ឯកសារភ្ជាប់ ៖
– អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូមទាញយក «ភាសាអង់គ្លេស» Download ឬទាញយក «ភាសាខ្មែរ» Download)។
– អំពីនីតិសមុទ្រ ឬច្បាប់សមុទ្រ (UNCLOS) ចុចនៅត្រង់នេះ ( Read here) ជាភាសាខ្មែរ។
VOD Khmer /ដោយ ប៉ុល សម្បត្តិ
06th-5-2025
ចំពេលមានចរន្តទាមទារឱ្យមេដឹកនាំខ្មែរទាមទារ កោះគុត ពីភាគីថៃ និងកោះផ្សេងទៀត ក្នុងដែនសមុទ្រខ្មែរ ពីប្រទេសវៀតណាមនោះ សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំងមួយទៀត បានរំឭកពីសារលើការផ្តល់សច្ចាប័នច្បាប់សមុទ្រ UNCLOS ដើម្បីទប់ស្កាត់មហិច្ចតាលេបទឹកដីនេះ។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បង្ហោះលើហ្វេសប៊ុករបស់លោកថា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានស្នើឱ្យកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីបង្កើនភាពងាយស្រួលដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសវៀតណាម និងថៃ ជាពិសេសកោះគុតជាមួយថៃ។
លោក សំអាន បញ្ជាក់ថា លោក ហ្សាក់ ប៉ឺឡេ និយាយបែបនេះក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែឧសភានេះ នៅស្ថានទូតបារាំងផ្ទាល់។
កន្លងទៅ ចៅក្រមអន្តរជាតិ លោក Horinouchi Hidehisa ជនជាតិជប៉ុន ក៏បានប្រាប់កម្ពុជាពីសារសំខាន់ ពីភាពចាំបាច់ក្នុងការធ្វើសច្ចាប័នលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ នេះដែរ។
ប្រភពនោះ បញ្ជាក់ថា ការផ្តល់សច្ចាប័នលើ UNCLOS នឹងទទួលបានអត្ថប្រយោជន៍នៅដែនសមុទ្រ ព្រមទាំងអាចដោះស្រាយដែនសមុទ្រនិងកោះកម្ពុជា ដែលកំពុងមានជម្លោះជាមួយថៃនិងវៀតណាម។
លោក អ៊ុំ សំអាន បានឱ្យ VOD ដឹងបន្ថែមនៅថ្ងៃទី៦ ខែឧសភានេះថា សារក្រើនរំឭកពីភាគីបារាំង និងជប៉ុននេះ ជាផ្នែកដាស់តឿន ឱ្យយកចិត្តទុកដាក់ការពារទឹកដីកម្ពុជា ជាពិសេស ករណីកោះគុត ដែលថៃ កំពុងគ្រប់គ្រង និងកោះត្រល់ រួមទាំងកោះជាច្រើនទៀត ដែលធ្លាក់ក្នុងដៃវៀតណាម ។
លោកថា៖ «បើសិនជាគាត់មិនខ្វល់ខ្វាយធ្វើតាមសំណើរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងមិនធ្វើតាមចៅក្រមអន្តរជាតិ ហ៊ើរីណូឈីក នោះទេ វានឹងធ្វើឲ្យកោះគុត ហ្នឹងបាត់ទៅថៃទាំងស្រុង ១០០% ហើយដែនសមុទ្រខ្មែរយើងនឹងបាត់ភាគច្រើនទៅខាងប្រទេសថៃ ហើយប្រទេសវៀតណាមក៏យកដែនសមុទ្រយើងយ៉ាងច្រើនដែរ ហើយកោះត្រល់ និងកោះក្រចកសេះមិនអាចទាមទារមកវិញបានទេ»។
សម្រាប់លោក អ៊ុំ សំអាន ការចេញមុខជួយដោះស្រាយរបស់សហប្រធាននៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំងនេះ ជាភស្តុតាងនិងជាសាក្សីសំខាន់ ក្នុងការប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ។
លោកអះអាងទៀតថា ការចេញមុខជួយដោះស្រាយបញ្ហាដែនសមុទ្រ និងកោះ ពីសំណាក់ភាគីបារាំង និងជប៉ុននេះ កម្ពុជាមិនត្រឹមតែអាចទាមទារកោះគុត និងដែនសមុទ្រខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទាមទារ កោះត្រកល់ ចង្កោមកោះក្រចកសេះ ដែលវៀតណាម កំពុងគ្រប់គ្រងទៀតផង។
