VOD Khmer /ដោយ ប៉ុល សម្បត្តិ
23-4-2025
ការដែលរដ្ឋាភិបាលគ្រួសារ ហ៊ុន កាត់ដីដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងខេត្តក្រចេះ ៩៩ហិកតា ឱ្យក្រុមហ៊ុនឯកជន រយៈពេល ៥០ឆ្នាំ ក្លាយជាក្តីបារម្ភពីបូរណភាពទឹកដី ពាក់ព័ន្ធនឹងគម្រោង CLV និងវាសនាព្រៃឡង់ ដោយអះអាងថា ក្រុមហ៊ុននោះ ជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនវៀតណាម។
ក្តីបារម្ភនេះ ក្រោយពីបែកធ្លាយអនុក្រឹត្យមួយ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមផ្សព្វផ្សាយតៗគ្នាប៉ុន្មានថ្ងៃនេះ ដែលអនុក្រឹត្រនោះ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានកាត់ផ្ទៃដីទំហំ ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ឱ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី សម្រាប់វិនិយោគធ្វើជារោងចក្រផលិតស៊ីម៉ងត៍។
ក្នុងអនុក្រឹត្យនោះ សរសេរថា តំបន់ប្រើប្រាស់ដោយចីរភាព មានផ្ទៃដីទំហំជិត ១០០ ហិកតានេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នឹងធ្វើអនុប្បយោគមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលក្នុងរយៈពេលមិនលើសពី ៥០ឆ្នាំ ឱ្យក្រុមហ៊ុន K.P Cement Industry Co.,Ltd. សម្រាប់វិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។
ជុំវិញបញ្ហានេះ ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយប្រាប់ VOD នៅថ្ងៃទី២៣ ខែមេសានេះថា តាមការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ក្រុមហ៊ុន ខេ ភី ស៊ីម៉ែនថ៍ ដែលលោក ហ៊ុន ម៉ាណែត កាត់ឆ្វៀលនេះ មានទំនាក់ទំនងជាមួយក្រុមហ៊ុនស៊ីម៉ងត៍ របស់វៀតណាម។
លោកបន្តថា ការកាត់ឆ្វៀលដីទំហំជិត១០០ហិកតា ឱ្យក្រុមហ៊ុនឯកជនក្នុងតំបន់ព្រៃការពារព្រៃឡង់នេះ នឹងធ្វើឱ្យតំបន់ការពារព្រៃឡង់ រងការបំផ្លាញយ៉ាងគំហុក ពីសំណាក់មន្ត្រីខិលខូច ខណៈកម្ពុជាត្រូវបានគេរកឃើញថានៅមានអំពើពុករលួយខ្ពស់នៅឡើយ។
មួយវិញទៀត លោកថា ក្រុមហ៊ុន K.P Cement ដែលលោក ហ៊ុន ម៉ាណាត ផ្តល់ដីឱ្យផលិតស៊ីម៉ងត៍នៅខេត្តក្រចេះនេះ គឺជាសាខារបស់ក្រុមហ៊ុនវៀតណាមឈ្មោះថា HATIEN 1 Cement HO CHI MiN City។
