អត្ថបទ VOD Khmer /ដោយលោក សែន សច្ចៈ
30-5-2025
ម្លោះព្រំដែននាសម័យទំនើប ក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន សែន វាបានកម្រើកឡើងចាប់តាំងពីជិត ៣០ ឆ្នាំទៅនេះ ពោលគឺពីមានការគំរាមរំលាយស្ថាប័នព្រះមហាក្សត្រចោល បើព្រះអង្គ មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាព្រំដែន ឆ្នាំ២០០៥ ដែលគណបក្សប្រឆាំងចោទថា ជាសន្ធិសញ្ញាខុសច្បាប់ ធ្វើឡើងតម្រូវចិត្តវៀតណាមនោះ។
ចំពីពេលនោះមក គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន សែន រងការរិះគន់ថា ធ្វើឱ្យបាត់បង់ចង្កោមកោះជាច្រើន រួមទាំង កោះត្រល់ និងព្រំដែនគោកតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ដោយឡែក នៅព្រំដែនខាងលិចជាប់ប្រទេសថៃ វិញ ក៏បានផ្ទុះអាវុធជាមួយថៃច្រើនដងដែរ ដូចជានៅឆ្នាំ២០០៨ និង ២០១១ រហូតថៃ ដណ្តើមគ្រប់គ្រងប្រាសាទតាមាន់តូច និងមួយផ្នែកនៅប្រាសាទតាមាន់ធំ និងតាក្របី ជាដើម ដែលការណ៍នេះ ត្រូវបានអ្នកឃ្លាំមើលមិនចំណុះឱ្យបក្សកាន់អំណាចថា ស្ថិតក្រោមស្នាដៃ លោក ហ៊ុន សែន និងការបន្តចរចាក្រោមយន្តការទ្វេភាគី ជាមួយប្រទេសដែលឈ្លានពាន។
បើតាមក្រុមអ្នកឃ្លាំមើលទាំងនោះ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាបរទេសឈ្លានពាននេះ ដោយមិនចាំបាច់បង្ហូរឈាម គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់ច្រើនទៀតបន្សល់ទុកពីសម័យដើម។
ប៉ុន្តែមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុប ឱ្យឡើងកាន់អំណាចកំពូល នៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ មក មិនប្រើយន្តការអន្តរជាតិ ដើម្បីទប់ទល់នឹងមហិច្ឆតាបរទេសឈ្លានពាន ទាំងខាងកើត និងខាងលិច ដូចដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា នេះទេ។
ទាំងនេះជាដើមហេតុធ្វើការវិភាគថា តើលោក ហ៊ុន សែន មានអាថ៌កំបាំងអ្វី បានមិនព្រមប្តឹងបរទេសឈានពានទៅតុលាការ (ICJ)?
អ្នកឃ្លាំមើលបញ្ហាព្រំដែន បានមើលឃើញប្រហាក់ប្រហែលគ្នាថា ការដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន មិនព្រមប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ មូលហេតុចម្បង គឺចង់រក្សាអំណាចតពូជ ទោះក្នុងតម្លៃណាក៏ដោយ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា អាថ៌កំបាំងដែលលោក ហ៊ុន សែន មិនហ៊ានប្តឹងប្រទេសថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះព្រំដែននេះ ព្រោះតែលោក ហ៊ុន សែន ចង់ឱ្យរដ្ឋាភិបាលថៃ រួមដៃជាមួយខ្លួនបង្រ្កាបសកម្មជនបក្សប្រឆាំង ដែលរត់ភៀសខ្លួនទៅប្រទេសថៃ។
លោកថា លោក ហ៊ុន សែន បានយកជម្លោះព្រំដែនជាល្បែងនយោបាយ បំរើមហិច្ចតាអំណាចរបស់ខ្លួន ដោយមិនគិតពីអាយុជីវិតទាហាន ដែលនឹងត្រូវពលីបន្ថែមទៀត បើនៅតែមិនប្រើប្រាស់យន្តការអន្តរជាតិទេនោះ។
លោកថា៖ «ប្រទេសថៃ គាត់មានទំនាក់ទំនងជាមួយរដ្ឋាភិបាលថៃ ដោយសាររឿងអ្នកគណបក្សជំទាស់ដែន នៅមានជនភៀសខ្លួន គណបក្សជំទាស់នៅប្រទេសថៃ ច្រើនណាស់។ អ៊ីចឹង ខ្ញុំជឿជាក់ថា បើសិនជាគាត់អត់សម្របសម្រួលជាមួយថៃ ទេ! ថៃគេនឹងឲ្យគណបក្សប្រឆាំងហ្នឹង ចូលប្រទេសថៃ។ ព្រោះឥលូវនេះ បម្រាមគេមិនឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅប្រទេសថៃ ទេ មានន័យថា គាត់ទំនាក់ទំនងគ្នា គាត់និយាយ សហការណ៍គ្នា ព្រោះឯងជួយអញ អញជួយឯង»។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ចាត់ទុកការស្លាប់ទាហានខ្មែរ គឺលោកព្រិន្ទបាលឯក សួន រោន ជាការឆ្មក់វាយប្រហារពីកងទ័ពឈ្លានពានថៃ ហើយថា រូបភាពនេះមានទម្រង់ដូចការឈ្លានពានរបស់កងទ័ពថៃក្នុងឆ្នាំ២០០៨ និង ២០១១ នៅប្រាសាទព្រះវិហារដែរ។
