VOD Khmer /ដោយ ប៉ុល សម្បត្តិ
09th-5-2025

ចំពេល​គ្រួសារ ​ហ៊ុន មិន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ UNCLOS ដែល​ជាមូល​ដ្ឋាន​ច្បា​​ប់អន្តរ​ជាតិ ដើម្បីការ​ពារ​បូរ​ណ​ភា​ព​​ទឹ​កដី តាម​ការ​ជំរុញ​ពី​មជ្ឈ​ដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​នោះ អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី និយាយ​​ថា មាន​តែ​ពួក​ក្បត់​ជាតិ​ប៉ុណ្ណោះ នៅស្ងៀម មិន​បារម្ភ​រឿង​បាត់​បង់​ទឹក​ដី។

លោក សម រង្ស៊ី បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃទី​៨ ខែ​ឧសភា​នេះ ក្នុង​ន័យ​ដើម​ថា​ «សូម្បី​​តែ​​បារាំង​ ក៏​គេ​​បារម្ភ​ គេ​ចេះ​ឈឺ​ឆ្អាល ពី​​ដែន​ដី ដែន​ទឹក​ប្រទេស​កម្ពុជា​​យើង​​ដែរ មាន​តែ​ពួក​ក្បត់​ជាតិប៉ុណ្ណោះ ដែល​នៅ​ស្ងៀម ហើយ​កាត់​ទឹក​កាត់​ដី​ឱ្យ​ទៅ​គេ»។

លោកបញ្ជាក់ថា ចៅក្រមអន្តរ​ជាតិ Horinouchi អគ្គ​រាជទូតប្រទេសជប៉ុន និង​អគ្គ​រដ្ឋ​ទូត​ប្រទេស​បារាំង លោក ហ្សាក់ ​​បឺឡេ ជំរុញ​ឱ្យលោក ហ៊ុន ម៉ាណែត ប្រញា​ប់​ចុះ​សច្ចា​ប័ន UNCLOS និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី កុំ​ឱ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង។

លោកបន្តទៀត​ថា បារាំង ស្នើកម្ពុជា​ឱ្យ​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ UNCLOS ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ទឹក ជាមួយ​ប្រទេស​ជិត​ខាង។ ហេតុ​អ្វី លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ធ្វើ?

លោក​អះអា​ង​ថា ដើម្បី​រួម​ចំណែក​ដោះ​ស្រាយ​ជម្លោះ​នេះ រដ្ឋាភិបាល​បារាំង​ នឹង​ផ្ញើ​ជូន​កម្ពុជា​ នូវ​ផែន​ទីចម្លង​ពី​វិទ្យា​ស្ថាន​ភូមិ​សាស្ត្រ​ជាតិ ដែល​ផលិត​ដោយ​សេវា​ភូមិ​សាស្ត្រ​ឥណ្ឌូ​ចិន តាម​រយៈ​ស្ថាន​ទូត​បារាំងនៅ​ភ្នំពេញ។

លើស​ពីនេះ លោក សម រង្ស៊ី ថា បារាំងត្រៀមបញ្ជូនក្រុម​អ្នក​ជំនាញ​ការ​ព្រំដែន គូស​វាស់​របស់​បារាំង​ទៅព្រំដែន​ផ្ទាល់ តែ​តាម​សំណើរ​បស់​ភាគី​ពាក់​ព័ន្ធ​ទាំង​ពីរ ឈរ​លើ​មូល​ដ្ឋាន​ឯកភាព​គ្នា​ប៉ុណ្ណោះ។

ករណីនេះ លោក ​សម រង្ស៊ី ចោទជាសំណួរទៅកាន់មេដឹក​នាំ​កម្ពុជា​ថា «មក​ដល់​ពេល​នេះ ហេតុ​អ្វី ហ៊ុន សែន និង ហ៊ុន ម៉ាណែត មិន​ហ៊ាន​ធ្វើ​សច្ចា​ប័ន​លើ​ច្បាប់​សមុទ្រ ​UNCLOS? លើស​ពី​នេះ លោក សម រង្ស៊ី ថា​ខាង​លិច​ក៏​បាត់ ខាង​កើត​ក៏​បង់ ខាង​ក្នុង​កុង​ត្រា​ ៩៩​ឆ្នាំ អ្វី​ដែល​ប្រជាជន​យើង​នៅ​សល់​ គឺ​«បំណុល»។

