អត្ថបទ The Cambodia Daily
29-4-2025
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ស្នើឱ្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន លើកយកបញ្ហាអធិបតេយ្យជាតិ ទៅពិភាក្សាជាមួយមេដឹកនាំវៀតណាម ក្នុងដំណើរទស្សនកិច្ចទៅចូលរួមខួបអនុស្សាវរីយ៍បង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងប្រទេសន័រវែស លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មេសា នេះថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន គួរតែមានភាពក្លាហានបញ្ជាក់ជំហរទៅកាន់មេដឹកនាំវៀតណាម ក្នុងការធ្វើនិរាករណ៍កិច្ចព្រមព្រៀងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញចោលទាំងអស់ ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរ ពីឆន្ទៈការពារអធិបតេយ្យជាតិខ្មែររបស់គាត់ ចំពោះបរទេសឈ្លានពានមួយនេះ។
លោកបន្តថា បើលោក ហ៊ុន សែន មិនហ៊ានលើកយកបញ្ហាដែលលោកបានរៀបរាប់ទាំងនេះ ទៅជជែកជាមួយមេដឹកនាំវៀតណាម ដើម្បីបញ្ឈប់យុទ្ធសាស្ត្រឈ្លានពានរបស់ពួកគេទេ នោះមានន័យថា កម្ពុជានៅតែត្រូវបានដាក់ជាតំបន់សម្រាប់ឱ្យវៀតណាម ឈ្លានពានទៅថ្ងៃមុខបន្តទៀតដដែល។
លោក ម៉ែន ណាត បញ្ជាក់ថា ឱ្យតែកម្ពុជាមិនអាចលុបកិច្ចព្រមព្រៀងខុសច្បាប់អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជានឹងមិនអាចប្តឹងវៀតណាម ទៅតុលាការអន្តរជាតិ ឱ្យការពារអធិបតេយ្យជាតិរបស់ខ្លួនបានទេ។ ម្យ៉ាងទៀត បើកម្ពុជា មិនដកហូតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តទាំង ៤ នៅភូមិភាគឦសានមកវិញទេ នោះកម្ពុជាក៏នៅតែរងនូវការប្រឈមគ្រប់បែបយ៉ាងពីវៀតណាម ទៅថ្ងៃមុខដែរ។
លោកគូសបញ្ជាក់ថា បំណងរបស់មេដឹកនាំវៀតណាម ហៅលោក ហ៊ុន សែន ទៅជួបក្នុងពិធីខួបនេះ គឺក្នុងនាមជាភ្ញៀវកិត្តិយស ដែលជាយុទ្ធមិត្តនៃអតីតសហព័ន្ធឥណ្ឌូចិនជាមួយគ្នាផង ជាបងធំរបស់កម្ពុជា និង ឡាវ សម្រាប់ការរំឭកគុណ និងដឹងគុណខ្លួនផង។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ មេសា នេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នឹងចូលរួមខួបអនុស្សាវរីយ៍បង្រួបបង្រួមជាតិរបស់វៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា អំឡុងពេលចូលរួមខួបអនុស្សាវរីយ៍នេះ លោក ហ៊ុន សែន នឹងជួបពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយមេដឹកនាំជាន់ខ្ពស់វៀតណាម រួមមាន ប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម, ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ផងដែរ ដើម្បីបញ្ជាក់ពីការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
(អត្ថបទដើមរបស់លោក ម៉ែន ណាត /ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥) មានខ្លឹមសារដូចខាងក្រោម ៖
មេដឹកនាំវៀតណាម ហៅលោក ហ៊ុន សែន ទៅជួប ដែលន័យផ្លូវការថា «ការអញ្ជើញ» ក្រោមហេតុផលនៃការរំឭកខួប ៥០ឆ្នាំ នៃការរួបរួមឯកភាពជាតិ រវាងវៀតណាមខាងជើង និងខាងត្បូង នៅថ្ងៃទី៣០ ខែមសា ឆ្នាំ២០២៥។
បំណងរបស់វៀតណាម ហៅលោក ហ៊ុន សែន ទៅជួបក្នុងរូបភាព ៖
(១.) ជាភ្ញៀវកិត្តិយស ក្នុងនាមយុទ្ធមិត្តនៃអតីតសហព័ន្ធឥណ្ឌូចិនជាមួយគ្នា។
(២.) វៀតណាម នៅតែជាបងធំ ហៅមេដឹកនាំក្រោមឱវាទ ពីកម្ពុជា និង ឡាវ ទៅរំឭកគុណ និងដឹងគុណខ្លួន។
(៣.) លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ មិនអាចងាករេពីវៀតណាមទេ ទាំងការដឹកនាំនយោបាយផ្ទៃក្នុងបក្សប្រជាជនកម្ពុជា និងទាំងរដ្ឋាភិបាលត្រកូល ហ៊ុន។
យោបល់ ៖
លោក ហ៊ុន សែន គួរតែមានសេចក្តីក្លាហាន ឈប់ទទួលយកសំណើវៀតណាម រឿងបញ្ចូលជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា និង ត្រូវប្រាប់មេដឹកនាំវៀតណាមថា កម្ពុជា នឹងត្រូវធ្វើមោឃភាពសន្ធិសញ្ញាព្រំដែន កិច្ចព្រមព្រៀងនានា រួមទាំងកិច្ចព្រមដែនទឹកខុសច្បាប់ឆ្នាំ១៩៨២ ជាដើម ពីព្រោះ វាផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
យើងដឹងថា លោក ហ៊ុន សែន នឹងមិនហ៊ានប្រាប់វៀតណាម ដូចចំណុចខាងលើនេះទេ។ ប៉ុន្តែយើងពិតជាចង់ឲ្យលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ ភ្ញាក់រឭកចេះស្រឡាញ់់ជាតិខ្លួនឯង ចេះរួបរួមខ្មែរគ្នាឯង ដូចដែលខាងវៀតណាម គេធ្វើបុណ្យខួប នៃការរួបរួមឯកភាពជាតិរបស់គេដែរ។ ភ្ញាក់រឭកទៅ មិនទាន់ហួសពេលទេ។
អត្ថបទដោយ ម៉ែន ណាត
—
