VOD Khmer /ដោយ ប៉ុល សម្បត្តិ
11th-7-2025

ទីបំផុត​ទៅ​រដ្ឋ​សភា​ បាន​អនុម័ត​ទាំង​ស្រុង​លើ​ការ​ស្នើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត តាម​ការ​ចង់​បាន​របស់​​ លោក ហ៊ុន សែន ដែល​ការណ៍​នេះ រង​ការ​រិះ​គន់​ថា រដ្ឋសភា​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ​ម្នាក់ ​៥ ពាន់​ដុល្លារ​ កំពុង​ចូល​រួម​ចំណែក​បិទ​បាំង​មហិច្ឆតា​បរទេស​លេប​ទឹក​ដី​ខ្មែរ។

ដូចកា​រ​គ្រោង​ទុក នៅ​ថ្ងៃទី​១១ ខែ​កក្កដា ​នេះ រដ្ឋ​សភា​បាន​អនុម័ត​ទាំង​ស្រុង លើ​សេចក្តី​ស្នើ​ឱ្យ​រុះ​រើ​មាត្រា​៣៣ ​នៃ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ តាម​ការ​ចង់​បាន​របស់ លោក ហ៊ុន ​សែន

ភ្លាមៗ ក្រោយតំណាងរាស្ត្រលើដៃអ​នុ​ម័ត រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ ដែល​ជា​សេ​នាធិការ​របស់​រដ្ឋាភិបាល​​នោះ បាន​ចេញ​ការ​ពារ​បំណង លោក ហ៊ុន សែន ។

លោក កើត រិទ្ធ បាន​និយាយ​ក្នុង​សន្និ​សីទ​កាសែត នៅថ្ងៃ​ទី​១​១ ខែ​កក្កដា​ នេះ​ថា ការ​កែ​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ គឺ​អនុវត្ត​លើ​ពលរដ្ឋ​ខ្មែរ​ណា ដែល​គប់គិត​​ជាមួយ​បរទេស ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ខ្មែរ ឬ​គប់​គិត​ជាមួយ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ។

លោកថា ៖ «ដើម្បីដកសញ្ជាតិខ្មែរ​ ដើម្បី​ការ​ពារ​រដ្ឋ​ ពិសេស​ប្រឆាំង​នឹង​ពលរដ្ឋ​ ដែល​គប់គិត​ជាមួយ​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ឬ​ធ្វើ​សកម្មភាព​ប៉ះ​ពាល់​ដល់​វិស័យ​សន្តិ​សុខ​ជាតិ​ធ្ងន់​ធ្ងរ​ សេចក្ដី​សុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ»។

ម្យ៉ាងវិញទៀត លោកថា ការធ្វើវិសោធន​​ក​ម្ម​មាត្រា​៣៣​ នេះ ដើម្បី​ក្រើន​រំឭក​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយ ទោះ​ដោយ​ផ្ទាល់​ក្ដី ឬ​ដោយ​ប្រយោល​ក្ដី នាំ​ឱ្យ​ប៉ះ​​ពាល់​ដល់ផល​ប្រយោជន៍​ជាតិ ឬ​ប្រជាជាតិ​ខ្មែរ​នោះ​ទេ។

ផ្ទុយពីនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា ការ​អនុ​ម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​នេះ មិន​មែន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ​នោះ​ទេ។

លោកថា ជាការធ្វើនេះ ធ្វើតាមការចង្អុលបង្ហាញ​របស់​លោក ហ៊ុន ​សែន ដែល​លោក ហ៊ុន សែន មិ​ន​ហ៊ាន​​ប្រកួតអំណាច​តា​​ម​គន្លង​ប្រជាធិប​តេយ្យ ហើយ​ប្រើ​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍ ដើម្បី​ពង្រឹង​អំណាច​ផ្តាច់​ការ។