ជុំវិញការរំលោភបំពានដែនសមុទ្រខ្មែរពីភាគវៀតណាម និង​ថៃ ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រួសារ ​ហ៊ុន ​នេះ ខ្មែរ​នៅ​អាមេរិក ​គ្រោង​ធ្វើ​បាតុ​កម្ម​​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​បន្លឺ​សំឡេង ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ ហ៊ុន ​ប្តឹង​ករណីកោះ​គុត​ ដែល​ថៃ​រំលោភ​ទាំង​ស្រុង ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ)។

តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​ VOD ​នៅ​ថ្ងៃទី​៩​ ខែ​ឧសភា ​នេះ​ថា ពលរដ្ឋ​ខ្មែរ​នៅសហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​គ្រួសារ​ ហ៊ុន ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ ដើម្បី​ទាម​ទារ​ចំណែក​​នៃ​កោះ​គុត ដែល​ប្រទេស​ថៃ​ បាន​រំលោភ​យក ។

លោកបញ្ជាក់ថា មហាបាតុកម្មនេះ​ធ្វើឡើងនៅថ្ងៃទី៩ ដល់​ថ្ងៃទី​១០ ខែ​ឧសភា នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​ផ្ញើ​សារ​ក្រើន​រំឭក​មេដឹក​នាំ​គ្រួសារ ​ហ៊ុន ត្រូវ​ប្តឹង​ករណី​កោះ​គុត ​ទៅតុលាការ​អ​ន្ត​រ​ជាតិ ICJ។

លោកបន្តថា គោលបំណងមួយទៀត គឺស្នើឱ្យបណ្តាប្រទេសជាដៃគូរ​សហរដ្ឋ​អាមេរិក​ទាំង​អស់ បន្ត​ដាក់សម្ពាធ​មេដឹក​​នាំ​គ្រួសារ​ ហ៊ុន ឱ្យ​វិល​ទៅ​ស្តារ​ប្រជាធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស និង​ដោះ​លែង​អ្នក​ទោសមនសិកា ។

លោក​យល់​ថា បើ​កម្ពុជាគ្មានការប្រកួតអំណាច​ តាម​គន្លង​ប្រជា​ធិប​តេយ្យ​ទេ បូរណ​ភាព​ទឹក​ដី​ នឹង​បន្ត​បាត់​​​បង់​តជំនាន់។

លោកថា៖ «មូលហេតុដែលពលរដ្ឋខ្មែរយើង​ ធ្វើ​បាតុកម្ម​នៅវ៉ាស៊ីន​តោន​ឌីស៊ី​ សហរដ្ឋ​អាមេរិក​ ហ្នឹង​គឺ​គោល​បំណង​សំខាន់២។ ទី១​ គឺ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ប្ដឹង​ករណី​កោះគុ​ត​ ទៅ​កាន់​តុលាការ​អន្ដរ​ជាតិ ទី២​ គឺ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោ​បាយហើយ​នៅ​ស្ដារ​ប្រជាធិប​តេយ្យ​ និង​គោរព​សិទ្ធិ​មនុស្ស ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធ​ម៌​នៅ​កម្ពុជា នេះ​ជា​គោលបំណង​ពួក​យើង»។

សម្រាប់​​លោក អ៊ុំ សំអាន មេដឹក​នាំ​ដែល​គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី ជា​មេដឹក​នាំ ក្បត់​ឆន្ទៈ​រាស្រ្ត ក្បត់​ជាតិ​ទឹក​ដី ប្រៀប​​បាន​នឹង​ការ​ធ្វើ​នយោបាយ​បម្រើប​រទេស​ឈ្លាន​ពាន។

