VOD Khmer /ដោយ ប៉ុល សម្បត្តិ
15-10-2025
ការទម្លាយពីគម្រោងចុះកិច្ចព្រមព្រៀងជម្លោះព្រំដែនជាមួយថៃ ក្រោមវិធានបិទខ្ទប់ព័ត៌មាន កំពុងក្លាយជាក្តីបារម្ភថា រដ្ឋាភិបាលកម្ពុជា នឹងដោះដូរបូរណភាពទឹកដី ដើម្បីរក្សាអំណាច ទោះមានភាគីទី៣ ចូលរួម ខណៈក្រោយផ្ទុះអាវុធជិត ៣ ខែមកនេះ ថៃបានពង្រីកការឈ្លានពានកម្ពុជា ជាបន្តបន្ទាប់ រំលោភលើបទឈប់បាញ់ទាំងគ្មានការរំខានពីមេដឹកនាំខ្មែរ ។
រដ្ឋមន្រ្តីការទូតម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលានេះ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ។
លោក មហាម៉ាត់ ហាសាន ឱ្យដឹងទៀតថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់ រវាងថៃនិងកម្ពុជា ឱ្យបានពេញលេញ ដោយធ្វើយ៉ាងណាឱ្យកម្ពុជា និងថៃ ដោះគ្រាប់មីន និងដកកាំភ្លើងធំៗចេញឱ្យអស់ពីតំបន់ព្រំដែន។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់ VOD នៅថ្ងៃទី១៥ ខែតុលានេះថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យដីខ្មែរបាត់ទៅថៃបន្ថែមទៀត។
ក្នុងន័យនេះ លោកពន្យល់ថា ថៃជាអ្នករំលោភដីខ្មែរ ហេតុអ្វីត្រូវយល់ព្រមតាមសំណើរថៃ ឱ្យដោះមីន ដកកាំភ្លើងធំ និងជម្លៀសជនស៊ីវិលខ្មែរចេញពីតំបន់ព្រំដែន ដែលជាដែនអធិបតេយ្យរបស់កម្ពុជា។
លោកចោទជាសំណួរថា កម្ពុជាមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ហេតុអ្វីមេដឹកនាំខ្មែរមិនប្រើ ដើម្បីការពារទឹកដី តែបែរជាទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី តាមការចង់បានរបស់ភាគីថៃទៅវិញ។
ក្រោមហេតុសំអាងខាងលើនេះ លោកថា កិច្ចព្រមព្រៀងសន្តិភាពថ្មី ក្រោមដៃមេដឹកនាំគ្រួសារ ហ៊ុន នេះ នឹងធ្វើឱ្យថៃ សម្រេចមហិច្ចតាលេបយកទឹកដីខ្មែរ មានប្រាសាទតាមាន់ធំ ច្រកអានសេះ ភ្នំទ្រព្យ ភូមិព្រៃចាន់ និងភូមិជោគជ័យ ជាដើម។
លោកថា៖ «ខ្ញុំយល់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងកាត់ដីខ្មែរទៅឲ្យថៃ ដូរយកសន្តិភាព លើកឡើងថាកិច្ចព្រមព្រៀងធ្វើបាត់បង់ទឹកដីខ្មែរយើង ដូចជា ប្រាសាទតាមាន់ធំ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ ភ្នំទ្រព្យអីជាដើម ខ្ញុំយល់ថា ប្រជាពលរដ្ឋនៅពេលដែលឃើញរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កាត់ទឹកដីខ្មែរទៅឱ្យថៃជាក់ស្តែងអ៊ីចឹង ប្រជាពលរដ្ឋប្រាកដជាមិនអាចឱ្យត្រកូលហ៊ុនបន្តកាន់អំណាចតទៅទៀតនោះទេ ប្រជាពលរដ្ឋនឹងទម្លាក់ត្រកូលហ៊ុនចេញពីអំណាច»។
ជុំវិញភាពចម្រូងចម្រាសនេះ រួមទាំងការបង្ហាញលទ្ធផលចរចាទ្វេភាគី ជាមួយថៃ កន្លងទៅ លោកទាញការសន្និដ្ឋានថា ដល់ពេលដែលគ្រួសារហ៊ុនត្រូវកាត់ដីឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច ។
ក្នុងន័យនេះ លោកពន្យល់ថា ការដោះមីន និងការដកកាំភ្លើងធំចេញពីព្រំដែន ប្រៀបដូចការបើកដៃឱ្យថៃ ចូលរំលោភយកដីខ្មែរតាមចិត្ត គឺកម្ពុជាចាញ់ល្បិចថៃទៀត ។