សម្រាប់លោក​ អ៊ុំ សំអាន អ្នកដែលបំផ្លាញ​ខ្មែរ មិន​មែន​ពលរដ្ឋ​ឬ​គណបក្ស​ប្រឆាំង​ដែល​គ្មាន​អំណាច​ទេ ​គឺ​អ្នក​កាន់​អំណាច ដែល​គាត់​ធ្លាប់​កាត់​ដីឱ្យ​បរទេស ដើម្បី​ឱ្យ​បា​ន​នៅ​បន្ត​គ្រប់​គ្រង​អំណាច។

លោកថា ៖ «អ្នកដែលក្បត់ជាតិពិតប្រាកដ គឺ​លោក ហ៊ុន សែន ព្រោះ​លោក ហ៊ុន សែន ក៏​បាន​កាត់​ទឹក​ដី​ខ្មែរ​យើង​ ទៅ​ឱ្យ​វៀត​ណាម​ តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ ដែល​យក​តាម​រយៈ​សន្ធិ​សញ្ញា​ឆ្នាំ១៩៨៥ បាន​ធ្វើ​ឲ្យ​បាត់​ទឹក​ដី​ខ្មែរ​យ៉ាង​ច្រើន​នៅ​តាម​ព្រំដែន នៅ​ពេល​ដែល​បោះ​បង្គោល​ម្ដងៗ​ហ្នឹង ប្រជាពលរដ្ឋ​ស្រែក​យំ​បាត់​ដី​ស្រែ​ចម្ការ។ កាល​ណា​ប្រជា​ពលរដ្ឋ​ស្រែក​យំ​បាត់​ដី​ស្រែ​ចម្ការ​ មាន​ន័យ​ថា បាត់​ដី​ខ្មែរ​យើង​ហើយ ហើយ​ដឹង​ហើយ ​កាល​ពី​ឆ្នាំ​១៩៨២ គាត់​បាន​ធ្វើស​ន្ធិ​សញ្ញា​ស្តីពី​តំ​បន់​ទឹក​ប្រវត្តិ​សាស្ត្រ​ ហ្នឹង​ បា​​ន​ធ្វើឱ្យ​បាត់​ កោះ​ត្រល់​ កោះ​ក្រចក​សេះ​ ដែន​សមុទ្រ​ខ្មែរ​យើង ​៣០ ​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ ហើយ​នឹង​ដាក់​ដែន​សមុ​ទ្រខ្មែ​រ​យើង​ រួម​ជាមួ​យវៀ​ត​ណាម ​ហ្នឹង​ចំនួន​ ១០ ​ពាន់​គីឡូម៉ែត្រ​ការ៉េ​ទៀត»។

សម្រាប់ លោក អ៊ុំ សំអាន អ្វីដែលរដ្ឋសភាត្រូវធ្វើ ដើម្បី​ជា​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ​នោះ គួរ​តែ​ប្រញាប់​ផ្តល់​សច្ចាប័ន​​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​ទាមទារ​ដែន​សមុទ្រ​ដែល​ថៃ និង​ វៀត​ណាម បាន​រំលោភ​យក។

លើសពីនេះ​ សភា​ត្រូវ​សួរ​ដេញ​ដោល​រដ្ឋាភិបាល ជុំវិញ​ការ​អនុវត្ត​ច្បាប់ ពាក់​ព័ន្ធ​នឹង​លំហូរ​ជន​អន្តោ​ប្រវេសន៍​​​វៀតណាម​ខុស​ច្បាប់ បទ​ឧក្រិដ្ឋ​ឆ្លង​ដែន និង​ អំពើ​ឆបោក ដែល​កំពុង​បន្សល់​ទុក​ជន​រង​គ្រោះ​រាប់​លាន​នាក់ ដែល​បាន​បន្សល់​ទុក​ច្រើន​ឆ្នាំ​ទៅ​នេះ។

លើសពីនេះ សភាគួរតែជំរុញដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ពីភា​គី​ថៃ មិន​មែន​ត្រូវ​​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដើម្បី​កម្ទេច​ខ្មែរ​គ្នា​ឯង​យ៉ាង​ប្រញាប់​ប្រញាល​ តាម​ការ​ចង់​បាន​ពី​លោក ហ៊ុន​ សែន នោះ​ទេ។