លោកថា៖ «លោក ហ៊ុន សែន បាន​ធ្វើស​ន្ធិស​ញ្ញាស្តី​ពី​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ​ឆ្នាំ​១៩៨២​ ហ្នឹង បាន​កាត់​កោះ​ត្រល់​ និង​កោះ​​ក្រចក​សេះ​ ទៅ​ឱ្យ​វៀត​ណាម ហើយ​បាន​កាត់​ដែន​សមុទ្រ​ខ្មែរ​យើង ​ទៅ​ឲ្យ​វៀត​ណាម​ ចំនួន ៣០០០០​ គីឡូ​ម៉ែត្រ​ការ៉េ ហើយ​ដាក់​សមុទ្រ​ខ្មែរ​រួ​ម​ជាមួយ​យួន គេ​ហៅ​ថា​ តំប​ន់​ទឹក​ប្រវត្តិ​សាស្រ្ត​ចំនួន​ ១០០០០ ​គីឡូ​ម៉ែត្រ​ការ៉េ ហើយ​សន្ធិ​សញ្ញា​​ឆ្នាំ១៩៨៣, ៨៥ ស្តី​ពី​ដែន​គោក​ហ្នឹង កាត់​ដែន​គោក​របស់​យើង ​នៅតាម​ព្រំដែន​ ទៅ​ឲ្យ​វៀត​ណាម​យ៉ាង​ច្រើន​ទៀត។ ហើយ​មួយទៀត​នៅ​ឆ្នាំ​២០០១​ គឺ​លោក ហ៊ុន សែន បាន​ឲ្យ​លោក​ សុខ អាន ធ្វើ​អនុស្ស​​រណៈ​នៃការ​យោគ​យល់​ឆ្នាំ​២០០១ ​ហ្នឹង បានកាត់​កោះគុតទៅ​ឲ្យ​ថៃ»។

ចំណែក ពលករខ្មែរនៅប្រទេសកូរ៉េ​ខាងត្បូង អ្នកស្រី​ ឡេង ចិន្តា និយាយ​ថា មេដឹកនាំ​ដែលស្រឡាញ់​អំណាច ជាង​ទឹក​ដី ជា​សញ្ញា​ជួង​ប្រកាស​អាសន្ន ពីម​ហន្តរា​យ​ជាតិ ដែល​ពលរដ្ឋ​ខ្មែរ គ្រប់​រូប​ត្រូវ​រួម​គ្នា បន្លឺ​សំឡង​ទប់​ស្កាត់ ដើម្បី​កុំ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ស្តី​បន្ទោស។

អ្នកស្រីថា៖ «សម្រាប់​ខ្ញុំ ខ្ញុំមើល​ឃើញ​ថា​មេដឹក​នាំ​នេះ គឺ​ជាមេដឹកនាំ​ដែល​អសមត្ថ​ភាព​បំផុត​នៅក្នុង​លោក ​គ្មាន​​មេដឹក​នាំ​​ណា​​ដែល​​​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ឯង ​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង ហើយ​មក​គំរាម​គាប​សង្កត់​ពលរដ្ឋ​ខ្លួន​ឯង​អ៊ីចឹង​ទេ មេដឹក​នាំ​នេះ គឺ​អត់​បាន​ស្រឡាញ់​ពលរដ្ឋ​អី​បន្តិច​សោះ​ ហើយ​មេដឹក​នាំ​នេះ​ គឺជា​មេ​ដឹក​នាំ​អាយ៉ង​របស់​គេ​ម៉ង វា​អត់​មាន​បាន​ខ្វាយ​ខ្វល់​ពី​ស្រុក​ទេស​ខ្លួន​ឯង»។

VOD មិនទាន់អាចទាក់ទង​រដ្ឋមន្រ្ដីទ​ទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​​កិច្ច​​ការ​​​ព្រំដែន លោក ឡាំ ជា និង​​ប្រធាន​​រាជ្យ​​បណ្ឌិត្យ​​សភា​​កម្ពុជា​​របស់​​រដ្ឋាភិបាល​ លោក​​បណ្ឌិត សុខ ទូច ដើម្បី​​សុំ​​ការ​​បំភ្លឺ​​ជុំវិញ ការ​​ជំរុ​ញ​​នេះ​បាន​​ទេ គិត​​ត្រឹម​​ម៉ោង​​​​ផ្សាយ​​នេះ។

ប៉ុន្តែកន្លងទៅ លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវ​ជាវ​បញ្ហាព្រំ​ដែន​ផង​នោះ ធ្លាប់​អះ​អាងក្នុង​​ភាព​​​ប្រយ័ត្នប្រយែង​​ថា UNCLOS មាន​​សារសំខាន់​​​ក៏​ពិត​​មែន។ ប៉ុន្តែ​​លោក​សុំមិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត ដោយថា​វា​ជារឿង​រស៊ើប​ខ្លាំង។

