អត្ថបទ The Cambodia Daily
23-4-2025
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា ភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ បានស្តែងឱ្យឃើញថាពួកគេមិនបានខ្វល់ពីរឿងអាមេរិក ដំឡើងពន្ធលើកម្ពុជាឡើយ ប៉ុន្តែអ្នកឃ្លាំមើលចាត់ទុកសម្ដីលោក ហ៊ុន សែន ថាជាចេតនាបំភាន់ការពិត។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះថា មានកត្តាសំខាន់ចំនួន ៤ ដែលធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេស មានភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ ក្នុងនោះរួមមាន កត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានល្អ កត្តាមធ្យោបាយធ្វើដំណើរ និង កត្តាជីវភាពរបស់ប្រជាជនមានការកើនឡើង។
លោក ហ៊ុន សែន បញ្ជាក់ថា ក្រៅពីកត្តាទាំង ៤ នេះ ក៏មានកត្តារួមផ្សំមួយចំនួនទៀតដែរ ក្នុងនោះគឺការរៀបចំរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ជាដើម ដែលរដ្ឋាភិបាលត្រូវចំណាយថវិកាជិត ២ លានដុល្លារអាមេរិក (១,៧០ លានដុល្លារ) សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងដឹកពីតាមបណ្តាខេត្ត ទៅកាន់រាជធានីភ្នំពេញវិញ នៅមុន និងក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មេសា នេះថា ភាពសប្បាយរីករាយរបស់ពលរដ្ឋ ក្នុងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ គឺជាការលេងកម្សាន្តតាមទំនៀមទម្លាប់របស់ខ្មែរ ក្នុងពេលបុណ្យប្រពៃណីជាតិរបស់ខ្លួន មិនមែនសប្បាយរីករាយដោយសារតែពួកគាត់ ប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរនោះទេ។
លោក ម៉ែន ណាត លើកឡើងថា សម្ដីរបស់លោក ហ៊ុន សែន គ្រាន់តែចង់បន្លប់ពីស្ថានភាព ដែលរដ្ឋាភិបាលកំពុងដឹកនាំដោយកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ភ័យព្រួយរឿងពន្ធរបស់អាមេរិក ដែលកំណត់លើកម្ពុជា ក្នុងពេលនេះតែប៉ុណ្ណោះ ព្រោះថាសូម្បីតែលោក ហ៊ុន សែន ខ្លួនឯងក៏កំពុងតែភ័យព្រួយនឹងការដំឡើងពន្ធរហូតដល់ ៤៩% ដែលអាមេរិក បានកំណត់នេះដែរ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា រូបនេះ បញ្ជាក់ថា ការទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក ហ៊ុន សែន ខ្លួនឯងក៏បានដឹងយ៉ាងច្បាស់ដែរថា ជាឧបសគ្គដ៏ធំសម្រាប់កម្ពុជា ក្នុងការចរចាជាមួយអាមេរិក ជុំវិញការស្នើសុំបញ្ចុះពន្ធ ៤៩% នេះ ប៉ុន្តែដោយសារកម្ពុជា គ្មានជម្រើសប៉ុណ្ណោះ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានកំណត់ពន្ធគយលើទំនិញនាំចូលរបស់កម្ពុជា ៤៩% ខណៈលោក ហ៊ុន ម៉ាណែត ក៏បានសរសេរលិខិតទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរ ដើម្បីសុំចរចាបញ្ចុះពន្ធនេះ ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសបញ្ចុះពន្ធនាំចូលលើទំនិញរបស់អាមេរិកចំនួន ១៩ មុខទៅកម្ពុជាពី ៣៥% មកនៅត្រឹម ៥% ផងដែរ៕

