The Cambodia Daily (Khmer)
16-10-2025

សហរដ្ឋ​អាមេរិក រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ ពាន់​លាន​ដុល្លារ​អាមេរិក ​ជា bitcoin ពាក់ព័ន្ធ​នឹង​រូបិយប័ណ្ណ​គ្រីបតូ​របស់​ប្រធាន​ក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ជា​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ​កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា ថា សហរដ្ឋ​អាមេរិក​បាន​រឹបអូស​ទឹកប្រាក់​ចំនួន ១៥​ ពាន់​លាន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​គម្រោង​រូបិយប័ណ្ណ​គ្រីបតូ ​របស់​ក្រុមហ៊ុន ព្រីនស៍ (Prince) ខណៈ​ប្រធាន​ក្រុមហ៊ុន​នេះ គឺ​លោក ចេន ហ្ស៊ី (Chen Zhi) និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ចំនួន ១១៨ ​ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​ផង​ដែរ។

ប្រភព​ដដែល អះអាង​ថា រដ្ឋអាជ្ញា​តុលាការ​ក្រុង​ញីវយ៉ក (New York) លោក Joseph Nocella Jr. ក៏​បាន​ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី (Chen Zhi) ដែរ ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៤០​ឆ្នាំ ប្រសិនបើ​បុរស​នេះ​ ត្រូវ​បាន​តុលាការ​កាត់ទោស​នោះ។

រដ្ឋអាជ្ញា​រូប​នេះ​លាតត្រដាង​ថា កម្មករ​រាប់​ពាន់​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ឱកាស​ការងារ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ជួញដូរ និង​បង្ខំ​ឱ្យ​ធ្វើការ​បោកប្រាស់​ក្លែង​បន្លំ​ការ​វិនិយោគ​រូបិយប័ណ្ណ​គ្រីបតូ និង​គម្រោង​ក្លែង​បន្លំ​ជាច្រើន​ផ្សេង​ទៀត។

ប្រភព​ដដែល​បង្ហាញ​ថា ក្រុមហ៊ុន ព្រីនស៍ គ្រុប និង​លោក ចេន ហ្ស៊ី បាន​បង្ហាញ​ថា​ ខ្លួន​កំពុង​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់ ប៉ុន្តែ​ការពិត គឺជា​ការ​បោកប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​តែប៉ុណ្ណោះ ព្រោះ​យ៉ាងហោចណាស់​មាន​ទីតាំង​ចំនួន ១០ នៅ​កម្ពុជា ដែល​កម្មករ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​ស្នាក់នៅ និង​ត្រូវ​បាន​បិទបាំង​ដោយ​ជញ្ជាំង​បេតុង រួម​ទាំង​ហ៊ុមព័ទ្ធ​លួស​បន្លា ​ថែម​ទៀត​ផង។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បញ្ជាក់​ថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក (FBI) បាន​រក​ឃើញ​តាមរយៈ​ទូរសព្ទ​ដៃ​ជាង ១​ពាន់​គ្រឿង (១២៥០ ​គ្រឿង) កំពុង​ដំណើរការ​ប្រតិបត្តិ​លើ​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាង ៧​ម៉ឺន ៦​ពាន់​គណនី (៧៦០០០​ គណនី)។

សហរដ្ឋ​អាមេរិក បញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក ចេន ហ្ស៊ី (Chen Zhi) បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Prince Group ក្លាយ​ជា​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ដែល​កំពុង​ប្រតិបត្តិការ​ នៅ​ក្នុង​ប្រទេស​ចំនួន ៣០ នៅ​លើ​ពិភពលោក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ របាយការណ៍​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ចិន កាលពី​ដើម​ឆ្នាំ​២០២៤ បង្ហាញ​ថា លោក ចេន ហ្ស៊ី (Chen Zhi) គឺជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ រកស៊ី​ខាង​វិស័យ​អចលនទ្រព្យ ផ្សារ​ទំនើប ធនាគារ និង​វិស័យ​ជាច្រើន​ទៀត​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយៗ​ឆ្នាំ។

ក្រៅពី​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ភាគ​បួន​នៃ​ក្រុមហ៊ុន​លក់​ស៊ីហ្គារ (Cigar) លំដាប់​ជាតិ​របស់​ប្រទេស​គុយបា (Cuba) ដែល​មាន​តម្លៃ ២,៨​ ពាន់​លាន​ដុល្លារ និង​ជា​ម្ចាស់​អគារ​ការិយាល័យ​តម្លៃ ១១៤​ លាន​ដុល្លារ ស្ថិត​ក្នុង​ម្ដុំ​អ្នកមាន​បំផុត​មួយ​នៅ​ទីក្រុង​ឡុងដ៍ (London) នៃ​ចក្រភព​អង់គ្លេស ផង​ដែរ។

បន្ថែម​ពី​លើ​អាជីព​ជា​អ្នក​វិនិយោគ លោក ចេន ហ្ស៊ី (Chen Zhi) ក៏​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ថែមទៀត បន្ទាប់ពី​ទទួល​បាន​គោរមងារ​ជា​អ្នកឧកញ៉ា កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ តាម​ការ​ទូល​ថ្វាយ​របស់​លោក ហ៊ុន សែន ទៅ​ព្រះមហាក្សត្រ។