លោកថា៖ « រឿង​នេះវារសើប​ខ្លាំង ចំពោះ​​អ្ន​ក​និយាយ​​ហ្នឹង​​វា​អត់​យល់​អ្វី​តិច​ទេ កុំ​​អាល​ចាក់​ចង្កេះ​​​ឱ្យ​គេ​រសើប​ យើង​ត្រូវ​ធ្វើ​ឱ្យ​ស្ងាត់ៗ​សិន ខ្ញុំ​គ្រាន់​តែ​ជម្រាប​ជូន​ប្អូន​ឯង រឿង​​ហ្នឹ​ង​​ខ្ញុំ​​ដឹង ប៉ុន្តែ​​អ្នក​និយាយ​ហ្នឹង​​​ខ្ញុំ​​ដឹង​ពី​ណា​គេ​នោះ។ សព្វ​ថ្ងៃ​នេះ ខ្ញុំមិ​ន​​ចង់​​និយាយ​​ទេ ឥឡូវ​នេះ​​​ខ្ញុំ​​​វា​នៅ​​​ក្នុង​​ភាព​​រសើប អាអូន​​ឯង ស្ថាប័ន​​វិទ្យុ​​អាអូន​​ឯង​​​ក៏​​​វា​រសើប​​ដែរ យើង​និយាយ​ត្រង់ៗ​ម៉ង​ទៅ»

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅ​ការ​ចូល​រួម​ចំណែកទាម​ទារ​ឱ្យក​ម្ពុជាទ​ទួលស្គាល់​ច្បា​ប់​សមុទ្រ UNCLOS ជា​ជម្រើសតែ​មួ​យ​គត់ ដើម្បី​សង្គ្រោះ​កម្ពុជា​ ពី​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​តជំនាន់។

លោកថា៖ «យើងគាំទ្រយ៉ាងពេញ​ទំហឹង​ ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណា ការ​ការ​ពារ​បូរណ​ទឹក​ដី​កម្ពុជា​ សកម្ម​ភាព​បាតុ​កម្ម​អហិង្សា​​ទាំង​ឡាយ​ណា​ ដែល​គិត​គូរ​អំពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្មែរ គិត​គូរ​អំពី​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រ​ង​គ្រោះកម្ពុជា ​ហើយ​​រឿង​រងគ្រោះ​ ដោយ​សារ​ការ​បាត់​បង់​បូរណ​ភាព​ទឹក​ដី​កម្ពុជា​នេះ​ នរណា​ក៏​រង​គ្រោះ​ដែរ ឲ្យ​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ ពីព្រោះ​មេដឹ​ក​នាំ​លោក ហ៊ុន សែន នេះ​បាន​ឱកាស​ដឹក​នាំ​ជាតិ​ មិន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នូ​វ​ខ្លឹ​ម​សារ​រដ្ឋធម្មនុញ្ញ​ បែរ​ជា​យក​អាកិច្ច​ព្រម​ព្រៀង​យក​សន្ធិ​សញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ ជាមួយ​វៀត​ណាម ហើយ​លួច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ថៃ​អីហ្នឹង​ ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ជាតិ»។

តែផ្ទុយទៅវិញ លោកថា បើ​គ្រួសារ​ ហ៊ុន មិន​អើពើ​ការ​ពារ​បូរណភាព​ទឹក​ដី ដែល​កំពុង​រង​ការលេប​ត្របាក់​ពី​ប្រទេស​ជិត​ខាង​ដូច​ពេល​នេះ នោះ​បញ្ជាក់​ថា គ្រួសារ​នេះ​គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី សូម្បី​តែ​បន្តិច ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស រង​គ្រោះ​ក្នុង​ពេល​ដ៏ខ្លី។