បន្ទរតាមពីក្រោយ លោក កើត​ រិទ្ធ តំណាងរាស្រ្តមណ្ឌល​ភ្នំពេញ អ្នក​ស្រី គ្រួច​ សំអាន អះ​អាង​ប្រហាក់​នឹង​លោក កើត រិទ្ធ ដែរ ដោយ​អ្នក​ស្រីថា​ ការ​រុះ​រើ​មាត្រា​៣៣​ នៃ​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

អ្នកស្រីថា ៖ «ការធ្វើវិសោធនកម្មលើក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់ គឺ​ដើម្បី​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​ក្រប​ខ័ណ្ឌច្បា​ប់​ សម្រាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ណា ដែ​​ល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ឬ​ធ្វើ​សកម្ម​ភាព​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ផលប្រ​យោជន៍​របស់​ព្រះរា​ជា​ណាចក្រ​កម្ពុជា»។

លើសពីនេះ សមាជិកសភា គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និយាយ​ថា ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត គឺ​ដើម្បី​ដក​អាវុធ​ពី​​ដៃ​ក្រុម​ប្រឆាំង ដែល​លោក​ថា គប់​គិត​ជាមួយ​បរទេស ចង់​ធ្វើ​វិទ្ធង្ស​នាបំផ្លាញ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

លោកថា ៖ «ឱ្យ​ជាតិមា​នល​ទ្ធភាព​ដក​សញ្ជាតិ​ពី​ជន​ក្បត់​ជាតិ ឱ្យ​ជាតិ​មាន​លទ្ធ​ភាព​ដក​សញ្ជាតិ​ពី​ជន​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ដក​សញ្ជាតិ​ជន​ដែល​គប់គិត​ជាមួយ​នឹង​ជន​បរទេស​ ធ្វើ​ឲ្យ​ខូច​ខាត ហើយ​ថ្ងៃ​ក្រោយ​ទៅ​ ធ្វើ​ឱ្យ​បាត់​ទឹ​ក​ដី អានេះ​យើង​និយាយ​ឱ្យ​ច្បាស់​ថា​ បើក​ឲ្យ​ជាតិ​ដក​សញ្ជាតិ​មនុស្ស​ដែល​មិន​ការ​ពារ​ជាតិ»។

តែផ្ទុយពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅសកម្មភាព​របស់​រដ្ឋ​សភា បន្ត​ដើរ​លើ​ប​ន្ទាត់​​នយោបាយ​ លោក ហ៊ុន សែន ដើម្បី​កម្ចាត់​ខ្មែរ​គ្នា​ឯង និង​ដើម្បី​បិទ​បាំង​ទង្វើ​កាត់​ទឹក​ដីឱ្យ​បរទេស ក្រោយ​ពេល​​វៀត​ណាម​​ លើក​បន្ទុប​លោក ហ៊ុន សែន ឱ្យ​ឡើង​កាន់អំណាច ​ចាប់​​តាំង​ពី​ឆ្នាំ​១៩៧៩ ​មក។

លោកអះអាង​ថា លោក ហ៊ុន សែន មិនដែលធ្វើអ្វីដើម្បី​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ទេ ចាប់​តាំង​ពី​វៀតណាម​​លើក​បន្តុប​មក ប៉ុន្តែ​លោក​ថា លោក ហ៊ុន សែន ធ្វើអ្វី​គ្រប់​យ៉ាង​ក្នុង​តម្លៃ​ណាក៏​ដោយ ដើម្បី​តែ​ការ​ពារ​អំណាច ដូច​ធ្លាប់​គំរា​ម​ព្រះ​មហា​ក្សត្រ កាត់​ទឹក​ដី​ឱ្យ​វៀត​ណាម រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ចាប់​ចង​អ្នក​នយោ​បាយ និង​ថ្មីៗ​នេះ​ ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ ទៀត។