រដ្ឋសភា​សហព័ន្ធ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក៏​បាន​ចេញ​សេចក្តី​ស្នើ​ជា​ច្បាប់​លេខ H.R 5490 ដើម្បី​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​រួម​អន្តរ​ក្រសួង​មួយ ក្នុង​គោលបំណង​បំបែក​បណ្ដាញ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ឱ្យ​សាបសូន្យ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ នៅ​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​មិន​អាច​រំពឹង​លើ​មេដឹកនាំ​កម្ពុជា បាន​ទេ ក្រៅតែ​ពី​វិធានការ​របស់​សហគមន៍​អន្តរជាតិ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ចំពោះ​វិធានការ​សហគមន៍​អន្តរជាតិ​ក្នុង​ពេលនេះ បាន​បង្ហាញ​ថា ពួកគេ​មិន​ទុកចិត្ត​កម្ពុជា ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​ទាំងនេះ​ឡើយ ទើប​បាន​ជា FBI របស់​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង អង់គ្លេស ចេញ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​បែប​នេះ។

បើ​តាម​ការ​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ធនាគារ ព្រីនស៍ ម.ក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ បាន​អះអាង​ថា ប្រព័ន្ធ​អភិបាលកិច្ច​សាជីវកម្ម​របស់​ធនាគារ ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ស្រប​តាម​ស្តង់ដា​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​តម្លាភាព គណនេយ្យភាព និង​សុចរិតភាព​ក្នុង​ការ​ដឹកនាំ។

ធនាគារ ព្រីនស៍ ម.ក ពន្យល់​ថា សកម្មភាព​របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សកម្ម​បរទេស​នៃ ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក (OFAC) នឹង​មិន​ប៉ះពាល់​ដល់​សមត្ថភាព និង​ប្រតិបត្តិការ​របស់​ធនាគារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ ប៉ុន្តែ​ចំណាត់ការ​របស់​អាមេរិក អាច​ប៉ះពាល់​លើ​ដៃគូ​អន្តរជាតិ​មួយ​ចំនួន ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ​ពន្យារ​ពេល ឬ​ការ​កែតម្រូវ​ក្នុង​សេវា​ធនាគារ​ឆ្លងដែន​ជាក់លាក់ ឬ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន។

ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​របស់​ធនាគារ ព្រីនស៍ គឺជា​ការ​និយាយ​កុហក​អតិថិជន​សុទ្ធសាធ ហើយ​មាន​ចេតនា​បោកប្រាស់​ទំនុកចិត្ត​អតិថិជន​ ដែល​ប្រើប្រាស់​សេវា​ធនាគារ​នេះ​ថែមទៀត។

លោក ម៉ែន ណាត អះអាង​ថា កាលណា​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ចាត់​វិធានការ​ចំពោះ​អ្នកឧកញ៉ា ចេន ហ្ស៊ី ដែល​ជា​មេ​ឧក្រិដ្ឋកម្ម​អនឡាញ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៥​ ពាន់​លាន​ដុល្លារ​ហើយ នោះ​ធនាគារ​កណ្តាល​អន្តរជាតិ (International Central Bank) ក៏​ចាត់​វិធានការ​បិទ​ខ្ទប់​ប្រតិបត្តិការ​ភ្លាមៗ​ដែរ ពីព្រោះ​រឿង​ចរាចរ​សាច់ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​នៅ​លើ​ពិភពលោក គេ​ប្រើប្រាស់​លុយ​ដុល្លារ​អាមេរិក ​ជា​ស្តង់ដា​រួម។ ដូច្នេះ នៅ​ពេល​សហរដ្ឋ​អាមេរិក បិទ​ខ្ទប់​ប្រព័ន្ធ​សាច់ប្រាក់​អនឡាញ​របស់​លោក ចេន ហ្ស៊ី នោះ​បាន​ន័យ​ថា ធនាគារ​របស់​លោក ចេន ហ្ស៊ី ក៏​ត្រូវ​ជាប់​គាំង​ដូច​គ្នា​ដែរ។

លោក​បន្ត​ថា ថ្វីត្បិតតែ​ធនាគារ ព្រីនស៍ (Prince) និយាយ​ថា ​ខ្លួន​ត្រូវ​បាន​ទទួលស្គាល់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏ដោយ ក៏ប៉ុន្តែ​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ។

លោក ម៉ែន ណាត ព្រមាន​ថា ប្រសិនបើ​អាមេរិក រក​ឃើញ​ថា ​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ជាប់​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​នេះ នោះ​ធនាគារ​ជាតិ​ក៏​ត្រូវ​ធនាគារ​កណ្តាល​អន្តរជាតិ​ក្នុង​សហរដ្ឋ​អាមេរិក បិទ​ខ្ទប់​ដូច​គ្នា ពីព្រោះ​ធនាគារ​កណ្តាល​អន្តរជាតិ គេ​ជឿ​លើ​ច្បាប់​អន្តរជាតិ ដើម្បី​ធានា​លំនឹង និង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​របស់​គេ ​នៅ​ជុំវិញ​ពិភពលោក៕

រូបថត​៖ លោក ហ៊ុន សែន និង​លោក សឹង សែនករុណា។
រូបថត​៖ លោក ហ៊ុន សែន និង​លោក សឹង សែនករុណា។
Men Nath​'s photo when interviewing with media
Men Nath’s​ photo when interviewing with media