VOD Khmer /ដោយលោក ប៉ុល សម្បត្តិ
04th-7-2025
ក្រុមអ្នកច្បាប់ និងគណបក្សប្រឆាំង លើកឡើងប្រហាក់ប្រហែលគ្នាថា បើមាត្រា៣៣ នៃរដ្ឋធម្មនុញ្ ញត្រូវបានរុះរើតាមការចង់បានរបស់ លោក ហ៊ុន សែន ពិតមែននោះ នឹងបង្កហានិភ័យជាតិសាសន៍ គ្មានទីបញ្ចប់ ក្រោមវប្បធម៌សងសឹកលើសង្វៀននយោបាយខ្វះសុចរិតភាពរបស់គ្រួសារ ហ៊ុន។
ប្រតិកម្មចម្រុះនេះ បានកើតឡើងក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី៣ ខែកក្កដា ថា បទបញ្ជារបស់លោកដែលចង្អុលបង្ហាញឱ្យរុះរើរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិនោះ នឹងមិនថយក្រោយទេ ដែលថា សភានឹងកោះប្រជុំយ៉ាងយូរនៅចុងសប្តាហ៍ក្រោយ ដើម្បីពន្លឿនបទបញ្ជានេះ។
ជុំវិញបញ្ហានេះ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៣ ខែកក្កដា នេះថា គ្មានការចាំបាច់ណាមួយ ដែលត្រូវរុះរើរដ្ឋធម្មនុញ្ ញដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើតនោះទេ ដោយសំអាងថា ក្រមព្រហ្មទណ្ឌកម្ពុជា មានចែងរួចហើយពាក់ព័ន្ធនឹងការគប់គិតជាមួយបរទេស ក្នុងជំពូកទី២ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ អំពើក្បត់ជាតិ និងចារកម្ម ពីមាត្រា៤៤៣ ដល់មាត្រា៤៤៥។
តែផ្ទុយទៅវិញ ភាពចាំបាញ់បំផុតដែលរដ្ឋាភិបាល ត្រូវធ្វើជាអាទិភាព ដើម្បីទប់ស្កាត់ហានិភ័យជាតិ និងបូរណភាពទឹកដីនោះ គឺត្រូវត្រួតពិនិត្យឡើងវិញអំពីបែបបទ នីតិវិធីនៃការធ្វើសញ្ជាតូបនីយកម្មនាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព ទប់ស្កាត់នូវហានិភ័យផ្នែកសន្តិសុខជាតិ។
សម្រាប់ លោកស្រី មូរ សុខហួរ បើមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ត្រូវបានរុះរើតាមបញ្ជារបស់លោក ហ៊ុន សែន មែននោះ ពលរដ្ឋខ្មែរមួយចំនួននឹងក្លាយទៅជាជនគ្មានរដ្ឋ ដែលនឹងបាត់បង់ទាំងស្រុងនូវសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច ហើយនឹងរងការរើសអើងផងដែរ។
សញ្ជាតិគឺជាធាតុគ្រឹះនៃអត្តសញ្ញាណជាតិ និងសមភាពខាងផ្លូវច្បាប់ ពោលគឺជាទំនាក់ទំនងផ្លូវច្បាប់ រវាងបុគ្គលនិងរដ្ឋ ដែលធាតុទាំងនេះ មានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលថា «ប្រជាពលរដ្ឋខ្មែរមិនត្រូវដកហូតសញ្ជាតិ និរទេសខ្លួន ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។
យ៉ាងណា លោក លោក ហ៊ុន ម៉ាណែត បានចេញមុខការពារកាលពីថ្ងៃទី៣ ខែកក្កដា នេះថា អ្នកដែលមិនមានគំនិតចង់បំផ្លាញខ្មែរ ដូចការលើកឡើងរបស់ឳពុកលោក មិនបាច់ព្រួយបាម្ភទេ ដោយការពារថា ច្បាប់ដកសញ្ជាតិមិនមែនមានតែកម្ពុជាទេ ប្រទេសលើពិភពលោក ១៥០ ប្រទេស រួមទាំងអាមេរិកដែរ ក៏មានច្បាប់ដកសញ្ជាតិនេះដែរ។
លោកថា៖ «ឥឡូវអ្នកខំភ័យធ្វើអី! បើអ្នកឯងស្នេហាជាតិប្ដេជ្ញាចិត្ត ទោះបីជាដង្ហើមចុងក្រោយមិនធ្វើប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។ អ៊ីចឹងកុំភ័យព្រួយពេក បើសិនជាអ្នកមានផែនការបំផ្លាញគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ ប៉ុន្តែបើអ្នកបែបហ្នឹងមិនគួរជាខ្មែរទេ! និយាយឱ្យច្បាស់តែម្តងទៅ។ យើងកំពុងតែប៉ះទង្គិចការពារទឹកដី! នៅមិននៅ ទៅរត់ស្រែក វាយបំបាក់ជាតិយើង អាហ្នឹងរឿងតែមួយខ្ញុំមិននិយាយទេរឿងច្បាប់គេធ្វើក្រោយចុះ»។
ផ្ទុយពីនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់ VOD នៅថ្ងៃទី៤ ខែកក្កដា នេះថា អ្នកដែលបំផ្លាញជាតិខ្មែរពិតប្រាកដគឺលោក ហ៊ុន សែន ។
ក្នុងន័យនេះ លោកបញ្ជាក់ថា ការដកសញ្ជាតិខ្មែរពីកំណើត គឺជាអំពើប្រល័យពូជសាសន៍ ប្រហាររដ្ឋធម្មនុញ្ញកម្ពុជា។ រីឯអ្នកដែលមានទោសក្បត់ជាតិ គឺលោក ហ៊ុន សែន ដែលថា គាត់គប់គិតជាមួយបរទេសដូចជាផ្តល់សញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម និងជនជាតិថៃអ្នកស្រី យ៉ីងឡាក់ ដែលជាប្រទេសឈ្លានពានទឹកដីកម្ពុជា។
លោកថា ៖ «អ្នកបំផ្លាញជាតិខ្មែរហ្នឹង គឺលោក ហ៊ុន សែន ត្រកូលហ៊ុន លោក ហ៊ុន ម៉ាណែត ហើយហេតុអីបានយើងថាអ៊ីចឹង យើងឃើញថា មេដឹកនាំប្រទេសទៅកាន់អំណាចផ្តាច់ការ ទោះបីនរណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចម៉េចក៏ដាក់ទៅ ប្រជាពលរដ្ឋងាប់ម៉េចងាប់ទៅ អត់ការងារធ្វើអី អត់ៗទៅ ឲ្យតែក្រុមគ្រួសារ ហ៊ុន នោះ អាចកាន់អំណាចបាន ឃុបឃិតជាមួយចិនបំផ្លិចបំផ្លាញធនធានធម្មជាតិ គប់គិតជាមួយម៉ាហ្វីយ៉ាចិន បង្កឲ្យមានបទឧក្រិដ្ឋឆបោកតាមអនឡាញពេញប្រទេស ល្បីទូទាំងពិភពលោក អាហ្នឹងយើងឃើញហើយ។ អីទៀតគាត់ឲ្យជនជាតិវៀតណាមរស់នៅស្រុកខ្មែរ ផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនវៀតណាម ទៅឲ្យជនជាតិវៀតណាម ៤០ហិកតា នៅកំពង់ឆ្នាំង ផ្ដល់សញ្ជាតិឱ្យបានស្នាក់នៅអចិន្ត្រៃយ៍ ជាងដប់ម៉ឺននាក់ កន្លងមក ហើយមិនដឹងថា ក្រៅផ្លូវការប៉ុន្មានម៉ឺននាក់ទៀត កាត់ទឹកដីខ្មែរយកទៅឱ្យវៀតណាម តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រា សន្ធិសញ្ញាឆ្នាំ១៩៨២ ស្តីពីតំបន់ប្រវត្តិសាស្ត្រហ្នឹង បានកាត់កោះត្រល់ កោះក្រចកសេះ ទៅវៀតណាម»។