លោកថា៖ «យើងស្រាវជ្រាវតាមដានមើលក្រុមហ៊ុនឈ្មោះ K.P Cement Industry ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់ព្រៃឡង់ ជាតំបន់អភិរក្សធនធានធម្មជាតិហ្នឹង ដីចំនួន៩៩ហិកតា កាលពីខែមួយឆ្នាំ២០២៥ហ្នឹង ដែលចេញអនុក្រឹត្យដោយ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីហ្នឹង ហើយក្រុមហ៊ុននេះវាមានទំនាក់ទំនងជិតដិតជាមួយនឹងក្រុមហ៊ុនហាទៀនស៊ីម៉ង់ត៍របស់វៀតណាម អ៊ីចឹងយើងគិតថាក្រុមហ៊ុនហ្នឹង ប្រហែលជាមែកធាងមួយរបស់ក្រុមហ៊ុនស៊ីម៉ងត៍វៀតណាមហ្នឹងឯង»។
សម្រាប់ លោក ម៉ែន ណាត វិធានកាត់ដីឱ្យក្រុមហ៊ុនឯកជន លើខេត្តជាប់ព្រំដែន អាចជាយុទ្ធសាស្ត្របិទបាំងក្រសែភ្នែកប្រជាពលរដ្ឋ ដែលថាតាមពិតគ្រួសារហ៊ុនកំពុងអនុវត្តផែនការវៀតណាមឈ្លានពានរបស់វៀតណាមចង់លេបត្របាក់ទឹកដីខ្មែរ ក្នុងរយៈពេលយូរ ដូចបានឯកភាពគ្នាលើគម្រោងអភិវឌ្ឍន៍ CLV ។
លោកថា៖ «រឿងកាត់ឆ្វៀលព្រៃឡង់នៅក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីនេះវាជាតំបន់ CLVហើយតំបន់ CLV វាគ្រប់គ្រងភាគច្រើនដោយក្រុមហ៊ុនវៀតណាម វៀតណាមយើងឃើញថាដីដែលអង្គការលីកាដូផ្សាយកាលពីប៉ុន្មានឆ្នាំមុនហ្នឹង វៀតណាមគ្រប់គ្រងដីសម្បទាននៅតំបន់ CLVហ្នឹង ២៤ម៉ឺនហិកតាហើយរាល់ថ្ងៃហ្នឹងរដ្ឋាភិបាល មិនទាន់ដកចេញណា ហើយអាក្រុមហ៊ុនស៊ីម៉ងត៍ដែល ហ៊ុន ម៉ាណែត កាត់ឆ្វៀលឲ្យថ្មីៗនេះ ដែលយើងសង្ស័យថា លក់ទៅឲ្យក្រុមហ៊ុនវៀតណាមផងដែរ»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា ការកាត់ឆ្វៀលដីក្នុងខេត្តជាប់ព្រំដែននេះ ជាសញ្ញាគ្រោះថ្នាក់របស់កម្ពុជាទាំងធនធានធម្មជាតិកម្រ និងបូរណភាពទឹកដី ខណៈដីសម្បទានជាង២៤ម៉ឺនហិកតាទៀត ជាប់ព្រំដែន ស្ថិតក្នុងគម្រោង CLV នៅក្នុងដៃក្រុមហ៊ុនវៀតណាមនៅឡើយ។
លោកថា៖ «បើសិនជាផ្ដល់ឲ្យក្រុមហ៊ុនវៀតណាម ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLVហ្នឹងហើយ មានន័យអាចផ្ដល់ឲ្យក្រុមហ៊ុនវៀតណាមបន្ថែមទៀត ដើម្បីឲ្យវៀតណាមគ្រប់គ្រងខែប្រាំបួន នៅពេលអនាគតដែលលោក ហ៊ុន សែន គាត់កាត់ទឹកដីយើងតាមព្រំដែន ហើយនិងដែនសមុទ្រ និង កោះត្រល់ កោះក្រចកសេះ ទៅឱ្យយួនហើយ គាត់អត់អស់ចិត្តចង់កាត់ខេត្តទាំងបួន ឱ្យយួនទៀត»។
VOD មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបំភ្លឺ ជុំវិញបញ្ហានេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក ប្រធានកម្មវិធីបណ្ដាញនិងតស៊ូមតិនៃអង្គការភាពជាដៃគូ ដើម្បីបរិស្ថាននិងការអភិវឌ្ឍ លោក សាន់ ម៉ាឡា យល់ថា រាល់ការវិនិយោគនិងផ្ដល់ដីអនុប្បយោគ ទៅឱ្យក្រុមហ៊ុនឯកជន តែងតែមានការឈូសឆាយព្រៃឈើ និងការបង្កជម្លោះជាមួយប្រជាពលរដ្ឋរស់នៅអាស្រ័យផលនៅទីនោះ។