លោកបន្តថា បន្លាលួសនៅតែមិនរើចេញ ទាហានខ្មែរ ១៨ នាក់នៅមិនទាន់ដោះលែង និងហើយដីដែលកម្ពុជាបាត់បង់ ដូចជាភ្នំទ្រព្យ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងច្រកអានសេះ ព្រមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ នៅតែថៃគ្រប់គ្រងដដែល។
ជាការឆ្លើយតប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បញ្ជាក់ប្រាប់ VOD ថា ការចោទប្រកាន់ថ្នាក់ដឹកនាំបក្សកាន់អំណាចនេះ ហាក់មិនមែនជារឿងចម្លែកទេ ដែលក្រុមប្រឆាំងចាំតែរិះគន់ ទោះរដ្ឋាភិបាលធ្វើអ្វីក៏មិនត្រូវចិត្ត ឬគាប់ចិត្តអស់លោកក្រុមប្រឆាំងដែរ។
លោកថា៖ «ហើយរឿងនេះ ជារឿងមួយដែលពិភពលោកមួយសាទរនូវកិច្ចព្រមព្រៀងសន្តិភាព រវាងភាគីទាំងពីរ ដែលគេរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្នឹង ជាអ្វីដែរគេសាទរគ្រប់គ្នា ក៏ប៉ុន្តែចម្លែកពួកគេហ្នឹង គឺថាដឹងតែពីមុនការមិនសាទរ ដឹងតែពីរ្រឿងមិនចេះចប់មិនចេះហើយ គិតថា អ្នកដែលកំពុងធ្វើហ្នឹងគឺថ្ងៃៗហ្នឹង គឺធ្វើឲ្យបាត់ដីមានតែពួកគេដែលស្រឡាញ់ទឹកដី គឺថែរក្សាទឹកដីខ្មែរ បែរពីក្រៅពីក្រុមខ្លួននោះ គឺថាគេធ្វើឲ្យបាត់ដីបាត់អីអស់ អ៊ីចឹងខ្ញុំគិតថានេះជាភាពជ្រុលនិយមទេ»។
បើតាមការធ្វើបច្ចុប្បន្នភាពរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៣ ខែតុលា បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
បើតាមលិខិតនោះ លោក ប្រាក់ សុខុន បានលើកឡើងពីចំនុចអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរ គឺថៃនិងកម្ពុជា បានឯកភាពគ្នានាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញ ។
បើតាម លោក ប្រាក់ សុខុន ការឯកភាពគ្នានោះ មានដូចជាការដកទៅវិញនូវអាវុធធន់ធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់ការតាំងទំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិតជាដើម។
ការឯកភាពគ្នានេះ ក្នុងបំណងរបស់កម្ពុជា ដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
យ៉ាងណា អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយថា បើរដ្ឋាភិបាលកម្ពុជាយល់ព្រមតាមកិច្ចព្រមព្រៀងសន្តិភាពថ្មីមែននេះ គឺចូលអន្ទាក់ថៃហើយ នឹងធ្វើឱ្យបាត់បង់ទឹកដី។
លោកពន្យល់ថា ថៃជាអ្នកបង្កហេតុឈ្លានពានកម្ពុជាមុន ហើយថៃមិនដែលគោរពសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអ្វីនោះទេ គឺមហិច្ចតាថៃបន្តឈ្លានពានខ្មែររហូត ជាក់ស្តែងក្រោយបទឈប់បាញ់ ថៃបានបំពានចូលចាប់ទាហានខ្មែរទុកធ្វើជាឈ្លើយសឹក បន្តរាយលួសបន្លាព័ទ្ធយកប្រាសាទតាមាន់ធំ គ្រប់គ្រងភ្នំទ្រព្យ ព័ន្ធយកច្រកអានសេះ និងរំលោភយកភូមិព្រៃចាន់ និងភូមិជោគជ័យទៀត។