លោកថា ៖ «ក្នុងកាលៈទេសៈដែលកម្ពុជាកំពុង​ប្រឈម​ជាមួយ​ថៃ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ ពីបទ​ឆបោក​អន​ឡាញ​ល្បី​ល្បាញ​រន្ទឺ​លើ​ឆាក​អន្តរ​ជាតិ​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​សម្ពាធ​ជា​ច្រើន​ទៀត​ហ្នឹង គួរ​តែ​ទម្លាក់​ចោល​វិញ នូវ​អាការ​កែ​ប្រែ​រដ្ឋ​ធម្ម​នុញ្ញ​ ព្រោះ​អាហ្នឹង​ ជាកា​រ​បំបែក​បំបាក់​ស្មារតី​ជាតិ​ មិន​មែន​ជា​ការ​ផ្សះ​ផ្សា​ជាតិ ឯកភាព​ជាតិ​ទេ វា​មិន​ស្រប​តាម​ស្មារតី​ដើម​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ ហើយ​ក៏​វា​មិន​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍​ដែរ​ អ៊ីចឹ​ងបើ​​យកល្អ លោក ហ៊ុន សែន .. បើ​សិន​ លោក​ ហ៊ុន សែន ប្រាប់​ថា​ គាត់​ដូរ​ចិត្ត​ហើយ ពួក​សភា ពួក​ព្រឹ​ទ្ធស​ភា​ទាំង​អស់ ព្រម​ទាំង​រដ្ឋាភិបាល​ នឹង​ធ្វើ​តាម​ចិត្ត​​លោក ហ៊ុន សែន ១៨០​​អង្សា ឱ្យ​តែ​លោក ហ៊ុន សែន ព្រម​ដូរ​ចិត្ត»។

បន្ថែមពីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណ​រ៉ា ធ្លាប់​​បង្ហាញ​​កា​រ​​ព្រួយ​​បារម្ភ​​ថា បន្ទាត់​​​នយោ​បា​យ​​​​ដែល​ប្រាស​​ចាក​ពី​គន្ល​​​ង​ប្រជា​ធិប​​តេយ្យ គួប​ផ្សំ​​នឹង​​ការ​​បន្សល់​​ទុក​​បញ្ហា​​ចាក់​​​ស្រែះ​ បង្ក​​ឱ្យ​មា​​​ន​​ជន​រង​គ្រោះកាន់​តែ​ច្រើន​ទៅៗ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ដូ​​ច​ពី​​អតីត​កាល ។

លោកថា ៖ «បើសិនយើងបង្កើតគោលការណ៍ច្បាប់មួយ​ចំនួន យើង​​មិន​បាន​ជួយ​​ជំរុញ​​​ឲ្យ​ពលរដ្ឋ​មាន​សុខ​រម្យ​ណីយ​កម្ម​ទេ វា​ជំរុញ​មាន​ភាព​បែក​បាក់ ភាព​ប្រេះ​ឆា​គ្នា​ទេ សង្គម​យើង​​ឈា​ន​​ទៅ​រ​ក​​​ការ​​បញ្ហា​ដូច​ពីអតីត​កាល​ យើង​បារម្ភ​ខ្លាំង ព្រោះ​បើ​យើង​ដូរ​មក​គោល​ការណ៍​ប្រជាធិ​បតេ​យ្យ​ បោះ​ឆ្នោត​អ៊ីចឹង​មែន ក៏​ប៉ុន្តែ​​អ្វី​ក៏អា​ច​ប្រែ​ប្រួល​បាន​ដែរ ប្រសិន​​បើ​សង្គម​​នោះ​ គេ​​អត់​មាន​​ស្ថេរភាព ​​និង​សុខ​​ដុម​នីយ​​កម្ម អ្នក​នយោ​បាយ​គួ​រ​តែ​គិត​លើ​បញ្ហា​ហ្នឹង​ជា​ចម្បង»។

យ៉ាងនេះក្តី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ១៣៩ បាន​ចង​ដៃស​ភា មិន​ឱ្យ​ងាក​ចេញ​ពី​បន្ទាត់​នយោបា​យរ​បស់​គណបក្ស​នោះ​ទេ បើ​ទោះ​បី​រដ្ឋ​ធម្ម​នុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ បាន​ផ្តល់​អភ័យ​ឯកសិទ្ធិ​​ទៅ​តំណាង​រាស្ត្រ អាច​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​ក៏​ដោយ។