លោកថា៖ «លោក ហ៊ុន ម៉ាណែត ត្រូវ​តែ​ជំរុញ​ការ​លុប​ចោល​នូ​វសន្ធិ​សញ្ញា​ និង​កិច្ច​ព្រម​ព្រៀង​នានា ជាមួយ​នឹ​ងប្រទេស​ជិត​ខាង​ ដែល​វា​ផ្ទុយ​នឹង​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​វា​ផ្ទុយ​នឹង​កិច្ច​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស បើលោក​ ហ៊ុន ម៉ាណែត ធ្វើ​រឿង​ហ្នឹង​បាន យើង​អាច​បើក​ចិត្ត​ជជែក​គ្នា​បា​ន​ច្រើន​ទៀត ជុំវិញ​ការ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ បើ ហ៊ុន ម៉ាណែត នៅ​តែ​អនុវត្ត​ទៅ​តាម​គំរូ​ឪ​ គាត់​គឺ​គ្រួសារ​ត្រកូល​ហ៊ុន​ ថ្ងៃ​ក្រោយ​នឹង​វិនាស កា​រវិនា​ស​នេះ​មិន​​ដឹង​ថា​ថ្ងៃស្អែក​ឬ​ថ្ងៃ​ខាន​ស្អែក ឆ្នាំ​នេះ​ឬ​ឆ្នាំ​ក្រោយ​ទេ ពីព្រោះ​មិន​អាច​ទប់​ទល់​នឹង​កំហឹង​របស់​ប្រជា​ពលរដ្ឋ​ ដែល​ទាម​ទារ​យុត្តិ​ធម៌បាន​ទេ»។

យ៉ាង​ណា បើតាម លោក ម៉ែន ណាត ច្បាប់​សមុទ្រ UNCLOS មាន​សារៈ​សំខាន់​ណាស់ ព្រោះវាជា​កិច្ច​ព្រម​ព្រៀង​អន្ត​រ​ជាតិ ដែល​បង្កើត​ក្រប​ខ័ណ្ឌ​ច្បាប់ ​សម្រាប់​រាល់​សកម្មភាព​មាន​ជម្លោះដែន​សមុទ្រ និង​ដែន​កោះ រវា​ងប្រទេស​និង​ប្រទេស។

លោកថា ជម្រើសតែមួយគត់ដែលមេដឹកនាំ​គ្រួសារ ​ហ៊ុន ត្រូវ​បង្ហាញ​ឆន្ទៈ​ថា​ខ្លួន​ពិត​ជា​កាន់អំណាច ដើម្បី​បុព្វ​ហេតុ​ជាតិ​ទឹក​ដី​ពិត​មែន​នោះ ត្រូវ​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​ UNCLOSនេះ បើ​ពុំនោះ​ទេ​ពួក​គេ​នឹង​ជាប់​ឈ្មោះក្នុ​ង​ប្រវ​ត្តិ​សាស្ត្រ ជាមេ​ដឹក​នាំ​ក្បត់​ជាតិ កាត់​ទឹ​ក​ដី​ឱ្យ​បរទេស​​ដើម្បី​តែ​អំណាច។

បញ្ហាព្រំដែន​នាសម័យ​ទំនើ​បនេះ វា​​បាន​កក្រើក​ឡើង​វិញ​​​អំឡុង​​​​​​ឆ្នាំ​​​២០០៥ ដែល​​ពេល​​នោះ​លោក ហ៊ុន សែន បាន​​គំរាម​​​​​រំលាយ​របប​​រាជានិ​យម​អាស្រ័យ​ធម្ម​នុញ្ញ​ចោល បើ​ព្រះ​អង្គ​មិន​ព្រម​ឡាយ​​ព្រះហស្ត​លេខា លើ​​​​សន្ធិសញ្ញាបំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​មេដឹក​នាំ​វៀត​ណាម។

ស​ន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដាន អះ​​អាង​ថា ធ្វើឱ្យកម្ពុជា​បាត់​បង់​ទាំង​ដែន​​​ដី​គោក និង​ដែន​​សមុទ្រ រួម​​ទាំង​ប្រ​​ជុំ​កោះ​ក្រច​ក​សេះ និង​កោះ​ត្រល់ ជា​ដើម ធ្លាក់​ក្នុង​​ដៃ​វៀត​​ណាម​គ្រប់​គ្រ​ង​​រហូត​បច្ចុប្បន្ន ។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

ច្បាប់​សមុទ្រ UNCLOS 1982
ច្បាប់​សមុទ្រ UNCLOS 1982
រូបភាពពីឆ្វេង ៖ លោក ហ៊ុន សែន លោក កឹម សុខា និងលោក សម រង្ស៊ី។