តែផ្ទុយទៅវិញ លោកថា សំខាន់ មេដឹកនាំគ្រួសារ ហ៊ុន មានឆន្ទៈដើម្បីការពារបូរណភាពទឹកដី ដែលបុព្វបុរសខ្មែរបានបូជាជីវិតបន្សល់ទុលឱ្យឬក៏អត់។
លោកថា៖ «បើកាលណាគាត់មិនអើពើទៅតាមសំណើរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏ដូចជាចៅក្រមអន្តរជាតិ ហ៊ើរីណូឈីក ដែលស្នើកម្ពុជាផ្តល់សច្ចាប័នទៅលើច្បាប់សមុទ្រUNCLOSឆ្នាំ១៩៨២ទេ បញ្ជាក់ថា ត្រកូលហ៊ុន គឺជាត្រកូលក្បត់ជាតិ ដែលគ្មានឆន្ទៈក្នុងការការពារទឹកដី គ្មានឆន្ទៈការទាមទារយ៉ាងហោចពាក់កណ្តាលនៃកោះគុត និងគ្មានឆន្ទៈដើម្បីទាមទារយកដែនសមុទ្រទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលជាតំបន់ត្រួតស៊ីគ្នាហ្នឹង យកមកគ្រប់គ្រងឡើងវិញនោះទេ»។
VOD មិនទាន់អាចទាក់ទង រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ដើម្បីសុំការបំភ្លឺជុំវិញ ការជំរុញនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប៉ុន្តែកន្លងទៅ លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជាវបញ្ហាព្រំដែនផងនោះ ធ្លាប់អះអាងក្នុងភាពប្រយ័ត្នប្រយែងថា UNCLOS មានសារសំខាន់ក៏ពិតមែន ប៉ុន្តែបញ្ហានេះ ជារឿងរសើប ដែលលោកសុំមិនធ្វើការអត្ថាធិប្បាយច្រើន។
លោកថា៖ «អាអូនឯង រឿងនេះវារសើបខ្លាំង ចំពោះអ្នកនិយាយហ្នឹងវាអត់យល់អ្វីតិចទេ កុំអាលចាក់ចង្កេះឱ្យគេរសើប យើងត្រូវធ្វើឱ្យស្ងាត់ៗសិន ខ្ញុំគ្រាន់តែជម្រាបជូនប្អូនឯង រឿងហ្នឹងខ្ញុំដឹង ប៉ុន្តែអ្នកនិយាយហ្នឹងខ្ញុំដឹងពីណាគេនោះ។ សព្វថ្ងៃនេះ ខ្ញុំមិនចង់និយាយទេ ឥឡូវនេះខ្ញុំវានៅក្នុងភាពរសើប អាអូនឯង ស្ថាប័នវិទ្យុអាអូនឯងក៏វារសើបដែរ យើងនិយាយត្រង់ៗម៉ងទៅ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការលើកឡើងរបស់បារាំង និង ជប៉ុន ថាជាការខ្វាយខ្វល់រឿងបូរណភាពទឹកដីកម្ពុជា ខ្លាំងជាងគ្រួសារ ហ៊ុន ដែលកំពុងកាន់អំណាច។
លោកថា មេដឹកនាំគ្រួសារ ហ៊ុន គួរតែចេះខ្មាស់ប្រទេសបារាំង និងជប៉ុន ដែលគេជួយផ្តល់តម្រុយ ឬឯកសារបន្ថែម ដើម្បីការពារនិងទាមទារដែនកោះ និងដែនសមុទ្រខ្មែរ ដែលប្រទេសជិតខាងរំលោភយក។
លោកថា៖ «ភាគីរដ្ឋាភិបាលកម្ពុជាគួរចេះខ្មាស់គេដែរថា បូរណភាពទឹកដីខ្លួនឯង អធិបតេយ្យជាតិរបស់ខ្លួនឯងសោះ មិនព្រមការពារ ទៅឲ្យគេមកឈឺឆ្អាលជំនួស នឹងចេះខ្មាស់គេដែរ អ៊ីចឹងឆ្លើយសំណួរប្អូនថា តើវាមានរឿងស្អីដែលពួកហ្នឹងមិនចេះខ្មាស់គេ ពួករដ្ឋាភិបាលកម្ពុជាមិនចេះខ្មាស់គេដូចបានបញ្ជាក់ជូនអម្បាញ់មិញថា លោក ហ៊ុន សែន មិនខ្មាស់លោក ហ៊ុន ម៉ាណែត មិនខ្មាស់គេ ដោយសារលោក ហ៊ុន សែន បានធ្វើរឿងអាស្រូវក្នុងការគប់គិតជាមួយនឹងប្រទេសជិតខាង»។
សម្រាប់ លោក ម៉ែន ណាត ច្បាប់សមុទ្រ UNCLOS មានសារៈសំខាន់ណាស់ ព្រោះវាជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្រ និងដែនកោះ រវាងប្រទេសនិងប្រទេស។