មាត្រា១៣៩ ត្រង់​ចំនុច​មួយ​ ចែង​ថា សមាជិក​រដ្ឋសភា​ត្រូវ​បាត់​បង់​សមាជិក​ភាព​ជា​ស្វ័យ​ប្រវត្តិ ​នៅ​ពេល «សាមី​ខ្លួន​បាត់​បង់​សមាជិក​ភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន »។

ចំណងនេះ ដែលគេមើលឃើញថា  តំណាង​រាស្ត្រ​ទាំង​អស់​ខ្លាច​មេបក្ស បម្រើ​បក្ស មិន​ខ្លាច​រាស្ត្រ ឬ​បម្រើ​រាស្ត្រ ដើម្បី​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ទេ។

មានត្រា៣៥ ​នៃរដ្ឋធម្មនុញ្ញ ចែង​ថា «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោ​បាយ​​​និង​សេដ្ឋ​កិច្ច សង្គម​កិច្ច។ សេចក្តី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គកា​រ​រដ្ឋ»។

លើសពីនេះ មាត្រា៥១ ចែង​ថា «កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិ​ប​តេយ្យ​សេរី​ពហុបក្ស។ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំង​អស់​ជា​របស់​ប្រជា​ពលរដ្ឋ»។

ការធ្វើច្បាប់ចង់ដៃសភា​នេះ គេស​ង្កេត​​ឃើញ​សភា​សកម្ម​តែ​លើក​ដៃ​អនុម័ត​ច្បាប់ តាម​ការ​ចង្អុល​បង្ហាញ​រប​ស់​មេបក្ស តែ​អសកម្ម​ចុះ​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ ​ទោះ​សមាជិក​សភា​ទទួល​បាន​ប្រាក់​ខែ​ម្នាក់​ ៥ ពាន់​ដុល្លារ ក្នុង​មួយ​ខែ ពី​ពលរដ្ឋ​អ្នក​បង់​ពន្ធ​ក្តី។

មួយវិញ​ទៀត ចំណង​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ​លើ​ឆាក​អន្តរ​ជាតិ ជុំវិញ​ការ​ស្តី​បន្ទោស​ពី​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ រីក​រាល​ដាល​នៃ​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន និង​ធ្វើ​ឱ្យ​ការ​ប្រកួត​អំណាច ​ដើរ​ចេញ​ពី​កន្លង​ប្រជាធិប​តេយ្យ។

លោក​ វិធិត​ មុន​​ថាប៊ន​ អ្នក​​​រាយ​ការណ៍​​​ពិសេស [របស់ UN] ស្តីពី​​​ស្ថាន​​ភាព​​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បា​ន​​​ថ្លែ​ង​​​នៅ​​ឯ​​​សម័យ​​​ប្រជុំ​លើក​​​​​ទី​៥៧ ​នៃ​ក្រុម​​ប្រឹក្សា​សិទ្ធិ​​មនុស្ស ​​ដែល​បាន​​ធ្វើ​​ឡើង​នៅ​​ទីក្រុង​​ហ្សឺណែវ កាល​ពី​​អំឡុង​ខែ​តុ​លា ឆ្នាំ​២០២៤ ​បាន​​​រិះគន់​​ចំៗ​ថា «ការ​ផ្ទេរអំណាច​​នៅ​​កម្ពុជា​​​នៅ​​ឆ្នាំ​​​២០២៣ ​ធ្វើ​​ឡើង​​តែ​នៅ​​ក្នុង​រង្វង់​​​ក្រុម​​គ្រួសារ ​ដែល​​ជា​ការ​បន្ត​​ក្តោបក្តាប់​​អំណាច​ដោយ​​​គ្មាន​​លក្ខ​ណៈ​​ប្រជា​ធិប​តេយ្យ ​​និង​​​តម្លា​ភាព»​៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។