The Cambodia Daily
17-10-2025
អ្នកឃ្លាំមើលបានចោទជាសំណួរថា តើវាសនាកម្ពុជា នឹងទៅជាយ៉ាងណា បន្ទាប់ពីស្តូបវៀតណាម ត្រូវបានសាងសង់ពេញដីខ្មែរ ក្នុងពេលដែលថៃ មិនបានសាងសង់អ្វីសោះក្នុងទឹកដីខ្មែរ ហើយហ៊ានដណ្តើមប្រាសាទខ្មែរ និងហ៊ានឈ្លានពានទឹកដីខ្មែរនោះ?
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ តុលា នេះថា រឿងថៃ ឈ្លានពានទឹកដីខ្មែរ រដ្ឋាភិបាលកម្ពុជា ដោះស្រាយមិនទាន់ចប់ផង ឥឡូវនេះឆ្លងដល់វៀតណាម ដែលជាមិត្តម៉ឺនឆ្នាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បន្តយុទ្ធសាស្ត្រឈ្លានពានថែមទៀត។
លោក ម៉ែន ណាត លើកឡើងថា ក្នុងនាមរូបលោកជាជនជាតិខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរ ១៧ លាននាក់ផ្សេងទៀត គឺពិតជាហត់ចិត្ត ពិបាកសង្ឃឹម និងពិតជាបារម្ភអំពីអនាគតប្រទេសជាតិខ្លាំងណាស់ នៅពេលដែលក្រុមមេដឹកនាំខ្មែរ មានជំហរទន់ខ្សោយ បន្តយកចិត្តថ្លើមប្រទេសជិតខាង ដែលមានមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរនោះ។
អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា កន្លងមក វៀតណាមគ្រាន់តែចេញថ្លៃចំណាយ ទៅលើការសាងសង់ ជួសជុល កែលម្អ និងលើកសោភណ្ឌភាពស្តូបវៀតណាម នៅគ្រប់ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ ចំណែកកម្ពុជា គឺត្រូវផ្តល់ទីតាំងសម្រាប់ការសាងសង់នោះ ប៉ុន្តែពេលនេះ កម្ពុជាផ្តល់ទាំងដី និងចេញលុយសាងសង់ថែមទៀត។
លោក ម៉ែន ណាត រិះគន់ថា ការសាងសង់ស្តូបទាំងនេះ គឺមានន័យស្មើនឹងបើកដៃឱ្យវៀតណាម សាងសង់សំណង់រឹងមាំរបស់គេលើទឹកដីខ្មែរ ដោយស្របច្បាប់ ដែលជាហានិភ័យខ្ពស់បំផុត សម្រាប់វាសនាជាតិខ្មែរទៅថ្ងៃមុខ។
អតីតប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន គឺអ្នកស្រី ម៉ែន សំអន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា នេះថា មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងទីក្រុងហូជីមិញ ស្ដីពីការអនុវត្តគម្រោងសាងសង់ ជួសជុល កែលម្អ លើកសោភណ្ឌភាពស្តូបមិត្តភាពរបស់វៀតណាម នៅកម្ពុជា។
ក្នុងជំនួបនេះ អ្នកស្រី ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ជុំវិញការពង្រឹងកិច្ចសហការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សព្វថ្ងៃនេះ ក្រៅពីការសាងសង់ព្រះវិហារវៀតណាម ដើម្បីរក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម រដ្ឋាភិបាលខ្មែរ ក៏បានអនុញ្ញាតឱ្យសាងសង់ស្តូបដឹងគុណវៀតណាម នៅគ្រប់ខេត្ត-ក្រុងរបស់កម្ពុជា ដែរ។
ក្រុមអ្នកសង្កេតការណ៍ព្រមានថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានរូបទាហានវៀតណាម ម្នាក់ ទាហានឡាវម្នាក់ និងរូបស្ត្រីខ្មែរម្នាក់ពកូនតូចនោះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ តែក្នុងទីក្រុងភ្នំពេញ ប៉ុណ្ណោះ ឥឡូវស្តូបនេះ ត្រូវបានសាងសង់នៅទូទាំង ២៥ ខេត្ត-ក្រុងរួចរាល់ជាស្ថាពរអស់ទៅហើយ៕
