រនៅក្រៅប្រទេសយកមកដឹកនាំប្រទេសតាមផ្លូវត្រូវទៅ កុំទៅបន្ដលង់និងអំណាចហួងហែងកុំនិងបន្តធ្វើបាបប្រជាពលរដ្ឋបង្កជម្លោះ បង្កការបាក់បែកស្នាដៃជាតិតទៅទៀត ការបាក់បែកស្មារតីជាតិធ្វើឲ្យប្រទេសជិតខាងហ្នឹងលេប​​ត្របាក់ទឹកដីយើងបន្តិចម្តងៗ ហើយកុំបន្ទោសគេ ដូច្នេះត្រូវមានស្មារតីសាមគ្គីជាតិហើយត្រូវប្តឹងប្រទេសថៃ ប្រទេសវៀតណាម ជាពិសេសក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃមកកាន់កម្ពុជា ត្រូវតែប្រាប់មេដឹកនាំថៃថាឲ្យប្រគល់បូរណភាពទឹកដីដែលខ្លួនឯងបានយកទៅហ្នឹង»។

ការណ៍នេះ លោក ម៉ែន ណាត យល់​ថា ដើម្បី​ផ្តល់​ទំនុក​ចិត្តដល់​ពលរដ្ឋ​ខ្មែរ មេដឹកនាំ​គ្រួសារ​ ហ៊ុន ត្រូវបង្ហាញ​ឆន្ទៈ​ប្រាប់​មេដឹក​នាំ​ថៃ​ថា កម្ពុជា​នឹង​ប្តឹង​ទៅ​អន្តរ​ជាតិ បើមិន​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​តាមាន់​តូច តាមាន់​ធំ និង​ប្រាសាទ​​តាក្របី​ទេ​នោះ។

បញ្ហាព្រំដែន​នាសម័យ​ទំនើប​នេះ វា​បាន​កក្រើក​ឡើង​វិញ​​អំឡុ​ង​​ឆ្នាំ​​២០០៥ ដែល​​ពេ​ល​​នោះ ​លោក ហ៊ុន សែន បាន​​គំរាម​​​រំលាយ​​របប​​រាជានិ​យម​​អាស្រ័យ​​ធម្ម​​នុញ្ញ​​ចោល បើ​ព្រះ​អង្គ​មិន​​ព្រម​​ឡាយ​ព្រះហស្ត​លេខាលើ​​​​សន្ធិសញ្ញាបំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​មេដឹក​នាំ​វៀត​ណាម។

ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​រំលាយ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ដើម្បី​សម្រេច​ម​ហិច្ឆ​តា​​វៀត​ណាម​លេប​ទឹក​ដី បើ​ព្រះអង្គ​មិន​ឡាយ​ព្រះ​ហស្ត​លេខា លើ​សន្ធិសញ្ញាព្រំដែន​ខុស​ច្បាប់​ដែល​គូរ​វា​ស​​ដោយ​​វៀត​​ណាម ឆ្នាំ​​១៩៨២, ៨៣ និង​​ ៨៥ ឱ្យ​​រស់​ឡើង​​វិញ​​ទេ​នោះ។

បន្ថែមពីនេះ លោក ហ៊ុន សែន តែង​តែ​ចោទ​មេដឹកនាំ​​គណបក្ស​​ប្រឆាំង​​ថា ជា​ជន​​ក្បត់​​ជាតិ ខណៈ​​ពួក​​គេជា​​ញឹក​ញាប់​​បាន​ប្រើ​យន្ត​ការ​​សភា ​និយាយ​​​លាត​​ត្រដាង​​ពីមហិច្ឆតា​​វៀ​ត​ណាម ​​លេប​​ទឹក​ដី​ខ្មែរ​នេះ។

លើសពីនេះ គណបក្សសង្គ្រោះជាតិ​ ជាប​ក្សប្រឆាំង​ធំ​​ជា​ងគេ ត្រូវ​បាន​ លោក ហ៊ុន សែន ប្រើ​តុលា​ការរំលាយ​ចេញ​ពី​ឆាក​នយោបាយ​នៅ​ចុង​ឆ្នាំ​២០១៧ និង​បន្ត​សម្លាប់​ជីវិត​នយោបាយ​មេដឹក​នាំ​ រហូត​បច្ចុប្បន្ន ក្នុង​នោះ​រួម​ទាំង លោក កឹម សុខា ផង​ដែរ។

យ៉ាងណា មន្រ្តីគណបក្សប្រឆាំង ​និងអ្នកឃ្លាំមើលព្រំដែន អះអាងថា វៀតណាម​បាន​រំលោភ​យក​ដី​ខ្មែរ តាម​​បន្ទាត់​​ព្រំដែន​ច្រើន​កន្លែង រួម​ទាំងប្រជុំ​​កោះ​ក្រចក​សេះ និង​កោះ​ត្រល់​ជាដើម ដោយ​គ្មាន​ការ​ជំទាស់ពី​លោក ហ៊ុន សែន ក្រោយ​លើក​បន្តុបលោក ហ៊ុន សែន ​ឱ្យ​កាន់​អំណាច​អំឡុង​ឆ្នាំ​១៩៧៩មក។

កម្តៅព្រំដែន​នេះ ត្រូវ​បានគេមើល​ឃើញ​ថា ជាដើម​ចម​ធ្វើ​ឱ្យ​ លោក ហ៊ុន សែន ជាប់​អន្ទាក់​ប្រទេស​ជិតខាង ហើ​យ​បន្ត​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កម្ចាត់ខ្មែរគ្នាឯង ដែលហ៊ានលាតត្រដាងមហិច្ឆតាវៀតណាមឈ្លា​នពានទឹកដីខ្មែរ ។

វិធាននេះក្រោយ លោក ហ៊ុន សែន ​ ​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​​ព្រំដែន​ខុស​ច្បាប់ ​រស់​នៅ​ឡើង​វិញ​​ នៅ​ឆ្នាំ​២០០៥ ​ ​ការ​​​ចង់​បាន​របស់​វៀត​​ណាម ដែលក្រុមប្រឆាំងអះអាងថា ធ្វើឱ្យកម្ពុជា បាត់បង់ដែនដីគោក​មួយ​ផ្នែក​ទៀត រួមប្រជុំកោះនិង​ដែន​​សមុទ្រ។

ទង្វើនេះ ត្រូវ​​បា​ន​គេមើលឃើញថា មេដឹកនាំ​គ្រួសារ​ ហ៊ុន បាន​ដើរ​ផ្ទុយ​​ទៅ​​នឹ​ង​​មាត្រា​​៥២ និង​​មាត្រា​​៥៥ ​នៃ​​រដ្ឋ​ធម្ម​នុញ្ញ ដែល​​បាន​​ចែង​​ថា សន្ធិ​សញ្ញា និង​​កិច្ច​ព្រម​​ព្រៀង​​ទាំ​ង​​ឡាយ​​ណា​​ ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ អធិប​តេយ្យ បូរណ​ភា​ព​ទឹក​ដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួម​​​ជាតិ ដើម្បីការពារឯកភាពជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារអស់​មួយជីវិត»

Photo (from left): Hun Sen, Um Sam An, Men Nath & Hun Manet
Photo (from left): Hun Sen, Um Sam An, Men Nath & Hun Manet