លើសពីនេះ លោក អ៊ុំ សំអាន ក៏បានបង្ហោះសារកាលពីថ្ងៃទី៣ ខែកក្កដានេះ ដោយចោទថា តាមមាត្រា៣០ នៃច្បាប់ស្តីពីសញ្ជាតិ លោក ហ៊ុន សែន ត្រូវជាប់ពន្ធនាគារពី៥ទៅ១០ ឆ្នាំ ពីបទល្មើសលួចធ្វើលិខិតឆ្លងដែនការទូតកម្ពុជា ដោយខុសច្បាប់ឱ្យជនបរទេស ដែលគ្មានសញ្ជាតិខ្មែរ។ ហើយបើជនល្មើសនោះ ជាមេដឹកនាំប្រទេសទៀត វាជាអំពើក្បត់ជាតិទាំងស្រុង។
ដោយឡែក អតីតមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហម លោក កង ឫទ្ធិគិរី ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់នៅថ្ងៃទី៣ ខែកក្កដានេះ ទាញជាឧទាហរណ៍ថា ការដកសញ្ជាតិពីពលរដ្ឋអាមេរិក ក្រសួងសន្តិសុខមាតុភូមិ អាមេរិកកំពុងព្រៀងរៀបចំ ស្នើច្បាប់ដកសញ្ជាតិពីពលរដ្ឋអាមេរិក ដែលមិនមែនមានសញ្ជាតិអាមេរិកពីកំណើតទេ គឺក្រុមអ្នកសុំចូលសញ្ជាតិ។
លោកបន្តថា វិធានដកសញ្ជាតិរបស់អាមេរិក ផ្តោតលើកម្មវិធី និងច្បាប់ផ្សេងៗ ដូចជា ឆ្នោតផ្សងសំណាង ការរៀបការជាមួយពលរដ្ឋអាមេរិក ឫការទិញសញ្ជាតិ(ការវិនិយោគ) ហើយបានប្រព្រឹត្តិខុសច្បាប់អាមេរិកធ្ងន់ធ្ងរ ដូចជា ធ្វើភេវកម្ម ក្រុមម៉ាហ្វៀ ក្រុមឆបោកអន្តរជាតិ ការផ្ដល់ភស្តុតាងក្លែងក្លាយ ដើម្បីបានសញ្ជាតិអាមេរិក។ល។
លើសពីនេះ លោកមេធាវី សេក សោភ័ណ្ឌ ក៏បាននិយាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែកក្កដានេះដែរថា សញ្ជាតិ គឺសិទ្ធិមនុស្សពីកំណើត និងមានទំនាក់ទំនងនឹងសិទ្ធិផ្សេង មិនអាចកាត់ផ្តាច់ពីមនុស្សបាន រួមមានសិទ្ធិអាពាហ៍ពិពាហ៍និងគ្រួសារ សិទ្ធិសេដ្ឋកិច្ចមានមុខរបរ សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាដើម។
លោកបន្តថា តាមគោលការណ៍រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ ជនឬបុគ្គល ដែលបាត់សញ្ជាតិ គឺស្មើនឹងបាត់ភាពជាមនុស្ស និងមិនដឹងទៅជាអ្វី! ឬស្មើនឹងបាត់បង់អត្តសញ្ញាប័ណ្ណ លិខិតឆ្លងដែន បាត់បង់គ្រួសារ បាត់បង់ទ្រព្យបេតិកភណ្ឌ័និងអបេតិកភ័ណ្ឌ។
សកម្មជនបក្សប្រឆាំងលោក ហ៊ីង សុខសាន បាននិយាយលើហ្វេសប៊ុកកាលពីថ្ងៃទី៣ ខែកក្កដានេះ ក្នុងសម្តីដើមថា៖ «វាមិនដែលនរណា គ្រាន់តែដើម្បីលើកកម្ពស់ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិ ចាំបាច់កែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិពីពលរដ្ឋខ្លួនឯងនោះទេ»។
លោកចោទជាសំណួរថា អីចឹងមានន័យថា មកដល់ពេលនេះ ពលរដ្ឋខ្មែរមិនទាន់មានឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ចំពោះជាតិមាតុភូមិខ្លួនទេឬ?
បន្ថែមពីនេះ អតីតអ្នកតំណាងរាស្ត្រពីបក្សប្រឆាំង លោក យ៉ែម បុញ្ញប្ញទ្ធិ ក៏បានប្រតិកម្មដែរ ដោយលើកឡើងថា ជនបរទេសដែលសុំចូលសញ្ជាតិ (សញ្ជាតូបនីយកម្ម) គួរតែអាចមានច្បាប់ដកហូតសញ្ជាតិវិញបាន ប៉ុន្តែមិនត្រូវមានច្បាប់ដកហូតសញ្ជាតិពលរដ្ឋរបស់ខ្លួន ដែលមានឈាមជ័រជាខ្មែរ និងមានសញ្ជាតិខ្មែរពីកំណើតមកទេ។
ប្រធានប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ចេតនាចង់ឱ្យរុះរើរដ្ឋធម្មនុញ្ញ ពីសំណាក់មេដឹកនាំបក្សកាន់អំណាច មិនមែនដើម្បីបុព្វហេតុជាតិទេ តែវាស្តែងចេញពីវប្បធម៌សងសឹក ដើម្បីក្តោមអំណាចតពូជ។ លោកថា វិធាននេះ ជាសញ្ញា គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជាតិខ្មែរទាំងមូល តជំនាន់ក្រោយ បើគ្មានអ្វីដែលលម្អ ។
លោកបន្តថា លោក ហ៊ុន សែន កំពុងទាញទម្លាក់កម្ពុជា ទៅរបបផ្តាច់ការគ្រួសារនិយម ដូចទៅនឹងកូរ៉េខាងជើង គឺធ្វើឱ្យពលរដ្ឋរស់នៅទាំងភាពភ័យខ្លាច រងទុក្ខវេទនា គ្មានទីបញ្ចប់។
លោកថា ៖ «វប្បធម៌សងសឹកគ្នានេះ វាកើតឡើងយូរអង្វែងហើយ វាគ្មានបានផលប្រយោជន៍អីសម្រាប់ខ្មែរទេ គឺបានដែរបង្កើតគុក បង្កើតច្រវ៉ាក់បន្ថែមទៀត ចាប់សកម្មជនអ្នកធិបតេយ្យហ្នឹង ដាក់គុកដោយគ្មានហេតុផល ហើយគ្មានការជំនុំជម្រះយុត្តិធម៌អីត្រឹមត្រូវ ហើយអាកន្លែងហ្នឹងហើយ ដែលជាក្ដីបារម្ភរបស់យើងគ្រប់គ្នា ជាក្ដីបារម្ភរបស់ដែលមតិអន្តរជាតិផងដែរ ដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជា នឹងកែទម្រង់តាំងប្រព័ន្ធតុលាការ ទាំងប្រព័ន្ធយុត្តិធម៌ ទាំងប្រព័ន្ធសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឲ្យល្អប្រក្រតីឡើងវិញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ។ ចឹងបានថា វាអត់បានប្រយោជន៍អីទេ ឯរឿងសងសឹកគ្នាឯង រវាងបុគ្គលនិងបុគ្គលនោះ តែគួរកែគំនិត បើកចិត្តទូលាយ ថាទម្លាក់ចោលនូវអាវប្បធម៌ ដែលមិនពេញចិត្តគ្នាក្នុងចំណោមអ្នកនយោបាយហ្នឹង ត្រឡប់មកអង្គុយនិយាយគ្នាឡើងវិញ ងាយរកមធ្យោបាយដោះស្រាយបញ្ហាជាតិរួមគ្នា ហ្នឹងទើបល្អ»។
ចំណែកលោកបណ្ឌិត មាស នី ក៏បានប្រតិកម្មលើហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដានេះ ដោយនិយាយថា ជាការយល់ឃីញពីជ្រុងមួយ ការធ្វើពិសោធនកម្មច្បាប់ដកសញ្ជាតិ នឹងក្លាយទៅជាឧបករណ៍មួយ ដែលអ្នកនយោបាយខ្មែរ នឹងយកមកប្រើដើម្បីសងសឹកគ្នា ច្រើនជំនាន់ទៅមុខទៀត ហើយក៏នឹងធ្វើឲ្យប្រពៃណីទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី មានឥទ្ធិពល ក្នុងសង្គមនយោបាយខ្មែរ កាន់តែខ្លាំងនិងយូរអង្វែងទៅមុខទៀត។
ចំណែក លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏បានប្រតិកម្មដែរថា ច្បាប់ដកសញ្ជាតិ គេមិនគួរធ្វើច្បាប់ក្រោមឥទ្ធិពលនៃតណ្ហា ដូចជាអគតិចំពោះអ្នកណាម្នាក់ ឬក្រុមណាមួយជាអាទ៍ នេះបើតាមទស្សនវិទូ អារីស្តូត។ ម្យ៉ាងទៀត បើមិនបានធ្វើនៅពេលបោះឆ្នោតសម្រាប់អាណត្តិនេះទេ គេគួរដាក់គម្រោងធ្វើច្បាប់នេះ ក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតអណត្តិក្រោយ ដើម្បីឲ្យមានការជជែកពិភាក្សាទូលំទូលាយ និងឲ្យច្បាប់នេះឆ្លុះបញ្ចាំងឆន្ទ:របស់ប្រជាពលរដ្ឋឲ្យបានច្រើន ព្រោះថា តាមរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៤៧ ច្បាប់ជាសេចក្តីសម្តែងឆន្ទ:របស់ប្រជាជាតិ៕