លោកបារម្ភថា ការបាត់បង់ព្រៃឈើទាំងអស់នោះ វានឹងបង្កប៉ះពាល់យ៉ាងខ្លាំងដល់ធនធានធម្មជាតិ គឺបំរែបម្រួលអាកាសធាតុ និងបង្កផលប៉ះពាល់ដល់ប្រជាសហគមន៍ រស់នៅក្នុងតំបន់នោះផងដែរ។
ការណ៍នេះ លោកយល់ថា រដ្ឋាភិបាលកម្ពុជាគួរតែគិតគូរពិចារណាឡើងវិញ អំពីផលប៉ះពាល់ជាអាទិភាព ដើម្បីបញ្ចៀសហានិភ័យនៃវិនាសកម្មព្រៃឈើ ក្នុងតំបន់ព្រៃការពារព្រៃឡង់។
លោកថា៖ «ការកាប់បំផ្លាញព្រៃឈើនៅក្នុងរូបភាពរហូតដល់ ៩៩ហិកតានេះ វាប៉ះពាល់ទៅដល់ផែនការនៅក្នុងការពង្រីកគម្របព្រៃឈើ ឲ្យបាន ៦០ ភាគរយរបស់ក្រសួងបរិស្ថាន ហើយម្យ៉ាងទៀតយើងមើលឃើញថាតួនាទីសំខាន់របស់ព្រៃឈើហ្នឹង គឺការផលិតអុកស៊ីសែន ស្រូបឧស្ម័នកាបូនឌីអុកស៊ីតដូច្នេះហើយការបាត់បង់ព្រៃឈើ វាជាការរួមចំណែកយ៉ាងសំខាន់នាំឲ្យមានការកើនឡើងកម្ដៅភពផែន»។
ព្រៃឡង់មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារ នៅក្នុងឆ្នាំ២០១៦។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយ កាលពីចុងឆ្នាំ២០២៣ ជុំវិញដីសម្បទានក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ជាង ២៤ ម៉ឺនហិកតា (២៤៥.៣០៤ ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ។
របាយការណ៍ដដែល បង្ហាញថា ដីសម្បទានសេដ្ឋកិច្ច ១ហិកតា ជាមធ្យមត្រូវការកម្មករ ៣នាក់ ដូច្នេះគេរកឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ២៤ ម៉ឺនហិកតា នៅតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺត្រូវការកម្មករជាង ៧០ម៉ឺននាក់ (៧៣៥.៩១២ នាក់)។
អង្គការលីកាដូ បញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៥៥កន្លែង ដែលមានផ្ទៃដីសរុបជាង ៣៦ម៉ឺនហិកតា (៣៦២.៥១៥ ហិកតា)។
គេរកឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ៣៦ ម៉ឺនហិកតានេះ ត្រូវការកម្មករជាង ១លាននាក់ (១.០៨៧.៥៤៥ នាក់) ខណៈកម្មករទាំងនោះ ត្រូវគេរកឃើញថាជាង ៩០% គឺសុទ្ធតែជាជនជាតិវៀតណាម។
នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រកាសដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។
ការប្រកាសដកប្រទេសចេញ ពីកិច្ចសហប្រតិបត្តិការណ៍រួមគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងការទទូចសុំរបស់ក្រុមប្រឆាំង។
យ៉ាងណា លោក ហ៊ុន សែន បានអះអាងថា កម្ពុជា នៅតែបន្តកិច្ចហការណ៍ជាមួយប្រទេសជិតខាងដោយគ្មានការប្រែប្រួល ដែលការណ៍នេះ ជំរុញឱ្យក្រុមអ្នកតាមដានព្រំដែន ដាក់មន្ទិលសង្ស័យថា គ្រួសារ ហ៊ុន នឹងមិនអាចដកខ្លួនពីអន្ទាក់វៀតណាមបានទេ ដោយបារម្ភបាត់បង់អំណាច៕