លោកថា៖ «ក្នុងករណីដែលកម្ពុជាព្រមទទួលយកសំណើសន្តិភាព មិនខុសអ្វីពីការសុំចុះចាញ់នៅក្នុងសង្គ្រាមជាមួយនឹងភាគីថៃនោះទេ ដូចយើងដឹងថាភាគីទាំងពីរ បានជួបគ្នាកាលពីពេលថ្មីៗនេះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃនៅលើទឹកដីម៉ាឡេស៊ី ដោយមានវត្តមានសហរដ្ឋអាមេរិកផងដែរនោះ គ្រោងនោះភាគីថៃបានស្នើបួនចំណុច គឺទីមួយ គឺឲ្យកម្ពុជាដកចេញនូវអាវុធធុនធ្ងន់ពីព្រំដែន ទីពីរជម្លៀសពលរដ្ឋចេញពីទឹកដីរបស់ខ្លួន ទីបីបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ និងទីបួនដោះមីនមនុស្សធម៌»។
លើសពីនេះ លោក ចាន់ឡូត ក៏បានប្រតិម្មលើហ្វេសប៊ុកលោកថា ខ្មែរ-ថៃ មានសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀម, អនុស្សរណៈយោគយល់ ឆ្នាំ២០០១ និងឆ្នាំ២០០៤ មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ធានាថាទឹកដីកម្ពុជា នឹងមិនមានការរំលោភបំពាន ថា តើចាំបាច់អ្វីនិយាយពីកិច្ចព្រមព្រៀងសន្ដិភាពថ្មី។
លោកអះអាងថា សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ខាងលើ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថៃមិនដែលគោរពផង បើថៃគោរពមែនជម្លោះព្រំដែនវាមិនកើតឡើងទេ។
សម្រាប់លោក ចាន់ឡូត យល់ថា បើទាំងអម្បាល់ម៉ានខាងលើ ថៃមិនគោរពទៅហើយ សង្ឃឹមអាក្រោយនេះថៃនឹងគោរពតាមផ្លូវណា? ខណៈកន្លងមក អាមេរិកជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថៃមិនគោរពផងនោះ។
ការណ៍នេះ លោក វ៉ន ចាន់ឡូត និយាយថា៖ «យើងនឹងឃើញជាក់ច្បាស់នៃសន្ដិភាពរបស់លោក ហ៊ុន ម៉ាណែតយកអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរទៅដោះដូរ»។
លោកថា បញ្ហាគន្លឹះដែលនាំឱ្យលោក ហ៊ុន ម៉ាណែត មិនអាចការពារទឹកដីបាន គឺរបបនេះគាំទ្រឧក្រិដ្ឋជនហើយបានប្រែក្លាយកម្ពុជាទៅជារដ្ឋម៉ាហ្វីយ៉ា ដែលល្បីសុះសាយ មិនចាញ់របបវាលពិឃាតនោះទេ។
យ៉ាងនេះក្តី ការព្រួយបារម្ភរបស់ក្រុមអ្នកឃ្លាំមើលនេះ ហាក់ស៊ីគ្នាទៅនឹងអ្វីដែលយោធាថៃបានបំពានចូលឈ្លានពានកម្ពុជាជាបន្តបន្ទាប់ជិត៣ខែទៅនេះ ទាំងគ្មានការរំខាន ឬទប់ស្កាត់ពីក្រសួងការពារជាតិកម្ពុជា។
គួររំឭកថា ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់ទេ ។
ថៃចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ហើយនៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ថៃបានបញ្ជូនគ្រឿងចក្រ និងកងកម្លាំងមកឈ្លានពានដីខ្មែរ តាមការគ្រោងទុក ទាំងគ្មានការទប់ស្កាត់ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ។
ការបណ្តែតបណ្តោយឱ្យបរទេសឈ្លានទឹកដីតាមទំនើងចិត្ត ក្រោមហេតុផលដើម្បីការពារសន្តិភាព ហាក់ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងក្រមព្រហ្មទណ្ឌកម្ពុជា។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

###
ថៃបន្តឈូសឆាយដី និងផ្ទះពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ទាំងគ្មានការទប់ស្កាត់
VOD Khmer /ដោយ ប៉ុល សម្បត្តិ
