The Cambodia Daily
09rd-9-2025
(ច្បាប់សញ្ជាតិ វិសោធនកម្មថ្មី ឆ្នាំ២០២៥ / សូមទាញយក Download here)។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ម៉ែន ណាត ចាត់ទុកច្បាប់ដកសញ្ជាតិខ្មែរពីកំណើតជាច្បាប់បម្រើនយោបាយមិនប្រជាធិបតេយ្យរបស់ គណបក្សប្រជាជនកម្ពុជា និងបម្រើគំនិតផ្ដាច់ការគាបសង្កត់របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន។
ថ្ងៃចន្ទ ទី៨ ខែកញ្ញា នេះ ជាថ្ងៃរាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តច្បាប់ដកសញ្ជាតិជាតិ ឬកំណើតខ្មែរខ្លួនឯងហើយ។ លោក សម រង្ស៊ី មេដឹកនាំបក្សជំទាស់ ធ្លាប់ហៅស្ថាប័នជាតិកំពូលៗដែលចាក់បណ្តោយឱ្យលោក ហ៊ុន សែន ធ្វើអ្វីតាមចិត្ត ជាស្ថាប័នទីងមោង ឬអាយ៉ង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កញ្ញា នេះថា ច្បាប់ដកសញ្ជាតិខ្មែរនេះ គួរតែត្រូវបានធ្វើវិសោធនកម្មស្ដីពីការដកសញ្ជាតិខ្មែរ ទៅលើជនបរទេសទាំងឡាយ ដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈច្បាប់សញ្ជាតូបនីយកម្ម ជាជាងការប្រើច្បាប់នេះ ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរខ្លួនឯង។
លោក ម៉ែន ណាត លើកឡើងថា រដ្ឋាភិបាលដែលត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតពីពលរដ្ឋម្ចាស់ប្រទេស ត្រូវធានាការពារនូវជាតិសាសន៍របស់ខ្លួន និងផលប្រយោជន៍គ្រប់ផ្នែក និងគ្រប់កាលៈទេសៈ មិនគួរប្រើឱកាសដែលខ្លួនដឹកនាំប្រទេស បង្កើតច្បាប់កម្ចាត់ម្ចាស់ប្រទេស ឬប្រើច្បាប់ ដើម្បីចងពលរដ្ឋឱ្យនៅក្រោមគំនាបអំណាចនយោបាយរបស់ខ្លួននោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា ច្បាប់នេះមិនមែនកំពុងតែគំរាមក្រុមប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុកទេ ប៉ុន្តែក៏កំពុងគំរាមអ្នកគាំទ្របក្សកាន់អំណាចដូចគ្នាដែរ ដូច្នេះច្បាប់នេះ មិនបម្រើផលប្រយោជន៍ខ្មែរក្នុងក្រុមណាមួយឡើយ ក្រៅតែពីក្រុមគ្រួសាររបស់លោក ហ៊ុន សែន។
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ត្រូវប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានកែប្រែទៅលើមាត្រា១ មាត្រា៧ មាត្រា១៦ មាត្រា២៨ មាត្រា២៩ និងមាត្រា៣៤ ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី២៥ ខែសីហា និងព្រឹទ្ធសភា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។
មាត្រា២៩ថ្មី នៃច្បាប់នេះ ចែងថា ប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីដូចជា ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលប្រទេសកម្ពុជា។
របបដែលកំពុងដឹកនាំដោយបក្សនយោបាយទោលដោយត្រកូលហ៊ុន អ្នកវិភាគបស្ចិមប្រទេសខ្លះ ដាក់ឈ្មោះហៅក្រៅថា «រាជវង្ស ហ៊ុន»។
បន្ថែមពីនេះ ការធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ និងការចូលបម្រើកងទ័ព នៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស មិនព្រមលាឈប់ ទោះបីមានបញ្ហាពីរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ គឺបានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិត និងចុងក្រោយ ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខរដ្ឋ ឬអំពើភេរវកម្ម។
បច្ចុប្បន្ននេះ មានជនទុច្ចរិតជនជាតិចិន ជាច្រើន ទទួលបានសញ្ជាតិខ្មែរ និងគោរមងារឧកញ៉ា។
ច្បាប់នេះ កំណត់ថា ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះ មានអាយុ ១៨ ឆ្នាំយ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ហើយការដកសញ្ជាតិខ្មែរនេះ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្ត្រី។
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះមហាក្សត្រខ្មែរ បានប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា៣៣ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។
ការអនុវត្តច្បាប់កែថ្មីនេះ ធ្វើឡើងចំពេលទស្សនកិច្ចផ្លូវការ ៣ ថ្ងៃ នៃប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Marcos Jr នៅប្រទេសកម្ពុជា។ ក្នុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតី Marcos Jr មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗបី គឺការផ្គត់ផ្គង់សេវាអាកាសចរណ៍ រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើនការអភិវឌ្ឍការអប់រំកម្រិតឧត្ដមសិក្សា៕