១ថ្ងៃក្រោយនៃថ្ងៃបាញ់ប្រហារនោះ ពោលគឺនៅថ្ងៃទី២៩ ខែឧសភា លោក ហ៊ុន សែន បានថ្លែងសារជិត ១ ម៉ោងនៅវិមានព្រឹទ្ធសភា អំពាវនាវឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះនេះ តែលោកមិនបានបញ្ជាក់ជំហរប្តឹងទៅតុលាការអន្តរជាតិ (ICJ) តបតាមការជំរុញនោះទេ។ ជាងនេះទៀត លោកថា កម្ពុជាក៏បានត្រៀមសព្វាវុធ និងកងទ័ព ដើម្បីវាយបកបើមានការឈ្លានពានពីប្រទេសថៃ ផងដែរ។
ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ធ្លាប់ចាត់ទុកការបាញ់សម្លាប់ទាហានខ្មែរ នៅពេលនេះថា ជាទង្វើឈ្លានពាន មានទម្រង់ដូចគ្នាកាលពីឆ្នាំ២០០៨ និង ២០១១ ដែរ ប៉ុន្តែលោកមិនបានជំរុញឱ្យប្រើច្បាប់អន្តរជាតិ ដើម្បីប្តឹងថៃ ដូចករណីផ្ទុះអាវុធ នៅប្រាសាទព្រះវិហារទេ។
លោកថា៖ «ហើយអាកន្លែងបញ្ហាដែលកើតឡើងពីម្សិលនេះ ថាជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នុង! ហេតុអីបានជាទៅដីគេ ពីដើមវាមានសាលាមួយ សាលាហ្នឹង វាឆេះហើយ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹងចឹងបានខ្ញុំមិនអស់ចិត្ត! ខ្ញុំក៏មិនអស់ចិត្ត។ ហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង! កន្លែងហ្នឹងខ្ញុំទៅអង្គុយនៅកន្លែងហ្នឹង! ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រី អង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេ»។
លើសពីនេះ ជុំវិញជម្លោះព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងសមុទ្រ មានកោះគុតជាដើម ជារឿយៗ មេដឹកនាំកម្ពុជាទាំង លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រកាសជំហរថាបន្តចរចាទ្វេភាគីជាមួយថៃ ដោយមិនប្រើប្រាស់យន្តការប្តឹងទៅអន្តរជាតិទេ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលគ្រួសារ ហ៊ុន និងរដ្ឋាភិបាលគ្រួសារ ថាក់ស៊ីន គឺជួយទប់អំណាចគ្នាទៅវិញទៅមក ទើបលោក ហ៊ុន សែន ទុកជម្លោះព្រំដែននេះ ជាល្បែងនយោបាយទាញយកប្រជាប្រិយភាព ដោយមិនប្រើប្រាស់យន្តការអន្តរជាតិ បញ្ចប់ជម្លោះនោះទេ។
លោកថា៖ «តំបន់តាមាន់តូច តំបន់តាមាន់ធំ និងតំបន់តាក្របី! ឃើញតើវាយ៉ាងម៉េចរាល់ថ្ងៃ! គឺកំពុងតែគ្រប់គ្រង។ឥលូវតំបន់អានសេះច្រកព្រំដែនអានសេះ! ច្រកព្រំដែនមុំបីទៀត! ឃើញទេ! អាហ្នឹង! វាប្រឈម! ប្រឈមខ្លាំងអារឿងដែល លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គួរធ្វើហ្នឹងអត់នាំគ្នាធ្វើអត់នាំគ្នារៀបចំឯកសារប្ដឹងទៅតុលាការអន្តរជាតិទេ! តែបណ្ដោយឲ្យមានអ៊ីចឹង។ ឱ្យមានសព្វថ្ងៃហ្នឹង! អ៊ឺចឹងបានថា! គេសង្ស័យថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង កំពុងតែយកល្បែងប្រជាពលរដ្ឋ ល្បែងផ្ទុះអាវុធហ្នឹង ដើម្បីចំណេញប្រជាប្រិយភាពនយោបាយ អាហ្នឹងជារឿងនយោបាយទុច្ចរិត»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្រ្តាលី លោក សឹង សែនករុណា យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺជាខែល ឬអាវក្រោះដ៏សំខាន់សម្រាប់កម្ពុជា និងអាចបញ្ជៀសភាពអសន្តិសុខក្នុងតំបន់ផងដែរ។
លោកថា៖ «បើយើងប្រើប្រាស់នូវយន្តការអន្តរជាតិ គ្មានអ្វីក្រៅពីប្រើតែក្រដាសនិងប៊ិច ហើយនឹងវិធានការការទូតក្នុងការទំនាក់ទំនង ដើម្បីដោះស្រាយ ហើយប្ដឹងផ្ដល់ទៅតាមនីតិវិធីរបស់តុលាការអន្តរជាតិអីទៅ! អ៊ឺចឹងវិធានការហ្នឹង យើងនឹងមិនចាំបាច់ប្រើប្រាស់អាវុធ ចំណាយអាយុជីវិតកងទ័ព ឬក៏ថវិកាជាតិ ឬក៏អាវុធយុទ្ធភណ្ឌ និងការស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋអីទេ»។
ដោយឡែក អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងលើហ្វេសប៊ុកលោក នាថ្ងៃទី៣០ ខែឧសភានេះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចដោះស្រាយជម្លោះព្រំដែនបាន ដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមាន២ច្បាប់។
លោកថា ច្បាប់ទី២ចែងអំពីការធានាអន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា ហើយមាត្រា៥ នៃច្បាប់ទី២ ដដែល មានចែងអំពីយន្តការដោះស្រាយការរំលោភបំពានទឹកដី។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង ថ្ងៃ២៣ តុលា បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះ តាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយ នូវទំនាស់ដោយសន្តិវិធីយោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធ ក៏អាចសុំការឧបត្ថម្ភពីសហប្រធាន នៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ផងដែរ។
ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីនៃកិច្ចព្រមព្រៀង ត្រូវស្នើដល់អង្គការមានសមត្ថកិច្ច នៃអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដទៃទៀត ដែលសមស្របដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបំពាន ស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធ។
ជុំវិញរឿងនេះដែរ ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៨ ខែឧសភា ថា ប្រទេសបារាំង ក៏ចាំជួយដោះស្រាយបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជារហូតមក ប៉ុន្តែរដ្ឋាភិបាលគ្រួសារ ហ៊ុន មិនធ្លាប់ស្នើម្តងណាឡើយ ដល់រដ្ឋាភិបាលបារាំង ឬស្ថាប័នជំនាញរបស់អង្គការសហប្រជាជាតិ ឲ្យចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នោះទេ។
ប្រភពនោះ សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលគ្រួសារ ហ៊ុន នៅតែលេងសើចអូសបន្លាយជម្លោះព្រំដែន នោះមិនខុសពីរដ្ឋាភិបាលនេះ លេងសើចនឹងជីវិតយុទ្ធជនដែលស្មោះត្រង់នឹងទឹកដីជាតិ ដូចជា លោកព្រឹន្ធបាល សួន រ៉ោន ជាដើម។
ប្រភពបន្តថា ជាក់ស្តែង យុទ្ធជនខ្មែរដ៏ក្លាហានទាំងឡាយ ហ៊ានលះបង់ជីវិត ប្រឹងទប់ទល់នឹងការឈ្លានពានរបស់កម្លាំងបរទេស ប៉ុន្តែពួកមេដឹកនាំគ្រួសារ ហ៊ុន បែរជាចិញ្ចឹមជម្លោះទុកធ្វើជាឧបករណ៍នយោបាយ ដើម្បីប្រយោជន៍អំណាចគ្រួសារទៅវិញ និងពេលខ្លះ បោះដៃឲ្យបរទេសជិតខាង ទន្ទ្រានចូលទឹកដីកម្ពុជាផង។
សរុបសេចក្តីទៅបើតាមអ្នកឃ្លាំមើល បង្ហាញក្តីបារម្ភថា បើលោក ហ៊ុន សែន នៅតែលាក់អាថ៌កំបាំងនេះ ឈាមខ្មែរនៅតែបន្តហូរ ដោយសារបរទេសឈ្លានពាន ហើយទឹកដីនឹងបន្តបាត់បង់ថែមទៀត បើធនធានមនុស្សសំខាន់ៗនៅកម្ពុជា រួមទាំងមន្ត្រីរាជការ មិននាំគ្នាគិតបែបស៊ីជម្រៅជុំវិញការធ្វើនយោបាយ ក្រោមចំណងបរទេស ដើម្បីតែចង់ក្តោបអំណាចតពូជទេនោះ៕