14-10-2025
ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ថៃបានពង្រីកការឈ្លានពាន ដោយបានបញ្ជូនកងកម្លាំង និងគ្រឿងចក្រ មកឈូសឆាយយកដីខ្មែរនៅភូមិព្រៃចាន់ ខណៈរដ្ឋាភិបាលខ្មែរមិនទប់ស្កាត់ ដោយគ្រាន់តែផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានដែលស្និទ្ធនឹងខ្លួន ធ្វើការឡាយផ្ទាល់ប៉ុណ្ណោះ។
តាមការផ្សាយផ្ទាល់នោះ កាលពីថ្ងៃទី១៣ ខែតុលា យោធាថៃ បានបន្តពង្រាយកងកម្លាំង និងគ្រឿងចក្រមកឈូសឆាយរំលោភយកដី និងកម្ទេចផ្ទះពលរដ្ឋខ្មែរ បន្ថែមទៀតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការណ៍នេះ អ្នកឃ្លាំមើលស្តីបន្ទោសថា រដ្ឋាភិបាលគ្រួសារ ហ៊ុន អសមត្ថភាព និងគ្មានឆន្ទៈការពារទឹកដី បណ្តោយឱ្យថៃ បន្តគឃ្លើនរំលោភយកដីខ្មែរតាមទំនើងចិត្ត ក្រោមហេតុផល«អត់ធ្មត់ដើម្បីសន្តិភាព»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ហៅការបើកផ្លូវឱ្យថៃឈ្លានពានជាចំហបែបនេះ ថា បង្ហាញពីអសមត្ថភាពរបស់មេដឹកនាំ ដែលថា គួរចុះចេញពីអំណាច ដើម្បីកុំឱ្យជាតិរងគ្រោះតជំនាន់។
យ៉ាងណា លោកព្រមានថា មេដឹកនាំបែបនេះ នឹងត្រូវមហាជនកាត់ទោសនៅថ្ងៃណាមួយមិនខាន បើមិនប្រញាប់បង្ហាញឆន្ទៈទាមទារទឹកដីទាន់ពេលទេនោះ។
លោកថា៖ «ថៃវាឈ្លានពានទឹកដីយើង ហើយមេដឹកនាំយើងព្យាយាមលាក់ព័ត៌មាន កុំឱ្យពលរដ្ឋដឹង ដើម្បីកាត់ដីហ្នឹងទៅឲ្យថៃ ទៅដោះដូរយកអំណាច និងសន្តិភាព បើហ៊ានខ្លាំងទៅថៃអាចទម្លាក់ត្រកូលហ៊ុនចេញពីតំណែង អ៊ីចឹងបំបាត់អំណាចរបស់ត្រកូលហ៊ុនហើយ ដូចសុភាសិតខ្មែរមួយទៀតថា ចោរស្រុកមិនឱ្យដៃ ចោរព្រៃមិនហ៊ានឈ្លានពានទេ យើងឃើញទេ ប្រសិនបើគ្រួសារហ៊ុនមិនបើកដៃ ថៃមិនហ៊ានឈ្លានពានដីខ្មែរយើងដែរ»។
សម្រាប់ លោក អ៊ុំ សំអាន ក្នុងកាលៈទេសៈនេះ មេដឹកនាំ គួរតែភ្ញាក់ខ្លួនដឹកនាំប្រទេសវិលទៅរករបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្សះផ្សាជាតិឡើងវិញ ទើបអាចទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ ឱ្យជួយការពារទឹកដីបាន។
លោកថា៖ «ចង់ផ្តាំទៅលោកហ៊ុន សែន លោក ហ៊ុន ម៉ាណែត ថាកុំស្រឡាញ់អំណាចជាជាងទឹកដី ត្រូវតែការពារទឹកដីកម្ពុជាឱ្យគង់វង្ស ធ្វើម៉េចឈប់ប្រើភាសាអត់ធ្មត់ និងស្ងៀមស្ងាត់តទៅទៀត គួរតែបញ្ចេញទ័ព ដើម្បីការពារទឹកដីរបស់យើង ប្រើសិទ្ធិស្វ័យការពារ ដើម្បីកុំឲ្យថៃឈ្លានពានខ្មែរយើង សម្រេចចិត្តហើយដើម្បីបញ្ជាឲ្យទាហានយកទៅលើកបន្លាលួសនៅតាមព្រំដែនចេញ ហើយទៅយកភូមិជោគជ័យភូមិព្រៃចាន់ ភ្នំទ្រព្យ ច្រកអានសេះ ប្រាសាទតាមាន់ធំអីមកគ្រប់គ្រងវិញ»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការដែលថៃបន្តឈ្លានពានដីខ្មែរតាមទំនើងចិត្ត ព្រោះថៃដឹងចរិតមេដឹកនាំខ្មែរថា គ្មានសមត្ថភាពទប់ទល់នឹងថៃនោះទេ។
ក្នុងន័យនេះ លោកពន្យល់ថា ថៃប្រាដកជាដឹងថាកម្ពុជាប្រកាន់ភ្ជាប់នូវបទឈប់បាញ់ គឺមិនហ៊ានតបតប្រឆាំងនឹងថៃឈ្លានពានទេ ហេតុដូច្នេះយោធាថៃយកឱកាសនេះ បន្តឈ្លានពានដីខ្មែរបន្ថែមទៀត។
លោកអះអាងថា ការបន្តឈ្លានពានកម្ពុជាជាហូរហែបែបនេះ ដោយសារថៃសំអាងលើផែនទីចោររបស់គេ គឺផែនទីខ្នាត១លើ៥០ពាន់ ដែលថៃបានគូសវាស់ដោយឯកតោភាគី ដើម្បីរំលោភយកដីខ្មែរ។
លោកថា៖ «យើងបារម្ភ ដោយក្ដីបារម្ភនេះ គឺអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែប្រើសិទ្ធស្វ័យការពារស្របតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវការពារខ្លួនទប់ស្កាត់ការឈ្លានពានរបស់ថៃ ហើយទីពីរត្រូវតែជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋម្ចាស់ដីហ្នឹង ទៅការពារភូមិរបស់គាត់ឱ្យបាន បណ្ដេញពួកជនឈ្លានពានចាកចេញពីដែនអធិបតេយ្យរបស់កម្ពុជា ស្របតាមស្មារតីនៃអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ ១៩០៧ អមដោយផែនទីព្រំដែនកម្ពុជាថៃ១៩០៨»។
សម្រាប់លោក ម៉ែន ណាត យល់ថា កាលៈទេសៈនេះ រដ្ឋាភិបាលគ្រួសារហ៊ុនត្រូវតែប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ទល់នឹងសត្រូវថៃឈ្លានពានដីខ្មែរនេះ បើមិនដូច្នេះទេ ពលរដ្ឋខ្មែរអាចក្រោកឈរប្រឆាំងនឹងគ្រួសារហ៊ុន ដែលបន្តធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ដូចជា ថៃនិងវៀតណាមនេះ។
លោកថា៖ «បើមិនអ៊ីចឹងទេ គឺថារដ្ឋាភិបាលកម្ពុជាក្លាយជារដ្ឋាភិបាលខ្សោយ គ្មានម្ចាស់ការ ហើយនឹងធ្វើឱ្យបាត់បង់ការទទួលខុសត្រូវ ក្នុងការការពារជាតិ និងពាក់ព័ន្ធនឹងមាត្រាទី៤៤០ កុំបន្ទោសគេនៅពេលដែលការពារទឹកដីមិនបាន គឺពាក់ព័ន្ធនឹងអំពើក្បត់ជាតិ កុំបន្ទោសអ្នកស្រុកឱ្យសោះ ហើយថ្ងៃក្រោយបើសិនពលរដ្ឋខ្មែរអត់ធន់ ទ្រាំលែងបានទប់កំហឹងលែងបាន ជំរុញឲ្យមានការផ្លាស់ប្ដូរសង្គម ក៏មិនត្រូវបន្ទោសគេដែរ ពីព្រោះកំហុសទាំងអស់នេះ វាមិនមែនប្រជាពលរដ្ឋអ្នកបង្កើតទេ គឺរដ្ឋាភិបាលកម្ពុជាធ្វើឲ្យពលរដ្ឋលែងទុកចិត្ត ធ្វើឲ្យពលរដ្ឋហ្នឹងក្ដៅក្រហាយ ឈឺចាប់ ដោយសារការដឹកនាំរបស់ពួកគាត់»។
ជុំវិញរឿងនេះ VOD មិនទាន់អាចទាក់ទង់អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់ទេ ។
ថៃចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ហើយនៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ថៃបានបញ្ជូនគ្រឿងចក្រ និងកងកម្លាំងមកឈ្លានពានដីខ្មែរ តាមការគ្រោងទុក ទាំងគ្មានការទប់ស្កាត់ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ។
លោក ម៉ែន ណាត ធ្លាប់បញ្ជាក់ប្រាប់វីអូឌីថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ថៃកំពុងសង្កត់កម្ពុជាឲ្យទទួលយកផែនទីចោរ ខ្នាត ១/៥0.000 និងទាមទារកម្ពុជាឲ្យដោះគ្រាប់មីន ដើម្បីឲ្យខ្លួនសម្រេចមហិច្ឆតាឈ្លានពានកម្ពុជា តាមផែនទីដែលថៃគូរដោយឯកតោភាគី ។
យ៉ាងនេះក្តី មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕
###