ការណ៍នេះ លោក ម៉ែន ណាត យល់ថា ជម្រើសតែមួយគត់ដែលមេដឹកនាំគ្រួសារ ហ៊ុន ត្រូវបង្ហាញឆន្ទៈថា ខ្លួនពិតជាកាន់អំណាច ដើម្បីបុព្វហេតុជាតិទឹកដីពិតមែននោះ ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នេះ បើពុំនោះទេ ពួកគេនឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ជាមេដឹកនាំ ក្បត់ជាតិ កាត់ទឹកដីឱ្យបរទេសដើម្បីតែអំណាច។
លោកថា៖ «ពាក់ព័ន្ធនឹងច្បាប់សមុទ្រនេះ វាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាខ្លាំងណាស់ អ៊ីចឹងហើយរដ្ឋាភិបាលកម្ពុជាក្ដី រដ្ឋសភាកម្ពុជាក្ដី ហើយលោក ហ៊ុន សែន ខ្លួនឯងក្ដី ហ្នឹងគួរតែចេះភ្ញាក់រឭកទៅ កុំឲ្យគេដាស់តឿនច្រើនដងពេក ព្រោះអាហ្នឹងវាជាផលប្រយោជន៍របស់កម្ពុជាទេ បានអនុម័តច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍កម្ពុជា អនុម័តទៅផ្ដល់សច្ចាប័នទៅ បើអាចការពារអធិបតេយ្យរបស់ជាតិបាន ហើយវាអាចការពារមុខមាត់របស់ក្រុមគ្រួសារលោក ហ៊ុន សែន នៅក្នុងអំណាចហ្នឹងបានដែរ បើសិនជាមានការភ្ញាក់រឭកនោះ»។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះលោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខាលើ សន្ធិសញ្ញាបំពេញបន្ថែម ដែលរងការរិះគន់ថា ធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នេះ ត្រូវអ្នកតាមដាន អះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ទាំងដែនដីគោក និងដែនសមុទ្រ រួមទាំងប្រជុំកោះក្រចកសេះ និង កោះត្រល់ ជាដើម ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រងរហូតបច្ចុប្បន្ន ។
ដោយឡែក ភាគខាងលិចវិញ ថៃបានច្បាមយក កោះគុត ស្ថិតក្នុងខេត្តកោះកុង និង ប្រាសាទតាមាន់តូច ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងបន្តច្បាមយកប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ដែលបច្ចុប្បន្នប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានដាក់ទ័ពគ្រប់គ្រងរួមគ្នា ។
ការណ៍នេះ ក្លាយជាក្តីបារម្ភថា កម្ពុជានឹងបាត់បង់ប្រាសាទបុរាណខ្មែរទាំងពីនេះទៀត ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើនៅបន្តប្រើយន្តការទ្វេភាគីជាមួយថៃ ដោយមិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាននោះ។
ជុំវិញភាពចម្រូងចម្រាសនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញពីមូលដ្ឋានច្បាប់រឹងមាំរបស់កម្ពុជា ដែលប្រទេសជិតខាងមិនអាចរំលោភបំពានបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថា កម្ពុជាអាចប្រើប្រាស់យន្តការដោះស្រាយ ការរំលោភយកកោះគុតពីភាគីថៃ ដោយប្រើប្រាស់មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់ថា បើមានការការគំរាមកំហែងរំលោភលើ អធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយ នូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាន នៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង១៨ ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសថៃ និងវៀតណាម ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕
